តើលោកអ្នកគួរដឹងអ្វីខ្លះពីសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម?
ប្រទេសជិតខាងកម្ពុជាមួយនេះត្រូវបានចាត់ទុកថា ជាប្រទេសដែលទទួលបានជោគជ័យក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងនយោបាយ គួរឱ្យកត់សម្គាល់ក្នុងរយៈ ពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ តើអ្វីដែលលោកអ្នកគួរឈ្វេងយល់ពីសេដ្ឋកិច្ចរបស់ប្រទេសនេះ?
ភូមិសាស្ត្រនយោបាយ
-ផ្ទៃដី៖ ៣៣១ ៦៨៨គីឡូម៉ែត្រការ៉េ (រាងជាអក្សរ S) -ប្រជាជន៖ ជាង ៧០លាននាក់ -ឆ្នេរសមុទ្រប្រវែង ៣២៦០គីឡូម៉ែត្រ -ព្រំប្រទល់ដីគោកសរុបប្រវែង ៣៧៣០គីឡូម៉ែត្រ -ប្រាក់ចំណូលសរុបក្នុងមនុស្សម្នាក់៖ ជាង ២០០០ដុល្លារ (ឆ្នាំ២០១៤) -ប្រាក់ចំណូលក្នុងស្រុកសរុប (GDP)៖ ជាង ១៨០ពាន់លានដុល្លារឆ្នាំ២០១៤ (គិតតាមតម្លៃទីផ្សារ) -ព្រំប្រទល់៖ ជាប់ចិន ឡាវ កម្ពុជា និងសមុទ្រចិនខាងត្បូង -ស្ថិតនៅក្នុងតំបន់ត្រូពិក -សីតុណ្ហភាពគិតជាមធ្យមប្រចាំឆ្នាំពី២២ ទៅ ២៧អង្សាសេ (ហាណូយ ២៣អង្សាសេ ហូជីមិញ ២៦អង្សាសេ) ដោយបែងចែកជាពីររដូវ គឺរដូវរងា (វិច្ឆិកា ដល់ មេសា) និងរដូវក្ដៅ (ឧសភា ដល់តុលា)។
ភាពជោគជ័យនៃសេដ្ឋកិច្ច ប្រទេសវៀតណាម ជាប្រទេសដែលទទួលបានជោគជ័យនៅក្នុងការអភិវឌ្ឍន៍។ នេះបើតាមការចុះផ្សាយរបស់ធនាគារពិភពលោក។ ការធ្វើកំណែទម្រង់សេដ្ឋកិច្ច និងនយោបាយដែលហៅថា ដូយមូយ (Doi Moi) នៅឆ្នាំ១៩៨៦ បានប្រែក្លាយវៀតណាមពីប្រទេសក្រីក្រមួយក្នុងលោក (ប្រាក់ចំណូលសរុបគិតជាមធ្យមសម្រាប់មនុស្សម្នាក់តែជាង ១០០ដុល្លារ) ក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យម (lower middle income country)។ ២៥ឆ្នាំចុងក្រោយនេះ ប្រាក់ចំណូលគិតជាមធ្យមសម្រាប់មនុស្សម្នាក់ កើនដល់ជាង ២០០០ដុល្លារគិតត្រឹមចុងឆ្នាំ២០១៤។
បើនិយាយពីការកាត់បន្ថយភាពក្រីក្រវិញ តាមការចុះផ្សាយរបស់ធនាគារពិភពលោក ប្រជាជនដែលរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រខ្លាំង (extreme poverty) មានប្រមាណ ៥០%នៅទសវត្សរ៍ឆ្នាំ១៩៩០ ខណៈបច្ចុប្បន្នថយចុះមកនៅត្រឹម ៣% (បន្ទាត់នៃភាពក្រីក្រ គឺ ១,៩ដុល្លារគិតតាមថ្លៃយុគ្គភាព PPP)។ បើនិយាយពីកម្រិតនៃភាពក្រីក្រជារួម មានប្រហែល ១៥%នៃប្រជាជនសរុបដែលភាគច្រើនជាជនជាតិភាគតិច។ នៅទសវត្សរ៍ឆ្នាំ ២០០០ សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម កើនឡើងក្នុងអត្រា ៦,៤% ប៉ុន្តែបានចាប់ផ្ដើមធ្លាក់ចុះមកវិញដោយសារតែមានវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកលលោក។ មកដល់ឆ្នាំ២០១៥ នេះគិតត្រឹមឆមាសទីមួយ ដោយសារតែមានកំណើនក្នុងស្រុកខ្លាំង និងការនាំចេញរឹងមាំ ធ្វើឱ្យសេដ្ឋកិច្ចវៀតណាមកើនឡើងជាង ៦,៣%ដែលជាកំណើនដ៏ខ្លាំងក្លាមួយនៅក្នុងតំបន់។ វៀតណាមបានធ្វើកំណែទម្រង់ម៉ាក្រូសេដ្ឋកិច្ចប្រកបដោយស្ថេរភាព ដោយបានរក្សានូវសន្ទស្សន៍តម្លៃទំនិញ (CPI) កើនឡើងក្នុងកម្រិតត្រឹមតែ ០,៦% ខណៈកាលពីឆ្នាំទៅមិញមានកម្រិតដល់ទៅ ៤,៣%។ តាមការចុះផ្សាយរបស់ Bloomberg ដកស្រង់លទ្ធផលនៃការស្រាវជ្រាវរបស់ធនាគារ ANZ ឱ្យដឹងថា វៀតណាមជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានកំណើននាំចេញខ្លាំងក្លា ខណៈការនាំចេញរបស់បណ្ដាប្រទេសក្នុងតំបន់អាស៊ានផ្សេងទៀតថមថយ។
ទិន្នន័យសេដ្ឋកិច្ចត្រួសៗ៖ -ទំហំនាំចេញសរុបប្រហែល ១៥០ពាន់លានដុល្លារនៅឆ្នាំ២០១៤ -ទំហំនាំចូលសរុបប្រហែល ១៤៧ ពាន់លានដុល្លារនៅឆ្នាំ២០១៤ -អតិរេកពាណិជ្ជកម្មជាង ២ពាន់លានដុល្លារនៅឆ្នាំ២០១៤
-ដៃគូពាណិជ្ជកម្ម៖ សហរដ្ឋអាមេរិក ចិន ជប៉ុន កូរ៉េខាងត្បូង សហភាពអឺរ៉ុប ម៉ាឡេស៊ី និងបណ្ដាប្រទេសក្នុងតំបន់អាស៊ានមួយចំនួនទៀតក្នុងនោះក៏មានកម្ពុជាមួយដែរ។
-ផលិតផលនាំចេញ៖ ទូរស័ព្ទ(ជិត ២០ពាន់លានដុល្លារ) វាយនភ័ណ្ឌ (ជាង ១៧ពាន់លានដុល្លារ) ផលិតផលអេឡិចត្រូនិក ស្បែកជើង អាហារសមុទ្រ កាហ្វេ (ជាប្រទេសនាំចេញលេខពីរក្នុងលោកបន្ទាប់ពីប្រេស៊ីល) និងផលិតផលប្រើប្រាស់ផ្សេងៗទៀត។ ទៅអនាគត ឱសថវៀតណាមក៏មានទីផ្សារខ្លាំងណាស់ដែរ។
-ផលិតផលនាំចូល៖ គ្រឿងម៉ាស៊ីន (ជាង ១៨ពាន់លានដុល្លារ) កុំព្យូទ័រ (១៥ពាន់លានដុល្លារ) វាយនភ័ណ្ឌ ទូរស័ព្ទ ប្រេង ជាដើម។ល។
ទំនាក់ទំនងពាណិជ្ជមួយកម្ពុជា ក្នុងរយៈពេល ៧ខែដើមឆ្នាំ២០១៥ ការនាំចេញរបស់កម្ពុជា ទៅកាន់វៀតណាម មានទំហំ ៥៨៥លានដុល្លារ ក្នុងអត្រាកំណើន ៣៥.៥% រីឯបរិមាណដែលវៀតណាមនាំចេញមកកម្ពុជាមានទំហំទឹកប្រាក់ ១.៤៤០លានដុល្លារ។ ទំហំពាណិជ្ជកម្មទ្វេភាគីកាលពីឆ្នាំ២០១៤ គឺ ៣.៣ពាន់លានដុល្លារ (វៀតណាមនាំចូលមកកម្ពុជាជាង ២ ៦៨៥លានដុល្លារ)។ ប្រទេសទាំងពីរបានព្រមព្រៀងបង្កើនទំហំពាណិជ្ជកម្មឱ្យដល់ ៥ពាន់លានដុល្លារនៅឆ្នាំ២០១៥។
បើនិយាយពីការវិនិយោគក្រៅប្រទេស បើតាមក្រសួងផែនការ និងវិនិយោគនៃប្រទេសវៀតណាមឱ្យដឹងថា នៅឆ្នាំ២០១៤ កម្ពុជាឈរលេខរៀងទី១ ជាប្រទេសដែលទទួលបានគម្រោងវិនិយោគពីវៀតណាមច្រើនជាងគេ ដែលមានវិស័យបីធំៗ គឺកសិកម្ម (កៅស៊ូ) ថាមពល និងទូរគមនាគមន៍។ ដោយឡែក បើនិយាយពីវិស័យទេសចរណ៍ ទេសចរវៀតណាមឈរនៅលេខរៀងទី១ នៅកម្ពុជានៅឆ្នាំ២០១៤ ដែលមានចំនួនប្រមាណជាង ៩០ម៉ឺននាក់។ ហេតុអ្វីបានជាប្រទេសវៀតណាមទទួលបានជោគជ័យនូវកំណែទម្រង់សេដ្ឋកិច្ចដូយម៉ូយ? តើវៀតណាមងាកទៅរកអាមេរិកនៅពេលណា? ហេតុអ្វីបានជាវៀតណាមងាកទៅរកអាមេរិក? ហេតុអ្វីបានជាក្រុមហ៊ុនបច្ចេកវិទ្យាធំៗមួយចំនួនដូចជា Samsung ដាក់មូលដ្ឋានផលិតកម្មនៅវៀតណាម? រង់ចាំតាមដានបទវិភាគរបស់ BizKhmer ដែលនឹងផ្សាយជូននាពេលឆាប់ៗនេះ៕
ដោយ៖ រតនៈវិភូ
ប្រភព៖ ធនាគារពិភពលោក, http://www.heritage.org/, http://countrystudies.us/,http://www.vietnam-briefing.com/, ក្រសួងផែនការ និងវិនិយោគនៃប្រទេសវៀតណាម, Bloomberg, ក្រសួងពាណិជ្ជកម្មកម្ពុជា, ការិយាល័យស្ថិតិទូទៅនៃប្រទេសវៀតណាម