តើអ្វីទៅជាអាករលើតម្លៃបន្ថែម (Value-Added Tax ឬ VAT)?
អាករលើតម្លៃបន្ថែម (Value-Added Tax ឬ VAT) គឺជាអាករដែលកំណត់ទៅលើការចំណាយទិញរបស់ អ្នកប្រើប្រាស់ ហើយអាករនេះត្រូវប្រមូលពីការប្រកបអាជីវកម្ម និង ការនាំចូល។ ការប្រកបអាជីវកម្មភាគច្រើន ទាក់ទិនទៅនឹងការផ្គត់ផ្គង់ទំនិញ ឬ សេវា។ ការប្រកបអាជីវកម្មទាំងនោះ ត្រូវជាប់អាករលើតម្លៃបន្ថែមប្រសិនបើ ការផ្គត់ផ្គង់៖
-ធ្វើឡើងនៅកក្នុងព្រះរាជាណាចក្រកម្ពុជា
-ធ្វើឡើងដោយបុគ្គលជាប់អាករ (taxable person)
-ធ្វើឡើងក្នុងដំណាក់កាលប្រកបអាជីវកម្ម ឬ ដំណាក់កាលពង្រីកអាជីវកម្ម
-គ្មានការបញ្ជាក់ច្បាស់លាស់ថា មិនជាប់អាករ ឬ ជាប់អាករតាមអត្រា ០%
បន្ថែមលើទៅទៀត សកម្មភាពពាណិជ្ជកម្មខាងក្រោមនេះ ក៏ត្រូវជាប់អាករលើតម្លៃបន្ថែមផង ដូចជាៈ
-ការផ្គត់ផ្គង់ម្ហូបអាហារ ឬទំនិញផ្សេងទៀត ឱ្យដល់បុគ្គលិករបស់លោកអ្នក ទោះបីជាក្នុងរូប ភាពលក់ដោយ បញ្ចុះថ្លៃ ឬឥតគិតថ្លៃក្តី ឬការលក់ចេញពីម៉ាស៊ីនលក់ស្វ័យប្រវត្តិ
-ការលក់ទ្រព្យសកម្មដែលប្រើប្រាស់ក្នុងអាជីវកម្មដូចជា គ្រឿងសម្ភារៈបរិក្ខារ គ្រឿងសង្ហារឹម យានយន្ត សម្រាប់ធ្វើអាជីវកម្ម ។ល។
-ការឱ្យជួល ឬ ឱ្យខ្ចីទំនិញទៅបុគ្គលម្នាក់ទៀត
-ការជូនអំណោយទៅមិត្តភក្តិ៍ ឬ អ្នកតំណាងអាជីវកម្ម
-ការដកយកទំនិញទៅប្រើប្រាស់សម្រាប់ជាផលប្រយោជន៍ផ្ទាល់របស់លោកអ្នក និងគ្រួសារ។
-កម្រៃដែលបានមកពីការលក់អ្វីមួយក្នុងនាមបុគ្គលផ្សេងទៀត។
-ការផ្គត់ផ្គង់ ដែលបានធ្វើឡើងដោយបុគ្គលជាប់អាករ (taxable person) នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមិនមែនជាការផ្គត់ផ្គង់មិនជាប់អាករហៅថា ការផ្គត់ផ្គង់ជាប់អាករ (taxable supplies)។ បុគ្គលជាប់អាករ ((Taxable Person) គឺជារូបវ័ន្តបុគ្គល ក្រុមហ៊ុនសហកម្មសិទ្ធិ ក្រុមហ៊ុនមហាជន ឬ បុគ្គលណាមួយ ដែលមានផលរបរបានមកពីការផ្គត់ផ្គង់ជាប់អាករលើសពីកម្រិតអប្បបរមានៃផលរបរត្រូវចុះបញ្ជី ត្រូវទៅចុះបញ្ជីអាករលើតម្លៃបន្ថែម។
ការផ្គត់ផ្គង់ត្រូវនៅក្រៅដែនអនុវត្តអាករលើតម្លៃបន្ថែមប្រសិនបើការផ្គត់ផ្គង់នោះ៖
-ធ្វើឡើងដោយបុគ្គលដែលមិនមែនជាបុគ្គលជាប់អាករ ឬ មិនធ្វើឡើងក្នុងដំណាក់កាលប្រកបអាជីវកម្ម ឬដំណាក់កាលពង្រីកអាជីវកម្ម អត្រានៃអាករលើតម្លៃបន្ថែមមានពីរគឺ អត្រាស្តង់ដា(១០%) និង អត្រាសូន្យ(០%)។ ចំពោះការនាំទំនិញ ចេញពីព្រះរាជាណាចក្រកម្ពុជា ការផ្គត់ផ្គង់សេវាជាប់អាករដែលបានធ្វើនៅក្រៅព្រះរាជាណាចក្រកម្ពុជា និង ការ ដឹកជញ្ជូនទំនិញ ឬ អ្នកដំណើរជាអន្តរជាតិ ព្រមទាំងទំនិញ និង សេវាដែលទាក់ទិននឹងការនាំចេញ និង ការដឹក ជញ្ជូនអ្នកដំណើរជាអន្តរជាតិត្រូវជាប់អាករតាមអត្រាសូន្យ (០%)៕
ដោយ៖ ប៉ុម ទូច
ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ