ប្រវត្តិនៃពានរង្វាន់ណូបែលរូបវិទ្យារបស់The Curiesចំពោះការរកឃើញធាតុគីមីរ៉ាដ្យូម (Ra)​



នៅ​ក្នុង​ឆ្នាំ​១៩០៣ អ្នក​វិទ្យាសាស្ត្រ​ដ៏​ល្បីល្បាញ​ពីរ​រូប លោក Pierre Curie និង​ប្រពន្ធ​របស់​លោក Marie Curie ទទួល​បាន​នូវ​ពានរង្វាន់​ដ៏​កម្រ​និង​មាន​កិត្តិយស​បំផុត​ក្នុង​ជីវិត​របស់​មនុស្ស ដែល​ជា​ពានរង្វាន់​ណូបែល​ផ្នែក​រូបវិទ្យា តបស្នង​ចំពោះ​របក​គំហើញ​នូវ​ធាតុ​គីមី​រ៉ាដ្យូម (Ra)។ ងាក​ត្រឡប់​ថយក្រោយ​អស់​រយៈពេល​ជាង​១​សតវត្ស តើ​អ្នក​វិទ្យាសាស្ត្រ​ដ៏​សំខាន់​សម្រាប់​វិទ្យាសាស្ត្រ​សម័យ​ទំនើប​នេះ​រក​ឃើញ​ធាតុ​គីមី​វិទ្យុសកម្ម​រ៉ាដ្យូម​យ៉ាង​ដូចម្ដេច ? ម្យ៉ាងទៀត​តើ​រ៉ាដ្យូម ជា​ធាតុគីមី​ដែល​កម្រ​យក​មក​ប្រើប្រាស់​នេះ មាន​លក្ខណៈ​ពិសេស​អ្វីខ្លះ ? រ៉ាដ្យូម (Radium) ជាមួយ​នឹង​និមិត្តសញ្ញា​គីមី Ra គឺជា​លោហៈ​ពណ៌​ស​ភ្លឺ​ថ្លា​ម្យ៉ាង​ដែល​មាន​កម្រិត​ជាតិ​វិទ្យុសកម្ម​ខ្ពស់។ នៅ​ក្នុង​តារាង​ខួប​គីមី​ជា​លោហៈ​ដែល​ស្ថិត​ក្នុង​ក្រុម​ទី២ និង​ខួប​ទី​៧ និង​មាន​លេខ​អាតូម​៨៨ ម៉ាស​២២៦.០២៥៤។ ចំណុច​រលាយ​នៅ​ត្រង់​សីតុណ្ហភាព​៧០០​អង្សាសេ រីឯ​ចំណុច​រំពុះ​នៅ​ត្រង់១ ៧៣៧​អង្សាសេ និង​មាន​ដង់ស៊ីតេ​៥.៥​ក្រាម​នៅ​ក្នុង​១​សង់ទីម៉ែត្រ​គីប។ Marie Curie ចាប់​កំណើត​ជា​ពលរដ្ឋ​របស់​ប៉ូឡូញ​ក្នុង​ឆ្នាំ​១៨៦៧ ស្រប​ពេល​ដែល​ស្វាមី​ជនជាតិ​បារាំង​របស់​គាត់ Pierrie Curie មាន​អាយុ​បាន​៨​ឆ្នាំ​ទៅ​ហើយ។ ចម្រើន​លូតលាស់​នៅ​ក្នុង​ត្រកូល​គ្រួសារ​ដែល​ឪពុក​ម្ដាយ​ទាំងពីរ​សុទ្ធតែ​ជា​គ្រូបង្រៀន និង​ជា​អ្នក​ឲ្យ​តម្លៃ​ទៅលើ​ការ​អប់រំ រួម​ផ្សំ​ជាមួយ​នឹង​ទឹកចិត្ត​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​សិក្សា​អំពី​វិទ្យាសាស្ត្រ​ផង​នោះ ថ្វី​បើ​អំឡុង​ពេល​នោះ​សង្គម​របស់​ប៉ូឡូញ​មិន​គាំទ្រ​ឲ្យ​មាន​ការ​សិក្សា​ខ្ពង់ខ្ពស់ Marie Curie មិន​បាន​បញ្ឈប់​ការ​ចង់​ចេះ​ចង់​ដឹង​របស់​ខ្លួន​នោះ​ឡើយ រហូត​អាច​សម្រេច​ការ​បន្ត​ការ​សិក្សា​ផ្នែក​រូបវិទ្យា​នៅ​សាកលវិទ្យាល័យ​មួយ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​ក្នុង​ឆ្នាំ​១៨៩១ នៅ​ពេល​ដែល​ស្វាមី​របស់​គាត់​កំពុង​ទទួល​ខុសត្រូវ​លើ​តំណែង​ជា​ប្រធាន​ដឹកនាំ​ការ​ពិសោធន៍​របស់ The School of Physics and Chemistry បាន​៩​ឆ្នាំ។ អ្នក​ទាំងពីរ​ដែល​មាន​ចំណង់​ចំណូល​ចិត្ត​ពុះ​កញ្ជ្រោល​ចំពោះ​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ដូច​គ្នា ក៏​បាន​ជួប​គ្នា​នៅ​ទីនោះ និង​រៀបការ​នៅ​ឆ្នាំ​១៨៩៥ និង​មាន​កូន​ពីរ​នាក់។ [caption id="attachment_40390" align="aligncenter" width="600"] newyorker[/caption]   នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​១៨៩៨ Marie Curie បាន​ចាប់ផ្ដើម​ការ​ពិសោធន៍​ញែក​ធាតុ​អ៊ុយរ៉ាញ៉ូម​ចេញ​ពី​រ៉ែ​ខនិជ​ធម្មជាតិ​ពណ៌​ខ្មៅ​ម្យ៉ាង​ដែល​មាន​ផ្ទុក​ធាតុ​គីមី​អ៊ុយរ៉ាញ៉ូម និង​ជា​សារធាតុ​វិទ្យុសកម្ម ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ឆ្នាំ​១៨៩៦​ដោយ​រូបវិទ្យា​សញ្ជាតិ​បារាំង លោក Antoine-Henri Becquerel ដែល​គេ​ហៅ​រ៉ែ​ធម្មជាតិ​នេះ​ថា pitchblende។ គាត់​រក​ឃើញ​ថា​នៅ​ក្នុងpitchblende​នេះ​មាន​ផ្ទុក​នូវ​ជាតិ​អ៊ុយរ៉ាញ៉ូម និង​រំភាយ​ជាតិ​វិទ្យុសកម្ម​ខ្ពស់​ដែល​មិន​អាច​មើល​ឃើញ​ដោយ​ភ្នែក​ទទេ។ ការ​រក​ឃើញ​ដែល​បាន​បើក​ទ្វារ​ឲ្យ​មាន​ការ​ស្រាវជ្រាវ​ថ្មីៗ​នេះ នេះ​បាន​អូសទាញ​ការ​ចាប់​អារម្មណ៍​របស់​អ្នក​វិទ្យាសាស្ត្រ​ជាច្រើន ហើយMarie ឆ្ងល់​ទៅលើ​តើ​អ្វី​ទៅ​នៅ​ក្នុង​រ៉ែ​នេះ​ដែល​បណ្ដាល​ឲ្យ​រំភាយ​ជាតិ​វិទ្យុសកម្ម។ លោកស្រី​និង​ស្វាមី​បាន​បន្ត​ដំណើរការណ៍​យ៉ាង​សស្រាក់សស្រាំ​ទៅលើ​ការ​បន្សុទ្ធ​រ៉ែ​ធម្មជាតិ​មួយ​នេះ ដោយ​ញែក​ចេញ​នូវ​អ៊ុយរ៉ាញ៉ូម រហូត​អាច​បំបែក​រក​ឃើញ​ធាតុ​គីមី​ថ្មី​មួយ​មុន​រ៉ាដ្យូម ដែល​គាត់​ឲ្យ​ឈ្មោះ​ថា ប៉ូឡូញ៉ូម (Polonium) ដែល​មាន​កម្រិត​វិទ្យុសកម្ម​ខ្ពស់​ជាង​រ៉ែ​ធម្មជាតិ​ដើម​ទៅ​ទៀត។ នៅ​ឆ្នាំ​១៨៩៨ ពួកគេ​ក៏​ជោគជ័យ​ជា​ថ្មី​ម្ដង​ទៀត​ក្នុង​ការ​រក​ឃើញ​ធាតុ​គីមី​វិទ្យុសកម្ម​កម្រិត​ខ្ពស់​ជាង​មុន​ទៅ​ទៀត ដែល​ជា​រ៉ាដ្យូម​នេះ​ឯង ចេញ​ពី​ការ​បន្សុទ្ធ ដែល​នាំ​មក​នូវ​កិត្តិយស​ដ៏​ធំធេង​ពី​ពានរង្វាន់​ណូបែល​រូបវិទ្យា​នៅ​៥​ឆ្នាំ​ក្រោយ​មក។   [caption id="attachment_40392" align="aligncenter" width="600"] yurtopic[/caption] Marie Curie បាន​ក្លាយ​ជា​ស្ត្រី​ដំបូង​គេ​បង្អស់​ដែល​បាន​ឈ្នះ​ពានរង្វាន់​ណូបែល ហើយ​ក៏​ជា​ស្ត្រី​ដំបូង​ដែល​ទទួល​បាន​ពានរង្វាន់​ណូបែល​ចំនួន​ពីរ​ក្នុង​មួយ​ជីវិត​ផង​ដែរ ដែល​ក្នុង​ឆ្នាំ​១៩១១ លោកស្រី​ជោគជ័យ​ក្នុង​ផ្នែក​គីមី​ម្ដង ទៅលើ​ការ​ញែក​ធាតុ​គីមី​រ៉ាដ្យូម​ដោយ​ប្រើ​អគ្គិសនី​វិភាគ​ចេញ​ពី​រ៉ាដ្យូម​ក្លរួ ដោយ​ទទួល​បាន​ការ​ជួយ​ជ្រោមជ្រែង​ពី André-Louis Debierne។ គួរ​ឲ្យ​សោកស្ដាយ​ដែល​លោកស្រី​ត្រូវ​តបស្នង​ភាព​ជោគជ័យ​ក្នុង​ការ​រក​ឃើញ​ធាតុ​គីមី​រ៉ាដ្យូម ជាមួយ​នឹង​ជំងឺ​ម្យ៉ាង​ដែល​កើតឡើង​ដោយសារ​ប៉ះពាល់​ជាមួយ​ជាតិ​វិទ្យុសកម្ម​ច្រើន​ក្នុង​រយៈពេល​វែង និង​លា​ចាក​លោក​នៅ​ឆ្នាំ​១៩៣៤។ រ៉ាដ្យូម​ដែល​ជា​ធាតុ​គីមី​ដ៏​កម្រ​មួយ​នៅ​លើ​ផែនដី និង​អាច​រក​ឃើញ​នៅ​គ្រប់​រ៉ែ​ទាំងឡាយ​ណា​ដែល​មាន​ផ្ទុក​អ៊ុយរ៉ាញ៉ូម ដោយសារ​តែ​វា​កើតឡើង​នៅ​ពេល​អ៊ុយរ៉ាញ៉ូម​រំភាយ​ចេញ​នូវ​ជាតិ​វិទ្យុសកម្ម​របស់​វា និង​បំបែក​ធាតុ ការ​ពិត​គឺ​រ៉ាដ្យូម​មាន​តិច​ជាង​២​គីឡូក្រាម​ប៉ុណ្ណោះ​ត្រូវ​បាន​ផលិត​ជា​រៀងរាល់​ឆ្នាំ។ ជាតិ​វិទ្យុសកម្ម​ដែល​រំភាយ​ចេញ​ពី​រ៉ាដ្យូម​មាន​សមត្ថភាព​សម្លាប់​កោសិកា​រស់​បាន ហេតុនេះ​ហើយ​បរិមាណ​សម​ល្មម​ប៉ុណ្ណោះ​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​ក្នុង​គោលដៅ​វេជ្ជសាស្ត្រ ដើម្បី​សម្លាប់​កោសិកា​មហារីក និង​ព្យាបាល​អ្នក​ជំងឺ​ឲ្យ​ត្រឡប់​មក​សភាព​ដើម​វិញ៕ ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ todayifoundout & encyclopedia & historytoday
X
5s