អាចទៅរួចដែរទេ បើអ្វីដែលអ្នកហៅថាការពិតគ្រាន់តែជាការធ្វើពិសោធន៍របស់អ្នកប្រាជ្ញបិសាច ?​



ឧទាហរណ៍​ថា​បទពិសោធន៍​ដែល​យើង​កំពុង​រស់នៅ​រាល់​ថ្ងៃ​ដែល​យើង​ចាត់​ទុក​ថា​ជា​ការ​ពិត គឺ​គ្រាន់តែ​ជា​ការ​ធ្វើ​ពិសោធន៍​របស់​អ្នក​ប្រាជ្ញ​បិសាច​ម្នាក់​ទៅលើ​ខួរក្បាល​របស់​យើង​នៅ​ក្នុង​បន្ទប់​ពិសោធន៍​ប៉ុណ្ណោះ។ អ្នក​ប្រាជ្ញ​បិសាច​ម្នាក់​នេះ​បាន​ដក​យក​ខួរក្បាល​របស់​មនុស្ស​យើង​ទាំងអស់​គ្នា​ចេញ​ទៅ​ដាក់​នៅ​ក្នុង​ក្រឡ​កែវ​មួយ ហើយ​ចិញ្ចឹម​ខួរក្បាល​នេះ​ជាមួយ​នឹង​អាហារ​បំប៉ន​ចាំបាច់​សម្រាប់​ទ្រទ្រង់​ខួរក្បាល​ឲ្យ​មាន​ជីវិត​បាន ហើយ​អ្នក​ប្រាជ្ញ​ម្នាក់​នេះ​មាន​ប្រព័ន្ធ​កុំព្យូទ័រ​ដ៏​ទំនើប​ដែល​មាន​សមត្ថភាព​អាច​ភ្ជាប់​ខួរក្បាល​របស់​យើង​ទៅ​នឹង​កុំព្យូទ័រ​នោះ​ដោយ​បញ្ចូល​ទិន្នន័យ​ណា​ដែល​អ្នក​ប្រាជ្ញ​នេះ​ចង់​បញ្ចូល​ទៅ​កាន់​ខួរក្បាល​យើង ហើយ​ក៏​បំភ័ន្ត​យើង​ឲ្យ​យល់​ច្រឡំ​ថា​អ្វី​ដែល​យើង​កំពុង​រស់នៅ​គឺជា​ការ​ពិត​របស់​យើង។

តើ​អ្នក​យល់​ឃើញ​ដូចម្ដេច​វិញ ? ច្បាស់​ណាស់​ថា​អ្នក​ប្រាកដ​ជា​ប្រឆាំង​ជាមួយ​នឹង​ការ​លើកឡើង​ដូចនេះ​ហើយ ប៉ុន្តែ​តើ​អ្នក​មាន​អ្វី​យក​មក​បញ្ជាក់​ថា​អ្វី​ដែល​អ្នក​កំពុង​ហៅ​ថា​ជា​ការ​ពិត​នោះ គឺជា​ការ​ពិត​ពិត​ប្រាកដ​មែន ? ឬ​ក៏​អ្វីៗ​ពិត​ដូច​ការ​លើកឡើង​ខាងលើ​នេះ​បាន​អះអាង​មក ? ការ​យល់​ឃើញ​អំពី​ខួរក្បាល​នៅ​ក្នុង​ក្រឡ​កែវ​នេះ ត្រូវ​បាន​លើកឡើង​ដោយ​អ្នក​ប្រាជ្ញ​ទស្សនវិទូ​បារាំង René Descartes ក្នុង​ឆ្នាំ​១៦៤១​នៅ​ក្នុង​ស្នាដៃ​របស់​លោក Meditations on First Philosophy។ លោក​គឺជា​បិតា​ទស្សនវិជ្ជា​សម័យ​ទំនើប​នៅ​ក្នុង​បដិវត្តន៍​វិទ្យាសាស្ត្រ ហើយ​ក៏​ជា​អ្នក​គិត​បែប​វិចារណញ្ញាណ​និយម​មួយ​រូប​ផង​ដែរ។ ជាមួយ​នឹង​ការ​ប្រឆាំង​នឹង​គំនិត​ដែល​មាន​លើ​ជំនឿ​ថា​ញាណ​របស់​មនុស្ស​គឺជា​ប្រភព​នៃ​ការ​ស្វែងរក​ការ​ពិត​អំពី​ធម្មជាតិ​នៃ​ចក្រវាល​នេះ លោក​ជឿ​ថា​ការ​ពិត​នឹង​អាច​រក​ឃើញ​បាន​ដោយ​ការ​ប្រើប្រាស់​វិចារណញ្ញាណ។ លោក​បាន​អះអាង​ដោយ​គាំទ្រ​នឹង​គំនិត​របស់​ខ្លួន​ថា តើ​យើង​អាច​ស្វែងរក​ការ​ពិត​ដែល​គួរ​ជឿ​ទុកចិត្ត​ពី​ញាណ​របស់​យើង​ដែល​អាច​បំភ័ន្ត​ការ​ពិត​អំពី​យើង​យ៉ាង​ដូចម្ដេច​បាន ? តើ​យើង​អាច​វែកញែក​ឲ្យ​ដាច់​ពី​គ្នា​យ៉ាង​ដូចម្ដេច​ថា​តើ​យើង​កំពុង​តែ​សុបិន ឬ​ជា​ការ​ពិត ? លោក​លើកឡើង​ថា​មាន​ពេល​ខ្លះ​លោក​យល់​ថា​លោក​កំពុង​រស់នៅ​ក្នុង​ការ​ពិត ទាល់តែ​ពេល​ភ្ញាក់​ពី​សុបិន​ទើប​លោក​ដឹង​ថា​វា​គ្រាន់តែ​ជា​ការ​សុបិន​ប៉ុណ្ណោះ។ ដូច្នេះ​លោក​ក៏​បន្ត​សង្ស័យ​ទៅលើ​អ្វី​ដែល​លោក​គិត​រាល់​ថ្ងៃ​ថា​ជា​ការ​ពិត អាច​គ្រាន់តែ​ជា​សុបិន​ដែរ​ឬ ? ការ​សង្ស័យ​បែប​នេះ​ក៏​នាំ​លោក​ទៅ​ដល់​ជំនឿ​ថា​អ្វី​ដែល​យើង​កំពុង​រស់នៅ​ថា​ជា​ការ​ពិត តាម​ពិត​គ្រាន់តែ​ជា​សុបិន​ប៉ុណ្ណោះ ឬ​មានន័យ​ថា​ការ​ពិត​គឺ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​យើង​ខ្លួនឯង​នោះ​ទេ ហើយ​យើង​អាច​ដឹង​ថា​វា​គ្រាន់តែ​ជា​សុបិន ទាល់តែ​យើង​បាន​ភ្ញាក់​ពី​ការ​សុបិន​នោះ។ យ៉ាងណាមិញ បើ​លោក​យល់​ថា​អ្វី​ដែល​មនុស្ស​កំពុង​រស់នៅ​ក្នុង​សុបិន ហើយ​យល់​ច្រឡំ​ថា​ជា​ការ​ពិត ដូច្នេះ​តើ​លោក​អាច​ដឹង​ថា​យើង​កំពុង​រស់នៅ​ក្នុង​សុបិន​ម្ដេច​បាន បើ​លោក​មិន​ដែល​រស់នៅ​ក្នុង​ការ​ពិត​ផង ? ទាល់តែ​លោក​ដឹង​ថា​អ្វី​ទៅ​ទើប​មិនមែន​ជា​សុបិន ទើប​លោក​អាច​ដឹង​ថា​អ្វី​ទៅ​ទើប​ជា​ការ​សុបិន។ បើ​ទោះ​ជា​អំណះអំណាង​របស់​លោក​បង្កើត​ឡើង​ប្រកប​ដោយ​ហេតុផល និង​ហាក់​មាន​ទម្ងន់​ក៏​ដោយ តែ​នៅ​ក្នុង​អំណះអំណាង​នេះ​បាន​បន្សល់​ទុក​នូវ​ចន្លោះ​ប្រហោង ដែល​ជា​ចង្អុល​បង្ហាញ​ពី​ការ​សង្ស័យ​ទៅលើ​ភាព​ត្រឹមត្រូវ​នៅ​ក្នុង​ការ​លើកឡើង​នេះ៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ mortentolboll.weebly.com

X
5s