តើច្បាប់វិទ្យាសាស្ត្រ (scientific law) មួយបង្កើតឡើងមកបានដោយឆ្លងកាត់អ្វីខ្លះ ?
តើដំណាក់កាលអ្វីខ្លះដែលអ្នកវិទ្យាសាស្ត្រត្រូវឆ្លងកាត់ ដើម្បីបង្កើតច្បាប់វិទ្យាសាស្ត្រ (scientific law) មួយឡើងមកបាន ? ទិសដៅជាមូលដ្ឋាន ដែលជាបេះដូងនៃវិទ្យាសាស្ត្រគឺដើម្បីស្វែងរកការពិតអំពីធម្មជាតិនៃសកលលោកនេះ។ អ្វីដែលអ្នកវិទ្យាសាស្ត្រគ្រប់រូបត្រូវដឹងអំពីធម្មជាតិរបស់មនុស្សនោះគឺជាភាពខ្ចោះរបស់ពួកគេ។ មនុស្សនឹងព្យាយាមប្រមូលទិន្នន័យទាំងឡាយណាដែលគាំទ្រទៅនឹងជំនឿដើមរបស់ខ្លួនដែលមានស្រាប់មក ទាំងមិនមានភស្តុតាងដ៏គួរឲ្យជឿទុកចិត្តគ្រប់គ្រាន់សម្រាប់បញ្ជាក់ពីភាពត្រឹមត្រូវនៅក្នុងជំនឿដើមរបស់ខ្លួននោះឡើយ។
លក្ខណៈនៃភាពខ្ចោះនេះជាការចង្អុលបង្ហាញពីការគិតរបស់មនុស្សដែលជាធម្មតាងាយនឹងមានភាពលម្អៀងទៅលើការពិត តែមានមនុស្សតិចតួចណាស់ដែលស្គាល់ច្បាស់ពីធម្មជាតិរបស់ខ្លួនមួយនេះ។ ចំណុចតែមួយនេះអាចគ្រប់គ្រាន់សម្រាប់បង្ហាញថា ទម្រាំបង្កើតច្បាប់វិទ្យាសាស្ត្រមួយ ដែលត្រូវបានមនុស្សទូទាំងពិភពលោកទទួលស្គាល់ប្រើប្រាស់ និងជឿទុកចិត្តបាន ច្បាប់នីមួយៗត្រូវឆ្លងកាត់ភាពម៉ត់ចត់និងការសម្លឹងមើលសព្វជ្រុងជ្រោយទៅលើការប្រមូលទិន្នន័យ ភស្តុតាង ការធ្វើពិសោធន៍ច្រើនលើកច្រើនសារទាំងបញ្ជាក់ឲ្យវាទៅជាខុសទាំងត្រូវ ការផ្លាស់ប្ដូរកែសម្រួលម្ដងហើយម្ដងទៀត អស់រយៈពេលជាច្រើនឆ្នាំឯណោះ។
គោលដៅក្នុងការឡើងកាំជណ្ដើរទៅឲ្យដល់គោលដៅកំពូល គ្មាននរណាម្នាក់អាចចៀសផុតពីរំលងកាំដំបូង ដូចគ្នានឹងវិធីសាស្ត្របែបវិទ្យាសាស្ត្រដែរ។ ចំណុចដំបូងទី១គឺជាការបង្កើតនូវ "សម្មតិកម្ម" (hypothesis) គឺជាគំនិតដែលបកស្រាយទៅលើថាតើអភូតហេតុបែបវិទ្យាសាស្ត្រណាមួយនៅក្នុងសកលលោកនេះកើតឡើងយ៉ាងដូចម្ដេច។ វាមានលក្ខណៈជាការទស្សន៍ទាយទៅលើភាពដែលអាចទៅរួចចំពោះការពិសោធន៍លើកក្រោយទៀតដែលអាចជាភស្តុតាងសម្រាប់គាំទ្រទៅលើសម្មតិកម្មមួយនោះ។ ដូច្នេះសម្មតិកម្មត្រូវតែជាអ្វីដែលអាចយកមកធ្វើតេស្តពិសោធន៍ និងស៊ើបអង្កេតបន្តទៀតដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវរបស់វាបាន។ ក្នុងដំណាក់កាលជាសម្មតិកម្មនេះផងដែរ អ្នកវិទ្យាសាស្ត្រត្រូវធ្វើពិសោធន៍ជាច្រើនលើកច្រើនសារ ដើម្បីបញ្ជាក់ថាតើលទ្ធផលនីមួយៗដូចគ្នាដដែលឬអត់ ពីព្រោះជួនកាលសម្មតិកម្មរបស់ពួកគេគ្រាន់តែត្រឹមត្រូវនៅក្នុងស្ថានភាពជាក់លាក់មួយ តែមិនត្រឹមត្រូវនៅពេលស្ថានភាពផ្លាស់ប្ដូរ។
ម្យ៉ាងទៀតការធ្វើពិសោធន៍នេះទៀតសោតមិនមែនគ្រាន់តែព្យាយាមប្រមូលទិន្នន័យនិងភស្តុតាងទាំងឡាយណា ដែលអាចគាំទ្រពីភាពត្រឹមត្រូវនៃសម្មតិកម្មនោះទេ អ្នកពិសោធន៍ក៏ត្រូវព្យាយាមស្វែងរកផ្លូវផ្សេងទៀតដែលអាចបញ្ជាក់ថាសម្មតិកម្មរបស់គេក្លាយជាខុសវិញដែរ។ បញ្ហាដែលអ្នកពិសោធន៍ច្រើនជួបប្រទះមាន២។ ទី១នៅពេលសម្មតិកម្មត្រឹមត្រូវត្រូវបានបដិសេធដោយការពិសោធន៍ ហើយទី២នៅពេលអ្នកពិសោធន៍មិនអាចបង្ហាញថាសម្មតិកម្មខុស នៅពេលវាមិនត្រឹមត្រូវ។ វាទាល់តែឈានដល់ដំណាក់កាលមួយដែលសម្មតិកម្មមួយនេះមានភាពត្រឹមត្រូវនៅរាល់គ្រប់ស្ថានការណ៍ទាំងអស់ ទើបវាអាចត្រូវបានគេហៅថា "ទ្រឹស្ដី" (theory)។ ភាពខុសគ្នាដែលសម្គាល់ពីលក្ខណៈរបស់សម្មតិកម្ម និងទ្រឹស្ដីនោះគឺ សម្មតិកម្មគឺជាគំនិត រីឯទ្រឹស្ដីគឺជាការបកស្រាយអំពីអ្វីដែលត្រូវបានរកឃើញពីគំនិតដែលបានឆ្លងកាត់ការធ្វើពិសោធន៍នោះ។
យ៉ាងណាមិញ "ច្បាប់វិទ្យាសាស្ត្រ" គឺជាការពិតឬជារូបមន្តដ៏សាមញ្ញមួយ ដែលភាពត្រឹមត្រូវរបស់វាមានទម្ងន់និងពិតចំពោះរាល់ស្ថានការណ៍ទាំងអស់។ ខុសពីទ្រឹស្ដីដែលជាការបកស្រាយទៅនឹងសំណួរថាហេតុអ្វី និងតាមរបៀបណាដែលអ្វីមួយកើតឡើង ច្បាប់ប្រាប់អ្នកថាតើជាអ្វីដែលកើតឡើង។ ទ្រឹស្ដីបើទោះជាពេលមួយវាបកស្រាយពីអ្វីមួយកើតឡើងដូចម្ដេចបានត្រឹមត្រូវក៏ដោយ ទ្រឹស្ដីនឹងនៅតែស្ថិតក្នុងការបន្តកែសម្រួល បន្ថែមបន្ថយ នៅពេលអ្នកវិទ្យាសាស្ត្ររកឃើញភស្តុតាងថ្មីដែលបង្ហាញថាទ្រឹស្ដីនោះមានចន្លោះប្រហោង។
ទ្រឹស្ដីផ្លាស់ប្ដូរក៏មិនមែនដោយសារការពិតផ្លាស់ប្ដូរក្នុងធម្មជាតិនេះដែរ ផ្ទុយទៅវិញដោយសារតែកែវយឹតដែលអ្នកវិទ្យាសាស្ត្របានប្រើប្រាស់សម្រាប់ឆ្លុះសម្លឹងមើលទៅកាន់ពិភពលោកបានផ្លាស់ប្ដូរ ទូលំទូលាយជាងមុននេះឯង សំដៅឲ្យចំសេចក្ដីគឺវិធីដែលអ្នកវិទ្យាសាស្ត្រប្រើប្រាស់ក្នុងការបកស្រាយពីអ្វីមួយត្រូវបានផ្លាស់ប្ដូរ៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ thehappyscientist & livescience