​ការ​ចុះ​បញ្ជី​​ម៉ាក​តាម​​ប្រព័ន្ធ​អេឡិចត្រូនិក​ចាប់​ផ្ដើម​ដាក់​ឱ្យ​ដំណើរការ​ហើយ! ​ ​​



ក្រសួង​ពាណិជ្ជកម្ម​បាន​ចាប់​ផ្ដើម​ដាក់​ ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ចុះ​បញ្ជី​ម៉ាក​តាម​ប្រព័ន្ធ អេឡិចត្រូនិក​ ​ហើយ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា​​ម្សិលមិញ ដែល​​ពិធី​សម្ពោធ​នេះ​ធ្វើ​ឡើង​នៅ​​ទីស្ដីការ​​ក្រសួង​ពាណិជ្ជកម្ម​តែ​ម្ដង។ ​ ពិធីសម្ពោធត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីតំណាងអង្គការកម្មសិទិ្ធបញ្ញាពិភពលោក (WIPO) តំណាងការិយាល័យប្រកាសនីយបត្រតក្កកម្មជប៉ុន មន្ត្រីអន្តរក្រសួងដែលជាសមាជិក-សមាជិកា នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងតំណាងវិស័យឯកជន និងសាធារណជនប្រមាណ ២០០នាក់។ នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់អំពីកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម និងការគាំទ្របច្ចេកទេសផ្សេងៗរបស់អង្គការ WIPO ព្រមទាំងដៃគូអភិវឌ្ឍន៍នានា ក្នុងការជំរុញ និងលើកកម្ពស់ការអនុវត្តកម្មសិទ្ធិបញ្ញានៅក្នុងប្រទេសកម្ពុជា ជាក់ស្តែងប្រព័ន្ធស្នើសុំចុះបញ្ជីម៉ាកតាមអេឡិចត្រូនិក ដែលដាក់ឲ្យប្រើប្រាស់ថ្ងៃនេះ គឺជានៃសមិទ្ធផលថ្មីមួយទៀតនៃកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និងអង្គការ WIPO។ ​​ការ​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​​ប្រព័ន្ធ​នេះ​ជា​ផ្លូវ​ការ​ធ្វើ​ឡើង​ក្នុង​គោលដៅ​ ​​លើក​កម្ពស់​ការផ្ដល់​សេវា​សាធារណៈ​ឱ្យ​បាន​លឿន​ ឆាប់រហ័ស​ និង​កាត់បន្ថយ​ពេល​វេលា និង​ចំណាយថវិកា​ក្រៅ​ផ្លូ​វ​ការ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា។ ​ថ្លែង​នៅ​ក្នុង​ពិធី​បើក​សម្ពោធ​​ការ​ដាក់​ប្រព័ន្ធ​​ការ​ចុះ​បញ្ជី​​នេះ​ ​ឯកឧត្តម ប៉ាន​ សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ​បាន​បញ្ជាក់​ថា​ ប្រព័ន្ធ​ស្នើ​សុំ​ចុះ​បញ្ជី​ម៉ាក​តាម​អេឡិចត្រូនិក​នេះ​ មិន​ត្រឹមតែ​ផ្ដល់​ផល​ប្រយោជន៍​ ដល់​វិស័យ​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​បាន​ផ្ដល់​លទ្ធភាព​ដល់​សហគ្រាស​ ធុន​តូច​ និង​មធ្យម ក្នុង​ការពង្រីក​សក្ដានុពល​អាជីវកម្ម​តាម​រយៈការធ្វើទីផ្សារ​លើ​ផលិតផល​ ដែល​មានអត្ដ សញ្ញាណ​ច្បាស់​លាស់​ និង​នាំចេញ​ទៅ​ទីផ្សារ​អន្ដរជាតិ​ថែម​ទៀត​ផង។​ តាមរយៈប្រព័ន្ធស្នើសុំចុះបញ្ជីម៉ាកតាមអេឡិចត្រូនិក ដែលដាក់ឲ្យដំណើរការថ្ងៃនេះ សាធារណជនអាចដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាក និងសេវាពាក់ព័ន្ធនឹងម៉ាកពាណិជ្ជកម្មនៅគ្រប់ទីកន្លែង ដោយគ្រាន់តែចូលទៅកាន់គេហទំព័រ www.efiling.cambodiaip.gov.kh របស់នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម។ សូម​បញ្ជាក់ថា​ គិតចាប់តាំ​ង​ពីឆ្នាំ​១៩៩១ រហូតដល់​ឆ្នាំ២០១៧​ នេះ​ ក្រសួងពាណិជ្ជកម្ម​ បានធ្វើ​ការចុះ​បញ្ជីម៉ាក​បាន​ចំនួន​​ជាង ​៧ម៉ឺន​ម៉ាក​ ទាំង​ក្រុមហ៊ុន​ក្នុងស្រុក​ និង​ក្រៅស្រុក៕​
X
5s