ហេតុអ្វី​ឧស្ម័ន​អ៊ីដ្រូហ្សែន​អាច​ក្លាយជាអាវុធនុយក្លេអ៊ែរប្រល័យលោក​បាន ?​



កាល​ពី​ដើម​ខែ​មករា​ឆ្នាំ​២០១៦ កូរ៉េ​ខាងជើង​ដែល​មាន​លោក គីម ជុងអ៊ុន​ជា​អ្នកដឹកនាំ បាន​ប្រកាស​ជា​សាធារណៈ​អំពី​ភាព​ជោគជ័យ​ទៅលើ​ការ​ធ្វើ​តេស្ត​សាកល្បង​គ្រាប់បែក​អ៊ីដ្រូហ្សែន​របស់​ពួកគេ​ជា​លើក​ដំបូង។ គ្រាប់បែក​អ៊ីដ្រូហ្សែន​បាន​កក្រើក​ពិភពលោក​ជាមួយ​នឹង​អានុភាព​រាប់​ពាន់​ដង​លើស​ពី​គ្រាប់បែក​អាតូម​របស់​សហរដ្ឋអាមេរិក​ដែល​បាន​កម្ទេច​ទីក្រុង​ពីរ​របស់​ជប៉ុន ជា​លើក​ដំបូង​បង្អស់​នៅ​ក្នុង​តេស្ត​សាកល្បង​ក្នុង​ឆ្នាំ​១៩៥២​ដោយ​សហរដ្ឋអាមេរិក និង​បន្តបន្ទាប់​មក​ដោយ​ចក្រភពអង់គ្លេស បារាំង រុស្សី និង​មហាអំណាច​ចិន។ ប៉ុន្តែ ហេតុអ្វី​ឧស្ម័ន​អ៊ីដ្រូហ្សែន​អាច​ក្លាយ​ជា​គ្រឿងផ្សំ​ដ៏​សំខាន់​មួយ​ដែល​នៅ​ពី​ក្រោយ​អាវុធ​នុយក្លេអ៊ែរ​ដ៏​មាន​ឥទ្ធិពល​ប្រល័យ​លោក​មួយ​នេះ​បាន ?

ប្រភពរូប៖ Business Insider

ប្រៀប​ទៅ​នឹង​គ្រាប់បែក​អាតូម​ដែល​ទម្លាក់​នៅ​ទីក្រុង Hiroshima ដែល​ស្មើ​នឹង​គ្រាប់បែកTNT​ចំនួន​១៥​គីឡូតោន និង​គ្រាប់បែកTNT​ចំនួន​២០​គីឡូតោន​ក្នុង​ទីក្រុង Nakasaki ការ​សាកល្បង​គ្រាប់បែក​អ៊ីដ្រូហ្សែន​ជា​លើក​ដំបូង​ដោយ​អាមេរិក មាន​ថាមពល​ស្មើនឹង​គ្រាប់បែកTNT​១០,០០០​គីឡូតោន​ដែល​បូក​បញ្ចូល​គ្នា។ នៅ​លើ​លោក​នេះ​អាវុធ​នុយក្លេអ៊ែរ​មាន​២​ប្រភេទ គឺ​គ្រាប់បែក​អាតូម និង​គ្រាប់បែក​អ៊ីដ្រូហ្សែន។ ភាព​ខុស​គ្នា​គឺ​អាស្រ័យ​នឹង​ដំណាក់កាល​របស់​អាតូម ដែល​គ្រាប់បែក​អាតូម​គឺជា​ការ​បំបែក​ណ្វៃយ៉ូ​អាតូម រីឯ​គ្រាប់បែក​អ៊ីដ្រូហ្សែន​គឺជា​ការ​ធ្វើឲ្យ​ណ្វៃយ៉ូ​អាតូម​តូចៗ​រួម​បញ្ចូល​គ្នា​វិញ។ អ្វី​ដែល​ជា​ឧបសគ្គ​ដ៏​ចម្បង​ក្នុង​ការ​ផលិត​គ្រាប់បែក​អ៊ីដ្រូហ្សែន ក៏​ព្រោះ​តែ​ដំណើរការណ៍​រួម​បញ្ចូល​ណ្វៃយ៉ូ​អាតូម​ទាមទារ​ឲ្យ​មាន​សីតុណ្ហភាព​ខ្ពស់ ដែល​ប្រហាក់ប្រហែល​នឹង​សីតុណ្ហភាព​ក្នុង​ស្នូល​ព្រះអាទិត្យ និង​សម្ពាធ​ខ្ពស់​ផង​ដែរ។ ហេតុនេះ​ហើយ​ទើប​បានជា​ឈ្មោះ​របស់​វា​ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា thermonuclear bomb ដែល​មានthermo​ប្រែ​ថា​កម្ដៅ​នេះ​ឯង។

ប្រភពរូប៖ pixabay

គំរូ​របស់​គ្រាប់បែក​អ៊ីដ្រូហ្សែន​មាន គ្រាប់បែក​អាតូម​នៅ​ចំ​កណ្ដាល។ ដូច្នេះ​យើង​ត្រូវ​យល់​ពី​ដំណើរការណ៍​របស់​គ្រាប់បែក​អាតូម​ជា​មុន​សិន។ វា​បង្កើត​ឡើង​អាស្រ័យ​ដោយ​ដំណើរការណ៍​បំបែក​ណ្វៃយ៉ូ​អាតូម ដែល​អាតូម​នេះ​គឺ​អាច​ជា​អ៊ុយរ៉ាញ៉ូម-២៣៥ ឬ​ជា​ព្លុយតូញ៉ូម-២៣៩។ នេះ​មានន័យ​ថា ទាល់តែ​អ៊ុយរ៉ាញ៉ូម​ដែល​មាន​អ៊ីសូតូប​២៣៥​ទើប​អាច​ឆ្លងកាត់​ដំណើរការណ៍​បំបែក​ណ្វៃយ៉ូ​អាតូម ដែល​នាំឲ្យ​មាន​បំផ្ទុះ​នុយក្លេអ៊ែរ​បាន។ ប៉ុន្តែ​អ៊ុយរ៉ាញ៉ូម-២៣៥ កើតឡើង​ក្នុង​ធម្មជាតិ​តែ​១%​ប៉ុណ្ណោះ ក្រៅ​ពី​នោះ​៩៩%​ទៀត​គឺជា​អ៊ុយរ៉ាញ៉ូម-២៣៨ ដែល​អាតូម​របស់​វា​មិន​អាច​ប្រើ​សម្រាប់​ដំណើរការណ៍​បំបែក​ណ្វៃយ៉ូ​អាតូម​បាន។ មិន​អាច​បំបែក​បាន​ក៏​ដោយសារ​តែ​វា​ជា​អ៊ីសូតូប​ដែល​មាន​អាតូម​នឹងន បើ​នឹងន​វា​មិន​ងាយ​នឹង​បំបែក​ចេញ​ពី​គ្នា​និង​បញ្ចេញ​វិទ្យុសកម្ម​និង​ថាមពល​ដ៏​ច្រើន​ដូច​អ៊ុយរ៉ាញ៉ូម-២៣៥​នោះ​ឡើយ។

ប្រភពរូប៖ pixabay

នេះ​មានន័យ​ថា​បើ​គេ​អាច​ធ្វើឲ្យ​ណ្វៃយ៉ូ​អាតូម​មួយ​បំបែក​ចេញ​ពី​គ្នា​បាន នោះ​គេ​នឹង​ទទួល​បាន​ថាមពល​ដ៏​ច្រើន​សម្រាប់​បង្កើត​ជា​គ្រាប់បែក​នុយក្លេអ៊ែរ។ ប៉ុន្តែ​ដើម្បី​បំបែក​បាន គេ​ត្រូវការ​កម្ដៅ​ដ៏​ច្រើន​មហិមា​សម្រាប់​បំបែក​ណ្វៃយ៉ូ​អាតូម​លោហៈ​របស់​អ៊ុយរ៉ាញ៉ូម-២៣៥​ឲ្យ​ទៅ​ជា​ភាព​រូប​ឧស្ម័ន។ នៅ​ពេល​ណ្វៃយ៉ូ​អាតូម​បំបែក​ចេញ​ពី​គ្នា នោះ​ណឺត្រុង​១គូ​នៅ​ក្នុង​ណ្វៃយ៉ូ​អាតូម​នឹង​បំបែក​ខ្លួន​ចេញ ហើយ​បើ​ណឺត្រុង​នីមួយៗ​រួម​បញ្ចូល​ជាមួយ​នឹង​ណ្វៃយ៉ូ​អាតូម​អ៊ុយរ៉ាញ៉ូម-២៣៥​ដទៃ​ទៀត​ដែល​នៅ​ជិត​វា នោះ​ណ្វៃយ៉ូ​អាតូម​ថ្មី​មួយ​ទៀត​នេះ​នឹង​បំបែក​បែប​នេះ​ទៀត ហើយ​ណឺត្រុង​១គូ​ទៀត​ក៏​បែក​ចេញ​ទៀត ហើយ​បើ​ដំណើរការណ៍​នេះ​ចេះ​តែ​កើតឡើង​ជា​បន្តបន្ទាប់​បែប​នេះ វា​នឹង​បង្កើត​ជា​ថាមពល​និង​កម្ដៅ​ដ៏​មហិមា​ដែល​ជា​លទ្ធផល​នៃ​បំផ្ទុះ​គ្រាប់បែក​នុយក្លេអ៊ែរ ដែល​គេ​ហៅ​សកម្មភាព​បែប​នេះ​ថា "ខ្សែ​ចង្វាក់​ប្រតិកម្ម​នុយក្លេអ៊ែរ"

ងាក​មក​គំរូ​គ្រាប់បែក​អ៊ីដ្រូហ្សែន​បន្ទាប់​ទៀត ដែល​នៅ​ជុំវិញ​គ្រាប់បែក​អាតូម​មាន​ស្រទាប់​រុំ​ព័ទ្ធ​ដោយ​សមាសធាតុ​មួយ​ដែល​ផ្សំ​ឡើង​ពី​លីចូម​និង​deuterium ដែលdeuteriumនេះ​គឺជា​អ៊ីសូតូប​មួយ​របស់​អ៊ីដ្រូហ្សែន ដែល​គ្មាន​អេឡិចត្រុង​វិល​ជុំវិញ​ណ្វៃយ៉ូ​អាតូម និង​មាន​ប្រូតុង​ចំនួន១​និង​ណឺត្រុង​១។ តាម​ពិត​ដើម្បី​អាច​ដំណើរការណ៍​ណ្វៃយ៉ូ​អាតូម​រួម​បញ្ចូល​គ្នា​បាន គេ​ត្រូវការ​អ៊ីសូតូប​២​ទម្រង់​របស់​អ៊ីដ្រូហ្សែន​គឺ deuterium និង tritium ប៉ុន្តែ​ដោយសារ​តែ​tritium​គឺជា​អ៊ីសូតូប​ដ៏​កម្រ​បំផុត​មួយ​នៅ​ក្នុង​ធម្មជាតិ ដូច្នេះ​ហើយ​គេ​ក៏​ប្រើ​លីចូម​មក​ជំនួស​វិញ ព្រោះ​ថា​នៅ​ពេល​ណឺត្រុង​ត្រូវ​បាន​បំបែក​ចេញ​ពី​គ្រាប់បែក​អាតូម ណឺត្រុង​ទាំងនេះ​នឹង​មាន​ដំណើរការណ៍​បញ្ចូល​គ្នា​ជាមួយ​អាតូម​លីចូម ហើយ​បង្កើត​ជា​tritium ឧស្ម័ន​អេល្យូម និង​ថាមពល។ សីតុណ្ហភាព​ដ៏​ខ្ពស់​នៅ​ក្នុង​គ្រាប់បែក​អាតូម​ត្រូវ​បាន​ប្រើប្រាស់​បន្ត សម្រាប់​ដំណើរការណ៍​រួម​បញ្ចូល​គ្នា​រវាង​អាតូម​deuterium និង​អាតូម​tritium និង​រវាង​អាតូម​tritium​និង​អាតូម​tritium​ដទៃ​ទៀត​ផង​ដែរ។ ដើម្បី​អាច​បង្កើត​ខ្សែ​ចង្វាក់​ប្រតិកម្ម​នុយក្លេអ៊ែរ​នេះ​បាន វា​ត្រូវការ​កម្ដៅ​ដែល​ស្មើ​នឹង​កម្ដៅ​ព្រះអាទិត្យ ស្មើនឹង​រាប់​លាន​ដង​លើស​ពី​កម្ដៅ​ព្រះអាទិត្យ​ដែល​យើង​ទទួល​បាន​នៅ​លើ​ផែនដី៕

ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ encyclopedia & livescience & ndtv & qz

X
5s