ហេតុអ្វីពេលវេលា២៤ម៉ោងដូចគ្នា តែអាចធ្វើឲ្យបុគ្គលម្នាក់ជោគជ័យ ឯម្នាក់ទៀតនៅតែបរាជ័យ ?​



នៅ​ក្រោម​ភព​ផែនដី​តែ​មួយ បុគ្គល​ជោគជ័យ​ក៏​ដោយ​បុគ្គល​បរាជ័យ​ក៏​ដោយ​សុទ្ធតែ​មាន​ពេល​តែ​២៤​ម៉ោង​ដូច​គ្នា។ មិនមែន​ដោយសារ​តែ​បុគ្គល​ជោគជ័យ ជោគជ័យ​ដោយសារ​តែ​មាន​ពេល​លើស​ពី​២៤​ម៉ោង​ពី​បុគ្គល​បរាជ័យ​នោះ​ទេ ភាព​ខុស​គ្នា​ស្ថិត​នៅ​ត្រង់​ថា​តើ​អ្នក​ទាំងពីរ​នេះ​ប្រើប្រាស់​ពេលវេលា​ដែល​មាន​២៤​ម៉ោង​ដូច​គ្នា​នេះ​យ៉ាង​ដូចម្ដេច ? សម្រាប់​បុគ្គល​ដែល​មិន​ចេះ​ប្រើប្រាស់​ពេលវេលា បើ​ទោះ​ជា​មាន​ពេល​លើស​ពី​២៤​ម៉ោង​ក៏​ពួកគេ​នៅ​តែ​បរាជ័យ​ដដែល។ ដោយឡែក ពេលវេលា​២៤ម៉ោង​សម្រាប់​អ្នក​ចេះ​ប្រើប្រាស់ វា​នឹង​នៅ​តែ​ធ្វើឲ្យ​ពួកគេ​សម្រេច​កិច្ចការ​របស់​ខ្លួន​បាន​ដោយ​ជោគជ័យ។

ការ​ចេះ​ប្រើប្រាស់​ពេលវេលា ឬ​ជា​ការ​គ្រប់គ្រង​ពេលវេលា​នេះ ត្រូវ​ចាប់ផ្ដើម​ពី​សំណួរ​មួយ​ជាមុន​សិន តើ​អ្វី​ទៅ​ដែល​សំខាន់​បំផុត​សម្រាប់​អ្នក ? ទាល់តែ​អ្នក​ដឹង​ថា​អ្វី​ខ្លះ​សំខាន់​សម្រាប់​ខ្លួនឯង ទើប​អ្នក​អាច​គ្រប់គ្រង​ពេលវេលា​២៤ម៉ោង​នៅ​ក្នុង​ដៃ​របស់​អ្នក​យ៉ាង​មាន​ប្រសិទ្ធភាព​បាន។ បញ្ហា​របស់​មនុស្ស​ភាគច្រើន​ដែល​រអ៊ូរទាំ​ថា​មាន​ពេល​មិន​គ្រប់គ្រាន់ នោះ​ក៏​ដោយសារ​តែ​ពួកគេ​មិន​ដឹង​ថា​អ្វី​សំខាន់​ពិត​ប្រាកដ​នេះ​ឯង បែងចែក​មិន​ដាច់​ថា​អ្វី​ជា​កិច្ចការ​បន្ទាន់​តែ​សំខាន់ អ្វី​ជា​កិច្ចការ​បន្ទាន់​តែ​មិន​សំខាន់​ទាល់តែ​សោះ អ្វី​ជា​កិច្ចការ​សំខាន់​ហើយ​បន្ទាន់ ហើយ​អ្វី​ទៅ​ដែល​សំខាន់​ពិត​ប្រាកដ​បើ​ទោះ​ជា​មិន​បន្ទាន់​ក្ដី។ បុគ្គល​ជោគជ័យ​មិនមែន​ត្រឹមតែ​ដឹង​ពី​ភាព​ខុស​គ្នា​រវាង​កិច្ចការ​ទាំងនេះ​ហើយ​បំពេញ​កិច្ចការ​ងារ​ទាំងអស់​នេះ​ដោយ​ខ្លួនឯង​នោះ​ឡើយ។ វា​មិនមែន​ជា​ការ​ប្រឹងប្រែង​ធ្វើការ​ឲ្យ​កាន់តែ​ខ្លាំង​នោះ​ទេ តែ​ប្រឹងប្រែង​ធ្វើការ​ឲ្យ​កាន់តែ​ឆ្លាតវៃ​ជាង​មុន។

ឆ្លាតវៃ​យ៉ាង​ដូចម្ដេច ? នៅ​ពេល​បុគ្គល​ជោគជ័យ​អាច​បែងចែក​ភាព​ខុស​គ្នា​ទៅលើ​កិច្ចការ​ទាំងអស់​របស់​ពួកគេ​ហើយ នោះ​ពេលវេលា​២៤ម៉ោង​គឺ​នៅ​ក្នុង​ដៃ​ពួកគេ​ហើយ ពួកគេ​គ្រប់គ្រង​ទៅលើ​ពេលវេលា​២៤​ម៉ោង​របស់​ខ្លួន ពុំ​មែន​ពេលវេលា​២៤ម៉ោង​គ្រប់គ្រង​ពួកគេ​នោះ​ឡើយ។ ដូច្នេះ ពួកគេ​ដឹង​ថា​កិច្ចការ​សំខាន់ ទោះ​បន្ទាន់​ក៏​ដោយ​មិន​បន្ទាន់​ក៏​ដោយ គឺ​ត្រូវការ​វត្តមាន​និង​ការ​យកចិត្តទុកដាក់​របស់​ពួកគេ។ តួយ៉ាង​សំខាន់​តែ​បន្ទាន់​ដូចជា​មាន​ការងារ​នៅ​ក្រុមហ៊ុន​មាន​បញ្ហា​ជាមួយ​ម្ចាស់​ភាគហ៊ុន ដែល​តម្រូវ​ឲ្យ​ពួកគេ​ចូលរួម​ការ​ប្រជុំ​ជា​បន្ទាន់ ឯ​សំខាន់​តែ​មិន​បន្ទាន់​គឺជា​ពេលវេលា​ជាមួយ​ក្រុម​គ្រួសារ​ជាដើម។

ពួកគេ​ក៏​មាន​តែ​២៤​ម៉ោង​ដែរ ហេតុនេះ​កិច្ចការ​ណា​ដែល​មិន​សូវ​សំខាន់ ទោះ​បន្ទាន់​ក្ដី​មិន​បន្ទាន់​ក្ដី ពួកគេ​នឹង​អាច​ផ្ទេរ​ការងារ​ទាំងនោះ​ទៅ​ឲ្យ​អ្នក​ផ្សេង​ទទួល​ជំនួស​បាន ហើយ​ពួកគេ​នឹង​អាច​ផ្ដោត​ទៅលើ​ការងារ​សំខាន់​របស់​ខ្លួន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​និង​ពេញ​ទំហឹង​បាន។ បើ​អ្នក​មាន​ផែនការ​ក្នុង​ដៃ​ច្បាស់លាស់​ថា​តើ​ក្នុង​១សប្ដាហ៍​នេះ អ្នក​ត្រូវ​ធ្វើ​សកម្មភាព​អ្វីខ្លះ នោះ​អ្នក​មិន​ចាំបាច់​ខ្វល់ខ្វាយ​អ្វី​ក្រៅ​ពី​ដើរ​ទៅ​មុខ​តាម​ផែនការ​ដែល​បាន​ដៅ​ទុក​មុន ជាមួយ​ចក្ខុវិស័យ​ឆ្ពោះ​ទៅ​គោលដៅ​ជាក់លាក់​នោះ​ឡើយ។ អ្នក​អាច​ចំណាយ​ពេល​ចុង​សប្ដាហ៍​របស់​អ្នក ដើម្បី​អង្គុយ​គិតគូរ​សរសេរ​ផែនការ​សម្រាប់​១សប្ដាហ៍​បន្ទាប់​អំពី​កិច្ចការ​សំខាន់​ដែល​អ្នក​ត្រូវ​ធ្វើ​ទៅ​តាម​ម៉ោង​ក្នុង​ថ្ងៃ​នីមួយៗ ហើយ​ពេលវេលា​ដែល​នៅ​សេសសល់​បន្ទាប់​ពី​កិច្ចការ​សំខាន់​បាន​កំណត់​ទុក​ធ្វើ​សម្រាប់​ម៉ោង​ប៉ុន្មាន​នៅ​ថ្ងៃ​ណា​ហើយ នោះ​ចន្លោះ​ដែល​សល់​នឹង​អាច​ឲ្យ​អ្នក​បត់បែន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព នៅ​ពេល​មាន​កិច្ចការ​បន្ទាន់​លេច​ឡើង​មក រីឯ​កិច្ចការ​សំខាន់​ក៏​អ្នក​បាន​បំពេញ​វា​ដែរ។ ដូច្នេះ​កុំ​រអ៊ូរទាំ​ថា​អ្នក​គ្មាន​ពេល​សម្រាប់​នេះ​សម្រាប់​នោះ តែ​ចូរ​គិត​ថា​បុគ្គល​ជោគជ័យ​ក៏​មាន​ពេល​ស្មើ​នឹង​អ្នក​ដែរ ហើយ​ងាក​មក​គិត​អំពី​កំហុស​ដែល​មាន​ទៅលើ​របៀប​ដែល​អ្នក​ចាយ​ពេលវេលា​របស់​អ្នក​ជា​រៀងរាល់​ថ្ងៃ​វិញ​ទៅ៕

ដោយ៖ ស្រីពៅ

X
5s