ក្នុងនាមជាអ្នកដឹកនាំគេ តើអ្នកគួរធ្វើដូចម្ដេចដើម្បីដោះស្រាយបញ្ហាឲ្យឆាប់ចប់?
ដោយសារតែបញ្ហាគឺមានច្រើនហើយកើតឡើងមិនចេះចប់ ពេលខ្លះអ្នកមិនអាចមានពេលវេលាគ្រប់គ្រាន់ក្នុងការស្វែងរកដំណោះស្រាយនោះទេ។ បញ្ហាកើតឡើងលឿនមែនទែន ដែលជាហេតុ នាំឲ្យអ្នករកមិនឃើញដំណោះស្រាយ ហើយបញ្ហាទាំងនោះនឹងគរលើគ្នាច្រើនទៅៗ។ តែក្នុងនាមជាអ្នកដឹកនាំគេ វាគឺជាកាតព្វកិច្ចរបស់អ្នក ក្នុងការស្វែងរកដំណោះស្រាយសមស្រប។ តើមានវិធីអ្វីខ្លះទៅ?
១) គួរនិយាយទាក់ទងគ្នាឲ្យល្អសិន៖ មុនដំបូងគេ គឺគ្មានអ្វីល្អជាងការនិយាយទាក់ទងគ្នាសិនទេ ព្រោះថាអ្នកដែលជាប់ពាក់ព័ន្ធនឹងបញ្ហា ពួកគេនឹងមានឱកាសបង្ហាញអារម្មណ៍ពួកគេ។ ក្នុងនាមជាមេដឹកនាំ អ្នកគួរបើកឱកាសឲ្យគ្រប់គ្នាបានបង្ហាញពីអ្វីដែលពួកគេមានក្នុងចិត្ត បន្ទាប់មកសួរពួកគេថាចង់បានអ្វី ហើយចុងក្រោយគឺអ្នកសម្រេចចិត្តតែម្ដង ថាត្រូវធ្វើឬក៏យ៉ាងណា?
២) បើកចិត្តឲ្យទូលាយដល់គ្នាទៅវិញទៅមក៖ ពេលខ្លះវាល្អបន្តិចមែន បើអ្នកមានទំនាក់ទំនងជាមួយអ្នកក្រោមបង្គាប់ទាំងអស់ហើយ តែបើម្នាក់ៗ មិនបើកចិត្តស្ដាប់គ្នានិយាយ វាក៏ទៅណាមិនរួចពីបញ្ហាដដែល។ ដូចនេះក្នុងនាមជាមេដឹកនាំគេ អ្នកក៏ត្រូវរៀនបើកចិត្ត ហើយអ្នកក៏ត្រូវបង្រៀនមិត្តរួមក្រុមឲ្យបើកចិត្តស្ដាប់គ្នាសិនដែរ។
៣) វិភាគដំណោះស្រាយ៖ ពេលដែលអ្នកបានដំណោះស្រាយជាច្រើនពីខ្លួនឯង ក៏ដូចជាពីមិត្តរួមក្រុម វាដល់ពេលដែលអ្នកគួរវិភាគពីគុណសម្បត្តិនិង គុណវិបត្តិក្នុងដំណោះស្រាយទាំងនោះហើយ។
៤) ធ្វើកិច្ចសន្យាយល់ព្រម៖ បន្ទាប់ពីបានរកឃើញដំណោះស្រាយដែលសក្ដិសមជាងគេបំផុតហើយ វាដល់ពេលដែលអ្នកគួរធ្វើជាកិច្ចសន្យា ហើយសម្រេចចិត្តស្រុះគ្នា ថាអ្នកទាំងអស់គ្នាយល់ព្រមអនុវត្តកិច្ចការដែលបានចែងនេះ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ mediate