វាមិនចម្លែកទេដែលអ្នកនៅតែក្រ និង បរាជ័យ ដោយសារតែមានផ្នត់គំនិតយ៉ាប់ៗទាំងនេះ
មនុស្សគ្រប់គ្នាសុទ្ធតែគិត និង ចង់ក្លាយជាមនុស្សជោគជ័យ ប៉ុន្តែមិនមែនឲ្យតែចង់ នឹងអាចសម្រេចតាមបំណងងាយៗនោះឡើយ។ អ៊ីចឹងហើយទើប មានមនុស្សមិនចេះតិចដែលបរាជ័យក្នុងជីវិតរបស់ខ្លួន។ ការបរាជ័យនេះគឺបណ្ដាលមកពីផ្នត់គំនិតទន់ខ្សោយ ដែលនាំឲ្យសកម្មភាពដែលចេញទៅគឺមិនច្បាស់លាស់ និង មិនខ្លាំងនាំឲ្យលទ្ធផលចេញមកគឺមិនសមតាមការចង់បាន។ ខាងក្រោមនេះ ជាចំណុចសំខាន់ៗ ដែលបង្ហាញថាអ្នកមានផ្នត់គំនិតអ្នកក្រ ឬ អ្នកបរាជ័យ៖
២) ចូលចិត្តគិតច្រើនតែធ្វើតិចបំផុត៖ អ្នកខ្លះបើនិយាយអំពីគំនិតវិញ គឺសម្បូរ និង ល្អៗរកលេខដាក់គ្មាន ប៉ុន្តែមិនដែលឡើយអនុវត្តឲ្យបានសូម្បីតែម្ដង។ មនុស្សដែលបានតែមាត់បែបនេះក៏មិនអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសាងភាពអស្ចារ្យក្នុងជីវិតនោះដែរ។ ក្នុងជីវិតប្រចាំថ្ងៃ គេត្រូវការអ្នកពូកែធ្វើ មិនមែនត្រូវការអ្នកពូកែតែនិយាយ ឬ និយាយឲ្យតែរួចពីមាត់ ហើយចូលដេកបាត់នោះទេ។
៣) ឆន្ទៈឡើងចុះស្រេចតែចិត្ត៖ បុគ្គលដែលបរាជ័យ តែងមានឆន្ទៈក្នុងការបំពេញការងារខ្សោយ ឬ អាចនិយាយបានដែរ មើលទៅឡូយតែដំបូង លុះដល់ពេលជួបការលំបាកបន្តិចក៏រត់បាត់។ ដើម្បីធ្វើការដ៏អស្ចារ្យមួយបាន វាទាមទារឲ្យយើងមានឆន្ទៈមុតមាំក្នុងការបំពេញការងារ ហើយបើទោះបីជាជួបការលំបាកអ្វីក៏ដោយ ក៏មិនរាថយ។
៤) មិនពូកែស្ដាប់ តែពូកែបូរបាច់៖ មិនមែនគ្រប់មនុស្សដែលពូកែស្ដាប់ទាំងអស់ សុទ្ធតែអាចក្លាយជាមនុស្សជោគជ័យ ប៉ុន្តែរាល់មនុស្សដែលជោគជ័យ គឺសុទ្ធតែជាមនុស្សពូកែស្ដាប់។ ស្តាប់ច្រើនទទួលបានព័ត៌មានច្រើន ស្តាប់ច្រើនយល់ច្បាស់ពីស្ថានការណ៍ច្រើន ហើយស្ដាប់ច្រើនដឹងច្បាស់ពីបំណងរបស់ភាគីម្ខាងទៀតកាន់តែច្រើន ដូច្នេះហើយទើបអ្នកពូកែស្ដាប់អាចនិយាយទៅប្រកបទៅដោយខ្លឹមសារ ព្រោះពួកគេយល់ និង ក្តោបព័ត៌មានបានស្ទើរទាំងស្រុងក្នុងដៃ ឬ អេះចំកន្លែងរមាស់រហូត។ ប៉ុន្តែសម្រាប់មនុស្សដែល មានផ្នត់គំនិតបរាជ័យវិញ គឺពូកែណាស់រឿងបូរបាច់ ហើយមិនខ្វល់ស្តាប់អ្វីទាល់តែសោះ អ៊ីចឹងហើយទាល់ពេលនិយាយចេញម្តងៗ គឺតែងតែភ្លាវ ហើយការសម្រេចចិត្តវិញ គឺរឹតតែយ៉ាប់ទៅទៀត ព្រោះលើកណាក៏មិនដែលត្រូវ។
៥) មិនផ្ដល់តម្លៃលើការសិក្សាសូត្ររៀន៖ ការសិក្សាសូត្ររៀនគឺពិតជាសំខាន់ខ្លាំងណាស់ ព្រោះក្នុងលោកនេះ គ្មានប្រទេសណាមួយដែលអាចអភិវឌ្ឍបានដោយ គ្មានពលរដ្ឋដែលមានចំណេះដឹងនោះឡើយ។ បើអ្នកពឹងលើធនធានធម្មជាតិ តែមនុស្សសុទ្ធតែអវិជ្ជា នោះធនធានធម្មជាតិដ៏សម្បូរបែបទាំងនោះ នឹងមិនអាចត្រូវបានច្នៃឲ្យចេញជាប្រយោជន៍មហាសាលនោះឡើយ។ បើមនុស្សអវិជ្ជាហើយ សូម្បីតែដុំពេជ្រក៏ត្រូវបានគេយកទៅកល់ធ្វើជាជើងឆ្នាំងដើម្បីដាំស្លដែរ។ សម្រាប់មនុស្សដែលមិនផ្ដល់តម្លៃលើចំណេះដឹង នឹងគ្មានថ្ងៃស្គាល់ភាពរុងរឿងនោះឡើយ៕
ដោយ៖ រតនា វិចិត្រ