មនុស្សមិនគួរមើលរំលងអាហារសរីរាង្គក្នុងការបង្កើនគុណភាពជីវិតនិងការអភិរក្សបរិស្ថាននោះទេ
កំណើនប្រជាជនក្នុងសម្ទុះមួយយ៉ាងឆាប់រហ័សពីមួយឆ្នាំទៅមួយឆ្នាំ ដែលនាំទៅរកលទ្ធផលនៃកង្វះខាតតម្រូវការចាំបាច់ប្រចាំថ្ងៃ មិនថាតែការហូបចុក ទីជម្រកអ្វីនោះទេ។ មូលហេតុនេះបានមានឥទ្ធិពលទៅលើការគិតរបស់មនុស្សមួយភាគធំនៅលើពិភពលោកឲ្យចាប់ផ្ដើមដើរតាមផ្លូវកាត់ ស្វែងរកប្រយោជន៍នៅចំពោះមុខមុនគេ ដែលជាប្រយោជន៍ក្នុងរយៈពេលខ្លី ទទួលបានផលរហ័សទាន់ចិត្ត តែបង្កជាផលវិបាកស្ដាយក្រោយធ្ងន់ធ្ងរនាពេលក្រោយ។ សំដៅឲ្យចំទៅអ្នកដាំដុះដំណាំនិងអ្នកប្រកបមុខរបរលក់របស់ហូបចុកនៅតាមទីផ្សារជាដើម តែងព្យាយាមរិះរកវិធីសាស្ត្រយ៉ាងណាដើម្បីទទួលបានផលចំណេញច្រើន ហើយចំណាយរយៈពេលតិចឆាប់ដល់គោលដៅ និងលះបង់ចោលនូវការយកចិត្តទុកដាក់ពីផលប៉ះពាល់លើសុខភាពមនុស្សនិងបរិស្ថាននៅក្នុងរយៈពេលវែង។ សព្វថ្ងៃពិតជាពិបាកស្វែងរកណាស់នូវម្ហូបអាហារ បន្លែ ផ្លែឈើទាំងឡាយណាដែលដាំដុះតាមបែបធម្មជាតិ ឬហៅថាអាហារសរីរាង្គ ដែលប្រព័ន្ធដាំដុះគិតគូរជាចម្បងទៅលើសុខភាពមនុស្ស ប្រើប្រាស់ឡើងវិញនូវធនធានដែលប្រើរួច និងអភិរក្សជីវិតជីវចម្រុះនៅក្នុងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងដាក់កម្រិតទៅលើការប្រើប្រាស់ថ្នាំគីមីផ្សេងៗផងដែរ។ ក្រៅពីការយល់ដឹងជាទូទៅអំពីប្រយោជន៍នៃការទទួលទានអាហារសរីរាង្គដែលមានទៅលើសុខភាពល្អហើយ មានការសិក្សាជាច្រើនបានបង្ហាញអំពីគុណប្រយោជន៍សំខាន់ៗលើសពីនេះដែលទទួលបានពីការបរិភោគផលិតផលអាហារសរីរាង្គ ក្នុងនោះមានដូចជា៖
- កាត់បន្ថយការកើតឡើងនូវជំងឺធាត់របស់មនុស្សវ័យជំទង់និងជំងឺទឹកនោមផ្អែមប្រភេទទី២
- កាត់បន្ថយរោគបេះដូងរួមទាំងជំងឺពាក់ព័ន្ធដទៃទៀត
- កាត់បន្ថយផលប៉ះពាល់ទៅលើបរិស្ថាននៅពេលមានការរំភាយឧស្ម័នពីផ្ទះកញ្ចក់តិចតួចជាងមុន
- ការទទួលទានអាហារដែលមានជាតិថ្នាំសម្លាប់សត្វល្អិតក្នុងកម្រិតទាប នាំឲ្យមានដំណើរការណ៍ការគិតរីកចម្រើនបានល្អ
- កាត់បន្ថយដំណើរការណ៍ដែលនាំទៅរកការប្រឆាំងនឹងអុកស៊ីតកម្មកម្រិតខ្ពស់
- កាត់បន្ថយនូវជាតិកាត់ម៉្ញូមដែលមាននៅក្នុងជីគីមី៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ wikipedia & alternet