តើទីផ្សារមូលបត្រផ្តល់នូវអត្ថប្រយោជន៍អ្វីខ្លះដល់សេដ្ឋកិច្ចកម្ពុជា?
មូលបត្រគឺជាប្រភេទប័ណ្ណដែលអាចជួញដូរបាន។ ទីផ្សារមូលបត្រ (Securities Market) គឺជាកន្លែង សម្រាប់ធ្វើការជួញដូរមូលបត្រ និង ឧបករណ៍ហិរញ្ញវត្ថុដទៃទៀត។ តាមនិយមន័យនៃច្បាប់ស្តីពីការបោះផ្សាយ និង ការជួញដូរមូលបត្រមហាជន ពាក្យថា “ទីផ្សារមូលបត្រ” សំដៅដល់ទីផ្សារ ឬទីកន្លែងជួញដូរមូលបត្រ ឬប្រព័ន្ធ ដែលផ្តល់មធ្យោបាយនៃការធ្វើសំណើរលក់ (Offer) ផ្ទេរ (Transfer) ឬ ស្វីការ(Acceptance) នៃការទិញ-លក់ មូលបត្រ។ ឧបករណ៍ហិរញ្ញវត្ថុដែលតែងតែត្រូវបានជួញដូរនៅលើទីផ្សារនេះ រួមមានមូលបត្រកម្មសិទ្ធិ (Equity Securities) មូលបត្របំណុល (Debt Securities) និង ឧបករណ៍និស្សន្ទ (Derivative Instrument)ជាដើម។ នៅក្នុងអត្ថបទនេះ លោកអ្នកនឹងបានស្វែងយល់អំពីអត្ថប្រយោជន៍នៃទីផ្សារមូលបត្រចំពោះសេដ្ឋកិច្ចកម្ពុជា។
ទីផ្សារមូលបត្រ (Securities Market) គឺជាកត្តាមូលដ្ឋានមួយយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចជាតិ ដែលគេ តែនិយាយថាទីផ្សារមូលបត្រគឺជានិមិត្តរូបនៃសេដ្ឋកិច្ចជាតិមួយទាំងមូល។ ជាការពិតណាស់ រាល់បម្រែបម្រួលនៃ បរិបទជាតិ និង អន្តរជាតិ (សេដ្ឋកិច្ច-សង្គម និងនយោបាយ) វានឹងធ្វើឱ្យមានផលប៉ះពាល់ទៅដល់ទីផ្សារមូលបត្រ ភ្លាម ដោយគ្រាន់តែមើលទៅលើសន្ទស្សន៍ហ៊ុន គេនឹងឃើញពីឥទ្ធិពលរបស់ទីផ្សារមូលបត្រលើសេដ្ឋកិច្ចយ៉ាងណា ពីព្រោះសន្ទស្សន៍ហ៊ុនរបស់ផ្សារមូលបត្រ វាបានឆ្លុះបញ្ចាំងពីស្ថានភាពសេដ្ឋកិច្ចជាតិ។
ខាងក្រោមនេះគឺជាអត្ថប្រ យោជន៍នៃទីផ្សារមូលបត្រចំពោះសេដ្ឋកិច្ចជាតិ៖ 1. ទីផ្សារមូលបត្រជួយជំរុញឱ្យមហាជនបង្កើននូវការសន្សំ និងកៀរគរមូលធនដែលនៅសេសសល់ មិនមាន តម្រូវការប្រើប្រាស់យកទៅវិនិយោគក្នុងសេដ្ឋកិច្ច។ 2. ទីផ្សារមូលបត្រគឺជាមធ្យោបាយមួយប្រមែប្រមូលកៀរគរនូវប្រភពមូលធនដែលនៅទំនេរតូចៗមិនទាន់មានតម្រូវការប្រើប្រាស់ ពូនផ្តុំជាមូលធនធំមួយដើម្បីវិនិយោគក្នុងវិស័យសេដ្ឋកិច្ចរូបវន្ត។ 3. ទីផ្សារមូលបត្រគឺជាឧបករណ៍មួយជួយសម្រួលដល់រាជរដ្ឋាភិបាល ក្នុងការអនុវត្តនូវកម្មវិធីអភិវឌ្ឍន៍សេដ្ឋ កិច្ច-សង្គម។ 4. ទីផ្សារមូលបត្រគឺជាឧបករណ៍មួយដើម្បីទាក់ទាញ និងស្រូបយកនូវមូលធនពីបរទេស។ 5. ទីផ្សារមូលបត្រជួយជំរុញឱ្យបណ្តាក្រុមហ៊ុននានា ប្រកបអាជីវកម្មដោយប្រសិទ្ធិភាព និងមានតម្លាភាព។ 6. ទីផ្សារមូលបត្រជួញជំរុញឱ្យប្រភពមូលធនក្នុងស្រុកមានចរាចរ ឬចលនារស់រវើក។ 7. ទីផ្សារមូលបត្រជួយបង្កើតនូវទម្លាប់នៃការវិនិយោគ។ល៕
ដោយ៖ ប៉ុម ទូច
ប្រភព៖ គណៈកម្មការមូលបត្រកម្ពុជា