ការត្រៀមខ្លួន៣ចំណុចសម្រាប់និស្សិតមុនពេលចាកចេញបន្តការសិក្សាក្រៅប្រទេស​



នៅ​ពេល​នឹក​គិត​ស្រមៃ​ទៅ​ដល់​ការ​ចាកចេញ​ពី​ទឹកដី​កំណើត​របស់​ខ្លួន​ដែល​ធ្លាប់​តែ​រស់នៅ​ជួបជុំ​ជាមួយ​គ្រួសារ​ដ៏​កក់ក្ដៅ​តាំង​ពី​តូច​មក ហើយ​ក៏​ត្រូវ​ផ្លាស់ប្ដូរ​ទទួល​យក​បទពិសោធន៍​ថ្មី​បន្ត​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស អារម្មណ៍​ដែល​សិស្ស​និស្សិត​ភាគច្រើន​តែង​ជួប​ប្រទះ​ដូច​គ្នា​ជា​លើក​ដំបូង​នោះ​ប្រាកដ​ជា​អារម្មណ៍​ឯកោ​ហើយ ម្យ៉ាង​មិន​ដឹង​ថា​ត្រូវ​រៀបចំ​ខ្លួន​យ៉ាង​ដូចម្ដេច​ទើប​ឲ្យ​ដំណើរការណ៍​ចាកចេញ​ប្រព្រឹត្ត​ទៅ​រលូន​ដល់​អំឡុង​ពេល​សិក្សា​នៅ​ក្រៅ​ប្រទេស។ បើ​អ្នក​កំពុង​តែ​ព្រួយ​បារម្ភ​ពី​បញ្ហា​នេះ ៣​ចំណុច​មុន​ពេល​ចាកចេញ​ទៅ​រៀន​ក្រៅ​ប្រទេស​ខាងក្រោម​នេះ​អាច​ជួយ​បំភ្លឺ​ផ្លូវ​អ្នក​បាន៖ ១) ការ​រៀបចំ​ឯកសារ​ចាកចេញ​ជា​ចំណុច​ដ៏​សំខាន់​បំផុត៖ ការ​ចាកចេញ​ទៅ​ក្រៅ​ប្រទេស​តម្រូវ​ឲ្យ​អ្នក​មាន​លិខិត​ឆ្លងដែន និង​ទៅ​តាម​ប្រទេស​ខ្លះ​ទាមទារ​អ្នក​ឲ្យ​មាន​visa​ផង​ដែរ។ បើ​អ្នក​មិន​ទាន់​មាន​លិខិត​ឆ្លងដែន​ទេ អ្នក​ត្រូវ​រហ័ស​ធ្វើ​វា​ព្រោះ​វា​អាច​ចំណាយ​ពេល​យូរ​ដល់​ទៅ​៦​ខែ។ យ៉ាងណាមិញ បើ​អ្នក​មាន​លិខិត​ឆ្លងដែន​ហើយ អ្វី​ដែល​អ្នក​ត្រូវ​យកចិត្តទុកដាក់​បន្ទាប់​នោះ​គឺ ត្រូវ​ត្រួតពិនិត្យ​មើល​លិខិត​ឆ្លងដែន​របស់​អ្នក​ថា​តើ​ផុត​កំណត់​ឬ​នៅ បើ​នៅ​ទេ​ត្រូវ​ពិនិត្យ​មើល​បន្ត​ទៀត​ថា​តើ​វា​មាន​សុពលភាព​ដល់​មុន​ពេល​អ្នក​ត្រឡប់​មក​កាន់​ប្រទេស​កំណើត​វិញ​រយៈពេល​៦​ខែ​ឬ​អត់។ មួយ​ទៀត​គឺ​ត្រូវ​ទាក់ទង​ទៅ​អ្នក​ចាំ​ផ្ដល់​ដំបូន្មាន​ទាក់ទង​នឹង​កម្មវិធី​សិក្សា​របស់​អ្នក​ថា​តើ​ត្រូវ​ចម្លង​លិខិត​ឆ្លងដែន​និង​visa​របស់​អ្នក​ឬ​អត់។ ២) ទី​កន្លែង​ស្នាក់នៅ៖ អំឡុង​សិក្សា​នៅ​ក្រៅ​ប្រទេស អ្នក​នឹង​ត្រូវ​បាន​ផ្ដល់​នូវ​ជម្រើស​ចំពោះ​ការ​ស្នាក់នៅ។ អ្នក​អាច​រស់នៅ​ក្នុង​អាគារ​សិក្សា​រួម​គ្នា​ជាមួយ​មិត្ត​ដទៃ​ទៀត ឬ​ស្នាក់នៅ​ជាមួយ​ក្រុម​គ្រួសារ​ដែល​ជា​ជនជាតិ​ដើម​រស់នៅ​ក្នុង​ប្រទេស​ដែល​អ្នក​នឹង​សិក្សា​នោះ។ ការ​ស្នាក់នៅ​ជាមួយ​ក្រុម​គ្រួសារ​ជនជាតិ​ដើម​ក៏​ជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់​ឲ្យ​អ្នក​ឆាប់​រៀន​សូត្រ​ពី​ទំនៀមទម្លាប់​ឬ​របៀប​រស់នៅ​របស់​ប្រជាជន​ប្រទេស​នោះ ឯ​សមត្ថភាព​ប្រើប្រាស់​ភាសា​របស់​អ្នក​ក៏​ឆាប់​អភិវឌ្ឍ​ក៏​ព្រោះ​តែ​បាន​អនុវត្ត​ជា​រៀងរាល់​ថ្ងៃ ជាពិសេស​ភាសា​ដែល​ត្រូវ​ប្រើប្រាស់​សម្រាប់​ការ​សន្ទនា​ជា​ធម្មតា​ប្រចាំ​ថ្ងៃ​របស់​អ្នក​ទាំងនោះ។ ៣) ការ​បន្សាំុ​ខ្លួន​ទៅ​នឹង​វប្បធម៌​ថ្មី៖ ជា​ធម្មតា​នៅ​ពេល​អ្នក​រស់នៅ​ក្នុង​ទី​កន្លែង​មួយ​ដែល​ថ្មី ខុស​ពី​អ្វី​ដែល​ធ្លាប់​តែ​ឃើញ​សាំុ​នឹង​ភ្នែក​រាល់​ថ្ងៃ ដែល​ធ្វើឲ្យ​អ្នក​ទទួល​អារម្មណ៍​មួយ​ថា​ដូច​មនុស្ស​ចម្លែក បន្ទាប់​មក​ក៏​មាន​អារម្មណ៍​ថា​ឯកោ ហើយ​ចង់​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​មិនខាន។ ប៉ុន្តែ​បើ​អ្នក​ធ្វើឲ្យ​ខ្លួនឯង​សាំុ​ជាមួយ​នឹង​របៀប​រស់នៅ​ដែល​នឹង​ក្លាយ​ជា​ថ្មី​សម្រាប់​អ្នក ដោយ​ស្វែងរក​អត្ថបទ​ណា​ដែល​សរសេរ​រៀបរាប់​ពី​ទំនៀមទម្លាប់​ទាំងនោះ​ជាមុន ដល់​ពេល​អ្នក​ផ្លាស់ប្ដូរ​ទៅ​រស់នៅ​ក្នុង​ទី​កន្លែង​ថ្មី អ្នក​នឹង​ឆាប់​យល់​ពី​ពួកគេ ព្រម​ទាំង​អាច​បត់បែន​សម្រប​ខ្លួន​ទៅ​តាម​ស្ថានភាព​ថ្មី​បាន​យ៉ាង​ងាយស្រួល ហើយ​អ្នក​នឹង​មាន​អារម្មណ៍​កក់ក្ដៅ​ស្និទ្ធស្នាល​ដោយ​យល់​ថា​ជា​ចំណែក​មួយ​នៃ​ប្រជាជន​របស់​ប្រទេស​នោះ​មិនខាន៕ ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ goabroad & studyabroad
X
5s