ប្លង់រឹង​កម្មសិទ្ធិ​ដី​នៅ​កោះរ៉ុង​ប្រកាស​ចេញ​ជា​ផ្លូវការ​នៅថ្ងៃនេះ​ដើម្បី​ជម្រុញ​គម្រោង​អភិវឌ្ឍន៍​កោះ​​



​ស្ថិតនៅ​សង្កាត់​កោះរ៉ុង ខណ្ឌ​មិត្តភាព​ខេត្ត​ព្រះសីហនុ និង​មាន​ចម្ងាយ​ប្រហែល ២៥ គីឡូ ម៉ែត្រ​ពី​ដីគោក​ខេត្ត​ព្រះសីហនុ កោះរ៉ុង​ជា​កោះធំ​ជាងគេ​ទី​ពីរ​នៅ​ប្រទេស​កម្ពុជា បន្ទាប់ពី​កោះកុង​ជាមួយនឹង​ផ្ទៃដី​សរុប​ប្រមាណ ៧៨ គីឡូម៉ែត្រ​ការ៉េ​។ កោះរ៉ុង​ដែលមាន​៤​ភូមិ​មាន​អ្នកភូមិ​ជាង ៣,០០០​នាក់​រស់នៅ​គឺជា​កោះ​មួយ​ក្នុងចំណោម​កោះ​ដែលមាន​ភាព​ទាក់ទាញ​បំផុត​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។ ភាព​ទាក់ទាញ​នឹងមាន​បន្តបន្ទាប់​ទៀត ដោយសារតែ​មានការ​ប្រកាស​ពី​គម្រោង​ទេសចរណ៍​ធំៗ​ដែល​នឹង​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​ដែលជា​ក្រុមហ៊ុន​ធំជាងគេ​មួយ​របស់​កម្ពុជា​។​ ​ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​នៅ​កោះរ៉ុង នៅ​ឆ្នាំ ២០០៨ រាជរដ្ឋាភិបាល​កម្ពុជា​បានផ្តល់​ដី​សម្បទាន​រយៈពេល ៩៩​ឆ្នាំ​ដល់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​ដើម្បី​អភិវឌ្ឍន៍​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ និង​រមណីយដ្ឋាន​ប្រណីត​នៅលើ​កោះ​នេះ​។ ទាំង​រដ្ឋាភិបាល និង​ក្រុមហ៊ុន​មានបំណង​ប្រែក្លាយ​កោះ​នេះ​ឱ្យទៅជា​ទិសដៅ​ទេសចរណ៍​ទាក់ទាញ​បំផុត​ក្នុង​តំបន់​អាស៊ី​។​ ​លោក​សេង ហួរ​លាន ជា​ចៅសង្កាត់​កោះរ៉ុង​បាន​មានប្រសាសន៍ថា "​កោះរ៉ុង​នឹង​ក្លាយទៅជា​កោះ​មួយ​ក្នុងចំណោម​កោះ​ដែល​ទាក់ទាញ​បំផុត​នៅ​អាស៊ីអាគ្នេយ៍​ដោយសារ​ភាពស្រស់ស្អាត និង​គម្រោង អភិវឌ្ឍន៍​ថ្មីៗ​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​រួមជាមួយ​ក្រុមហ៊ុន​តូចៗ​ចំនួន​ជាង​១០០​ផ្សេងទៀត​។ ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​ក្រុមហ៊ុន​របស់​ឧកញ៉ា គិត ម៉េង បាន​កំពុងអភិវឌ្ឍន៍​នៅលើ​តំបន់​នេះ ហើយនឹង​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​មូលដ្ឋាន​ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ដទៃទៀត​ក្នុង​តំបន់​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។ ​លោក ដែន សាកល នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ Universal Real Estate ដែលមាន​មូលដ្ឋាន​នៅ​ខេត្ត​ព្រះសីហនុ​មានប្រសាសន៍ថា "​កោះរ៉ុង​គឺជា​កោះ​ឆ្នេរ​ដ៏​ស្រស់ស្អាត​បំផុត​មួយ នៅក្នុង ប្រទេស​កម្ពុជា ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ជា​រៀងរាល់ឆ្នាំ​។ គ្រប់​ពេលដែល​ភ្ញៀវទេសចរ​មកលេង​ខេត្ត​ព្រះសីហនុ​ពួកគេ​មិនដែល​ភ្លេច​ទៅ​កំសាន្ត​នៅ​កោះរ៉ុង​ទេ​។ កោះ​នេះ​មាន​សេវាកម្ម​ដូចគ្នា​ទៅនឹង​ក្រុងព្រះសីហនុ​ដែរ​។ សេវាកម្ម​ទាំងនេះ​រួមមាន​ឆ្នេរសមុទ្រ សណ្ឋាគារ ផ្ទះសំណាក់ បឹង​កា​ឡូ ភោជនីយដ្ឋាន ក្លឹប​រាត្រី និង​ហាង​ស្រា​។ ​ទោះជា​យ៉ាងណាក៏ដោយ រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​មាន​ភាពចម្រូងចម្រាស​ទា​ក់​ទង​នឹង​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី សម្រាប់​អ្នកភូមិ​ដែល​រស់​នៅលើ​កោះ​នេះ​។​អ្នកខ្លះ​ដែល​រស់​នៅលើ​កោះ​មុន​ឆ្នាំ ២០០៨​មាន​ប័ណ្ណកម្មសិទ្ធិ​កាន់កាប់​ស្របច្បាប់​លើដី​របស់​ពួកគេ​ខណៈដែល​អ្នក​ដែល​មក​រស់នៅ​ក្រោយ​ឆ្នាំ​២០០៨​មិនមាន​ប័ណ្ណកម្មសិទ្ធិ​ដី​ស្របច្បាប់​ទេ​។ ប៉ុន្តែ​ប័ណ្ណកម្មសិទ្ធិ​ទាំងនេះ​នៅតែ​មិនទាន់មាន​ភាពច្បាស់លាស់​នៅឡើយ​។​ ​លោក អ៊ិន ណាន ជា​ដៃគូ​អចលនទ្រព្យ​របស់​ក្រុមហ៊ុន Property.com នៅ​កោះរ៉ុង​បានលើកឡើង​អំពី​បញ្ហា​នេះ​ថា “​ប្រជាពលរដ្ឋ​និយាយថា​ពួកគេ​មាន​សិទ្ធិ​កាន់កាប់​ដីធ្លី​នៅលើ​កោះ​ប៉ុន្តែ​ជាក់ស្តែង​មិនឃើញ​មាន​ប័ណ្ណ​កម្ម​សិទ្ធ​នោះទេ​។ ពួកគេ​អាច​លក់ និង​ទិញ​ដី​ជាធម្មតា​ប៉ុន្តែ​តម្លៃ​មិន​ខ្ពស់​ទេ​បើ​គ្មាន​ប្លង់​កម្មសិទ្ធិ​។ ខ្ញុំ​ព្រួយបារម្ភ​អំពី​ដំណើរការ​យឺតយ៉ាវ​នៃ​ការអភិវឌ្ឍន៍​របស់​កោះ ខណៈដែល​រដ្ឋាភិបាល​ចំណាយពេល​យ៉ាងយូរ​ដើម្បី​ដោះស្រាយ​ជម្លោះ​រវាង​អ្នកភូមិ និង​ក្រុមហ៊ុន​ក៏ដូចជា​ការចេញ​ប្លង់​កម្មសិទ្ធិ​ដី​ស្របច្បាប់​សម្រាប់​ប្រជាជន​។​ ​ប៉ុន្តែ លោក ហួ​លាន បាន​បញ្ជាក់ថា​រដ្ឋាភិបាល​បាន​ដោះស្រាយ​បញ្ហា​កម្មសិទ្ធិ​ដីធ្លី​រួចហើយ​សម្រាប់​អ្នកភូមិ​នៅលើ​កោះរ៉ុង​។ ហើយ​បានប្រកាស​ជា​សាធារណៈ​ដល់​អ្នកភូមិ​នៅថ្ងៃនេះ​ថ្ងៃទី​១៤​ខែកក្កដា ឆ្នាំ ២០១៧​នេះ​។ ដូច្នេះ​អ្នករស់នៅ​ក្នុង​តំបន់​នេះ​នឹងមិន​មានការ​ភ័យព្រួយ​ទៀត​ទេ ពួកគេ​អាច​លក់ ឬ​ទិញ​ដី​ដោយ​មិនមាន​ការភ័យខ្លាច​អ្វី​ទាំងអស់​។​ ​ពាក់ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍន៍​នាពេល​អនាគត​លោក ហួ​លាន បាន​បន្ថែមថា “​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប គ្រោង​នឹង​អភិវឌ្ឍន៍​លើ​ផ្ទៃដី​សរុប​ចំនួន ២,៥០០ ហិកតា​។ ក្រុមហ៊ុន​តូចៗ​ចំនួន​១០០​ផ្សេងទៀត​ក៏​កំពុងអភិវឌ្ឍន៍​នៅលើ​កោះ​នេះដែរ​។ គម្រោង​ព្រលានយន្តហោះ កាស៊ីណូ សេវា​ដឹកជញ្ជូន រោងចក្រ​ទឹក និង​អគ្គិសនី នឹង​ត្រូវបាន​អភិវឌ្ឍន៍​នៅ​ទីនោះ​ក្នុងពេល​ឆាប់ៗ​នេះ​។ លើសពីនេះទៅទៀត​រដ្ឋាភិបាល​ក៏មាន​គម្រោង​ធ្វើឱ្យ​កោះរុង​ក្លាយជា​ទីក្រុង​ទេសចរណ៍​ដែលជា​ដំណឹង​ល្អ​មួយ​សម្រាប់​អ្នកភូមិ​ជាពិសេស​និង​ខេត្ត​ទាំងមូល​។​” ​ផែនការអភិវឌ្ឍន៍​នៅ​កោះរ៉ុង​នឹង​ផ្ដល់​ប្រយោជន៍​យ៉ាងច្រើន​ដល់​ប្រជាជន​ក្នុងស្រុក​ពីព្រោះ​តម្លៃ​ដីធ្លី​នឹង​ឡើងថ្លៃ​ខ្ពស់​ហើយ​អ្នកស្រុក​នឹង​មានឱកាស​រកចំណូលបាន​ច្រើនជាង​មុន​នៅពេលដែល​អ្នក​ទេស ចរ​ច្រើនឡើងៗ​នាំគ្នា​មកលេង​កម្សាន្ដ​នៅ​កោះ​មួយ​នេះ​។​ ​លោក ណាន និយាយថា កោះរ៉ុង​គឺជា​កោះ​ដែល​សក្ដានុពល​នៅ​ថ្ងៃ​អនាគត​ជាពិសេស​សម្រាប់​វិស័យ​ទេសចរណ៍​ពីព្រោះ​វា​ជា​កោះ​ស្រស់ស្អាត​បំផុត​មួយ​នៅ​ប្រទេស​កម្ពុជា​ដែលជា​ទីកន្លែង​ល្អ​បំផុត សម្រាប់​សម្រាក​លំហែកាយ​។ អ្នកស្រុក​អាច​ប្រកប​អាជីវកម្ម​ខ្នាតតូច​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​។ ពួកគេ​នឹង​សប្បាយចិត្ត​ជាមួយ នឹង​ឳ​កាស​ការងារ ច្រើនជាង​មុន ដែល​នៅ​ទីបំផុត​នឹង ធ្វើឱ្យ​ជីវភាព​របស់​ពួកគេ​ប្រសើរ​ជាង​មុន​។​ ​ទាក់ទង​នឹង​តម្លៃ​ដីធ្លី លោក សាកល និង​ណាន​បានលើកឡើង​ដូចគ្នា​ថា​តម្លៃ​ដី​ប្រែប្រួល​អាស្រ័យ​លើ​ទីតាំង​នីមួយៗ​ដូចជា​ដី​នៅ​តំបន់ឆ្នេរ​ដី​តំបន់​ស្នាក់នៅ ឬ​ដីចំការ​។ តម្លៃ​ដី​អាចមាន​តម្លៃ​ចន្លោះ​ពី ៣៥ ទៅដល់ ៧៥ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។​ ​បន្ទាប់ពី​រដ្ឋាភិបាល​ប​ញ្ជា​ក់​ពី​កម្ម​សិទ្ធ​ដី​ស្របច្បាប់​ទៅអោយ​អ្នកស្រុក​កោះរ៉ុង និង​បានបញ្ចប់​ជម្លោះ ព្រមទាំង​ភាពមិនច្បាស់លាស់​រវាង​ដី​អ្នកស្រុក និង​ដី​របស់​ក្រុមហ៊ុន​រួចមក​តម្លៃ​ដី​នៅ​ទីនោះ​ទំនងជា​នឹង​ឡើងថ្លៃ​ខ្លាំង​។ កោះរ៉ុង​នឹង​ប្ដូរ​មុខមាត់​ថ្មី​ចំណោម​កោះ​ដទៃទៀត​ក្នុងប្រទេស​កម្ពុជា​។​

លោក Brad King នាយកគ្រប់គ្រងនៃក្រុមហ៊ុន Cambodia Real Estate ដែលមានការិយាល័យនៅកោះរ៉ុងខេត្តព្រះសីហនុ និយាយថាកោះរ៉ុងនឹងក្លាយជាទិសដៅលេចធ្លោះមួយទៀតសម្រាប់អ្នក វិនិយោគអចលនទ្រព្យជាពិសេសអ្នកវិនិយោគផ្ដោតលើលំនៅដ្ឋានប្រណិតៗ។

លោក King បន្តថា អ្នកវិនិយោគគួរតែផ្ដោតលើការវិនិយោគដីធ្លីនៅកោះរ៉ុងពីព្រោះបច្ចុប្បន្នតម្លៃដីនៅលើកោះ មានតម្លៃថោកជាងដីនៅក្រុងព្រះសីហនុឆ្ងាយណាស់។ ដីធ្លីនៅក្រុងព្រះសីហនុឡើងថ្លៃខ្លាំង ពោលគឺថ្លៃជាងដីដូចគ្នានៅប្រទេសថៃ និងហ្វីលីពីនដោយសារតែអ្នកវិនិយោគចិនដែលជំរុញតម្លៃនៅទីនោះឱ្យឡើងខ្លាំង។ តម្លៃដីជាមធ្យមនៅកោះរ៉ុងបច្ចុប្បន្នមានតម្លៃប្រហែល ៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ធៀបនឹងជាង ១ ០០០ ដុល្លារនៅឆ្នេរសមុទ្រព្រះសីហនុ។ ឆ្នេរកោះរ៉ុងគឺជាឆ្នេរស្រស់ស្អាតបំផុតមួយនៅក្នុងតំបន់។

លោក ព្រុំ សេង នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ នាន សេង ស្ថិតនៅក្រុងព្រះសីហនុ លើកឡើងថាការចេញប្លង់រឹងដល់អ្នកស្រុកផ្ដល់ប្រយោជន៍យ៉ាងច្រើនចំពោះអ្នកស្រុក និងអ្នកវិនិយោក។ ដីធ្លីរបស់ អ្នកស្រុកនឹងមានតម្លៃថ្លៃ ហើយពួកគេនឹងមានឳកាសប្រកបរបរកស៊ីបានប្រសើរជាងមុន។​ ពួកគេអាចលក់ដីបានដោយសេរីហើយអ្នកវិនិយោគនឹងមានការធានាមួយរយភាគរយនៅពេលពួកគេទិញដីនៅទីនោះជាមួយនឹងកម្មសិទ្ធប្លង់រឹងស្របច្បាប់។

លោក បន្ថែមថា កោះរ៉ុងនឹងស្គាល់ភាពត្រចះត្រចង់នៅថ្ងៃអនាគតដោយសារដីមានទំហំតូចតម្រូវការនឹងមានច្រើននៅពេលដែលមានប្លង់កម្មសិទ្ធស្របច្បាប់។ នេះជាពេលវេលាល្អសម្រាប់រស់នៅ និងធ្វើអាជីវកម្មនៅទីនេះ៕ ផ្ដល់​សិទ្ធិ៖ realestate.com.kh

X
5s