​កញ្ញា​ អេង​ គីមហុង​ ​អ្នកសារព័ត៌មាន​វិទ្យុ​បារាំង​RFI​៖ ​«​ក្លាយ​ជា​​ អ្នកសារព័ត៌មាន​ដ៏​ល្បី​ម្នាក់​​ គឺ​ជា​​​ក្ដី​សុបិន​របស់​ខ្ញុំ​តាំង​ពី​តូច​»​



កញ្ញា​អេង ​គីមហុង​ ​​បាន​ប្រឡូក​ក្នុង​វិស័យ​សារព័ត៌មាន​អស់​រយៈពេល​​ ៥ ទៅ​ ៦​ឆ្នាំមក​ហើយ ​​​រហូត​អភិវឌ្ឍ​ខ្លួន​ទៅ​ជា​អ្នក​ ​​អ្នកសារព័ត៌មាន​ប្រចាំ​នៅ​វិទ្យុ​បារាំង​អន្តរជាតិ​ ឬ ​​គ្រប់​គ្នា​ស្គាល់​ថា ​វិទ្យុ​RFI ​​ដែល​​​ជា​​ស្ថាប័ន​សារព័ត៌មាន​ល្បីល្បាញ​​មួយ​ក្នុង​ប្រទេស​កម្ពុជា​។ ​​​​អ្នកសារព័ត៌មាន​វ័យក្មេង​រូប​នេះ បាន​​​បញ្ជាក់​ថា ​​ក្លាយ​ជា​អ្នកសារព័ត៌មាន​​​​​នៅ​ពេល​នេះ ​​គឺ​ជា​អ្វី​ដែល​ខ្លួន​ចង់​បាន​​​តាំង​ពី​តូច​មក​ម្ល៉េះ​។

​​ធ្វើ​ជា​​អ្នកសារព័ត៌មាន​មិន​មែន​ជា​រឿង​ងាយ​ស្រួល​​នោះ​ទេ​ ព្រោះ​ត្រូវ​តាមដាន​ព័ត៌មាន​ច្រើន​ ហើយ​​ត្រូវ​ចេញ​ទៅ​ខាង​ក្រៅ​ដើម្បី​សម្ភាស​ ​និង​ ប្រមូល​យក​ព័ត៌មាន ជា​ពិសេស​ក្នុង​​នាម​ជា​មនុស្ស​​ស្រី​ គឺ​​ដូច​ជា​​ពិបាក​ជាង​មនុស្ស​ប្រុស​បន្តិច​ ប៉ុន្តែ​វា​មិន​មែន​ជា​បញ្ហា​ធំ​នោះ​ទេ​ប្រសិនបើ​​​​ ​​យើង​ពិត​ជា​ស្រលាញ់​ផ្នែក​នេះ​មែន​។​​​ «មាន​ភាព​​​អៀនខ្មាស​​តិច​ពេល​ចេញ​ក្រៅ​​ ​​ព្រោះ​​ខ្លួន​ជា​​ស្រី​ ​អ៊ីចឹង​​ហាក់​ដូច​ជា​មិន​​សូវ​ហ៊ាន​រត់​ឬ ​ដេញ​តាម​​ប្រភព ​លុះត្រាតែ​អ្នក​កាសែត​ប្រុសៗ​ហ្នឹង​គាត់​​ចាប់​ផ្ដើម​មុន​ទើប​រាង​ក្លាហាន​បន្តិច»។​​ ​​​នេះ​ជា​សម្ដី​របស់ គីម ហុង​ដែល​រៀបរាប់​អំពី​ឧបសគ្គ​ខ្លះ​ៗ​នៅ​ពេល​ចុះ​ទៅ​​យក​ព័ត៌មាន និង ស្រង់​យក​ប្រភព​​សំខាន់ៗ​ ដើម្បី​​​​​សរសេរ​​ជា​អត្ថបទ​ដ៏​ល្អ​មួយ​សម្រាប់​ចេញផ្សាយ។ ​​​​​​​ឆ្លង​កាត់​បទពិសោធន៍​ក្នុង​វិស័យ​សារព័ត៌មាន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​​ ​ធ្វើ​​​ឲ្យ​​​​​​កញ្ញា​ ​គីមហុង​​ ​មាន​អារម្មណ៍​ថា កាន់​តែ​ស្រលាញ់​វិស័យ​នេះ ​ជា​ពិសេស​នោះ​​អ្នកសារព័ត៌មាន​អាច​ជួយ​នាំ​សារ​​របស់​ប្រជាជន​ដែល​កំពុង​មាន​បញ្ហា​ ​ឲ្យ​ជួប​នឹង​ដំណោះស្រាយ​​បាន​​។ «សំខាន់​ត្រង់​​ថា ​​ អ្នក​កាសែត​ប្រដូច​បាន​នឹង​ព្រាប​នាំ​សារ​​ពី​​បញ្ហា​ទៅ​រក​ដំណោះស្រាយ។ ដ្បិតតែ​មិន​បាន​ដោះស្រាយ​​តែ​ក៏​​គេ​បាន​​​ឮ​ដែរ»។ គីម ហុង​បញ្ជាក់​។

​ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ​​ ​អ្នកសារព័ត៌មាន​ស្រី​វ័យក្មេង​រូប​នេះ ក៏​​​បាន​​​លើក​ឡើង​ពី​ផល​អវិជ្ជមាន​ផង​ដែរ​​ ប្រសិន​បើ​​អ្នកសារព័ត៌មាន​​មិន​គោរព​តាម​វិជ្ជាជីវៈ ព្រោះ​វា​នឹង​បំផ្លាញ​សង្គម​ទៅវិញ​​។ ​​ «ហេតុអ្វី​បាន​ជា​ខ្ញុំ​ហ៊ាន​និយាយ​អ៊ីចឹង​ ឧទាហរណ៍ ចុង​ប៊ិច​អ្នកកាសែត អាច​ធ្វើ​ឲ្យ​មាន​សភាពការណ៍​ពី​ល្អ​ទៅ​អាក្រក់ ពី​អាក្រក់​មក​ល្អ។ ជាក់​ស្ដែង​អត្ថបទ​មួយ​ព្យាយាម​លាប​ពណ៌​ (ក ) ​​ដោយ​មិន​ផ្ដល់​ក្បាល​មីក្រូ​ទៅ​ឲ្យ​(ក) បកស្រាយ​សោះ​»​។ ​បើ​ទោះបី​ជា បច្ចុប្បន្ន​នេះ​​​​ហាក់​ទទួល​បាន​ភាព​ជោគជ័យ​​​ក្នុង​វិស័យ​នេះ​ក្ដី​ ជា​ពិសេស​បាន​នឹង​កំពុង​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​​ដ៏​ល្បី​ឈ្មោះ ​បូក​រួម​នឹង​ប្រាក់ខែ​ខ្ពស់​លើស​ពី​អ្នកសារព័ត៌មាន​ផ្សេងទៀត​ ឬ ​អ្នក​មាន​អាជីព​ការងារ​ផ្សេង​​​មួយ​ចំនួន​ក្ដី​​ ជា​ពិសេស​អ្នក​ដែល​មាន​វ័យ​​ប្រហាក់ប្រហែល​គ្នា​ ប៉ុន្តែ​ កញ្ញា ​អេង​ គីមហុង​​ ​និយាយ​ថា ខ្លួន​មិន​ទាន់​ទទួល​បាន​ភាព​ជោគជ័យ​​ពេញ​លេញ​អ្វី​នៅ​ឡើយ​ ព្រោះ មាន​ចំណុច​ច្រើន​ទៀត​ដែល​ត្រូវ​រៀន​ និង​ពង្រឹង​ខ្លួន​ឲ្យ​ខ្លាំង​ជាង​មុន​។ ​​កញ្ញា​​បាន​លើក​ទឹកចិត្ត​​​ដល់​​យុវជន​ ឬ ក្មេងៗ​ជំនាន់​ក្រោយ​​​​ឲ្យ​ចូល​បម្រើ​ការ​ក្នុង​វិស័យ​នេះ​​ ហើយ​ថា ដើម្បី​​ក្លាយ​ជា​អ្នកសារព័ត៌មាន​អាជីព​ម្នាក់​បាន​ ​គឺ​ត្រូវ​កើត​ចេញ​ពី​ទឹកចិត្ត​ស្រលាញ់​ជា​មុន​សិន​ ព្រោះ​​បើ​មិន​ស្រលាញ់​ទេ​ នោះ​នឹង​ធ្វើ​ការ​បាន​បន្តិច​ប្រាកដ​ជា​រត់ចោល​មិន​ខាន​ ​ដោយសារតែ​​​អ្នកសារព័ត៌មាន​ត្រូវ​ធ្វើការ​ច្រើន​ ​ហើយ​ពេល​ខ្លះ​​គ្មាន​ថ្ងៃ​សៅរ៍​​ ឬ អាទិត្យ​នោះ​ទេ​។ ​​ ចំណុច​សំខាន់​មួយ​​ទៀត​ គឺ​ត្រូវ​​​ព្យាយាម​តាមដាន​ស្ដាប់​ ​រាល់​ព្រឹត្តិការណ៍​​​ដែល​កើត​ឡើង​​ក្នុង​ស្រុក​ និង ក្រៅ​ស្រុក​​​ឲ្យ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​បាន​ ព្រោះ​អ្នកសារព័ត៌មាន​ត្រូវ​ដឹង​ច្រើន​ជាង​អ្នក​ស្ដាប់​ ទើប​អាច​ពន្យល់​អ្នក​ស្តាប់​ ឬ អ្នក​អាន​​​ឲ្យ​យល់​បាន​។ ​​​ចំណុច​​មួយ​​ចុងក្រោយ​ដែល​មិន​អាច​ខ្វះ​បាន​នោះ គឺ​​ការ​ពុះពារ និង​ ​អត់ធ្មត់​រាល់​ពេល​ជួប​ការ​លំបាក​ម្តង​ៗ​ ដើម្បី​ប្រាកដ​ថា ​យើង​នៅ​តែ​​អាច​បន្ត​ដំណើរ​ទៅ​មុខ​បាន​៕

​ដោយ​៖រតនា​ ​វិចិត្រ

X
5s