តើការទិញដីដែលមានត្រឹមតែប្លង់ទន់មានសុវត្ថិភាព ១០០% ដែរឬទេ?
ដូចដែលលោកអ្នកបានជ្រាបរួចមកហើយថា ដើម្បីឱ្យការផ្ទេរកម្មសិទ្ធិលើដីដែលមានប្លង់រឹង មានអានុភាព តាមផ្លូវច្បាប់ ការផ្ទេរនោះចាំបាច់ត្រូវតែចុះបញ្ជីឱ្យបានត្រឹមត្រូវនៅអង្គភាពសុរិយោដី។ នៅក្នុងអត្ថបទនេះ លោក អ្នក នឹងបានស្វែងយល់អំពីថាតើការទិញលក់ដីដែលមានប្លង់ទន់មានសុវត្ថភាព១០០%ដែរឬទេ?
មុននឹងឆ្លើយនូវសំនួរខាងលើនេះ លោកអ្នកគួរគប្បីយល់នូវពាក្យថា “ប្លង់ទន់” ជាមុនសិន។ ប្លង់ទន់ គឺជា ឯកសារមួយដែលចេញដោយអាជ្ញាធរមូលដ្ឋាន (អាជ្ញាធរថ្នាក់ឃុំ-សង្កាត់/ស្រុក) ដើម្បីទទួលស្គាល់នូវការកាន់កាប់ របស់នរណាម្នាក់លើដីដែលមិនទាន់បានចុះបញ្ជី។ ក្នុងន័យនេះ យើងអាចនិយាយបានថា ប្លង់ទន់ មិនមែនជា ឯកសារដែលបញ្ជាក់ពីកម្មសិទ្ធិលើដីនោះឡើយ ប៉ុន្តែវាគឺជាអង្គហេតុមួយដែលបង្ហាញថា បុគ្គលមួយបានកាន់កាប់ ជាក់ស្តែងនៅលើដីនោះ។
ជាការពិតណាស់ ការកាន់កាប់ដីធ្លីដែលមានប្លងទន់ គឺជាការកាន់កាប់ជាក់ស្តែងដែលត្រូវបានទទួលស្គាល់ ត្រឹមតែអាជ្ញាធរមូលដ្ឋានប៉ុណ្ណោះ។ ផ្ទុយមកវិញ ការកាន់កាប់ដីធ្លីដែលមានប្លងរឹង គឺជាការកាន់កាប់ដែលត្រូវបាន ទទួលស្គាល់ដោយអង្គភាពសុរិយោដី ព្រមទាំងបានចុះបញ្ជីត្រឹមត្រូវនៅក្នុងសៀវភៅគោលបញ្ជីដី។ ក្នុងន័យនេះ លោកអ្នកអាចកំណត់ថាតើអ្នកណាជាម្ចាស់កម្មសិទ្ធិពិតប្រាកដលើដីមួយ ឬអាចដឹងថាតើដីនោះមានជាប់បន្ទុក ឬក៏ បណ្តឹងនៅតុលាការដែរឬទេ ប្រសិនបើដីនោះត្រូវបានចុះបញ្ជីត្រឹមត្រូវនៅអង្គភាពសុរិយោដី (មានន័យថាមានប្លង់ រឹង)។ ប៉ុន្តែ ប្រសិនបើដីនោះមានត្រឹមតែប្លង់ទន់ នោះលោកអ្នកនឹងមិនអាចស្វែងរកនូវពត៌មានចាំបាច់ណាមួយ ដែលទាក់ទងទៅនឹងដីនោះបានឡើយ ព្រោះថាប្លង់ទន់គឺជាប្រភេទប្លង់ដែលពត៌មានរបស់វាមិនត្រូវបានកត់ត្រានៅ ក្នុងសៀវភៅគោលបញ្ជីដីឡើយ។
អញ្ចឹងសួរថា តើការទិញដីដែលមានប្លង់ទន់គឺមិនមានសុវត្ថិភាពទេឬ?
ចម្លើយគឺ ទេ! ត្បិតថាសិទ្ធិនៅលើដីនោះត្រូវបានកំណត់ដោយប្លង់ទន់ ប៉ុន្តែមិនមែនមានន័យថា ការទិញដីដែលមានប្លង់ទន់មិនមានសុវត្ថិភាពនោះទេ។ ជាពិតណាស់ ការផ្ទេរសិទ្ធិកាន់កាប់នៅលើដីដែលមាន ប្លង់ទន់ ត្រូវមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន។ អាជ្ញាធរមូលដ្ឋាន ជាទូទៅគឺបានដឹងនូវបញ្ហានានាពាក់ព័ន្ធ ទៅនឹងការកាន់កាប់លើដីទាំងឡាយដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ពួកគេ។ ដូច្នេះហើយ ការប្រឹក្សាជាមួយ អាជ្ញាធរមូលដ្ឋាន គឺជាការណ៍មួយដ៏មានសារៈសំខាន់ដើម្បីបង្ការនូវហានិភ័យដែលអាចកើតឡើងជាយថាហេតុ។ ក៏ ប៉ុន្តែ ការណ៍នោះមិនអាចយកមកប្រើប្រាស់ជាទូទៅបានឡើយ ដោយហេតុថា មិនមែនគ្រប់អាជ្ញាធរមូលដ្ឋានទាំង អស់សុទ្ធតែអាចក្តោបក្តាប់បាននូវឯកសារ ឬពត៌មាននានាទាក់ទងទៅនឹងដីធ្លីដែលស្ថិតនៅក្នុងតំបន់កាន់កាប់របស់ ពួកគេឡើយ។
សរុបកម ដើម្បីធានាបាននូវសុវត្ថិភាពក្នុងការទិញដីធ្លីដែលមានប្លង់ទន់ លោកអ្នកគួរតែប្រឹក្សាយោបល់ ជាមួយអ្នកដែលមានជំនាញខាងច្បាប់ និង ពឹងពាក់ពួកគេឱ្យធ្វើការសិក្សាផ្លូវច្បាប់ ដើម្បីជៀសវាងនូវបញ្ហាផ្លូវច្បាប់ នានា៕
ដោយ៖ ប៉ុម ទូច