អ្វីជាមូលហេតុដែលនៅពីក្រោយគម្រោងចំណាយ៩០០ពាន់លានដុល្លាររបស់ចិនទៅលើគម្រោងខ្សែក្រវាត់មួយនិងផ្លូវមួយ ?​



អស់​រយៈពេល​ជាង​២​សហស្សវត្ស​មក​ហើយ ផ្លូវ​ដឹក​ជញ្ជូន​ទំនិញ​ដ៏​ធំ​មួយ​ដែល​បាន​ភ្ជាប់​ភាគ​ខាងកើត​និង​ខាងលិច ជា​អ្វី​ដែល​មនុស្ស​សម័យ​បច្ចុប្បន្ន​ស្គាល់​ថា ផ្លូវ​ក្រណាត់​សូត្រ ឬ The Silk Road ដែល​ត្រូវ​បាន​ហៅ​តាម​អ្នក​ភូគព្ភវិទូ​អាល្លឺម៉ង់​នៅ​សតវត្ស​ទី​១៩ Baron Ferdinand von Richthofen ផ្អែក​ទៅ​តាម​ប្រវត្តិសាស្ត្រ​នៃ​ក្រណាត់​សូត្រ​របស់​ចិន ដែល​ជា​ទំនិញ​ដ៏​សំខាន់​និង​ល្បីល្បាញ​បំផុត​នៅ​ក្នុង​សម័យ​រាជវង្ស​ចិន​បុរាណ​នេះ បាន​ផ្សារ​ភ្ជាប់​ភាព​ខុស​គ្នា​របស់​មនុស្ស​រស់នៅ​តាម​ទី​តំបន់​ផ្សេងៗ​ពី​គ្នា​ទូទាំង​ពិភពលោក​ឲ្យ​រួបរួម​មក​ជា​មនុស្ស​របស់​សហគមន៍​តែ​មួយ តាមរយៈ​ការ​ផ្លាស់ប្ដូរ​ចែក​រំលែក​គ្នា​នូវ​ទំនិញ ជំនាញ និង​វប្បធម៌។

កាល​ពី​ខែ​កញ្ញា​២០១៦ ប្រធានាធិបតី​មហាអំណាច​ចិន លោក ស៊ី ជីនពីង បាន​កែប្រែ​ទស្សន​ពិភពលោក​ជាមួយ​នឹង​ការ​មើល​ឃើញ​ដ៏​មាន​សក្ដានុពល​ខ្ពស់​មួយ​ចំពោះ​ផ្លូវ​ក្រណាត់​សូត្រ ដោយ​បាន​លើកឡើង​គំនិត​ផ្ដួចផ្ដើម​របស់​ខ្លួន ដែល​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា "ខ្សែ​ក្រវាត់​មួយ ផ្លូវ​មួយ" "One Belt, One road"។ ខ្សែ​ក្រវាត់​មួយ​គឺ​សំដៅ​ទៅលើ​ផ្លូវ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវ​គោក ដែល​ផ្សារ​ភ្ជាប់​ចិន​ទៅ​អឺរ៉ុប ដោយ​ឆ្លងកាត់​តាម​អាស៊ី​កណ្ដាល និង​មជ្ឈិមបូព៌ា។ រីឯ​ផ្លូវ​មួយ​គឺ​សំដៅ​ទៅលើ​ផ្លូវ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវ​ទឹក ដែល​ផ្សារ​ភ្ជាប់​ឆ្នេរ​សមុទ្រ​ចិន​ខាងកើត​ទៅ​អាហ្វ្រិក​ខាងកើត​និង​សមុទ្រ​មេឌីទែរ៉ាណេ។ គោលបំណង​ដ៏​សំខាន់​របស់​លោក ស៊ី ជីនពីង​ចំពោះ​គម្រោង​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​នេះ គឺ​នៅ​ក្នុង​គោលដៅ​បង្កើន​ទំនាក់ទំនង​ដោះដូរ​ពាណិជ្ជកម្ម​នៅ​ទូទាំង​ពិភពលោក​ឲ្យ​កាន់តែ​ល្អ​ប្រសើរ។

ប៉ុន្តែ​កាលពី​ពេល​ថ្មីៗ​នេះ មហាអំណាច​ចិន​បាន​លើកឡើង​ជាមួយ​នឹង​ផែនការ​ចំណាយ​ទៅលើ​ដំណើរការណ៍​គម្រោង​ដ៏​មាន​មហិច្ឆតា​មួយ​នេះ ដែល​មាន​ចំនួន​រហូត​ដល់​ទៅ​៩០០​ពាន់​លាន​ដុល្លារ ហើយ​ចិន​គ្រោង​នឹង​ចំណាយ​១៥០​ពាន់​លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ​ដើម្បី​ជំរុញ​ឲ្យ​គម្រោង​នេះ​ដំណើរការណ៍​ទៅ​មុខ​បាន​រលូន​តាម​ការ​រំពឹង​ទុក។ ប៉ុន្តែ ហេតុអ្វី​បាន​ជា​មហាអំណាច​ចិន​ជះ​លុយ​ច្រើន​យ៉ាង​នេះ ដើម្បី​ដំណើរការណ៍​គម្រោង​នេះ ? តើ​អ្វីខ្លះ​ជា​គោលបំណង​របស់​ចិន​ក្នុង​គម្រោង​ដែល​នឹង​អាច​ផ្លាស់ប្ដូរ​ប្រវត្តិសាស្ត្រ​សេដ្ឋកិច្ច​នា​សតវត្ស​ទី​២១​នេះ ? ចិន​មាន​គោលបំណង​បើក​ចំហ​និង​បង្កើត​ទីផ្សារ​ថ្មី​សម្រាប់​ទំនិញ​និង​បច្ចេកវិទ្យា​របស់​ពួកគេ​ក្នុង​ពេល​តែ​មួយ ស្រប​ពេល​ដែល​កំណើន​សេដ្ឋកិច្ច​ពិភពលោក​កំពុង​តែ​ស្ថិត​ក្នុង​ភាព​យឺតយ៉ាវ និង​អាច​ជួយ​ជំរុញ​សេដ្ឋកិច្ច​នៅ​តំបន់​មិន​សូវ​អភិវឌ្ឍ​របស់​ចិន ដូចជា​ខេត្ត Xinjiang ដោយ​ផ្សារភ្ជាប់​ទៅ​នឹង​បណ្ដា​ប្រទេស​ជិតខាង។ ម្យ៉ាងទៀត ឧស្សាហកម្ម​របស់​ពួកគេ​មាន​ដូចជា​ឧស្សាហកម្ម​ផលិត​ដែក​និង​ស៊ីម៉ង់ នឹង​ទទួល​បាន​ប្រយោជន៍​យ៉ាង​ច្រើន​ពី​គម្រោង​ដ៏​ធំ​មួយ​នេះ រួម​ទាំង​ទីផ្សារ​ក្នុង​ស្រុក​ដូចជា​ការ​ដឹក​ជញ្ជូន​និង​ប្រព័ន្ធ​ទូរគមនាគមន៍។ ទោះជាយ៉ាងណាក៏ដោយ មាន​ការ​យល់​ឃើញ​ជាច្រើន​យល់​ថា គោលបំណង​របស់​ចិន​ក្នុង​គម្រោង​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ភូមិសាស្ត្រ​នយោបាយ ស្រប​ពេល​ដែល​មហាអំណាច​អាមេរិក​បច្ចុប្បន្ន​ដឹកនាំ​ដោយ លោក ដូណាល់ ត្រាំ បាន​ចាប់ផ្ដើម​ដក​ជើង​ឈាន​ចេញ​ពី​ចំណង​សហការ​ពាណិជ្ជកម្ម​ជាមួយ​អាស៊ី​បន្តិច​ម្ដងៗ។ ដូច្នេះ ការ​សាងសង់​ផ្លូវ​ដឹក​ជញ្ជូន​ទំនិញ​ដ៏​ធំ​មួយ​នេះ អាច​រុញ​សេដ្ឋកិច្ច​ចិន​ឲ្យ​ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​ប្រចាំ​តំបន់៕

ប្រែសម្រួល៖​ស្រីពៅ ប្រភព៖ weforum & theguardian  

X
5s