ហេតុអ្វីការចងចាំអាចចាក់ឫសយ៉ាងមាំក្នុងដី ឬត្រឹមតែជារោមស្លាបមាន់ដែលហើរបាត់ គឺអាស្រ័យទៅលើអ្នក ?
ការចងចាំ ដែលមានមុខងារសម្រាប់ស្តុកទុកចំណេះដឹង ក្នុងគោលដៅយកទៅប្រើការជាប្រយោជន៍ផ្សេងៗទៅតាមបុគ្គលម្នាក់ៗ អាចជាដើមឈើដែលចាក់ឫសមាំយ៉ាងជ្រៅនៅក្នុងដី ឬក៏គ្រាន់តែជារោមស្លាបមាន់ដ៏ទន់ជ្រាយ ពុំមានលំនឹង បានត្រឹមតែមកហើយក៏ហើរទៅបាត់។ មិនថាករណីណាមួយនៅក្នុងចំណោមករណីទាំងពីរនេះទេ គ្រប់យ៉ាងគឺអាស្រ័យទៅលើអ្នក។ នៅពេលអ្នកចាប់ផ្ដើមស្វែងយល់ពីដំណើរការណ៍ធម្មជាតិនៃការចងចាំពីដំណាក់កាលមួយទៅមួយ និងរបៀបដែលទិន្នន័យត្រូវបានស្តុកទុកនៅក្នុងការចងចាំ រួចមកការស្គាល់នេះនឹងជួយអ្នកឲ្យដឹងថាគួរធ្វើបែបណាទើបអាចរុញច្រានខួរក្បាលរបស់អ្នកឲ្យឈានទៅដល់សក្ដានុពលខ្ពស់បំផុតរបស់វា ដើម្បីសម្រេចកិច្ចការសំខាន់ៗជាច្រើនក្នុងជីវិតបាន។
ការចងចាំគឺជាខ្សែទំនាក់ទំនងគ្នាពីលក្ខណៈមួយទៅលក្ខណៈមួយដទៃទៀតដែលសម្គាល់ពីវត្ថុមួយ។ ឧទាហរណ៍ដ៏សាមញ្ញមួយ បើអ្នកតែងសម្គាល់ផ្លែប៉ោមជាមួយពណ៌ក្រហមរបស់វា និងរូបរាងមូល ហើយក្រោយមកអ្នកបានទទួលចំណេះដឹងថ្មីបន្ថែមពីផ្លែប៉ោមនេះទៀតថាវាមានរសជាតិផ្អែម ដូច្នេះនៅពេលលើកក្រោយមកអ្នកបានឃើញផ្លែប៉ោមម្ដងទៀត អ្នកអាចមិនចាំពីចំណេះដឹងថ្មីដែលជាលក្ខណៈផ្អែមដែលជារសជាតិរបស់ផ្លែប៉ោមបាន ប៉ុន្តែការចងចាំដែលជាចំណេះដឹងមូលដ្ឋានដែលចាក់ឫសដ៏ជ្រៅពីមុនមក ដែលអ្នកបានសម្គាល់លក្ខណៈវាជាមួយពណ៌ក្រហម និងរូបរាងមូល នោះវានឹងរំលឹកអ្នកទៅដល់រសជាតិរបស់ផ្លែប៉ោមមិនខាន។ លក្ខណៈសំខាន់មួយទៀតរបស់ការចងចាំគឺជាសំណង់ដែលសាងសង់ឡើងវិញ។ បើអ្នកចង់ហៅការចងចាំទៅលើវត្ថុមួយត្រឡប់មកវិញ អ្នកមិនអាចដកវាតាមថតដាច់ដោយឡែកពីគ្នាដូចទូសៀវភៅនោះទេ។
យ៉ាងណាមិញ អ្នកត្រូវសាងសង់ទិន្នន័យដែលមានទំនាក់ទំនងនឹងវត្ថុមួយនោះត្រឡប់មកវិញ ដូចកាលដែលអ្នកបញ្ចូលវាមកក្នុងការចងចាំរបស់អ្នកដូច្នោះ។ ដោយផ្អែកលើរយៈពេល ការបែងចែកជាផ្លូវការដែលគេតែងយកមកប្រើប្រាស់បាននាំលទ្ធផលមកនូវការចងចាំជា៣ប្រភេទផ្សេងៗគ្នា។ ចាប់ពីដំណាក់កាលដំបូងរហូតដល់ចុងក្រោយមាន ការចងចាំតាមរយៈញាណ ការចងចាំក្នុងរយៈពេលខ្លី និងការចងចាំក្នុងរយៈពេលវែង។ ទិន្នន័យទាំងឡាយណាក៏ដោយមុននឹងឈានដល់ការចងចាំដែលអាចស្តុកទុកនិងយកមកប្រើនៅពេលក្រោយបាន សុទ្ធតែត្រូវឆ្លងកាត់ជាដំបូងបង្អស់នូវការចងចាំតាមរយៈញាណ ដែលមានរយៈកាលក្រោម១វិនាទីនេះទាំងអស់ ដែលនេះគឺសំដៅទៅលើពេលដែលទិន្នន័យទទួលបានដោយញាណរបស់អ្នកទទួលរងឥទ្ធិពលពីកម្លាំងជំរុញខាងក្រៅ។
លុះត្រាតែអ្នកចាប់ផ្ដើមទទួលយកទិន្នន័យទាំងនោះមកទទួលដឹងដោយសតិពេញលេញ និងប្រើការព្យាយាមមួយចំនួនទៀតដើម្បីស្តុកទុកទិន្នន័យទាំងនោះក្នុងគោលបំណងប្រើប្រាស់រយៈពេលបណ្ដោះអាសន្នមួយ ព្រោះវាស្ថិតក្នុងការចងចាំរបស់អ្នកក្រោមរយៈពេល១នាទីប៉ុណ្ណោះ ដូចជាពេលអ្នកព្យាយាមស្តុកទុកការចងចាំលេខទូរស័ព្ទនៅពេលគេហៅលេខរបស់គេមកជាដើម។ ទិន្នន័យដែលអាចស្តុកទុកនៅក្នុងការចងចាំរយៈពេលវែងដែលមានរយៈកាលអាចចាប់ពីខែរហូតដល់ឆ្នាំរហូតអស់មួយជីវិតបាន វាត្រូវឆ្លងកាត់ដំណាក់កាលដូចជាការផ្ដល់លក្ខណៈសម្គាល់ចំពោះទិន្នន័យណាមួយ បន្ទាប់មកស្តុកវាទុក និងហៅការចងចាំត្រឡប់មកវិញ។
ការផ្ដល់លក្ខណៈសម្គាល់ចំពោះទិន្នន័យណាមួយគឺដូចគ្នាទៅនឹងឧទាហរណ៍អំពីផ្លែប៉ោមខាងលើ ដែលអ្នកបានសម្គាល់លក្ខណៈវាដោយពណ៌អ្វី រូបរាងនិងរសជាតិដូចម្ដេច ដែលលក្ខណៈនេះហើយទើបអាចឲ្យអ្នកស្គាល់ថាអ្វីទៅជាផ្លែប៉ោមបាន។ បើអ្នកផ្ដល់លក្ខណៈសម្គាល់កាន់តែច្បាស់ប៉ុណ្ណា មានរបៀបរៀបរយប៉ុណ្ណា មានទំនាក់ទំនងគ្នារឹងមាំប៉ុណ្ណា នោះនៅពេលហៅការចងចាំត្រឡប់យកមកប្រើវិញក៏នឹងកាន់តែងាយសម្រាប់អ្នកវិញដូច្នោះ។ សំដៅឲ្យចំគឺវាអាស្រ័យលើថាតើអ្នករៀបចំទិន្នន័យរបស់អ្នកដូចម្ដេចនេះឯង។ នៅក្នុងការចងចាំរយៈពេលវែងគឺជាពិភពពីរដែលទិន្នន័យត្រូវបានញែកដាច់ដោយឡែក មិនជាប់ពាក់ព័ន្ធគ្នានោះគឺ ការចងចាំក្រៅខ្លួន និងការចងចាំក្នុងខ្លួន។
អ្វីដែលជាភាពខុសគ្នារវាងការចងចាំទាំងពីរប្រភេទនេះស្ថិតនៅត្រង់ថាតើវាអាចបង្ហាញតាមរយៈពាក្យសម្ដីឬអត់។ ការចងចាំក្រៅខ្លួនគឺជាការចងចាំទាំងឡាយណាដែលអាចបង្ហាញចេញក្រៅតាមរយៈការនិយាយឬពាក្យសម្ដី ជាទិន្នន័យទាំងឡាយណាដែលទទួលដឹងដោយសតិរបស់អ្នក។ ក៏ជាផ្នែកនៃការចងចាំនេះផងដែរ ដែលអ្នកទទួលយកទិន្នន័យអំពីចំណេះដឹងទាក់ទងនឹងពិភពលោកខាងក្រៅដ៏ធំធេងនេះ ការពិតរបស់វា ទំនៀមទម្លាប់និងច្បាប់សង្គមជាដើម។ ពិភពមួយទៀតរបស់ការចងចាំនោះគឺជាការចងចាំក្នុងខ្លួន។
ផ្ទុយពីការចងចាំក្រៅខ្លួន វាគឺជាការចងចាំទាំងឡាយដែលត្រូវបានបង្ហាញចេញក្រៅក្នុងរូបភាពជាសកម្មភាពឬទម្លាប់ញឹកញយដែលដំណើរការណ៍ដោយស្វ័យប្រវត្តិ ដោយឥតដឹងខ្លួន ហើយក៏គ្មានការចូលរួមពីសតិសម្បជញ្ញៈរបស់អ្នកដែរ គឺសកម្មភាពរបស់អ្នកត្រូវបានបញ្ជាដោយគ្រឿងម៉ាស៊ីនដ៏ស្មុគស្មាញនៅពីក្រោមសតិសម្បជញ្ញៈរបស់អ្នកនេះឯង។ ឧទាហរណ៍ការជិះម៉ូតូ ការសរសេរអក្សរ ងូតទឹក ឬអ្នករាំអាជីពសម្ដែងលើឆាកជាដើម៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ thebrain.mcgill.ca