តើអ្វីទៅជាប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ (Market Economic System)?​



ប្រព័ន្ធសេដ្ឋកិច្ច (Economic System) គឺជាប្រព័ន្ធនៃផលិតកម្ម ការចាត់ចែងធនធាន និង ការបែងចែក ទំនិញ និង សេវាកម្មនៅក្នុងសង្គមមួយ ឬតំបន់ភូមិសាស្ត្រណាមួយ។ ប្រព័ន្ធសេដ្ឋកិច្ចនៅលើសាកលលោកត្រូវបាន បែងចែកចេញជា ៤ ប្រភេទធំៗគឺ ប្រព័ន្ធសេដ្ឋកិច្ចប្រពៃណី (Traditional Economic System) ប្រព័ន្ធសេដ្ឋកិច្ច ផែនការ (Planned Economic System) ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ (Market Economic System) និង ប្រព័ន្ធ សេដ្ឋកិច្ចចម្រុះ (Mixed Economic System)។

នៅក្នុងអត្ថបទមួយនេះ យើងនឹងសិក្សាតែទៅលើប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ (Market Economic System) ប៉ុណ្ណោះ។ តើប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ (Market Economic System) គឺជាអ្វី?

ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ គឺជាប្រព័ន្ធសេដ្ឋកិច្ចមួយដែលរាល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ច និង ការកំណត់តម្លៃ លើទំនិញ និង សេវាត្រូវបានធ្វើឡើងដោយការព្រមព្រៀងគ្នារវាងអ្នកលក់ និង អ្នកទិញ ដែលការណ៍នេះ រដ្ឋាភិបាល អាចធ្វើអន្តរាគមន៍តិចតួច ឬក៏មិនមានផង។ ផ្អែកទៅលើរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ កម្ពុជាគឺជាប្រទេសមួយដែល អនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ដែលបើកទូលាយឱ្យពលរដ្ឋមានសិទ្ធិលក់ដូរផលិតផលរបស់ខ្លួនដោយសេរីនៅលើ ទីផ្សារ លើកលែងតែទំនិញ ឬ សេវាកម្មទាំងឡាយណាដែលត្រូវបានហាមឃាត់ដោយច្បាប់។

នៅក្នុងប្រព័ន្ធទីផ្សារសេរី អ្នកលក់ និង អ្នកទិញអាចធ្វើប្រតិបត្តិការជួញដូរដោយសេរីនៅពេលដែលពួកគេ ព្រមព្រៀងគ្នាលើតម្លៃនៃទំនិញ ឬសេវាកម្ម។ ជាឧទាហរណ៍ សន្មត់ថាអ្នកលក់មានបំណងចង់លក់ម៉ូតូរបស់ខ្លួនក្នុង តម្លៃ $១២០០ ហើយអ្នកទិញមានបំណងទិញម៉ូតូនោះក្នុងតម្លៃ $១០០០។ ប្រតិបត្តិការនៃការលក់ទិញនេះ នឹងកើតមានឡើង នៅពេលដែលពួកគេព្រមព្រៀងគ្នានៅក្នុងតម្លៃណាមួយនោះ។ ជាការពិតណាស់ មូលដ្ឋានគ្រឹះទ្រឹស្តីនៃសេដ្ឋកិច្ចទីផ្សារត្រូវបានបង្កើតឡើង និង អភិវឌ្ឍដោយអ្នកសេដ្ឋកិច្ច សម័យបុរាណ មានដូចជា លោក អាដាម ស្មីត (Adam Smith—1723-1790) លោក ដេវីត រីកាដូ (David Ricardo—1772-1823) និង លោក ហ្សង់ បាទីស សេ (Jean-Baptiste Say—1767-1832) ជាដើម។ ពួកគេ ជឿជាក់ថា ការគាំពារនិយម និង ការធ្វើអន្តរាគមន៍ពីរដ្ឋាភិបាលនឹងនាំឱ្យកើតមានឡើងនូវអប្រសិទ្ធិភាពសេដ្ឋកិច្ច (Economic Inefficiencies) ដែលការណ៍នេះ នឹងធ្វើឱ្យជីវភាពប្រជាជនកាន់តែលំបាក។

ខាងក្រោមនេះគឺជាលក្ខណៈទាំង ៦ យ៉ាងរបស់សេដ្ឋកិច្ចទីផ្សារ៖

១. ទ្រព្យសម្បត្តិឯកជន (Private Property): ភាគច្រើន ទំនិញ និង សេវាកម្មគឺជាកម្មសិទ្ធិរបស់បុគ្គលឯកជន។ ម្ចាស់កម្មសិទ្ធិអាចធ្វើកិច្ចសន្យាស្របច្បាប់ដើម្បីទិញ លក់ ឬជួលទ្រព្យសម្បត្តិរបស់ពួកគេ។ យើងអាចនិយាយ មួយបែបទៀតថា ម្ចាស់កម្មសិទ្ធិមានសិទ្ធិពេញលេញក្នុងការទទួលបាននូវផលប្រយោជន៍ពីទ្រព្យសម្បត្តិដែល ជាកម្មសិទ្ធិរបស់ពួកគេ។

២. សេរីភាពនៃជម្រើស (Freedom of Choice): ម្ចាស់កម្មសិទ្ធិមានសេរីភាពពេញលេញក្នុងការផលិត លក់ និង ទិញទំនិញ និង សេវាកម្មនៅក្នុងទីផ្សារប្រកួតប្រជែង។ ល័ក្ខខ័ណ្ឌពីរដែលពួកគេត្រូវបំពេញគឺ ទី១ តម្លៃដែលពួក គេមានឆន្ទៈ (បំណង) ក្នុងការទិញលក់ និង ទី ២ គឺចំនួននៃធនធានដែលពួកគេមាន។

៣. បុព្វហេតុនៃផលប្រយោជន៍ផ្ទាល់ (Motive of Self-Interest): រាល់បុគ្គលទាំងឡាយ តែងតែលក់ទំនិញរបស់ពួកគេទៅឱ្យបុគ្គលដែលហ៊ានឱ្យតម្លៃខ្ពស់បំផុត ខណៈពេលដែលកំពុងចរចារពីតម្លៃ។ ទោះបីជាហេតុផលនេះ ស្តាប់ទៅហាក់បីដូចជាអាត្មានិយម ប៉ុន្តែវាផ្តល់នូវអត្ថប្រយោជន៍ដល់សេដ្ឋកិច្ចនាពេលខាងមុខ។ នោះក៏ព្រោះតែ ប្រព័ន្ធនៃការដេញថ្លៃនេះ កំណត់នូវតម្លៃសម្រាប់ទំនិញ និង សេវាកម្មដែលឆ្លុះបញ្ចាំងពីតម្លៃនៅលើទីផ្សាររបស់ ពួកគេ។

៤. ការប្រកួតប្រជែង (Competition): សម្ពាធនៃការប្រកួតប្រជែងនឹងធ្វើឱ្យតម្លៃធ្លាក់ចុះ ហើយវាក៏ធានានូវការផ្តល់ទំនិញ និង សេវាកម្មប្រកបដោយគុណភាព និង ប្រសិទ្ធិភាពផងដែរ។

៥. ប្រព័ន្ធទីផ្សារ និង តម្លៃ (System of Markets and Prices): សេដ្ឋកិច្ចទីផ្សារគឺពឹងផ្អែកទៅលើទីផ្សារដ៏មាន ប្រសិទ្ធិភាពមួយដើម្បីលក់ទំនិញ និង សេវាកម្ម។ ទីនោះគឺជាកន្លែងដែលអ្នកទិញ និង អ្នកលក់ទាំងអស់មាន លទ្ធភាពស្មើគ្នាក្នុងការទទួលបានពត៌មានដូចគ្នា។

៦. រដ្ឋាភិបាលដែលត្រូវបានកម្រិត (Limited Government): រដ្ឋាភិបាលមានតួនាទីក្នុងធានាថាទីផ្សារគឺបើក និង មានដំណើរការ។ ជាឧទាហរណ៍ ក្រសួងពាណិជ្ជកម្មគឺជាអាជ្ញាធរដែលទទួលបន្ទុកក្នុងការជំរុញសកម្មភាព ពាណិជ្ជកម្ម និង ដំណើរការជាប្រក្រតីរបស់ទីផ្សារ។ ប៉ុន្តែក្រសួងមួយនេះមិនមានសិទ្ធិអំណាចក្នុងកំណត់តម្លៃ របស់ទំនិញ និង សេវាកម្មទាំងឡាយនៅលើទីផ្សារឡើយ។

ដោយ៖ ប៉ុម ទូច

X
5s