តើអ្នកជាទាសករនៃការគិតរបស់ខ្លួនឯងឬ?
ហេតុអ្វីព្រះសម្មាសម្ពុទ្ធត្រាស់សម្ដែងថា ការគិតគឺជាអ្វីៗគ្រប់យ៉ាង អ្នកគិតបែបណា លទ្ធផលនឹងក្លាយជាបែបនោះ ? ហេតុអ្វីរាល់ពាក្យទូន្មានរបស់ទ្រង់ទាំងអស់ សុទ្ធតែផ្ដោតសំខាន់ឲ្យមនុស្សលោកផ្លាស់ប្ដូរខ្លួនឯងជាជាងផ្លាស់ប្ដូរអ្នកដទៃ ? ហេតុអ្វីក៏គឺជាអ្នកនេះហើយ ដែលជាអ្នកសរសេរកម្មវិធីឲ្យជីវិតរបស់ខ្លួន ពោលគឺជាអ្នកកាច់ចង្កូតជោគវាសនាជីវិតរបស់ខ្លួន?
គ្រប់យ៉ាងនៅលើលោកនេះ សុទ្ធតែកើតឡើងចេញមកពីការគិតខាងក្នុងរបស់អ្នកទាំងអស់ មិនថាជាការគិតវិជ្ជមានឬអវិជ្ជមាននោះឡើយ។ អ្វីៗផ្ដើមចេញពីខាងក្នុងទៅខាងក្រៅ ដែលបង្កើតឲ្យមានបទពិសោធន៍ក្នុងជីវិតរបស់យើងគ្រប់គ្នា។ តាមពិតទៅ ខុងជឺ ធ្លាប់ពោលថា៖ «ជីវិតគឺសាមញ្ញនោះទេ ប៉ុន្តែមនុស្សលោកយើងចេះតែចចេសចង់ឲ្យវាស្មុគស្មាញ»។ សេចក្ដីសុខក្ដី សេចក្ដីទុក្ខក្ដី សុទ្ធតែកើតចេញពីការគិតរបស់អ្នកតែម្យ៉ាងគត់។
ហេតុអ្វីមនុស្សមានសេចក្ដីទុក្ខក្នុងជីវិត ? សេចក្ដីទុក្ខកើតចេញមកពីស្ថានការណ៍ខាងក្រៅមិនកើតឡើងទៅតាមការរំពឹងទុករបស់ពួកគេ។ ពួកគេចង់ឲ្យស្ថានការណ៍ខាងក្រៅផ្លាស់ប្ដូរ ជាជាងយកឈ្នះលើខ្លួនឯង និងផ្លាស់ប្ដូរខ្លួនឯង នោះអ្វីដែលពួកគេចង់បាននឹងមកដោយឯកឯងជាក្រោយ។ មនុស្សជោគជ័យមិនដូចគ្នានឹងមនុស្សដែលមានសេចក្ដីសុខនោះឡើយ។ មនុស្សជាច្រើនចំណាយពេលពេញមួយឆាកជីវិតរបស់ខ្លួនឯង ដើម្បីបន្ទោសអ្នកនេះឬអ្នកនោះ មកពីនេះមកពីនោះ។ ពួកគេបង្កើតលេសឲ្យខ្លួនឯងមិនចេះចប់ ដើម្បីឲ្យខ្លួនឯងមើលមកគួរឲ្យអាណិត។
ក្នុង TED Talk របស់ Sean Stephenson ក្រោមប្រធានបទ "The Prison of Mind" គាត់បានផ្ដល់មេរៀនជីវិតចំនួន៣ ដែលពោរពេញទៅដោយតម្លៃមិនអាចកាត់ថ្លៃបាន។ មេរៀនទី១ មិនត្រូវជឿនូវការទស្សន៍ទាយទាំងឡាយណា ដែលមិនបានផ្ដល់អំណាចថាមពលចិត្តដល់អ្នកនោះឡើយ។ ពេលគាត់ចាប់កំណើតមកភ្លាម គ្រូពេទ្យបានប្រាប់ឪពុកម្ដាយរបស់គាត់ថា គាត់នឹងអាចមានជីវិតក្នុងរយៈពេលតែ២៤ម៉ោងប៉ុណ្ណោះ។ ប៉ុន្តែ រយៈពេលជាង៣០ឆ្នាំកន្លងមក ថ្វីត្បិតតែគាត់ត្រូវរស់នៅជាមួយពិការភាពផ្លូវកាយ តែគាត់មិនបានស្ដាប់ការទស្សន៍ទាយទាំងឡាយណាដែលរុញសង្កត់គាត់មិនឲ្យងើបរួចនោះឡើយ។
[caption id="attachment_45061" align="aligncenter" width="600"] vimeocdn.com[/caption]
មេរៀនទី២ អ្នកមិនមែនជាស្ថានការណ៍របស់អ្នកនោះឡើយ។ បើគាត់ជឿជាក់ថាខ្លួនឯងជាមនុស្សពិការ មិនមានសមត្ថភាពអាចជោគជ័យអ្វីបាននៅក្នុងជីវិត ម្ល៉េះសមតែគាត់មិនអាចមកអង្គុយនៅលើកៅអីជនពិការហើយមកឡើងនិយាយលើកទឹកចិត្តដល់មនុស្សដែលសំណាងជាងគាត់ទាំងអស់នោះឡើយ។ គាត់បាននិយាយថា ថ្នាំញៀនដ៏គ្រោះថ្នាក់បំផុតដែលបានបំផ្លាញមនុស្សជាតិ គឺគ្មានអ្វីក្រៅពីសេចក្ដីអាណិតអាសូរនោះឡើយ។
នៅពេលមនុស្សទទួលយកសេចក្ដីអាណិតពីអ្នកដទៃ ហើយធ្វើខ្លួនឯងជាមនុស្សគួរឲ្យអាណិត នោះពួកគេបានបំផ្លាញជីវិតរបស់ខ្លួនឯងហើយ។ ពេញមួយឆាកជីវិតរបស់ពួកគេ ពួកគេមិនដែលដឹងថាខ្លួនឯងមានសក្ដានុពលអស្ចារ្យអាចធ្វើនូវអ្វីដែលខ្លួនឯងនិងមនុស្សគ្រប់គ្នាជឿជាក់ថាមិនអាចទៅរួចនោះឡើយ។ នេះគឺមកពីគេបន្ទោសទៅលើស្ថានការណ៍របស់ខ្លួនឯង ហើយពួកគេក៏បានយកស្ថានការណ៍ទាំងនោះមកកំណត់ជោគវាសនាជីវិតរបស់ខ្លួន។ ពួកគេតែងតែរអ៊ូរទាំថាបើស្ថានការណ៍អាក្រក់មួយនេះមិនកើតឡើងមកលើពួកគេទេ នោះពួកគេនឹងអាចសម្រេចគោលដៅរបស់ខ្លួនមិនខាន។
នៅពេលមនុស្សមិនមានជំនឿទុកចិត្តលើខ្លួនឯង និងតម្លៃខាងក្នុងពិតប្រាកដរបស់ខ្លួនឯង នោះពួកគេនឹងធ្វើរឿងឆ្កួតឡប់ក្នុងជីវិត។ ពួកគេរត់ដេញចាប់របស់ខាងក្រៅ ដើម្បីមកបំពេញចន្លោះខ្វះខាតរបស់ខ្លួនឯង។
មេរៀនទី៣ អ្វីដែលឃុំឃាំងអ្នកមិនឲ្យមានសេរីភាពពិតប្រាកដ វាគឺជាការគិតខាងក្នុងរបស់អ្នកនេះឯង មិនមែនជាបន្ទប់គុកច្រវាក់ឃុំឃាំងអ្នកនោះឡើយ។ នៅក្នុងជីវិត នរណាក៏ធ្លាប់ទទួលបានពាក្យសម្ដីពីអ្នកដទៃ ដែលបិទស្លាកឲ្យគេបែបនេះឬបែបនេះ ឬប្រាប់គេថាមិនអាចធ្វើអ្វីមួយបាន។ ត្រង់ចំណុចនេះ អ្នកអាចចាប់ផ្ដើមយល់ថាហេតុអ្វីព្រះពុទ្ធបង្រៀនឲ្យគ្រប់គ្រងចិត្ត និងការគិតរបស់ខ្លួនឯង បើអ្នកគិតយ៉ាងណា គឺអ្នកនឹងទទួលបានយ៉ាងនោះហើយ។
[caption id="attachment_45062" align="aligncenter" width="600"] pinterest.com[/caption]
បើអ្នកជាចៅហ្វាយ បញ្ជាគ្រប់គ្រងទៅលើការគិតរបស់ខ្លួនឯង និងមានសតិដឹងជានិច្ចថាខ្លួនឯងកំពុងគិតបែបណា នោះជីវិតរបស់អ្នកស្ថិតនៅលើកណ្ដាប់ដៃអ្នកហើយ។ ឥទ្ធិពលខាងក្រៅ នឹងគ្រាន់តែជាសំឡេងដែលឆ្លងកាត់ត្រចៀក ដែលគ្មានថ្ងៃអាចចូលដល់ចិត្តគំនិតនិងគ្រប់គ្រងជីវិតអ្នកបានប៉ុណ្ណោះ។ នៅពេលមនុស្សចង់បានអ្វីមួយខ្លាំង នោះពួកគេគ្មានលេសការពារខ្លួនឯងនោះទេ។ ទោះរំកិលភ្នំក៏ពួកគេត្រូវតែសម្រេចគោលដៅរបស់ខ្លួនឲ្យបានដែរ។ វាមិនមែនមកពីអ្នកនេះឬអ្នកនោះ ឬក៏មកពីស្ថានការណ៍ណាទាំងអស់ ដែលបង្ខំឲ្យអ្នកត្រូវបញ្ឈប់នូវការសម្រេចគោលដៅរបស់ខ្លួនឯង តែនោះគឺមកពីអ្នកចាញ់ខ្លួនឯង អ្នកមិនអាចគ្រប់គ្រងការគិតរបស់ខ្លួនឯងទៅវិញទេ។
ការគិតរបស់អ្នក គឺជាសំឡាញ់របស់អ្នក តែក៏ជាសត្រូវរបស់អ្នកដែរ។ បើអ្នកមិនអាចគ្រប់គ្រងវាបានទេ នោះអ្នកនឹងរស់នៅពេញមួយជីវិតជាទាសកររបស់វាមិនខាន គឺជាទាសករនៃការគិតរបស់ខ្លួនឯងនេះឯង៕
ដោយ៖ ស្រីពៅ