អ៊ុយរ៉ាញ៉ូម ធាតុគីមីដែលនៅពីក្រោយគ្រាប់បែកអាតូមប្រល័យជីវិតប្រជាជនជប៉ុនជាង១សែននាក់​



ត្រឡប់​ថយ​ក្រោយ​ក្នុង​ឆ្នាំ​១៩៤៥ នៅ​ថ្ងៃ​ទី​៦ ខែ​សីហា គឺជា​ព្រឹត្តិការណ៍​ដ៏​សោក​សង្រេង​បំផុត​មួយ​នៅ​ក្នុង​ទីក្រុង​ពីរ​របស់​ប្រទេស​ជប៉ុន​គឺ ហ៊ីរ៉ូស៊ីម៉ា និង​ណាហ្គាសាគី ដែល​បាន​សម្លាប់​ជីវិត​មនុស្ស​អស់​ប្រមាណ​១៤០,០០០​នាក់​ត្រឹម​មួយ​ពព្រិច​ភ្នែក ដោយ​ទទួល​រង​ឥទ្ធិពល​ដ៏​កាច​សាហាវ​ពី​ជាតិ​វិទ្យុសកម្ម​រំភាយ​ចេញ​ពី​គ្រាប់បែក​អាតូម ដែល​ត្រូវ​បាន​ទម្លាក់​ដោយ​មហាអំណាច​អាមេរិក ក្នុង​សង្គ្រាម​លោក​លើក​ទី២។ គ្រប់​គ្នា​សុទ្ធតែ​មិន​អាច​បំភ្លេច​បាន​នូវ​ព្រឹត្តិការណ៍​មួយ​នេះ ប៉ុន្តែ​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ដឹង​ពី​អ្វី​ដែល​នៅ​ពី​ក្រោយ​គ្រាប់បែក​បំផ្ទុះ​ប្រល័យ​មនុស្សជាតិ​មួយ​នេះ ?

Image result for hiroshima

លោហៈ​ពណ៌​ប្រាក់ និង​ភ្លឺ​ថ្លា​ម្យ៉ាង ដែល​មាន​លេខ​៩២​ជា​លេខ​អាតូម​នៅ​ក្នុង​តារាង​ខួប​នៃ​ធាតុ​គីមី ត្រូវ​បាន​គីមី​វិទូ​អាល្លឺម៉ង់ Martin Klaproth រក​ឃើញ​នៅ​ក្នុង​ឆ្នាំ​១៧៨៩។ នៅ​ក្នុង​គ្រប់​រ៉ែ​ខនិជ​ទាំងអស់​តែងតែ​មាន​នូវ​លោហៈ​ធាតុ​វិទ្យុសកម្ម​មួយ​នេះ ដែល​អ្នក​វិទ្យាសាស្ត្រ​កាល​នោះ​យល់​ច្រឡំ​ថា​ដែក​និង​ស័ង្កសី​គឺជា​ធាតុ​ផ្សំ​នៅ​ក្នុង​រ៉ែ​ខនិជ​ធម្មជាតិ។ យ៉ាងណាមិញ គីមី​វិទូ​ដែល​ត្រូវ​បាន​គេ​ផ្ដល់​កិត្តិយស​ក្នុង​របក​គំហើញ​លោហៈ​ធាតុ​ពណ៌​ប្រាក់​នេះ សង្កេត​ហើយ​ក៏​ឈ្វេង​យល់​ថា លក្ខណៈ​គីមី​របស់​រ៉ែ​ខនិជ​មិន​ដូច​ទៅ​នឹង​អ្វី​ដែល​ទាំង​លក្ខណៈ​គីមី​របស់​ដែក​និង​ស័ង្កសី​មាន​នោះ​ទេ ដែល​ជា​ធាតុ​គីមី​ផ្សេង​ទៅវិញ។ ហេតុ​នេះ​ក៏​នាំ​ទៅ​រក​ការ​រក​ឃើញ​ធាតុ​គីមី​ថ្មី​មួយ​ទៀត ដែល​ត្រូវ​បាន​លោក​ឲ្យ​ឈ្មោះ​ទៅ​តាម​ឈ្មោះ​ភព​អ៊ុយរ៉ានុស​ដែល​ទើប​នឹង​ត្រូវ​បាន​រក​ឃើញ​ប៉ុន្មាន​ឆ្នាំ​មុន​នោះ​បន្តិច ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា អ៊ុយរ៉ាញ៉ូម (Uranium) នេះ​ឯង។

មុន​នឹង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ​បើក​ភ្នែក​ធំៗ​ទទួល​ស្គាល់​ពី​អានុភាព​ដ៏​ខ្លាំងក្លា​របស់​អ៊ុយរ៉ាញ៉ូម ដែល​ជា​ប្រភព​បង្កើត​គ្រាប់បែក​អាតូម បំផ្លាញ​ជីវិត​ប្រជាជន​ជប៉ុន​អស់​យ៉ាង​ច្រើន​អនេក ជា​ច្រើន​សតវត្ស​បន្ទាប់​ពី​ការ​រក​ឃើញ​របស់​លោក Martin Klaproth គេ​គ្រាន់តែ​ប្រើប្រាស់​វា​នៅ​ក្នុង​ជីវិត​សាមញ្ញ​ប្រចាំ​ថ្ងៃ នៅ​ក្នុង​ការ​តុបតែង​រចនា​សំណង់​ស្ថាបត្យកម្ម ប្រើប្រាស់​ក្នុង​អំពូល​ភ្លើង និង​សម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ​ដូចជា កែវ​និង​សេរ៉ាមិច​តែ​ប៉ុណ្ណោះ ក៏​ដោយសារ​តែ​លក្ខណៈ​គីមី​របស់​វា​ជា​លោហៈ​ធាតុ​ដ៏​សកម្ម​មួយ ដែល​ងាយ​ចង​សម្ព័ន្ធ​គីមី​ជាមួយ​ធាតុ​ដទៃ​ដូចជា អុកស៊ីហ្សែន ស្ពាន់ធ័រ ក្លរ ភ្លុយអរ ហ្វូស្វ័រ និង​ប្រូម ដែល​បង្កើត​បាន​ជា​ពណ៌​លឿង និង​បៃតង។ ទទួល​រង​ជាតិ​វិទ្យុសកម្ម​ដោយ​មិន​ដឹង​ខ្លួន​ជា​ច្រើន​ឆ្នាំ​រហូត​មក​ដល់​ឆ្នាំ​១៨៩៦ ទើប​ជាតិ​វិទ្យុសកម្ម​ត្រូវ​បាន​រក​ឃើញ​ថា​មាន​នៅ​ក្នុង​អ៊ុយរ៉ាញ៉ូម ក្រោយ​ការ​ស្រាវជ្រាវ​របស់​គីមី​វិទូ​បារាំង ដើម​កំណើត​ប៉ូឡូញ លោកស្រី Marie Curies

គ្រប់​អ៊ីសូតូប​ទាំងអស់​របស់​អ៊ុយរ៉ាញ៉ូម​សុទ្ធតែ​ជា​វិទ្យុសកម្ម ដែល​ក្នុង​នោះ​អ៊ីសូតូប​៣​ទម្រង់​មាន​កើតឡើង​នៅ​ក្នុង​ធម្មជាតិ។ អ៊ីសូតូប​គឺជា​ទម្រង់​ផ្សេង​ៗ​គ្នា​រវាង​អាតូម​នីមួយៗ​នៃ​ធាតុ​មួយ ហើយ​វា​ខុស​គ្នា​ដោយសារ​ចំនួន​ណឺត្រុង តែ​ដូច​គ្នា​នៅ​ក្នុង​ចំនួន​ប្រូតុង។ អ៊ីសូតូប​ទាំង​៣​នោះ​មាន អ៊ុយរ៉ាញ៉ូម-២៣៤ អ៊ុយរ៉ាញ៉ូម-២៣៥ និង​អ៊ុយរ៉ាញ៉ូម-២៣៨។ អ៊ុយរ៉ាញ៉ូម-២៣៨​មាន​វត្តមាន​ក្នុង​ធម្មជាតិ​ច្រើន​ជាង​គេ​បង្អស់​រហូត​ដល់​ទៅ​៩៩.២៧៦% ប៉ុន្តែ​វា​ជា​អ៊ីសូតូប​ខ្សោយ​បំផុត​ដែល​មិន​អាច​បង្កើត​ឲ្យ​មាន​ដំណើរការណ៍​បំបែក​នុយក្លេអ៊ែរ មាន​តែ​អ៊ីសូតូប​ដ៏​កម្រ​បំផុត​នៅ​ក្នុង​ធម្មជាតិ​ដែល​ជា អ៊ុយរ៉ាញ៉ូម-២៣៥។ ដំណើរការណ៍​បំបែក​នុយក្លែអ៊ែរ​កើតឡើង​នៅ​ពេល​ណ្វៃយ៉ូ​របស់​អាតូម​ធំ​ជា​ច្រើន បំបែក​ចេញ​ពី​គ្នា។ នៅ​ពេល​នោះ​អាតូម​តូច​ៗ​ជាច្រើន និង​បរិមាណ​ថាមពល​ដ៏​ច្រើន​ត្រូវ​បាន​ផលិត​ចេញ​មក ក្នុង​ដំណាក់កាល​បំបែក​នេះ ដែល​ជា​លទ្ធផល​នៃ​ការ​បំផ្ទុះ​ដូច​មាន​ក្នុង​គ្រាប់បែក​អាតូម និង​អាវុធ​នុយក្លេអ៊ែរ។ ដោយឡែក​ដោយ​ប្រើ​ការ​គ្រប់គ្រង​ពី​ម៉ាស៊ីន​ប្រតិករ ថាមពល​នុយក្លេអ៊ែរ​ក្លាយ​ជា​ប្រយោជន៍​ដ៏​សំខាន់​មួយ​ដែល​មនុស្សជាតិ​អាច​នឹង​ពិបាក​រស់នៅ​បើ​ខ្វះ​វា នោះ​គឺ​ការ​ប្រើប្រាស់​ផលិតផល​នៃ​ថាមពល​ទាំងនោះ​ដើម្បី​យក​ទៅ​ដាំ​ទឹក នៅ​ពេល​មាន​ចំហាយ​រំភាយ​ចេញ​មក គេ​ក៏​បម្លែង​វា​ទៅ​ជា​អគ្គិសនី ដែល​ជា​ដំណើរការណ៍​នៅ​ក្នុង​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ជាង​៤០០​កន្លែង​នៅ​ជុំវិញ​ពិភពលោក ដែល​មាន​ចំណែក​១៧%​នៅ​ក្នុង​ផលិតផល​អគ្គិសនី​ប្រើប្រាស់​ទាំងអស់​នេះ​ឯង។ ចំណុច​សំខាន់​មួយ​ទៀត នៅ​ក្នុង​ទម្រង់​ជា​ម្សៅ អ៊ុយរ៉ាញ៉ូម​ផ្ដល់​នូវ​ហានិភ័យ​ក្នុង​កម្រិត​ដ៏​ខ្ពស់​បំផុត ពីព្រោះ​ជាមួយ​ភ្លើង​វា​ងាយ​នឹង​មាន​ប្រតិកម្ម​បំផុត៕

ប្រែសម្រួល៖ ស្រីពៅ

ប្រភព៖ chemistryexplained & teachnuclear

X
5s