ក្រុមហ៊ុនស្វីសមួយកំពុងស្ថិតក្នុងបេសកកម្មចាប់យក១%នៃឧស្ម័នCO2ទាំងអស់ដែលបំពុលជារៀងរាល់ឆ្នាំក្នុងសកលលោក
ការកើនឡើងកម្ដៅផែនដី និងបម្រែបម្រួលអាកាសធាតុបានក្លាយជាបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរនិងគួរឲ្យបារម្ភបំផុតមួយរបស់សកលលោកទាំងមូល។ ចាប់តាំងពីកំណើតរបស់បដិវត្តន៍ឧស្សាហកម្មរហូតមកទល់ពេលបច្ចេកវិទ្យាជឿនលឿនក្នុងសតវត្សទី២១នេះ យើងសង្កេតឃើញថាបញ្ហាអាកាសធាតុនេះបានវិវត្តកាន់តែអាក្រក់ទៅៗជាលំដាប់ ដែលនាំអ្នកវិទ្យាសាស្ត្រទៅរកការសន្និដ្ឋានថាភពផែនដីនឹងមានកំណើនសីតុណ្ហភាព២អង្សាទៀត ក្នុងរយៈពេល២២ឆ្នាំខាងមុខ។ តើមិនល្អទេឫ ប្រសិនបើរោងចក្រទំហំឧស្សាហកម្មដំបូងគេបង្អស់របស់ក្រុមហ៊ុនស្វីសមួយ កំពុងស្ថិតការសម្រេចនូវបេសកកម្មរបស់ខ្លួនក្នុងការចាប់យក១%នៃឧស្ម័នកាបូនឌីអុកស៊ីត (CO2) ដែលបានសាយភាយជុំវិញពិភពលោកជារៀងរាល់ឆ្នាំ ?
ជាការពិតណាស់ កាលពីពេលថ្មីៗកន្លងទៅនេះនៅថ្ងៃទី៣១ឧសភា ក្រុមហ៊ុនមួយរបស់ស្វីសបានប្រកាសជាសាធារណៈលើកដំបូងអំពីបេសកកម្មរបស់ពួកគេក្នុងការចាប់យកឧស្ម័នCO2នៅក្នុងបរិយាកាស ដែលជាប្រភពបង្កនូវកំណើនឧស្ម័នផ្ទះកញ្ចក់ ដែលជាមូលហេតុនៃការកើនឡើងកម្ដៅភពផែនដីអស់រយៈកាលជាច្រើនឆ្នាំមកហើយនេះ និងបម្លែងវាទៅជាផលិតផលមានប្រយោជន៍ ដែលនឹងប្រើប្រាស់សម្រាប់ការដាំដុះកសិកម្មនៅក្នុងផ្ទះកញ្ចក់។
គេឲ្យឈ្មោះវាថា Climeworks នឹងដំណើរការណ៍នៅការដ្ឋានរោងចក្រក្នុងទីក្រុង Zurich ដែលជារាជធានីរបស់ស្វីស ហើយគោលដៅរបស់ពួកគេនឹងពង្រីកទំហំបច្ចេកវិទ្យារបស់ពួកគេកាន់តែធំជាងនេះនៅក្នុងទសវត្សក្រោយ និងចាប់យកឧស្ម័នCO2ដែលសាយភាយជុំវិញពិភពលោកឲ្យបាន១%ជារៀងរាល់ឆ្នាំឲ្យបានត្រឹមឆ្នាំ២០២៥។
[caption id="attachment_40735" align="aligncenter" width="600"] hotelstgotthard[/caption]
បើតាមសហស្ថាបនិករបស់ Climeworks លោក Christoph Gebald បានឲ្យដឹងថា ក្រុមការងាររបស់គាត់បានដំឡើងឧបករណ៍សម្រាប់ចាប់យកឧស្ម័នផ្ទះកញ្ចក់មួយនេះចំនួន១៨មកហើយ ដែលដំណើរការណ៍នៅលើដំបូលឡដុតសំរាម ដែលទាញយកថាមពលកម្ដៅរំភាយចេញមកពីឡនេះសម្រាប់ប្រើប្រាស់នៅក្នុងដំណើរការណ៍ម៉ាស៊ីន។ ឧបករណ៍នេះប្រើស្លាបកង្ហារដើម្បីចាប់យកខ្យល់បរិយាកាសដែលមានឧស្ម័នCO2ក្នុងនោះ រួចមកម៉ាស៊ីនចម្រោះដែលនៅក្នុងនោះនឹងញែកចេញឧស្ម័នCO2ចេញពីឧស្ម័នដទៃទៀត រួចឧស្ម័នដទៃនឹងត្រូវបានរំភាយចេញទៅបរិយាកាសវិញ។ នៅពេលមានតែកាបូនឌីអុកស៊ីតនៅសល់ ម៉ាស៊ីនចម្រោះនឹងបង្កើនកម្ដៅដល់១០០អង្សា ចុងក្រោយឧស្ម័នCO2នឹងប្រលែងចេញពីម៉ាស៊ីននិងត្រូវបានប្រមូលទុកដើម្បីប្រើប្រាស់ក្នុងដំណាំដាំដុះក្នុងផ្ទះកញ្ចក់ ដែលនឹងដាក់នៅក្បែររោងចក្រនោះវិញ។
[caption id="attachment_40734" align="aligncenter" width="600"] climeworks[/caption]
សហស្ថាបនិករូបនេះក៏បានបញ្ជាក់ផងដែរថា ដើម្បីសម្រេចនូវគោលដៅចាប់យកឲ្យបានឧស្ម័នCO2ចំនួន១%ដែលរំភាយនៅលើសកលលោកជារៀងរាល់ឆ្នាំ ទាល់តែមានឧបករណ៍ទម្រង់ស្រដៀងគ្នានេះចំនួន២៥០,០០០ឯណោះ។ ម្យ៉ាងទៀត រោងចក្រចាប់យកខ្យល់ដោយផ្ទាល់របៀបនេះនឹងត្រូវចំណាយប្រមាណ៤០០ដុល្លារក្នុង១metricតោន (ស្មើនឹង១០០០គីឡូក្រាម) នៃឧស្ម័នCO2ដែលចាប់បាន ដើម្បីអាចដំណើរការណ៍បាន។
តាមពិតឧស្ម័នCO2រួមជាមួយឧស្ម័នដទៃទៀតដូចជា មេតាន (CH4) ចំហាយទឹក (H2O) នីត្រូសែនអុកស៊ីត (N2O) សុទ្ធតែកើតមានឡើងដោយធម្មជាតិក្នុងបរិយាកាស ដែលត្រូវបានចាត់ចូលជាឧស្ម័នផ្ទះកញ្ចក់ ក៏ដោយសារសមត្ថភាពរបស់វាក្នុងការស្រូបយកចំហាយវិទ្យុសកម្មដែលរំភាយចេញពីពន្លឺព្រះអាទិត្យចាំងចូលមកផែនដី រួចប្រមូលផ្ដុំកម្ដៅទុកក្នុងបរិយាកាសផែនដី។ ពន្លឺព្រះអាទិត្យដែលចាំងចូលមកផែនដីមាននូវចំហាយវិទ្យុសកម្មយ៉ាងច្រើនអនេក ក្នុងនោះមានពន្លឺដែលយើងអាចមើលឃើញនឹងភ្នែករាល់ថ្ងៃ កាំរស្មីស្វាយអ៊ុលត្រា (UV) វិទ្យុសកម្មមេដែកអគ្គិសនី (infrared radiation) និងវិទ្យុសកម្មប្រភេទដទៃផ្សេងទៀតដែលមិនអាចមើលឃើញដោយភ្នែកទទេ។
យ៉ាងណាមិញ បើយោងតាមNASA ប្រមាណ៣០%នៃវិទ្យុសកម្មដែលចាំងចូលមកទាំងអស់នឹងត្រូវបានចាំងជះត្រឡប់ទៅវិញក្នុងលំហអាកាសដោយពពក និងទឹកកកជាដើម។ រីឯ៧០%ទៀតត្រូវបានដី មហាសមុទ្រ និងបរិយាកាសស្រូបយកនិងបង្កើនកម្ដៅ ហើយរំភាយកម្ដៅទាំងនោះទៅក្នុងលំហអាកាសវិញ ដែលការស្រូបយកនិងការរំភាយចេញវិញនាំមកនូវតុល្យភាពមួយដែលផ្ដល់ឲ្យផែនដីនូវសីតុណ្ហភាពសមស្របមួយប្រហែល១៥អង្សា។ ប៉ុន្តែសកម្មភាពមនុស្សដែលបង្កើនវត្តមានឧស្ម័នផ្ទះកញ្ចក់នេះច្រើនហួសកម្រិតតាមរយៈការបំពុលចេញពីដំណើរការណ៍ឧស្សាហកម្ម ការដាំដុះកសិកម្ម ដំណកដង្ហើមបញ្ចេញឧស្ម័នCO2 ការដុតផូស៊ីលឥន្ធនៈ ការកាប់បំផ្លាញព្រៃឈើ ដោយគ្មានការជួយស្រូបឧស្ម័នCO2ពីដើមឈើសម្រាប់ធ្វើរស្មីសំយោគ ប្រហែលកាបូនជិត១ពាន់លានតោនបានរំភាយនៅក្នុងបរិយាកាសក្នុង១ឆ្នាំ។
បើនិន្នាការបែបនេះនៅតែបន្តដោយគ្មានការទប់ស្កាត់នោះទេ អ្វីដែលគ្រប់គ្នាភ័យខ្លាចបំផុតមានការកើនឡើងកម្ដៅខ្លាំង កំណើនកម្រិតទឹកសមុទ្រ ការផុតពូជរបស់សត្វនិងរុក្ខជាតិ ជាតិអាស៊ីតក្នុងសមុទ្រ និងបម្រែបម្រួលអាកាសធាតុនឹងក្លាយជាជោគវាសនារបស់សកលលោកដែលមិនអាចចៀសវាងបានមិនខាន៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ businessinsider & climeworks & livescience