ហេតុអ្វីបានជាអាហ្វ្រិកគឺជាទ្វីបមួយដែលក្រីក្រជាងគេបំផុតនៅលើពិភពលោក ?​



ប្រធានាធិបតី​សាធារណរដ្ឋ​លីបេរីយ៉ា លោកស្រី Ellen Johnson-Sirleaf បាន​ពោល​ឡើង​ដូច្នេះ​ថា៖ "អាហ្វ្រិក​មិនមែន​ក្រីក្រ​នោះ​ទេ គ្រាន់តែ​វា​ត្រូវ​បាន​គ្រប់គ្រង​យ៉ាង​យ៉ាប់យ៉ឺន​ប៉ុណ្ណោះ។"

អាហ្វ្រិក​គឺជា​ទ្វីប​មួយ​ដែល​ឈរ​នៅ​លំដាប់​ទី២​បន្ទាប់​ពី​ទ្វីប​អាសីុ ជា​ទ្វីប​ដ៏​ធំ​ជាងគេ​បង្អស់​ក្នុង​ភព​ផែនដី និង​ចំនួន​ប្រជាជន​មាន​ច្រើន​លើសលប់​រហូត​ដល់​ប្រមាណ​ជាង​១​ពាន់​លាន​នាក់ ធ្វើឲ្យ​ទ្វីប​មួយ​នេះ​ស្ថិត​នៅ​លំដាប់​ទី២​ជា​ទ្វីប​ដែល​មាន​ប្រជាជន​ច្រើន​ជាងគេ​បំផុត។ មាន​តំបន់​ភូមិសាស្ត្រ​ដែល​ភាគ​ខាងជើង​ជាប់​នឹង​សមុទ្រ​មេឌីទែរ៉ាណេ ភាគ​ឦសាន​ជាប់​នឹង​ប្រឡាយ​ស៊ុយអែស​និង​សមុទ្រ​ក្រហម ភាគ​ខាងកើត​និង​ភាគ​អាគ្នេយ៍​ជាប់​នឹង​សមុទ្រ​ឥណ្ឌា រីឯ​ខាងលិច​ជាប់​នឹង​សមុទ្រ​អាត្លង់ទិច។ ក្រឡេក​ទៅ​ពិនិត្យ​មើល​ធនធាន​ធម្មជាតិ​ដ៏​គួរ​ជាទី​មោទនភាព​របស់​ប្រជាជន​អាហ្វ្រិក​វិញ មាន​ទន្លេ​នីល​ដែល​ត្រូវ​បាន​ពិភពលោក​ចាត់​ទុក​ជា​ទន្លេ​ដ៏​វែង​ជាងគេ​នៅ​លើ​ពិភពលោក និង​វាលខ្សាច់​ដ៏​ធំ​ជាងគេ​បំផុត​ដែល​មាន​ឈ្មោះ​ថា វាលខ្សាច់​សាហារ៉ា​ផង​ដែរ។

ជា​សម្បុក​នៃ​កំណប់​ទ្រព្យ​ធម្មជាតិ​ដ៏​ច្រើន​មហាសាល​មាន​ដូចជា រ៉ែ​ខនិជ ត្បូង មាស​ពេជ្រ ប្រេងកាត ប្លាទីន រ៉ែដែក ស័ង្កសី ក្រូម ហ្វូស្វ័រ ប៉ូតាស្យូម នីកែល និង​ដើមឈើ​ធំៗ​មាន​ប្រយោជន៍​ជាច្រើន​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​សាងសង់​ផ្ទះ។ បើ​ទឹកដី​មួយ​នេះ​មាន​ធនធាន​ធម្មជាតិ​យ៉ាង​អំណោយផល​បែប​នេះ ចុះ​ហេតុអ្វី​បាន​ជា​ប្រជាជន​ប្រមាណ​២៣៣​លាន​នាក់​ពី​ឆ្នាំ​២០១៤​ដល់​២០១៦​នៅ​ក្នុង​តំបន់​សាហារ៉ា​តែ​មួយ​ប៉ុណ្ណោះ ជួប​ប្រទះ​នឹង​ភាព​អត់ឃ្លាន ក្លាយ​ជា​តំបន់​ទី​២​នៅ​លើ​ពិភពលោក​បន្ទាប់​ពី​អាសីុ ដែល​មាន​ប្រជាជន​ច្រើន​បំផុត​ជួប​ប្រទះ​នឹង​ភាព​អត់ឃ្លាន ? លើសពីនេះទៅទៀត បើ​យោង​តាម​របាយការណ៍​ពី​ធនាគារ​ពិភពលោក ក្នុង​ឆ្នាំ​២០១២​មាន​ប្រជាជន​ចំនួន​៥០១​លាន​នាក់ ដែល​ស្មើ​នឹង​៤១​ភាគរយ​នៃ​ប្រជាជន​របស់​តំបន់​សាហារ៉ា​ទាំងមូល រស់នៅ​ជាមួយ​កម្រៃ​ត្រឹមតែ​១.៩០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ។ ហេតុអ្វី ? ហេតុអ្វី​ធនធាន​ធម្មជាតិ​មិន​បាន​ជួយ​ផ្ដល់​គុណភាព​ជីវិត​ប្រជាជន​អាហ្វ្រិក​ដ៏​ល្អ​ប្រសើរ តែ​ផ្ទុយទៅវិញ​បែរ​ជា​ធ្វើឲ្យ​ជីវភាព​ពួកគេ​កាន់តែ​អាក្រក់​ទៅ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​យ៉ាង​ដូច្នេះ ?

ឥទ្ធិពល​នៃ​សកលភាវូបនីយកម្ម

អ្នក​សារព័ត៌មានមួយរូប​របស់​ទស្សនាវដ្ដី Financial Times ដែល​សរសេរ​ពាក់ព័ន្ធ​នឹង​តំបន់​អាហ្វ្រិក​អស់​រយៈពេល​៦​ឆ្នាំ​កន្លង​មក​បាន​លើកឡើង​ដូច្នេះ​ថា៖ "ពួក​យើង​ម្នាក់ៗ​គួរ​តែ​ទទួលខុសត្រូវ​ទៅលើ​ស្ថានភាព​ដ៏​អកុសល​មួយ​នេះ នៅ​រាល់ពេល​ដែល​យើង​ចាក់​ហ្គាស​បញ្ចូល​រថយន្ត​ប្រើប្រាស់ ទិញ​មាស​និង​ចិញ្ចៀន​រៀបការ​ត្បូង​ពេជ្រ ក្រេប​ទឹក​ដែល​មាន​ជាតិ​ហ្គាស​នៅ​ក្នុង​កំប៉ុង​អាលុយមីញ៉ូម ឬ​សូម្បី​តែ​ប្រើប្រាស់​ទូរស័ព្ទ"។  ប៉ុន្តែ​រាល់​ប្រយោជន៍​ស្រាប់ៗ​ទាំងនោះ​ត្រូវ​បាន​ពួក​ខាងលិច​រួម​ទាំង​ចិន និង​ស្ទើរតែ​ពាសពេញ​មួយ​ពិភពលោក​ទៅ​ហើយ​ដែល​បាន​បូម​យក​ប្រយោជន៍​នេះ​ពី​តំបន់​អាហ្វ្រិក​ទៅ ដើម្បី​បង្កើត​កុំព្យូទ័រ ម៉ាស៊ីន និង​យន្តហោះ ដោយ​មិន​បាន​បង់​ពន្ធ​ត្រឹមត្រូវ​តាម​ច្បាប់​នោះ​ឡើយ។ មូលហេតុ​ដែល​រួម​ចំណែក​ដល់​ភាព​ក្រីក្រ​ផង​ដែរ​នោះ​គឺ​ភាព​អភិជនាធិបតេយ្យ​របស់​អ្នកដឹកនាំ​នៅ​តាម​តំបន់ ដែល​ប្រមូល​លុយ​ទាំងនេះ​ចូល​ក្នុង​ហោប៉ៅ​របស់​ខ្លួន​យ៉ាង​ពុក​រលួយ ដែល​ជា​លទ្ធផល​នៃ​គម្លាត​ដ៏​ធំ​រវាង​អ្នក​មាន​និង​អ្នក​ក្រីក្រ​ដ៏​ច្រើន​លើសលប់​ដែល​ស្ទើរតែ​ស្លាប់​ដោយ​អត់​អាហារ។

បញ្ហា​បរិស្ថាន

ការ​ប្រែប្រួល​អាកាសធាតុ​បាន​កែប្រែ​តំបន់​អាហ្វ្រិក​វិវត្ត​ដំណើរ​ទៅ​ជា​វាល​រហោស្ថាន និង​សកម្មភាព​មនុស្ស​ក្នុង​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​រឹតតែ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត​គឺជា​ភាព​រាំង​ស្ងួត​និង​កង្វះ​ទឹក ដែល​នាំ​ទៅ​រក​ភាព​មិន​អំណោយផល​ក្នុង​ការ​ដាំដុះ​ដំណាំ និង​ផលិតផល​កសិកម្ម។ មិន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ឡើយ​ដែល​ហេតុ​នេះ​ហើយ ដែល​បង្ក​ជា​ភាព​អត់ឃ្លាន​ទៅលើ​ប្រជាជន​ជាច្រើន​នាក់​ពាសពេញ​តំបន់​អាហ្វ្រិក។

កំណើន​ប្រជាជន

មិន​ត្រឹមតែ​ជា​ទ្វីប​ដ៏​ក្រីក្រ​ជាងគេ​បង្អស់​នៅ​ក្នុង​ពិភពលោក​នោះ​ទេ ទ្វីប​អាហ្វ្រិក​ថែម​ទាំង​មាន​កំណើន​ផ្ដល់​កំណើត​ខ្ពស់​ជាងគេ​បង្អស់​ប្រៀប​ទៅ​នឹង​បណ្ដា​ទ្វីប​ដទៃ​ទៀត​ផង​ដែរ។ ចំនួន​ប្រជាជន​អាហ្វ្រិក​បាន​កើន​ឡើង​ក្នុង​សម្ទុះ​មួយ​ដ៏​គួរ​ឲ្យ​កត់​សម្គាល់ ពី​ចំនួន​២២១​លាន​នាក់​ក្នុង​ឆ្នាំ​១៩៥០​រហូត​ដល់​១​ពាន់​លាន​នាក់​ក្នុង​ឆ្នាំ​២០០៩។ បើ​យោង​តាម​របាយការណ៍​របស់Guardian​កាល​ពី​ឆ្នាំ​២០១១ ស្ត្រី​ក្នុង​១​នាក់​ជា​មធ្យម​ផ្ដល់​កំណើត​ដល់​កូន​ចំនួន​៥.២​នាក់​ពេញ​មួយ​ជីវិត​របស់​គាត់។ ក្រៅ​ពី​នោះ ភាព​អវិជ្ជា​គឺជា​ឫសគល់​ដ៏​ចម្បង​និង​ធ្ងន់ធ្ងរ​មួយ ដែល​បង្ក​ឲ្យ​មាន​ជម្លោះ​កើត​ឡើង​ឥត​ឈប់ឈរ​និង​កាន់តែ​ធ្ងន់ធ្ងរ ហើយ​ស្ថិត​នៅ​ក្នុង​អត្រា​ខ្ពស់​បំផុត​ទៀត​ផង ទៅលើ​ការ​រំលោភ​សិទ្ធិ​មនុស្ស រួម​ទាំង​ភាព​ទន់ខ្សោយ​និង​ផុយ​ស្រួយ​នៅ​ក្នុង​ប្រសិទ្ធភាព​របស់​រដ្ឋាភិបាល​និង​ច្បាប់​ប្រទេស​និង​ការ​គ្រប់គ្រង​ទៅលើ​អំពើ​ពុករលួយ៕

ដោយ៖ ស្រីពៅ

X
5s