លោក​ ឆូយ ពិសាល​៖ ​​សសរ​ស្ដម្ភ​សំខាន់​ ៣​យ៉ាង​​ ​ដែល​​អាច​កំណត់​ពី​វាសនា​​​អាជីវកម្ម​របស់​អ្នក​​បាន​​​



​​លោក​ ឆូយ​ ពិសាល​​ អ្នក​​ជំនាញ​ផ្នែក​ទីផ្សារ​​ ​និង ជា​​សហគ្រិន​​​​​ម្នាក់​​ ​ក្នុង​ប្រទេស​កម្ពុជា ​បាន​​​លើក​ឡើង​ថា ​ដើម្បី​​​ឲ្យ​អាជីវកម្ម​របស់​ខ្លួន​រីកចម្រើន​​​​​បើ​ទោះបីជា​ប្រឈម​​បញ្ហា​អ្វី​ក៏ដោយ​ ​យើង​​ត្រូវ​​គិត​ទៅ​លើ​សសរស្ដម្ភ​​សំខាន់​៣​យ៉ាង​ ទី១​ យុទ្ធសាស្ត្រ​​តម្លៃ​​ ទី២ ​​​ការ​បង្កើត​ផលិតផល​ថ្មី​​និង ទី៣​ គឺ​ការ​ផ្ដោត​ទៅ​លើ​អតិថិជន​។ ​​

ទី១​ យុទ្ធសាស្ត្រ​​តម្លៃ​​៖ ​​យុទ្ធសាស្ត្រ​តម្លៃ​នេះ ជា​វិធីសាស្ត្រ​មួយ​ដើម្បី​កំណត់​ថា​ តើ​គួរ​ដំឡើង ​ឬ បញ្ចុះ​តម្លៃ​​ ​​​​​ឲ្យ​ស្រប​តាម​ស្ថានភាព​ជាក់​ស្ដែង​​ដែល​​សហគ្រិន​នីមួយៗ​​កំពុង​ជួប​ប្រទះ ដើម្បី​ប្រាកដ​ថា ​​​​ផលិតផល​ ឬ សេវាកម្ម​របស់​យើង​នឹង​​​ទទួល​បាន​ការ​ចាប់អារម្មណ៍ ឬ ​នៅ​តែ​​មាន​​អតិថិជន​​ទិញ​​យក​ទៅ​ប្រើប្រាស់​។​ យុទ្ធសាស្ត្រ​កំណត់​​តម្លៃ​ត្រូវ​មាន​ការ​កំណត់​ឱ្យ​បាន​ច្បាស់​លាស់ បើ​មិន​ដូច្នោះ​ទេ​ វា​អាច​នឹង​ក្លាយ​ទៅ​ជា​សង្គ្រាម​ថ្លៃ (price war)។ ​​បើ​ក្លាយ​​​ជា​សង្គ្រាម​​ថ្លៃ​ នោះ​អ្នក​ណា​ដែល​មាន​​លុយ​ច្រើន ​​នឹង​អាច​​នៅ​រស់​​ហើយ​អ្នក​ដែល​មាន​លុយ​តិច​គឺ​ស្លាប់។

ទី២ ​​​ការ​​​​បង្កើត​ផលិតផល​ថ្មី​៖ ​​ការ​បង្កើត​​ផលិតផល​ថ្មី​នេះ​ គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ ​ព្រោះ​ថា ​វា​អាច​ជួយ​​​ឲ្យ​អាជីវកម្ម​របស់​អ្នក​នោះ ​កាន់​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​ ព្រោះ​ថា ​​បើ​អាជីវកម្ម​របស់​អ្នក​​គ្មាន​អ្វី​ថ្មី ​ ឬ ​មិន​ខុស​ប្លែក​បី​ក្រុមហ៊ុន​ដទៃ​ ​វា​អាច​នឹង​ធ្វើ​​​ឲ្យ​អតិថិជន​មាន​ការ​អល់អែក​​​ក្នុង​ការ​សម្រេច​ចិត្ត​​ទិញ។ ​​​ការ​ដាក់​ចេញ​នូវ​ផលិតផល​ថ្មី​​នឹង​ធ្វើ​ឱ្យ​ក្រុមហ៊ុន​​មាន​លំនឹង​ និង​បន្ត​ទៅ​​មុខ​​ប្រសិន​បើ​ផលិតផល​នោះ​ត្រូវ​បាន​​ស្រាវជ្រាវ​យ៉ាង​ច្បាស់​លាស់​ស្រប​ទៅ​តាម​ការ​ចង់​បាន​របស់​អតិថិជន។

ទី៣​ គឺ ​​ការ​ផ្ដោត​ទៅ​លើ​អតិថិជន​​៖ វា​ជា​យុទ្ធសាស្ត្រ​មួយ​​ដែល​ត្រូវ​ប្រើ​​ ដើម្បី​សម្រេច​ចិត្ត​ថា តើ​អាជីវកម្ម​របស់​អ្នក​គួរ​​​បង្កើន​ចំនួន​​អតិថិជន​​ក្នុង​កម្រិត​ណា ​​ហើយ​គួរ​ផ្ដោត​បន្ថែម​​លើ​ប្រភេទ​​អតិថិជន​​​អ្វី ដើម្បី​​​ឲ្យ​ប្រាកដ​​ថា អាជីវកម្ម​របស់​អ្នក​នឹង​អាច​ដំណើរ​ការ​បាន​យ៉ាង​ល្អ​ ស្រប​តាម​ស្ថានភាព​ជាក់ស្ដែង​​​។ ​សូម​បញ្ជាក់​ថា ​ការ​ចែករំលែក​នូវ​គន្លឹះ​អាជីវកម្ម​នេះ​គឺ​ធ្វើ​​​ឡើង​នៅ​ក្នុង​​សិក្ខាសាលា​​មួយ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​​ ដែល​រៀប​ចំឡើង​ដោយ​​សមាគម​អ្នក​ទីផ្សារ​កម្ពុជា​​ក្រោម​ប្រធានបទ​ «​​​​​ផ្លាស់ប្ដូរ​ការ​ប្រកួតប្រជែង​ទៅ​ជា​សហ​ម៉ាក​​សញ្ញា​»​ ដែល​ធ្វើ​​​ឡើង​នៅ​​​អគារ​សហប្រតិបត្តិការ​កម្ពុជា​កូរ៉េ​ (CKCC)៕ ​​​​​​​​​​​​​​​​

ដោយ​៖ រតនា​ ​វិចិត្រ

X
5s