​​តម្រា​មាស​​ទាំង​៧ ​ដើម្បី​រស់នៅ​ក្នុង​ជីវិត​​ដ៏​រីករាយ ពី​​​លោក​ស្រី​Gail Woodard​អ្នក​និពន្ធ​អាមេរិក​



លោក​ស្រី​Gail Woodard​​ គឺ​ជា​អ្នក​និពន្ធ​​​ម្នាក់​របស់​អាមេរិក ដែល​​បាន​សរសេរ​សៀវភៅ​ជាច្រើន​ ជា​ពិសេស​ពាក់ព័ន្ធ​នឹង​​ជីវិត​ និង ការ​​លើកទឹកចិត្ត​។ ​​​​​​ក្នុង​ចំណោម​សៀវភៅ​ជាច្រើន​​ដែល​បាន​ដាក់​លក់​យ៉ាង​ជោគជ័យ​នៅ​លើ​ទីផ្សារ​នោះ ​ក៏​មាន​សៀវភៅ​ដ៏​ល្អ​មួយ​ឈ្មោះ​ថា ​«តម្រា​មាស​​ទាំង​៧ ​ដើម្បី​រស់នៅ​ក្នុង​ជីវិត​​ដ៏​រីករាយ»​។ ​ខាង​ក្រោម​នេះ ជា​ចំណុច​សំខាន់ៗ​ទាំង​៧​ក្នុង​សៀវភៅ​របស់​​លោក​ស្រី ៖​​ ១) ​​យកចិត្ត​ទុកដាក់​៖ ​​មនុស្ស​ជាច្រើន​ ​មិន​បាន​យកចិត្ត​ទុក​អ្វី​ដែល​បាន​​កើត​ឡើង អ្នក​នៅ​ជុំវិញ​ខ្លួន ឬ ​អ្វី​ដែល​ខ្លួន​កំពុង​មាន​នោះ​ឡើយ​ ​ហើយ​មួយ​ថ្ងៃ​ៗ​​ពេលវេលា​ចេះ​តែ​កន្លង​ផុត​ទៅ​​យ៉ាង​លឿន​ ​និង​ឥត​ប្រយោជន៍​។ ​​​​លោក​ស្រី​​Gail Woodard ​បាន​​លើក​ឡើង​ថា ​​​យើង​ត្រូវ​តែ​​ចេះ​​យក​ចិត្ត​ទុកដាក់​ និង ​អង្កេត​អំពី​រឿងរ៉ាវ​ផ្សេងៗ​​ក្នុង​ជីវិត​របស់​យើង ព្រោះ​ថា ការ​ធ្វើ​បែប​នេះ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​​មនុស្ស​ម្នាក់ៗ​ ដើម្បី​ក្លាយ​ជា​មនុស្ស​​ដែល​អាច​គ្រប់គ្រង​លើ​ចិត្ត​របស់​ខ្លួន​ឯង​បាន​ ព្រោះ​បើ​យើង​មិន​ព្យាយាម​ធ្វើ​វា​ទេ​ ​ចិត្ត​របស់​យើង​នឹង​រវើរវាយ​ ហើយ​ពេល​ខ្លះ​​យើង​តែង​ឆ្ងល់​ថា ហេតុ​អ្វី​ខ្លួន​ឯង​បាន​ធ្វើ​រឿង​អ្វី​​មួយ​ ដោយ​​មិន​ដឹង​ខ្លួន​ ​ឬ​ មិន​អាច​គ្រប់គ្រង​បាន​។​​ ការ​យកចិត្តទុកដាក់​ និង អង្កេត​​អំពី​ជីវិត​ និង អ្វីៗ​ដែល​បាន​កើត​​ឡើង​នេះ វា​ជួយ​​ឲ្យ​យើង​​​ដឹង​ច្បាស់​ថា ខ្លួន​ឯង​កំពុង​ស្ថិត​ក្នុង​​ស្ថានភាព​អ្វី​ ហើយ​​គួរ​កែប្រែ​​ឲ្យ​ប្រសើរ​ដោយ​វិធី​ណា​ផង​ដែរ​។ ​ ២) ​និយាយ​ពាក្យ​ថា​អរគុណ​​៖ ​​​ជា​ទូទៅ​ មនុស្ស​ហាក់​ដូច​ជា​កំណាញ់​ពាក្យ​ថា អរគុណ​​ខ្លាំង​ណាស់​ ​ទោះបី​ជា​​មាន​នរណា​ម្នាក់​ធ្វើ​​ល្អ​ ឬ បាន​ជួយ​អ្វី​ក៏​ដោយ។ ​ត្រូវ​ចាំ​ថា ​ការ​និយាយ​ពាក្យ​ថា អរគុណ​នេះ​ពិត​ជា​​ធាតុ​មួយ​ដ៏​សំខាន់​​ដែល​នាំ​​ឲ្យ​ជីវិត​របស់​អ្នក​រីករាយ។ ​ជួយ​ឲ្យ​រីករាយ​​ ព្រោះ​​វា​មិន​ត្រឹម​តែ​ធ្វើ​​​ឲ្យ​ខ្លួន​ឯង​រីករាយ​ទេ ​ថែម​ទាំង​ធ្វើ​​​ឲ្យ​អ្នក​នៅ​​ដែល​បាន​ធ្វើ​ល្អ​ ឬ ជួយ​អ្នក​នោះ​មាន​អារម្មណ៍​ថា​រីករាយ ​​​​ហើយ​មាន​កម្លាំង​ចិត្ត​ធ្វើ​ល្អ​ថែម​ទៀត​។​ ​​លើស​ពី​នេះ ពាក្យ​ថា អរគុណ​នេះ​មិន​មែន​​និយាយ​ត្រឹម​ពេល​ដែល​នរណា​ម្នាក់​​ជួយ​អ្នក​ទេ ​តែ​អ្នក​គួរ​តែ​​​និយាយ​​ក្នុង​ស្ថានភាព​ជាច្រើន​ទៀត​ ដូច​ជា ​អរគុណ​​ចំពោះ​កំណើត​របស់​ខ្លួន​ឯង អរគុណ​ចំពោះ​​​​​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​​ឯង ​អរគុណ​ចំពោះ​បញ្ហា​ដែល​បាន​កើត​ឡើង​ (ព្រោះ​វា​នាំ​ឲ្យ​អ្នក​កាន់​តែ​រឹងមាំ​ជាង​មុន​) និង ក្នុង​ស្ថានភាព​ជាច្រើន​ទៀត​។ ​ដូច្នេះ​កុំ​ភ្លេច​ប្រើ​ពាក្យ​ថា អរគុណ​។ ៣) ​​​ ស្ងៀមស្ងាត់​ (​​សមាធិ)៖ ​អ្នក​ត្រូវ​តែ​​រក​ពេលវេលា​សមគួរ​ ដើម្បី​ធ្វើ​​ឲ្យ​ខ្លួន​ឯង​មាន​អារម្មណ៍​ស្ងប់​ ​​ហើយ​រីករាយ​ជាមួយ​នឹង​​សន្តិភាព​ផ្លូវ​ចិត្ត។ ​​ក្នុង​មួយ​ថ្ងៃៗ​មាន​រឿងរ៉ាវ​ជាច្រើន​​បាន​កើត​ឡើង​​ក្នុង​ជីវិត​របស់​អ្នក ​។ ដូច្នេះ​ដើម្បី​អាច​ប្រឈមមុខ និង មាន​លទ្ធភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំង​នោះ​បាន​ វា​ទាមទារ​​ឲ្យ​អ្នក​​មាន​វិធីសាស្ត្រ​ល្អៗ​ជាច្រើន ប៉ុន្តែ​ត្រូវ​ចាំ​ថា ​បើ​រឿងរ៉ាវ​កើត​ឡើង​ច្រើន​ពេក​ វា​នឹង​ធ្វើ​​ឲ្យ​​អ្នក​មាន​អារម្មណ៍​ស្មុគស្មាញ​ខ្លាំង​ណាស់​ ​ដូច្នេះ​គិត​អ្វី​ក៏​មិន​ចេញ​ តែ​​មាន​តែ​ភាព​ក្ដៅក្រហាយ​កាន់​តែ​ច្រើន​ឡើង​ៗ​។ ​ដើម្បី​បន្សាប​ភាព​​មួម៉ៅ​​ក្ដៅក្រហាយ​ទាំង​នោះ ​​​និង ដើម្បី​មាន​អារម្មណ៍​ល្អ​គ្រប់គ្រាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​​នោះ​ អ្នក​ត្រូវ​តែ​​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ខ្លួន​ឯង​ដើម្បី​អង្គុយ​យ៉ាង​ស្ងៀមស្ងាត់​ និង សម្រួល​អារម្មណ៍​​ រហូត​ធ្វើ​​ឲ្យ​ចិត្ត​របស់​អ្នក​ស្ងប់។ នៅ​ពេល​​នោះ ​អ្នក​នឹង​​អាច​បង្ក្រាប​ភាព​ស្មុគស្មាញ​ជាច្រើន​នៅ​ក្នុង​ខួរក្បាល​ ​​បន្ទាប់​មក​គិត​អ្វី​ក៏​ចេញ​ ហើយ​​ធ្វើ​អ្វី​ក៏​មាន​ប្រសិទ្ធភាព​ដែរ​។ ៤) ​​ចេះ​​ទម្លាក់​ចោល​អ្វី​ដែល​ត្រូវ​ទម្លាក់​៖ ​​មាន​រឿង​រ៉ាវ​ជាច្រើន​ដែល​យើង​មិន​អាច​គ្រប់គ្រង​​បាន​ ​ហើយ​ក៏​មិន​អាច​បញ្ជា​វា​​ឲ្យ​​កើត​ឡើង​ទៅ​តាម​​អ្វី​ដែល​យើង​​ចង់​បាន​នោះ​ដែរ​។ ​​ដូច្នេះ​ហើយ​​ ​​​កុំ​​បារម្ភ​ហួសហេតុ​ពេក តែ​គ្រាន់​តែ​ចាំ​ថា ​ធ្វើ​អ្វី​មួយ​​ឲ្យ​អស់​ពី​លទ្ធភាព​​ទៅ​បាន​​ហើយ​។ លោក​ស្រី​​Gail Woodard ​ថា​បើ​ចង់​រស់​នៅ​ប្រកបដោយ​សេចក្ដី​សុខ​ និង ភាព​រីករាយ​​នោះ ​អ្នក​ត្រូវ​តែ​​ទម្លាក់​ចោល​អ្វី​ដែល​ត្រូវ​ទម្លាក់ ព្រោះ​ថា​បើ​អ្នក​មិន​ទម្លាក់​ចោល​ខ្លះ​ទេ​ អ្នក​នឹង​​ត្រូវ​ស្ពាយ​​បង្វេច​ដ៏​សែន​ធំ​ ហើយ​​មិន​ដឹង​ថា ​​​​ដល់​ពេល​ណា​ដែល​អាច​ដាក់​ចុះ​បាន​។ ​សេចក្ដី​ស្អប់ ច្រណែន​ ការ​គំនុំគំកួន ភាព​ភ័យខ្លាច​​ចំពោះ​ការ​រិះគន់​របស់​អ្នកដទៃ និង ​​ចំណុច​អវិជ្ជមាន​ជាច្រើន​ទៀត​ សុទ្ធតែ​តែ​ជា​សំពាយ​​​ដ៏​សែន​ធ្ងន់​ ដែល​មនុស្ស​គ្រប់គ្នា​កំពុង​ស្ពាយ ដែល​រក​កន្លែង​ដាក់​ចុះ​មិន​ឃើញ ​ ដូច្នេះ​ហើយ​ពួកគេ​​គ្មាន​ថ្ងៃ​អាច​រក​ឃើញ​សេចក្ដី​សុខ​​នោះ​​ឡើយ​។ ប្រសិន​បើ​ចំណុច​អវិជ្ជមាន​ទាំង​នេះ ​មិន​ដែល​ផ្ដល់​ចំណេញ​អ្វី​ផង ចុះ​ហេតុ​អ្វី​បាន​ជា​​អ្នក​ត្រូវ​​​ក្រសោប​ជាប់​ខ្លាំង​​យ៉ាង​នេះ ម្ដេច​ក៏​មិន​ដាក់​វា​ចុះ​​ទៅ​។ ៥) ​​​ធ្វើ​ជា​ម្ចាស់​លើ​អារម្មណ៍​ខ្លួន​ឯង​៖ ​មនុស្ស​ទូទៅ​​តែង​បណ្ដោយ​​​ឲ្យ​អារម្មណ៍​របស់​ខ្លួន​បញ្ជា​ ​តាម​រយៈ​អ្វីៗ​ដែល​បាន​កើត​ឡើង​។ ប្រសិន​បើ​អារម្មណ៍​របស់​យើង​ ត្រូវ​បាន​ប្រែប្រួល​ខ្លាំង​ទៅ​តាម​ស្ថានភាព​ដែល​បាន​កើត​​ឡើង​ នោះ​​ពិត​ជា​ពិបាក​រក​ឃើញ​នូវ​សេចក្ដី​សុខ​ខ្លាំង​ណាស់​។ ​អ្នក​ខ្លះ​ឆាប់​ខឹង ​​​និង ​ចាប់​​មួម៉ៅ​ និយាយ​​ឲ្យ​ខ្លី​គឺ​ដើរ​ចូល​ក្នុង​ផ្លូវ​អវិជ្ជមាន​​។ ​ អ្នក​ត្រូវ​តែ​​គ្រប់គ្រង​ និង ធ្វើ​ជា​ម្ចាស់​លើ​​អារម្មណ៍​របស់​អ្នក​​​ឲ្យ​បាន​ ​ដូច្នេះ​ហើយ​​​មិន​ថា មាន​រឿង​អ្វី​កើត​ឡើង​នោះ​ទេ​ អ្នក​នៅ​តែ​​រក​ឃើញ​នៅ​ប្រឡោះ​​វិជ្ជមាន និង ឱកាស​​ ​ហើយ​អាច​ដើរ​ចេញ​ទៅ​យ៉ាង​​មាន​សុវត្ថិភាព​​មិន​ខាន​។ ​​ការ​គ្រប់គ្រង​លើ​អារម្មណ៍​ខ្លួន​ឯង​នេះ មិន​មែន​ជា​រឿង​ងាយ​នោះ​ឡើយ តែ​អ្វីៗ​នឹង​ប្រសើរ​​តាមរយៈ​ការ​អនុវត្ត​ជា​រៀងរាល់​ថ្ងៃ​​។ ​​ក្នុង​ចំណុច​នេះ ​រាល់​ពេល​អ្នក​​​​ជួប​បញ្ហា​អ្វី​ក៏​ដោយ ​អ្នក​កុំ​បណ្ដោយ​​ឲ្យ​អារម្មណ៍​មក​​បញ្ជា​លើ​អ្នក​​ឲ្យ​សោះ ​ពោល​គឺ​ត្រូវ​ព្យាយាម​គិត​ ​​​។ ត្រូវ​ឆ្លង​កាត់​ការ​ពិភាក្សា​ជាមួយ​ខួរក្បាល​សិន​ ​ទើប​​សម្រេច​ចិត្ត​ តែ​បើ​អ្នក​ធ្វើ​ទៅ​តាម​អារម្មណ៍​តែ​ម្ដង​ ប្រហែល​ជា​​ក្នុង​ចំណោម​ការ​សម្រេច​ចិត្ត​១០ ​រក​ត្រូវ​មិន​ឃើញ​ឡើយ​​សូម្បី​ម្ដង​ដែល​មាន​លទ្ធផល​ល្អ​​។ ៦) ​ជ្រើសរើស​ជំនឿ​ផ្ទាល់​ខ្លួន​៖ ​​​ក្នុង​នាម​ជា​មនុស្ស​អ្នក​ត្រូវ​តែ​មាន​ជំនឿ​ផ្ទាល់​ខ្លួន​របស់​អ្នក ​ដោយ​ផ្នែក​ទៅ​លើ​ហេតុផល​ និង​ ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ឯង​ បើ​ទោះបី​ជា​​​អ្នកដទៃ​មាន​គំនិត​ផ្ទុយ​ក៏​ដោយ​។ បើ​អ្នក​គិត​ថា ខ្លួន​ឯង​ពិត​ជា​ចង់​ធ្វើ​ជំនួញ​មែន ​អ្នក​ត្រូវ​តែ​មាន​ជំនឿ​ថា ខ្លួន​ឯង​អាច​ធ្វើ​បាន​​បើ​ទោះបី​ជា​​មាន​មនុស្ស​ជាច្រើន​គិត​ថា មិន​អាច​ទៅ​រួច​ក៏​ដោយ​។ ​​អ្នកដទៃ​គិត​មិន​សំខាន់​ ​​ព្រោះ​មាន​តែ​​អ្នក​ប៉ុណ្ណោះ​ដែល​សំខាន់​ ព្រោះ​អ្នក​គឺ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ដើរ​ឆ្ពោះ​ទៅ​រក​អ្វី​ដែល​ខ្លួន​ចង់​បាន​។ ​បើ​អ្នក​រវល់​តែ​គិត​ខ្លាច​គេ​ថា តើ​ពេល​ណា​ដែល​អ្នក​អាច​ធ្វើ​រឿង​ដ៏​អស្ចារ្យ​ក្នុង​ជីវិត​បាន​។ ​ជំនឿ​យ៉ាង​មុតមាំ​ចំពោះ​អ្វី​ដែល​ខ្លួន​ចង់​បាន​​នេះ​ហើយ ​ដែល​ធ្វើ​​ឲ្យ​​អ្នក​រស់​​នៅ​ជាមួយ​នឹង​ទំនុក​ចិត្ត​ និង សេចក្ដី​សង្ឃឹម​ បូករួម​ជាមួយ​នឹង​សេចក្ដី​សុខ​​ ​និង​​ ភាព​រីករាយ​​រាល់​ពេល​ធ្វើ​វា​ម្តង​ៗ​។ ​ ៧) ​​រស់​​នៅ​ជាមួយ​សេចក្ដី​ស្រលាញ់​៖ ​​​សេចក្ដី​ស្រលាញ់​មាន​ទំហំ​ធំធេង​​ខ្លាំង​ណាស់ ដូច្នេះ​ហើយ​ត្រូវ​ព្យាយាម​បណ្ដុះ​សេចក្ដី​ស្រលាញ់​​ឲ្យ​បាន​ច្រើន មិន​ថា ជីវិត​ខ្លួន​ឯង​ ​ក្រុម​គ្រួសារ ​​មិត្តភ័ក្ដិ​ និង មនុស្ស​​ទូទៅ​។ ​ការ​បណ្ដុះ​​សេចក្ដី​ស្រលាញ់​​ក្នុង​ខ្លួន វា​ប្រៀប​បាន​នឹង​ការ​បណ្ដុះ​នូវ​ស្នាម​ញញឹម​អ៊ីចឹង​ដែរ​ ពោល​គឺ​ទៅ​ដល់​ទីណា​ក៏​មាន​គេ​ស្វាគមន៍​​ ហើយ​ក៏​មាន​អារម្មណ៍​ថា រីករាយ​​ក្នុង​ជីវិត៕ ​ដោយ​៖ អ៊ុន រស្មី ​ ​ ​​​​
X
5s