សូចនាករសំខាន់ៗចំនួន៥ដែលអាចវាស់ស្ទង់លើសពីអ្វីដែលGDPអាចធ្វើបាន
ផលិតផលក្នុងស្រុកសរុប ឬ GDP (Gross Domestic Produce) សំដៅទៅលើតម្លៃសរុបនៃផលិតផលនិងសេវាកម្មដែលប្រទេសមួយផលិតបានក្នុងមួយឆ្នាំ។ ការគណនារបៀបនេះតែងត្រូវបានគេប្រើប្រាស់ជាឧបករណ៍មួយសម្រាប់វាស់ស្ទង់អំពីសម្ទុះនៃភាពរីកចម្រើនរបស់ប្រទេសនីមួយៗនៅទូទាំងពិភពលោក ដោយផ្អែកទៅលើលទ្ធផលគណនានៃផលិតផលក្នុងស្រុកសរុបនេះ ពួកគេនឹងដឹងថាតើសេដ្ឋកិច្ចរបស់ប្រទេសមួយនេះកំពុងដើរទៅមុខ ឬដើរថយក្រោយ។
ជាច្រើនទសវត្សមកហើយដែលឧបករណ៍មួយនេះត្រូវបានប្រើប្រាស់ជាសកលលោក យ៉ាងណាមិញការផ្លាស់ប្ដូរឥតឈប់ឈរក្នុងមួយពព្រិចភ្នែកដែលជាលទ្ធផលពីសកលភាវូបនីយកម្ម បច្ចេកវិទ្យាច្នៃប្រឌិតទំនើបដែលកំពុងតែលើកតម្កើងពីសក្ដានុពលដ៏ឥតមានដែនកំណត់របស់មនុស្សជាតិ និងសម័យកាលដែលយើងកំពុងរស់នៅដែលត្រូវបានគេហៅថា "បដិវត្តឧស្សាហកម្មទី៤" បានជំរុញអ្វីដែលប្រធានសេដ្ឋកិច្ចវិទូរបស់វេទិកាសេដ្ឋកិច្ចពិភពលោក ដែលហៅកាត់ថាWEF គឺ Jennifer Blanke ចោទជាសំណួរទៅលើតួនាទីរបស់GDPដូច្នេះថា៖ "តើការរីកចម្រើននេះមានសមភាពទេ តើវាបង្ហាញពីភាពពណ៌បៃតងរបស់ប្រទេសនេះទេ ម្យ៉ាងទៀតតើវាបានលើកកម្ពស់ជីវិតរបស់មនុស្សក្នុងប្រទេសនេះទេ ?" ។
ប្រធានសេដ្ឋកិច្ចវិទូដដែលរូបនេះថែមទាំងបានពញ្ញាក់ស្មារតីនូវអ្វីដែលមនុស្សភាគច្រើនដែលធ្លាប់តែពឹងផ្អែកទៅលើGDPតែម្យ៉ាងមើលរំលង ក្នុងការយកសេដ្ឋកិច្ចរបស់ប្រទេសមួយឆ្លុះបញ្ចាំងពីគុណភាពជីវិតរបស់មនុស្សនៅក្នុងប្រទេសមួយនោះបែបនេះថា៖ "GDPគ្រាន់តែអាចផ្ដល់នូវរង្វាស់មួយអំពីផលិតផលនិងសេវាកម្មសរុបដែលសេដ្ឋកិច្ចមួយផលិតបានក្នុងរយៈពេលកំណត់ជាក់លាក់មួយប៉ុណ្ណោះ ដោយពុំមានគោលដៅឆ្លើយទៅនឹងអ្វីទៅដែលត្រូវបានផលិត ហើយត្រូវបានផលិតដោយរបៀបណា ហើយនរណាជាអ្នកផលិតវានោះទេ"។
និយាយឲ្យចំទៅភាពរីកចម្រើននៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសមួយ មិនមែនមានន័យថាមនុស្សក្នុងប្រទេសមួយនោះរស់នៅយ៉ាងមានសេចក្ដីសុខ ប្រាក់ខែការងារដែលពួកគេទទួលបានអាចបំពេញតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់ខ្លួននិងគ្រួសារបានយ៉ាងមានតុល្យភាព មានសុខភាពល្អ រស់នៅក្នុងបរិស្ថានដែលមានការបំពុលកម្រិតទាប ឬក៏គម្លាតរវាងអ្នកមាននិងអ្នកក្រមានទាបនោះទេ។
ដូច្នេះហើយទើបបានជាកាលពីឆ្នាំមុន នៅក្នុងការប្រជុំដែលតែងធ្វើឡើងជារៀងរាល់ឆ្នាំមួយរបស់វេទិកាសេដ្ឋកិច្ចពិភពលោក ដែលធ្វើឡើងចំនួន៣ថ្ងៃចាប់ពី២០ដល់២៣ នៅខែមករា សេដ្ឋកិច្ចវិទូជាច្រើននាក់បានពិគ្រោះពិភាក្សាគ្នាលើកឡើងពីការកែសម្រួលឡើងវិញនូវវិធីដែលពួកគេតែងយកGDPប្រើប្រាស់ដើម្បីវាស់ស្ទង់ពីភាពរីកចម្រើនរបស់ប្រទេសមួយ និងបានមើលឃើញសូចនាករចំនួន៥កត្តាដែលជាការវាស់ស្ទង់ដ៏ល្អប្រសើរជាងGDP។ សូចនាករទាំង៥នោះមាន៖
១) ការងារល្អ
២) គុណភាពជីវិតល្អ
៣) បរិស្ថាន
៤) សមភាព
៥) សុខភាព។
សេដ្ឋកិច្ចវិទូឈ្នះពានរង្វាន់ណូបែលមួយរូប លោក Joseph Stiglitz ក៏បានលើកឡើងក្នុងការប្រជុំនេះផងដែរថា៖ "អ្វីដែលយើងវាស់ស្ទង់ ប្រាប់យើងពីអ្វីដែលយើងធ្វើ។ ហើយបើយើងវាស់ស្ទង់អ្វីដែលមិនត្រឹមត្រូវហើយ នោះយើងមុខជាធ្វើខុសមិនខាន។" ៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ weforum