មុននឹងសម្រេចផ្សាយពាណិជ្ជកម្មជាមួយគេហទំព័រណាមួយ អ្នកទីផ្សារ ឬ ម្ចាស់អាជីវកម្មមិនត្រូវភ្លេចចំណុចសំខាន់ៗទាំង៤នេះឡើយ
បច្ចុប្បន្ននេះការធ្វើទីផ្សារបែបទំនើប (Digital Marketing) កាន់តែទទួលបានការពេញនិយមខ្លាំងពីបណ្ដាក្រុមហ៊ុនផ្សេងៗ ព្រោះថា មានមនុស្សកាន់តែច្រើនឡើងៗបាននឹងកំពុងប្រើប្រាស់អ៊ីនធឺណិត បណ្ដាញសង្គម និង ទូរស័ព្ទSmart Phone ជាហេតុនាំឲ្យមានភាពងាយស្រួលក្នុងការបញ្ជូនដំណឹងពាក់ព័ន្ធនឹងផលិតផល ឬ សេវាកម្មទៅដល់មនុស្សកាន់តែច្រើន នាំឲ្យលទ្ធផលដែលទទួលបានក៏ល្អផងដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយ ដើម្បីសម្រេចចិត្តជ្រើសរើសគេហទំព័រមួយ សម្រាប់ផ្សព្វផ្សាយឲ្យបានត្រឹមត្រូវ អ្នកទីផ្សារ ឬ ម្ចាស់អាជីវកម្មត្រូវមានភាពឆ្លាតវៃ ហើយត្រូវយល់ច្បាស់អំពីចំណុចសំខាន់ៗមួយចំនួន ដើម្បីប្រាកដថា ការជ្រើសរើសយកគេហទំព័រណាមួយដើម្បីផ្សាយផ្សាយនោះ ទទួលបានប្រសិទ្ធភាពនិង ប្រសិទ្ធិផលខ្ពស់។
១) ប្រភេទគេហទំព័រដែលត្រូវជាមួយនឹងអតិថិជនគោលដៅរបស់អ្នក៖ គេហទំព័រព័ត៌មានមានច្រើនប្រភេទ មានទាំងផ្នែកកម្សាន្ត (ភាគច្រើនជាមនុស្សមានវ័យក្មេងៗចូលអាន) ផ្នែកកីឡា ផ្នែកនយោបាយ ផ្នែកការអប់រំ សេដ្ឋកិច្ច ឬ ផ្នែកជំនួញ។ ក្នុងចំណោមប្រភេទដូចបានរៀបរាប់នេះថាតើមួយណាដែលត្រូវជាមួយនឹង អតិថិជនគោលដៅរបស់អ្នក ព្រោះថា បើផលិតផលរបស់អ្នកគឺសម្រាប់តែមនុស្សមានវ័យចំណាស់ តែអ្នកផ្សាយនៅលើគេហទំព័រដែលមានមនុស្សភាគច្រើនសុទ្ធតែក្មេងៗនោះ គឺប្រាកដជាគ្មានប្រសិទ្ធភាពនោះឡើយ ទោះបីជាមានមនុស្សជាច្រើនឃើញអំពីការផ្សព្វផ្សាយរបស់អ្នកក៏ដោយ។
២) វាយតម្លៃគេហទំព័រទាំងនោះតាមរយៈ វិធីសាស្ត្រមួយចំនួន៖ ក្នុងនាមជាអ្នកទីផ្សារ ឬ ម្ចាស់អាជីវកម្មម្នាក់ គឺត្រូវតែយល់ដឹងច្រើន ជាពិសេសអំពីវិធីសាស្ត្រមួយចំនួនសម្រាប់វាយតម្លៃលើគេហទំព័រដែលអ្នកគិតថា ចង់ផ្សព្វផ្សាយនោះ ដើម្បីដឹងថា មានមនុស្សចូលមើលច្រើនប៉ុន្មាន ហើយចំណាត់ថ្នាក់ប៉ុន្មានដែរ។ ជាទូទៅ គេប្រើប្រាស់Alexa (www.alexa.com) ដើម្បីដឹងថា តើគេហទំព័រណាមួយ ស្ថិតក្នុងចំណាត់ថ្នាក់ទីប៉ុន្មាន។ Alexa ជាក្រុមហ៊ុនមួយដែលពិភពលោកប្រើប្រាស់ ដើម្បីចាត់ចំណាត់ថ្នាក់គេហទំព័រផ្សេងៗ ដោយផ្នែកលើចំនួនអ្នកចូលមើល និង ចំនួនចុចអានក្នុងអត្ថបទផ្សេងៗ (page-views)។
ដូច្នេះអ្នកអាចប្រើប្រាស់វា ដើម្បីដឹងអំពីចំណាត់ថ្នាក់គេហទំព័រណាមួយក្នុងប្រទេសកម្ពុជា ឬ នៅលើពិភពលោកបាន។ បើចំណាត់ថ្នាក់ល្អ មានន័យថា មានមនុស្សជាច្រើនបានចូលទៅអានអត្ថបទក្នុងគេហទំព័រនោះ ដូច្នេះហើយ ការនាំយកផលិតផលរបស់អ្នកទៅផ្សាយនៅទីនោះ គឺមិនខុសបំណងនោះទេ។ ក្រៅតែពី Alexa អ្នកក៏អាចប្រើ Worth of Web (www.worthofweb.com) ដើម្បីវាយតម្លៃផងដែរ។ វាអាចនឹងមានទិន្នន័យខុសគ្នាបន្តិច ប៉ុន្តែអ្នកអាចប្រើវា ដើម្បីប្រៀបធៀបគេហទំព័រនីមួយៗ ដើម្បីប្រាកដថា អ្នករើសចំគេហទំព័រដែលល្អពិតប្រាកដសម្រាប់ការផ្សាយផលិតផលរបស់អ្នក។
៣) មើលទៅលើទំព័រហ្វេសប៊ុក៖ បច្ចុប្បន្ននេះ ទំព័រហ្វេសប៊ុកបាននឹងកំពុងដើរតួយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយដំណឹង និង ផលិតផលជាច្រើនរបស់ក្រុមហ៊ុននីមួយៗ។ អ្វីដែលពិសេសនោះ ហ្វេសប៊ុកបានក្លាយជាប្រភពដ៏សំខាន់របស់ម្ចាស់គេហទំព័រព័ត៌មាននីមួយៗ ដើម្បីទាញយកអ្នកអានឲ្យចូលទៅក្នុងគេហទំព័ររបស់ខ្លួន។ ដូច្នេះហើយ អ្នកត្រូវពិនិត្យមើលលើចំនួន Like ឬ Fan នៅលើហ្វេសប៊ុករបស់គេហទំព័រព័ត៌មានទាំងនោះ។ បើមានច្រើនគឺល្អ ប៉ុន្តែមិនទាន់ល្អគ្រប់គ្រាន់នោះទេ បើកាលណា ទំព័រ ហ្វេសប៊ុកនោះមានតែចំនួន Like ច្រើនតែខ្សោយការចូលរួមរបស់Fan (Engagement )។
ការចូលរួមរបស់Fan (Engagement ) មានន័យថា ជាសកម្មភាពរបស់មនុស្សដែលបាន ចុច Like នៅលើទំព័រហ្វេសប៊ុកនោះរាប់ទឹក Like, Share និង comment។ ដើម្បីដឹងថា ទំព័រហ្វេសប៊ុកមួយមានចូលរួមរបស់Fan (Engagement ) កម្រិតណានោះ អ្នកត្រូវចូលទៅទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុនអ្នក ហើយចូលពាក្យថា«insight» បន្ទាប់មកចូលទៅ «Add Page» ហើយវាយឈ្មោះទំព័រហ្វេសប៊ុកដែលអ្នកចង់ដឹងនោះ បន្ទាប់មកអ្នកនឹងឃើញការប្រៀបធៀបរវាងទំព័រហ្វេសប៊ុករបស់អ្នក និង ទំព័រហ្វេសប៊ុកផ្សេងៗទៀតដែលអ្នកចង់ដឹង។ ក្រៅពីនេះ អ្នកក៏អាចព្យាយាមសង្កេតមើលនៅលើទំព័រហ្វេសប៊ុកនោះដោយផ្ទាល់ ដោយសង្កេតមើលចំនួនLike, Share ឬ Comment នៅលើ អត្ថបទ ឬ Content នីមួយៗដែលត្រូវបានគេផុសនោះ។
៤) គុណភាព ឬ វិជ្ជាជីវៈរបស់គេហទំព័រ៖ គេហទំព័រមួយចំនួន បានប្រើប្រាស់វិធីជាច្រើនដើម្បីទាញមនុស្សឲ្យចូលអានក្នុងគេហទំព័ររបស់ខ្លួន ដូច្នេះហើយក៏មិនសូវផ្ដោតសំខាន់ទៅលើ គុណភាពនៃអត្ថបទ ឬ វិជ្ជាជីវៈអ្វីនោះឡើយ ពោលគឺគ្រាន់តែសរសេររឿងណាដែលឆាប់ទាញយកចំណាប់អារម្មណ៍របស់អ្នកអាន ដូចជា ប្រភេទអត្ថបទទាក់ទងនឹងរឿងរ៉ាវអាសអាភាស ខ្លឹមសារ ឬ រូបភាពនៃអំពើហិង្សា ករណីគ្រោះថ្នាក់ចរាចរណ៍ច្រើន ឬអ្វីក៏ដោយដែលទាញយកអ្នកឲ្យបានច្រើន។ ប៉ុន្តែសម្រាប់និស្សិតបញ្ញវន្ត អ្នកមានចំណេះដឹងខ្ពស់ និង អ្នកជំនួញភាគច្រើន ពួកគេមិនចំណាយពេលច្រើនលើរឿងលើប្រភេទអត្ថបទទាំងនេះឡើយ តែពួកគេចាប់អារម្មណ៍ច្រើនលើអត្ថបទ ឬ គេហទំព័រដែលផ្ដោតលើចំណេះដឹង សេដ្ឋកិច្ច នយោបាយ ឬ ការរកស៊ីផ្សេងៗ។ ដូច្នេះហើយ ត្រង់ចំណុចនេះក៏សំខាន់ផងដែរ សម្រាប់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន ឬ ផលិតផលរបស់អ្នក នៅពេលដែលសម្រេចផ្សាយនៅលើគេហទំព័រណាមួយ៕
ដោយ៖ អ៊ុន រស្មី