ស្វែងយល់ពីការបន្តការចុះបញ្ជីពាណិជ្ជកម្មសាឡើងវិញ តាមប្រព័ន្ធស្វ័យប្រវត្តកម្ម (Automation System)
ផ្អែកទៅលើប្រកាសលេខ ៣០០ របស់ក្រសួងពាណិជ្ជកម្មចុះថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៥ ស្តីពីការចុះបញ្ជី ពាណិជ្ជកម្មសាឡើងវិញក្នុងប្រព័ន្ធស្វ័យប្រវត្តកម្ម តម្រូវឱ្យ ក្រុមហ៊ុន សហគ្រាស សាខា ការិយាល័យតំណាង បុត្រសម្ព័ន្ធ ឬ ទីភ្នាក់ងារទាំងឡាយដែលបានចុះបញ្ជីពាណិជ្ជកម្មមុនថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០១៦ មកចុះបញ្ជី សាឡើងវិញក្នុងប្រព័ន្ធស្វ័យប្រវត្តកម្មរបស់ក្រសួងពាណិជ្ជកម្មតាមគេហទំព័រៈ www.businessregistration.moc.gov.kh។
ការបន្តការចុះបញ្ជីនេះធ្វើឡើងដើម្បីសម្រួលដល់ម្ចាស់សហគ្រាស ដែលមិនទាន់បានបំពេញកាតព្វកិច្ចចុះបញ្ជីពាណិជ្ជកម្ម សាឡើងវិញ ក្នុងប្រព័ន្ធស្វ័យប្រវត្តកម្ម នាពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹងលេខ ២៧២៩ ចុះថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៧ សម្រេចបន្តការចុះបញ្ជីពាណិជ្ជកម្មសាឡើងវិញតាមប្រព័ន្ធស្វ័យប្រវត្តកម្ម រហូតដល់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៧។ ប៉ុន្តែក្រុមហ៊ុន សហគ្រាស សាខា ការិយាល័យតំណាង បុត្រសម្ព័ន្ធ ឬ ទីភ្នាក់ងារ ទាំងឡាយ ត្រូវភ្ជាប់ប្រតិវេទន៍អំពីស្ថានភាពសហគ្រាសពាណិជ្ជកម្ម (Annual Declaration of Commercial Enterprises) ប្រចាំឆ្នាំ២០១៥។
ចំពោះក្រុមហ៊ុន សហគ្រាស សាខា ការិយាល័យតំណាង បុត្រសម្ព័ន្ធ ឬ ទីភ្នាក់ងារ ដែលមិនមាន ប្រតិវេទន៍អំពីស្ថានភាពសហគ្រាសពាណិជ្ជកម្ម (Annual Declaration of Commercial Enterprises) ប្រចាំឆ្នាំ២០១៥ ត្រូវបង់កម្រៃសេវាតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ និង ការពិន័យចំពោះការមិនតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ នៅក្រសួងពាណិជ្ជកម្ម៕
ដោយ៖ ប៉ុម ទូច