ញាណរបស់អ្នកមិនមែនជាអ្វីដែលគួរឲ្យទុកចិត្តបានដូចដែលអ្នកធ្លាប់គិតនោះទេ !
នៅពេលអ្នកវិទ្យាសាស្ត្រប្រព័ន្ធប្រសាទព្យាយាមជ្រមុជចូលឲ្យបានកាន់តែជ្រៅ ដើម្បីទៅបើកកកាយស្វែងយល់ពីដំណើរការណ៍ដ៏អាថ៌កំបាំងនិងស្មុគស្មាញបំផុតរបស់មនុស្សនៅក្នុងសរីរាង្គទម្ងន់៣ផោនដែលត្រូវបានការពារដោយលលាដ៍ក្បាលនេះ ទើបយើងចាប់ផ្ដើមយល់ពីអ្វីដែលទស្សនវិទូក្រិក អារីស្តូតបានពោលឡើងនៅក្នុងឆ្នាំ៣៥០មុនគ.សថា៖ "ញាណរបស់យើងអាចជាទីទុកចិត្តបាន ប៉ុន្តែវាក៏ងាយនឹងត្រូវបានបំភ័ន្តផងដែរ។"
ខួរក្បាលបង្កឡើងដោយណឺរ៉ូនប្រមាណ១៦ពាន់លាន់ ហើយវាក៏មិនបានបញ្ឈប់បង្ហាញពីលក្ខណៈស្មុគស្មាញរបស់វាត្រឹមនេះដែរ ពុំនោះទេមនុស្សក៏មិនអាចមានសមត្ថភាពវិភាគ គិតស៊ីជម្រៅ ឬសម្រេចចិត្តកិច្ចការលំបាកអ្វីៗបានដែរ ព្រោះនៅក្នុងណឺរ៉ូននីមួយៗនៅបន្តបង្កើតរាប់ពាន់ចំណងជាមួយណឺរ៉ូនផ្សេងទៀត ហៅថាចំណងសីុណែប ដែលនៅក្នុងសីុណែបមានម៉ូលេគុលប្រូតេអ៊ីនជាច្រើនធ្វើដំណើរឆ្លងកាត់វាផងដែរ។ ដំណើរការណ៍នៅក្នុងខួរក្បាលមិនខុសគ្នាពីអ្នកកាសែតមួយក្រុមដែលធ្វើការទៅតាមតួនាទីរៀងៗខ្លួនដើម្បីចេញផ្សាយអត្ថបទទៅលើប្រធានបទមួយឡើងនោះទេ។
ម្នាក់ទៅប្រមូលព័ត៌មានពីតំបន់នេះ ម្នាក់ទៀតតំបន់នោះ ទម្រាំតែអាចចេញផ្សាយអត្ថបទនិយាយអំពីប្រធានបទណាមួយឲ្យអ្នកទទួលដឹងព័ត៌មានបាន។ សតិសម្បជញ្ញៈ ឬសំដៅទៅលើអ្នកនេះឯង គ្រាន់តែជាអ្នកដឹងក្រោយគេប៉ុណ្ណោះថារឿងរ៉ាវអ្វីបានកើតឡើង។ អ្នកមិនបានដឹងខ្លួននោះទេថានៅពីក្រោមស្រទាប់ខាងលើនៃសតិសម្បជញ្ញៈដែលបំពេញមុខងារត្រឹមតែ១០ភាគរយនៅក្នុងថ្ងៃនីមួយៗក្នុងជីវិតរបស់អ្នក ក្រៅពីនោះគឺជាផ្នែកដែលមើលមិនឃើញ៩០ភាគរយទៀតដែលបង្គាប់បញ្ជាទៅលើការសម្រេចចិត្តរបស់អ្នក ឥរិយាបថ អត្តចរិត និងទម្លាប់ជាដើម។ អ្នកអាចអង្គុយអានដើម្បីទទួលដឹងព័ត៌មានខាងក្រៅយ៉ាងងាយស្រួលបានក៏ដោយសារតែគ្រឿងម៉ាស៊ីនដែលនៅខាងក្រោមសតិសម្បជញ្ញៈរបស់អ្នក កំពុងដំណើរការណ៍យ៉ាងមមាញឹកឥតឈប់ឈរ ដោយឥតមានការទទួលដឹងពីសតិសម្បជញ្ញៈនោះឡើយ។ លក្ខណៈធម្មជាតិមួយនេះរបស់ខួរក្បាលមនុស្ស គឺជាប្រយោជន៍ល្អទៅវិញ។
វត្តមានរបស់សតិសម្បជញ្ញៈច្រើនក៏មិនអាចទៅជួយអ្វីដល់អនុសម្បជញ្ញៈរបស់អ្នកដែលកំពុងបំពេញតួនាទីរបស់វាដោយស្វ័យប្រវត្តិ រលូន និងរហ័សបត់បែននេះបានដែរ។ អ្នកអាចពិសោធន៍ខ្លួនឯងដើម្បីបញ្ជាក់បាន ដោយគ្រាន់តែងាកមកចាប់អារម្មណ៍ទៅលើសកម្មភាពដែលតែងប្រព្រឹត្តទៅដោយឥតដឹងខ្លួន និងស្វ័យប្រវត្តិរហូតក្លាយជាទម្លាប់ដូចជាការដើរ នោះអ្នកនឹងធ្វើវាមិនបានល្អឡើយ ដំណើររបស់អ្នកនឹងប្រព្រឹត្តទៅដោយឥរិយាបថខុសប្រក្រតីនិងចម្លែកចិត្តជាមិនខាន។ និយាយពីចក្ខុរបស់អ្នកមានចំណែកទទួលយកព័ត៌មានឲ្យអ្នករហូតដល់ទៅ១ភាគ៣ឯណោះ។
ប៉ុន្តែហេតុអ្វីអ្នកមិនគួរជឿទុកចិត្តនូវរាល់ព័ត៌មានដែលមកប៉ះនឹងភ្នែករបស់អ្នកផ្ទាល់ ? សាកស្រមៃថាអ្នកកំពុងអង្គុយអានសៀវភៅនៅក្នុងបន្ទប់មួយ ដែលនៅលើតុមានថូផ្កា កែវទឹកនិងសៀវភៅជាច្រើនក្បាលទៀត។ បើមិត្តរបស់អ្នកម្នាក់សួរថា សៀវភៅទាំងនេះជាសៀវភៅអ្វីខ្លះ នោះអ្នកមិនដឹងសោះឡើយថាមានសៀវភៅអ្វីខ្លះ ទើបសតិសម្បជញ្ញៈរបស់អ្នកចាប់ផ្ដើមប្រមូលយកព័ត៌មានបន្ថែមថាមានសៀវភៅអ្វីខ្លះ។ នេះចង់បញ្ជាក់ថាអ្វីដែលអ្នកដាក់ភ្នែកសម្លឹងមើល មិនប្រាកដថាអ្នកនឹងមើលឃើញអ្វីដូចជាការពិតមានបង្ហាញទាំងអស់នោះទេ ដោយសារតែផ្លូវដែលព័ត៌មានដឹកនាំពីចក្ខុទៅកាន់ខួរក្បាលមានទំហំតូច ដូច្នេះខួរក្បាលទទួលយកតែព័ត៌មានណាដែលចាំបាច់សម្រាប់តែសតិរបស់អ្នកប៉ុណ្ណោះ វាមិនត្រូវការដឹងអ្វីៗគ្រប់យ៉ាងដែលចូលមកភ្នែករបស់អ្នកឡើយ។
តាំងពីសម័យកាលរបស់អារីស្តូតមកម្ល៉េះ រូបភាពបំភ័ន្តភ្នែកត្រូវបានយកមកប្រើប្រាស់ជាឧបករណ៍សម្រាប់ជាទ្វារបើកចំហទៅកាន់ការយល់ដឹងអំពីធម្មជាតិដែលព័ត៌មានត្រូវបានដឹកនាំពីភ្នែកទៅកាន់ខួរក្បាល។ អារីស្តូតបានសង្កេតឃើញថា នៅពេលគាត់សម្លឹងមើលទឹកជ្រោះដែលកំពុងធ្វើចលនាធ្លាក់មក រួចងាកទៅសម្លឹងមើលដុំថ្មដែលក្បែរទឹកធ្លាក់នោះវិញ ដុំថ្មដែលមានធម្មជាតិនឹងថ្កល់បែបនេះ ក៏ធ្វើចលនាដែរ តែនៅក្នុងទិសដៅផ្ទុយពីទឹកធ្លាក់។ នេះក៏ដោយសារតែណឺរ៉ូនជាច្រើននៅក្នុងខួរក្បាលប្រកួតប្រជែងជាមួយគ្នាយ៉ាងខ្លាំង ដើម្បីផ្ដល់ព័ត៌មានដល់អ្នក ទើបធ្វើឲ្យមានការបកស្រាយខុសបែបនេះ។
រីឯរូបភាពបំភ័ន្តភ្នែកខាងលើក៏មិនមានចលនាអ្វីដែរ បើទោះជាភ្នែកយើងមើលឃើញថាវាមានចលនាក៏ដោយ។ លើសពីនេះទៅទៀត អ្នកក៏មិនអាចមើលឃើញរូបភាពពីរឬច្រើនផ្សេងគ្នាក្នុងពេលតែមួយជាន់គ្នានោះទេ ឬក៏រូបភាពផ្សេងគ្នាលាយចូលគ្នានោះដែរ ដូចមានរូបភាពខ្លះដែលម្ដងអ្នកមើលឃើញជាស្ត្រីចំណាស់ម្នាក់ ម្ដងជាក្រមុំម្នាក់ដូច្នោះ។ អ្នកអាចមើលឃើញម្ដងមួយៗប៉ុណ្ណោះ៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ ដកស្រង់ចេញពីសៀវភៅ Incognito ដោយ David Eagleman