ចង់ដុសខាត់សមត្ថភាពប្រើប្រាស់ភាសា ចាំបាច់ទាល់តែមានគ្រូមែនទេ ?
មនុស្សម្នាក់ៗរស់នៅក្នុងសង្គមរួមមួយមិនអាចចៀសផុតឡើយពីការធ្វើទំនាក់ទំនងគ្នាទៅវិញទៅមក។ ដើម្បីអាចធ្វើទំនាក់ទំនងជាមួយគ្នាបាន មនុស្សចាំបាច់ត្រូវយល់ពីអ្វីដែលភាគីម្ខាងទៀតចង់បង្ហាញ ដូច្នេះហើយបានជាភាសាត្រូវបានគេយកមកប្រើប្រាស់ក្នុងគោលដៅដ៏សំខាន់មួយនេះដែលជាតម្រូវការមូលដ្ឋាននៃការរស់រានមានជីវិតរបស់មនុស្ស។
បើនិយាយពីភាសាមួយ តួយ៉ាងភាសាអង់គ្លេស បង្កឡើងដោយធាតុផ្សំជាច្រើន ដែលតាមយើងជាអ្នកសិក្សាធ្លាប់ដឹងមកជាទូទៅនោះមាន រចនាសម្ព័ន្ធនៃវេយ្យាករណ៍ដ៏ស្មុគស្មាញជាច្រើនទម្រង់ ដែលនៅក្នុងវេយ្យាករណ៍នោះមានបែងចែកដាច់ដោយឡែកពីគ្នាទៅទៀតទៅតាមកាល (អតីតកាល បច្ចុប្បន្នកាល និងអនាគតកាល)។ បើវាក្យសព្ទឬពាក្យប្រើប្រាស់របស់ភាសាអង់គ្លេសនេះវិញ ក៏មានបែងចែកផ្សេងៗពីគ្នាផ្អែកទៅតាមតំបន់នីមួយៗ កាលៈទេសៈនីមួយៗ មានន័យថាមានទាំងពាក្យសម្រាប់ប្រើប្រាស់តាមតំបន់ មានទាំងពាក្យសម្រាប់ប្រើប្រាស់ជាផ្លូវការផងដែរ។
លក្ខណៈទូលំទូលាយ និងពោរពេញដោយភាពស្មុគស្មាញរបស់ភាសានេះហើយ ទើបបានជាក្នុងការមានបំណងចង់សិក្សាភាសាទី២ ដែលមិនមែនជាភាសាដើមកំណើតរបស់យើង អ្វីដែលយើងចាំបាច់ត្រូវសួរខ្លួនឯងជាមុននោះគឺ "តើអ្វីជាគោលបំណងជាក់លាក់របស់អ្នកក្នុងការសិក្សាភាសាមួយនេះ ?" ។ នៅពេលអ្នកស្គាល់ច្បាស់ពីគោលបំណងនៃការសិក្សាពីភាសាណាមួយ មុនពេលចាប់ផ្ដើមសិក្សាពីវា នោះអ្នកនឹងដឹងថាតើគួររៀនបែបណាទើបអាចតម្រង់ឲ្យដល់គោលដៅ ដោយចំណាយពេលវេលាយ៉ាងឈ្លាសវៃ និងទទួលផលប្រកបដោយប្រសិទ្ធភាពខ្ពស់។ ម្យ៉ាងវិញទៀត ការសិក្សាភាសាក៏មិនចាំបាច់ថាត្រូវទៅបង្កើនចំណេះដឹងនេះពីសាលាមានគ្រូបង្រៀនអ្វីនោះដែរ ព្រោះថាចំណេះដឹងមាននៅជុំវិញខ្លួនអ្នក សំខាន់ឲ្យតែយល់ច្បាស់ថាអ្វីជាគោលបំណងរបស់អ្នកក្នុងការរៀនភាសាមួយនេះ។ ចុះបើមិនទៅសាលាដើម្បីបង្កើនចំណេះដឹងផ្នែកភាសានេះទេ តើតាមវិធីណាវិញទើបអ្នកសិក្សាក៏អាចដុសខាត់សមត្ថភាពភាសារបស់ខ្លួនឲ្យដល់កម្រិតស្ទាត់ជំនាញបាន ?
១) មើលឃើញប្រយោជន៍ទទួលបានពីការស្ដាប់ច្រើន៖ តើគោលដៅរបស់អ្នកក្នុងការសិក្សាភាសាគឺដើម្បីប្រើប្រាស់ក្នុងលក្ខណៈជាផ្លូវការដូចជាការទូត ឬជាការសន្ទនាជាមួយអតិថិជនបរទេសក្នុងកិច្ចការជំនួញរបស់អ្នក ? ប្រភពដែលជួយដុសខាត់សមត្ថភាពស្ដាប់របស់អ្នកដ៏សំខាន់មាន វិទ្យុ podcast រឿងភាគ (ព្យាយាមស្ដាប់ដោយមិនមានបកប្រែ subtitle) ចម្រៀងជាដើម។
២) ចេះចោទឆ្ងល់សំណួរឲ្យបានច្រើន៖ គឺភាពងឿងឆ្ងល់នេះហើយដែលជាប្រភពកកើតនូវចំណេះដឹង។ បើអ្នកគ្រាន់តែរៀនតាម ថាតាម និងអនុវត្តតាមតែអ្វីដែលមាននៅក្នុងសៀវភៅមួយក្បាល ឬពីរក្បាលដែលអ្នកកំពុងសិក្សា ដោយមិនបានស្រាវជ្រាវដាក់សំណួរសួរតបន្ថែមថាមកពីហេតុអ្វីបានជាវាបែបនេះ ? ឬបែបនោះ ? ចុះបើបែបនេះតើវាទៅជាដូចម្ដេចវិញ ? នោះវាប្រៀបបានទៅនឹងអ្នកដាក់ដែនកំណត់ឲ្យខ្លួនឯងក្នុងការរុញច្រានសមត្ថភាពរបស់ខ្លួនឲ្យឈានដល់កម្រិតខ្ពស់ផុតមួយដូច្នោះ។ កុំភ្លេចថាត្រូវចេះគិតក្រៅប្រអប់។
៣) ការហ្វឹកហាត់ជំរុញឲ្យមានភាពល្អឥតខ្ចោះ៖ អ្នកមិនអាចឃុំឃាំងខ្លួនឯងនៅក្នុងបន្ទប់មួយកន្លែង រៀនសូត្រតែពីអ្វីដែលមាននៅក្នុងសៀវភៅនោះទេ។ មិនសំខាន់នៅត្រង់ថាអ្នកបានរៀនពីសៀវភៅច្រើនប៉ុណ្ណា សៀវភៅនោះល្អកំពូលប៉ុណ្ណា បើអ្នកមិនដឹងថាត្រូវយកចំណេះដឹងទាំងនោះមកអនុវត្តជាក់ស្ដែងដូចម្ដេច ពេលវេលានិងការខិតខំទាំងប៉ុន្មាននឹងប្រែក្លាយជាឥតប្រយោជន៍មិនខាន។ រៀនចេញទៅក្រៅបង្កើតបរិយាកាសមួយដែលជំរុញឲ្យមានការសន្ទនាជាមួយអ្នកដែលនិយាយភាសាដែលអ្នកកំពុងរៀន ឬក៏ចូលជាសមាជិកក្រុមជជែកវែកញែកដេញដោលទៅលើប្រធានបទណាមួយក្នុងភាសាដែលអ្នកកំពុងរៀន៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ skillsyouneed & babbel