ហេតុអ្វី​កាតារ​ ​​​អាចក្លាយ​ជា​ប្រទេស​​មួយ​ ក្នុង​ចំណោម​ប្រទេស​មាន​កប់​ក្ដោង​នៅ​លើ​​លោក​?​



ប្រទេស​កាតារ (Qatar) គឺជា​រដ្ឋ​ឯករាជ្យ​ដ៏​តូច​មួយ ជាមួយ​នឹង​ផ្ទៃដី​ដែល​មាន​ត្រឹមតែ​១១,៥៨៦​គីឡូម៉ែត្រ​ការ៉េ និង​មាន​ភូមិសាស្ត្រ​ទឹកដី​ជា​ឈូង​សមុទ្រ ស្ថិត​នៅ​មជ្ឈិមបូព៌ា ដែល​មាន​អារ៉ាប៊ីសាអ៊ូឌីត​ជា​ប្រទេស​ជិត​ខាង។ កាតារ ដែល​ធ្លាប់​ជាប់​ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ​ជា​ប្រទេស​ដ៏​ក្រីក្រ​បំផុត​មួយ ដែល​ដង្ហើម​សេដ្ឋកិច្ច​របស់​ពួកគេ​ពឹងផ្អែក​ជា​ចម្បង​ទៅលើ​ឧស្សាហកម្ម​ផលិត​គជ់ខ្យង​និង​នេសាទ​ត្រី រយៈពេល​ត្រឹមតែ​មួយ​ពព្រិច​ភ្នែក​ក្រោយ​មក រដ្ឋ​ដ៏​ក្រីក្រ​តោកយ៉ាក​មួយ​នេះ​ត្រូវ​បាន​គេ​ចារ​ឈ្មោះ​ទុក​ក្នុង​ប្រវត្តិសាស្ត្រ​ចូល​ក្នុង​ចំណោម​ប្រទេស​ដ៏​មាន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក។ ប្រទេស​ដែល​កាន់​សាសនា​ឥស្លាម​ជា​ផ្លូវការ​មួយ​នេះ មាន​ជនជាតិ​ដើម​របស់​កាតារ​ប្រមាណ​តែ​១៥%​នៃ​ប្រជាជន​សរុប​ដែល​មាន​រហូត​ដល់​ទៅ​២.៣​លាន​នាក់ (គិត​ត្រឹម​ឆ្នាំ​២០១៧) ប៉ុណ្ណោះ ក្រៅ​ពី​នោះ​សុទ្ធតែ​ជា​ជន​អន្តោប្រវេសន៍​រក​ការងារ​ធ្វើ។ កាតារ ដែល​ប្រព័ន្ធ​គ្រប់គ្រង​ទើប​នឹង​បាន​កំណែ​ទម្រង់​ទៅ​រក​លក្ខណៈ​ប្រជាធិបតេយ្យ​ខ្លះៗ​នៅ​ក្នុង​ឆ្នាំ២០០៥​នេះ ត្រូវ​បាន​គ្រប់គ្រង​ដោយ​ត្រកូល Al Thany ចាប់​តាំង​ពី​អំឡុង​ទសវត្ស​ឆ្នាំ​១៩៩០​មក​ម្ល៉េះ និង​បច្ចុប្បន្ន​ដោយ​ជំនាន់​ក្រោយ​របស់​ត្រកូល Al Thany គឺ Sheikh Tamim bin Hamad al-Thani ក្រោយ​ការ​ផ្ទេរ​ដំណែង​ពី​បិតាSheikh Hamad bin Khalifa Al-Thani កាល​ពី​ខែ​មិថុនា​២០១៣។ [caption id="attachment_42464" align="aligncenter" width="600"] theiranproject[/caption] យោង​តាម​របាយការណ៍​របស់ IMF (International Monetary Fund) កាល​ពី​ឆ្នាំ​២០១០ កាតារ​បាន​ផ្ដួល​ប្រទេស​លុចហ្សំបួរ ក្នុង​ដំណែង​ជា​ប្រទេស​ដែល​មាន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក ជាមួយ​នឹង ចំណូលរបស់ប្រជាជនសរុបគិតជាមធ្យមប្រមាណ ​៨៨,២២១​ដុល្លារ។ [caption id="attachment_42465" align="aligncenter" width="600"] pk212.blogspot.com[/caption] តើ​ពួកគេ​អាង​ទៅលើ​អ្វី​ទើប​ធ្វើឲ្យ​រដ្ឋ​ឈូង​សមុទ្រ​ដ៏​តូច​មួយ​នេះ​ឆាប់​ក្លាយ​ជា​អ្នក​មាន​របស់​ពិភពលោក​ម្ល៉េះ ? ចម្លើយ​គឺជា​ធនធាន​ប្រេងកាត ឧស្ម័ន​ធម្មជាតិ និង​ការ​វិនិយោគទុន​នៅ​ជុំវិញ​ពិភពលោក ដែល​ជា​សសរ​គ្រឹះ​សំខាន់ៗ​ដែល​ទ្រទ្រង់​សេដ្ឋកិច្ច​របស់​កាតារ​ឲ្យ​រីកចម្រើន​ហួស​ពី​ការ​ស្មាន​ត្រឹម​រយៈពេល​ដ៏​ខ្លី​បែប​នេះ។ ឆ្នាំ​១៩៣៩​ជា​ឆ្នាំ​ដែល​កាតារ​បាន​រុករក​ឃើញ​នូវ​ធនធាន​ប្រេងកាត​របស់​ខ្លួន​ជា​លើក​ដំបូង នៅ​ឯ​តំបន់ Dukhan។ ក្នុង​ឆ្នាំ​១៩៥១ កាតារ​ផលិត​ប្រេងកាត​ចំនួន៤៦,៥០០​បារ៉ែល​ក្នុង​១ថ្ងៃ ជាមួយ​នឹង​ប្រាក់​ចំណូល​៤.២​លាន​ដុល្លារ​មក​វិញ និង​កើន​ឡើង​រហូត​ដល់​ទៅ២៣៣,០០០​បារ៉ែល​ក្នុង​១​ថ្ងៃ នៅ​ពេល​ធនធាន​ប្រេងកាត​ត្រូវ​បាន​រុករក​ឃើញ​ជា​បន្តបន្ទាប់​មក​ទៀត។ បច្ចុប្បន្ន​ពួកគេ​ផលិត​បាន​១.២៧​លាន​បារ៉ែល​ក្នុង​១ថ្ងៃ។ [caption id="attachment_42466" align="aligncenter" width="600"] www.hydrocarbons-technology.com[/caption] ឆ្នាំ១៩៧១​ជា​ឆ្នាំ​ដែល​កាតារ​ទាមទារ​បាន​ឯករាជ្យ​របស់​ខ្លួន​ពេញលេញ​ពី​អង់គ្លេស​មក​វិញ ហើយ​ក៏​ជា​ឆ្នាំ​ដែល​នឹង​ផ្លាស់ប្ដូរ​ប្រវត្តិសាស្ត្រ​សេដ្ឋកិច្ច​របស់​កាតារ​ឲ្យ​ក្លាយ​មក​ជា​អ្នក​មាន​បំផុត​នៅ​លើ​ពិភពលោក​ដូច​ពេល​បច្ចុប្បន្ន​នេះ​ដែរ ដែល​ជា​ការ​រុករក​ឃើញ​ដំបូង​របស់​ពួកគេ​នូវ​ប្រភព​ឧស្ម័ន​ធម្មជាតិ។ ជាមួយ​នឹង​ការ​ប៉ាន់ស្មាន​ចំពោះ​ប្រភព​ធនធាន​ឧស្ម័ន​ធម្មជាតិ​ដែល​មាន​រហូត​ដល់​ទៅ​៨៩៦​គុណ​នឹង​១០​ចំនួន​១២​ដង​គិត​ជា​ហ្វ៊ីតគីប (cubic feet) ប្រភព​ឧស្ម័ន​ធម្មជាតិ​មួយ​នេះ​បាន​ក្លាយ​ជា​តំបន់​មួយ​ដែល​ធំ​ជាង​គេ​បង្អស់​បន្ទាប់​ពី​រុស្ស៊ី និង​អ៊ីរ៉ង់។ [caption id="attachment_42467" align="aligncenter" width="600"] www.shell.com[/caption] ក្នុង​ឆ្នាំ​២០០៥ កាតារ​បាន​បង្កើត​នូវ The Qatar Investment Authority ហើយ​វា​បាន​ក្លាយ​ជា​ភាគហ៊ុន​ដ៏​ធំ​ជាង​គេ​មួយ​នៅ​ក្នុង​ចំណោម​ភាគហ៊ុន​ដទៃ​ទៀត​ទៅលើ​អចលនទ្រព្យ​ជាច្រើន​នៅ​ក្នុង​ទីក្រុង​ឡុងដុង។ កាល​ពី​ខែ​ធ្នូ​២០១០ កាតារ​បាន​ក្លាយ​ជា​ប្រទេស​នៅ​ក្នុង​តំបន់​អារ៉ាប​ដំបូង ដែល​បាន​ជ្រើសតាំង​ជា​ម្ចាស់​ផ្ទះ​សម្រាប់​ការ​ប្រកួត​កីឡា FIFA World Cup របស់​ពិភពលោក​នា​ឆ្នាំ​២០២២ ដែល​ពួកគេ​គ្រោង​នឹង​ចំណាយ​៦៥​ពាន់​លាន​ដុល្លារ​សម្រាប់​ការ​តុបតែង ដែល​រួម​មាន​ទាំង​អគារ និង​ម៉ាស៊ីន​ត្រជាក់​ទំនើប​ថ្មីៗ​ជា​ច្រើន​ផង​ដែរ៕ ដោយ៖​ ស្រីពៅ
X
5s