​​ហេតុផល​សំខាន់ៗ​​៤​យ៉ាង​ដែល​សិស្ស​និស្សិត​កម្ពុជា ​ត្រូវ​​​​ឆ្លៀត​ពេល​ទៅ​បណ្ណាល័យ​​​ឲ្យ​បាន​ច្រើន​​​​​​​(​ប្រចាំ​សប្ដាហ៍​ ឬ ខែ)​



​​​បណ្ណាល័យ​ គឺ ជា​ឃ្លាំង​ឱសថ​សម្រាប់​ខួរក្បាល​របស់​មនុស្ស​​ ប៉ុន្តែ​មាន​​មនុស្ស​​​​ប៉ុន្មាន​ជា​ពិសេស​​​​​យុវជន​ដែល​បាន​ចំណាយ​ពេល​ជាមួយ​វា​​? ​​​​ក្នុង​ប្រទេស​កម្ពុជា ​​​ថ្វីត្បិត​មិន​សូវ​មាន​បណ្ណាល័យ​​​ច្រើន​ដូច​​ប្រទេស​​​លោក​ខាង​លិច​ ឬ ​ប្រទេស​​រីករាយ​ច្រើន​ក្ដី​ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ស្វះស្វែង​ក្នុង​ការ​​អភិវឌ្ឍ​ខ្លួន​ឯង​ គឺ​នៅ​តែ​​រក​ឃើញ​​ ​​ហើយ​​​តែង​ចំណាយ​ពេល​​ប្រចាំ​សប្ដាហ៍ ​ឬ​​ប្រចាំ​ខែ ​ដើម្បី​ស្រាវជ្រាវ និង អាន​សៀវភៅ​ល្អ​ៗ​​ជាច្រើន​។ ខាង​ក្រោម​នេះ ជា​ហេតុ​ផល​ចំណាយ​ពេល​​ឲ្យ​បាន​ច្រើន​នៅ​ក្នុង​បណ្ណាល័យ​៖​

១) ​​​​​​អាច​ជ្រើសរើស​សៀវភៅ​ដែល​ខ្លួន​ពេញ​ចិត្ត​ (មាន​សៀវភៅ​​រាប់​ពាន់​​​ក្បាល​ និង ​ច្រើន​ប្រភេទ) ​៖ ​នៅ​ពេល​អ្នក​ទៅ​ដល់​​បណ្ណាល័យ​​ អ្នក​នឹង​មាន​អារម្មណ៍​ថា​​ ​ប្លែក​​ ​និង អស្ចារ្យ​ព្រោះ​ថា នៅ​​ទីនោះ​​គឺ​មាន​សៀវភៅ​ជាច្រើន​​ក្បាល​ និង ​ច្រើន​ប្រភេទ​​ ​រាប់​ចាប់​ពី​សៀវភៅ​ប្រភេទ​​ជំនួញ ឬ អាជីវកម្ម​​ ​​សេដ្ឋកិច្ច​ នយោបាយ​ ​​​​​ប្រវត្តិ​បុគ្គល​ល្បី​​ និង​ផ្សេងៗ​​ទៀត​។​ ដូច្នេះ​ហើយ​ ​អ្នក​អាច​​ជ្រើសរើស​​ប្រភេទ​សៀវភៅ​ដែល​​អ្នក​ពេញ​ចិត្ត​បាន​យ៉ាង​​ងាយ ​និង អាច​រីករាយ​ក្នុង​ការ​ក្រេប​​យក​ឱជារស​​ដ៏​វិសេសវិសាល​​នៃ​​​អត្ថន័យ​របស់​សៀវភៅ​នីមួយៗ​។​

​​​​​​​​​​​​​​២) ​បរិយាកាស​ស្ងប់ស្ងាត់​ល្អ​៖ ​ជា​​ទូទៅ ​អ្នក​ដែល​សម្រេច​ចិត្ត​ទៅ​បណ្ណាល័យ​ ភាគច្រើន​គឺ​ជា​មនុស្ស​ដែល​​ស្រេកឃ្លាន​ចំណេះដឹង​ខ្លាំង​​ហើយ​ពួកគេ​ ​តែង​អង្គុយ​អាន​យ៉ាង​យកចិត្ត​ទុកដាក់​ និង ផ្ទៀងផ្ទាត់​អត្ថន័យ និង ខ្លឹមសារ​ក្នុង​សៀវភៅ​យ៉ាង​យកចិត្ត​ទុកដាក់ ដូច្នេះ​ហើយ​​បរិយាកាស​នៅ​ទី​នោះ ​គឺ​មិន​អាច​ដូច​កន្លែង​លក់​គុយទាវ​នោះ​ឡើយ។ ​​​ក្នុង​បរិយាកាស​បែប​នេះ​​ វា​ជួយ​​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្ងប់​ និង ​​អាច​​​អាន​សៀវភៅ​ដែល​ខ្លួន​ពេញ​ចិត្ត​បាន​យ៉ាង​​ល្អ​។

៣) ​​​​បង្កើត​មិត្តភ័ក្ដិ​​ថ្មី៖ ​​មិត្ត​មាន​ច្រើន​ប្រភេទ​ណាស់​។ បើ​អ្នក​ទៅ​កន្លែង​ផឹក​ស៊ី​ ប្រាកដ​ណាស់​ថា ​អ្នក​នឹង​ស្គាល់​តែ​ជា​មនុស្ស​ចូលចិត្ត​ដើរលេង​ និង​ផឹកស៊ី​ច្រើន​ ហើយ​បើ​មាន​មិត្ត​ប្រភេទ​នេះ​កាន់​តែ​ច្រើន​ នោះ​អ្នក​ក៏​ចំណាយ​​​ច្រើន​ដើម្បី​បំផ្លាញ​ខ្លួន​ឯង​ដែរ រាប់​ទាំង​ពេលវេលា​ លុយ និង​​ សុខភាព​។ ​ប៉ុន្តែ​បើ​អ្នក​ទៅ​បណ្ណាល័យ​​វិញ ​នោះ​​អ្នក​នឹង​អាច​ជួប​មិត្ត​ថ្មី​ដែល​សុទ្ធតែ​​ជា​មនុស្ស​ដែល​ស្រលាញ់​ការសិក្សា​ ហើយ​​ពួកគេ​អាច​ផ្លាស់ប្ដូរ​យោបល់​ល្អៗ​ជាច្រើន​ជាមួយ​អ្នក​​បាន​។ ​​ពិសេស​​បើ​​គេ​ខ្សោយ​ ​​អ្នក​អាច​ជួយ​គេ​បាន​ ​ហើយ​បើ​អ្នក​ខ្សោយ​ជាង​គេ​វិញ ​​​អ្នក​ក៏​ត្រូវ​បាន​គេ​ជួយ​វិញ​ដូច​គ្នា​។

៤) ​​ក្លាយ​ជា​ទម្លាប់​​​ស្រលាញ់​​ការ​សិក្សា​៖ ​​ទម្លាប់​កើត​ចេញ​ពី​​ សកម្មភាព​ដដែលៗ​របស់​​អ្នក​​។ ​​​ជា​ទូទៅ ​មនុស្ស​​ភាគច្រើន​មិន​សូវ​មាន​ទម្លាប់​​​​​​ស្រលាញ់​ការ​សិក្សា​ខ្លាំង​​នោះ​ឡើយ ​​​ ​ហើយ​ពួកគេ​អាច​នឹង​និយាយ​ថា ខ្លួន​ស្រលាញ់​ការសិក្សា ប៉ុន្តែ​បាន​ត្រឹម​និយាយ​ប៉ុណ្ណោះ ​ព្រោះ​​សកម្មភាព​គឺ​​មិន​អាច​បញ្ជាក់​បាន​យ៉ាង​ពេញលេញ​ ព្រោះ​​អាន​សៀវភៅ​បាន​​ម្ដង ​ក៏​បាត់​រាប់​ខែ​ អ៊ីចឹង​ហើយ​​​​មិន​អាច​ក្លាយ​ជា​មនុស្ស​ដែល​មាន​ចំណេះដឹង​ទូលំទូលាយ​បាន​ឡើយ​។ ​ប៉ុន្តែ​​បើ​អ្នក​ព្យាយាម​ទៅ​កាន់​បណ្ណាល័យ​ជា​ប្រចាំ​​ ​យូរៗ​ទៅ​វា​នឹង​ក្លាយ​ជា​ទម្លាប់​មួយ​ដែល​អ្នក​ចង់​ចំណាយ​​ពេលវេលា​ឲ្យ​បាន​ច្រើន​ជាមួយ​វា ឬ អាច​ចាត់​ទុក​ថា បណ្ណាល័យ​ជា​កន្លែង​លំហែ​​កាយ​នា​ចុង​សប្ដាហ៍​ផង​ក៏​​ថា​​បាន​។​ បើ​អ្នក​ចាត់​ទុក​បណ្ណាល័យ​ជា​កន្លែង​លំហែ​កាយ​សម្រាប់​ចុង​សប្ដាហ៍​ហើយ​ នោះ​​វា​ចំណេញ​ច្រើន​មែនទែន ​រាប់​ទាំង​ប្រាក់​ (ព្រោះ​មិន​ត្រូវ​ចំណាយ​ច្រើន​) ​​​​​​​និង​ ​​ចំណេះដឹង​​។​ ​សូម​បញ្ជាក់​ថា ​បើ​អ្នក​​ជា​សិស្ស​និស្សិត​នៅ​តាម​សាកលវិទ្យាល័យ​ផ្សេង​ក្នុង​ប្រទេស​កម្ពុជា ​​អ្នក​អាច​ទៅ​កាន់​បណ្ណាល័យ​ប្រចាំ​នៅ​​​សាកលវិទ្យាល័យ​របស់​ខ្លួន​​ ​មាន​ន័យ​ថា បើ​អ្នក​ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ ​អ្នក​គួរ​ទៅ​​បណ្ណាល័យ​នៅ​ទី​នោះ។

​ ​​​​លោក​អ្នក​ក៏​អាច​ទៅ​កាន់​បណ្ណាល័យ​ផ្សេងៗ​ទៀត​​ផង​ដែរ​ ដូច​ជា៖

១) ​​ជា​ពិសេស​បណ្ណាល័យ​ជាតិ​ ដែល​មាន​ទីតាំង​នៅ​ក្បែរ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ ​

២) ​បណ្ណាល័យ​សម្ដេច​ហ៊ុន​សែន​ ដែល​មាន​ទីតាំង​នៅ​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​

៣) ​បណ្ណាល័យ​ព្រឹទ្ធសភា​ដែល​មាន​ទីតាំង​នៅ​​តាម​បណ្ដោយ​ផ្លូវ​ព្រះនរោត្ដម

៤) មជ្ឈមណ្ឌល​ធនធាន​ព័ត​មាន Information Resource Center (IRC) ​ដែល​មាន​ទីតាំង​នៅ​ ផ្លូវ​លេខ​៩៦ សង្កាត់​វត្ត​ភ្នំ។

៥) និង បណ្ណាល័យ អាមេរិក​ខែន ខរនើ (American Corner) ​ដែល​មាន​ឯកសារ​ជាច្រើន​ ជា​ពិសេស​​​ស្ដី​​​ពី​អាមេរិក​ ​ហើយ​បណ្ណាល័យ​នេះ​មាន​ទីតាំង​​នៅ​ក្នុង​សាកលវិទ្យាល័យ​ចំនួន​​សំខាន់ៗ​​​​ក្នុង​ប្រទេស​កម្ពុជា​​មួយ​ចំនួន​ ដូចជា ​ស្ថិត​នៅ​​ក្នុង​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​​ ​សាកល​វិទ្យាល័យ​​ជាតិ​គ្រប់គ្រង​ ​និង​ ​​ សេដ្ឋកិច្ច​ (ខេត្ត​កំពង់ចាម) ​និង សាកលវិទ្យាល័យ​​ជាតិ​គ្រប់គ្រង​ ​និង​ ​​ សេដ្ឋកិច្ច​ (​ខេត្ត​បាត់ដំបង​) ​និង​ ​ សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ​(ខេត្ត​សៀមរាប​)៕

​​​​​​​​​​​​​​​​ ​ដោយ​៖ រតនា​ វិចិត្រ​​ ​​​​​​​​​​​​​​

X
5s