មិន​ថា​អ្នក​រក​ចំណូល​បាន​ច្រើន​ប៉ុណ្ណា​នោះ​ទេ​ ប្រសិន​ជា​អ្នក​មាន​ទម្លាប់​ចាយ​លុយ​អាក្រក់​បែប​នេះ អ្នក​គ្មាន​ថ្ងៃ​សល់​លុយ​ឡើយ​



ទោះ​បី​ជា​អ្នក​មាន​លុយ​ច្រើន​មែន ប៉ុន្តែ​​​​អ្នក​ក៏​មិន​គួរ​ចាយ​លុយ​ខ្ជះខ្ជាយ​ដោយ​មិន​គិត​​វែង​ឆ្ងាយ​​​​ដែរ។ យ៉ាង​ណា​ក៏​ដោយ អ្នក​ប្រហែល​ជា​មិន​​ធ្លាប់​ដឹង​​ថា​ខ្លួន​ឯង​ចាយ​លុយ​ខ្ជះខ្ជាយ​ដល់​កម្រិត​ណា​នោះ​ទេ សាកល្បង​អង្គុយ​គិត​​លេង​ៗ​ទៅ​អ្នក​នឹង​ភ្ញាក់ផ្អើល​ពី​ចំនួន​លុយ​ដែល​អ្នក​គួរ​តែ​បាន​សន្សំ​ទុក។ ប្រសិន​ជា​អ្នក​មាន​ទម្លាប់​ចាយ​លុយ​អាក្រក់​ដូច​ខាង​ក្រោម​នេះ អ្នក​គួរ​តែ​កែប្រែ​វា​ចេញ៖ 

១)  ទិញ​អ្វី​ដែល​ទើប​តែ​ចេញ​ថ្មី​

សម័យ​នេះ​​ជា​សម័យ​ទំនើប ប្រាកដ​ណាស់​​ថា​មាន​របស់​ថ្មី​ៗ​ដូចជា​ទូរស័ព្ទ កុំព្យូទ័រ ​ ម៉ូតូ ឡាន​ស៊េរី​ថ្មី​​ៗ​ចេញ​ជា​រៀង​រាល់​ឆ្នាំ​។ បើ​ទោះ​បី​ជា​សម្ភារៈ​និយម​ចេញ​រហូត​ហើយ​ការ​ប្រើ​ប្រាស់​គ្រឿង​អេឡិចត្រូនិក​ស៊េរី​ថ្មី​​ទាំង​នោះ​ធ្វើ​ឲ្យ​អ្នក​​មើល​ទៅ​ឡូយឆាយ​ តែ​អ្នក​ក៏​មិន​គួរ​ផ្លាស់​ប្តូរ​គ្រប់​ស៊េរី​នោះ​ដែរ​ពី​ព្រោះ​ថា​អ្នក​ទិញ​នូវ​​ស៊េរី​ថ្មី​តែង​​​មាន​តម្លៃថ្លៃហើយ​តម្លៃ​​នោះ​​នឹង​ធ្លាក់​ចុះ​ឆាប់​រហ័ស​ ដែល​ធ្វើ​ឲ្យ​ខាត​លុយ​ជា​​ច្រើន។ ម៉្យាង​វិញ​ទៀត ប្រសិន​ជា​សម្ភារៈ​ចាស់​របស់​អ្នក​នៅ​ដំណើរ​ការ​បាន​ល្អ ប្រើប្រាស់​វា​សិន​ទៅ មិន​គួរ​ខ្ជះខ្ជាយ​ទៅ​លើ​គ្រឿង​សម្ភារៈ​និយម​ច្រើន​ពេក​នោះ​ទេ។

២)  អស់​លុយ​លើ​កាត​ធនាគារ

មនុស្ស​ជា​ច្រើន​សុទ្ធ​​តែ​មាន​កាត​ធនាគារ​ដូច​ជា​កាត​សន្សំ​ឬ​កាត​​ធម្មតា​ជា​ដើម។ ប៉ុន្តែ នៅ​តាម​ធនាគារ​ខ្លះ​គិត​លុយ​២០០០រៀល​ក្នុង​មួយ​ខែ​​ឬ​៣​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​សេវាកម្ម​ឆែក​ទឹក​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក។ ​ផ្ទុយ​ទៅ​វិញ អ្នក​អាច​ជ្រើសរើស​ជា​សៀវភៅ​ធនាគារ​ឬ​ទៅ​ធនាគារ​​ផ្ទាល់​ប្រសិន​ជា​អ្នក​ចង់​ដឹង​​សាច់​ប្រាក់​​ក្នុង​គណនី​របស់​អ្នក ​​ទោះ​បី​ជា​វា​មានផលពិបាក​តិចតួច​ក៏​ពិត​មែន តែ​អ្នក​អាច​សន្សំ​លុយ​ពី​ការ​ប្រើ​ប្រាស់​សេវា​ឆែក​ទឹក​ប្រាក់​ពី​ធនាគារ​ទៅ​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍​។

៣) ញាំ​ក្រៅ​ជាជាង​នៅ​ផ្ទះ៖ ​

អ្នក​សាក​គិត​ទៅ​មើល​​មួយ​ថ្ងៃ​អាហារ​៣​ពេល ប្រសិន​ជា​អ្នក​ឧស្សាហ៍ញាំុនៅ​ខាង​ក្រៅ តើ​អ្នក​ចំណាយ​លុយ​អស់​ប៉ុន្មាន​ទៅ​លើ​អាហារ​នៅ​ខាង​​ក្រៅ​​​? ​​អ្នក​មិន​​ត្រូវ​ភ្លេច​ថា​​អ្នក​ត្រូវ​ចំណាយ​ទៅ​លើ​លុយ​សាំង​ឬ​កាត​ទូរស័ព្ទ​​ទៀត​ផង ដូច្នេះ​ការ​ចំណាយ​វា​ច្រើន​។ ប្រសិន​ជា​អ្នក​ញាំុ​​អាហារ​ពី​ផ្ទះ អ្នក​អាច​សន្សំ​បាន​ជា​ច្រើន​ពី​ព្រោះ​ថា​អ្នក​​មិន​អស់​លុយ​លើ​អាហារ ម៉្យាង​វិញ​ទៀត​អ្នក​មិន​អស់លុយ​លើ​​ពន្ធ​អាហារ​ទៀត​ផង។ នៅ​តាម​ហាង​​មួយ​​ចំនួន​នៅ​ស្រុក​​ខ្មែរ​គិត​ពន្ធ​ដល់​ទៅ​១០​ភាគ​រយ​​​​។ ដូច្នេះ​ហើយ អ្នក​សល់​លុយ​ជា​ច្រើន​ប្រសិន​ជា​អ្នក​ញាំុនៅ​ផ្ទះ៕

ប្រែ​សម្រួល៖ អឹុង មុយយូ ប្រភព៖ money.com​ ​

X
5s