រឿង២យ៉ាងដែលអ្នកគួរសួរខ្លួនឯងថា "បើខ្ញុំសាកដើរបញ្ច្រាសពីផ្លូវដែលខ្ញុំធ្លាប់ដើរ តើវានឹងផ្លាស់ប្ដូរដូចម្ដេចវិញ?"​



នៅ​ពេល​ឃើញ​ផ្លូវ​ពីរ​ដែល​អាច​នាំ​អ្នក​ទៅ​ដល់​គោលដៅ​ដូច​គ្នា ប៉ុន្តែ​ផ្លូវ​ទី១​សម្បូរ​ទៅ​ដោយ​មនុស្ស​ធ្វើ​ដំណើរ​ឆ្លងកាត់​ច្រើន មនុស្ស​យើង​តែង​សម្គាល់​ថា អូ ! ប្រហែល​ជា​ផ្លូវ​ទី១​នេះ​អាច​ធ្វើឲ្យ​ពួកគេ​ឆាប់​ទៅ​ដល់​គោលដៅ មាន​សុវត្ថិភាព មិន​មាន​ឧបសគ្គ ឬ​បើ​មាន​ដែរ​តែ​មាន​តិចតួច ចំណេញ​លុយ​កាក់ ពេលវេលា និង​អាច​ធានា​បាន​ថា​នឹង​នាំ​ទៅ​ដល់​គោលដៅ​យ៉ាង​ប្រាកដ។ ក៏​ដោយសារ​មើល​ឃើញ​ថា​ផ្លូវ​ទី១​សម្បូរ​មនុស្ស​ជ្រើស​ដើរ​នេះ​ហើយ ក៏​បែរ​ជា​យល់​ថា​បើ​ដើរ​ខុស​ពី​គេ ដែល​ជា​ផ្លូវ​ទី​២​វិញ​ប្រាកដ​ជា​នាំ​គ្រោះថ្នាក់ និង​មិន​ទៅ​ដល់​គោលដៅ​ជាដើម។ចុងក្រោយ​ក៏​សន្មត​ថា​អ្វី​ដែល​ខ្លួន​គិត​គឺជា​ការ​ពិត។

ទឹក​កន្លះ​កែវ អ្នក​ខ្លះ​អាច​មើល​ឃើញ​ថា មាន​គេ​ផឹក​វា​អស់​ពាក់​កណ្ដាល តែ​អ្នក​ខ្លះ​វិញ​បែរ​ជា​មើល​ឃើញ​ថា​មាន​គេ​ចាក់​ទឹក​ចូល​កែវ​បាន​តែ​ពាក់​កណ្ដាល​ទៅវិញ។ អ្នក​មិន​អាច​សម្លឹង​ទៅ​កាន់​ហេតុការណ៍​មួយ​បាន​សព្វ​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ ហើយ​ធម្មជាតិ​របស់​មនុស្ស​ថែម​ទាំង​មិន​ដឹង​ខ្លួន​ទៅ​ទៀត​ថា​អ្វី​ដែល​ខ្លួន​កំពុង​តែ​គិត​អាច​មាន​ភាព​លម្អៀង។ អ្វី​ដែល​ពួកគេ​យល់​ថា​ខ្លួនឯង​ដឹង តាម​ពិត​បែរ​ជា​មិន​ដឹង ហើយ​មិន​ទាំង​ដឹង​ថា​ខ្លួនឯង​មិន​ដឹង​ទៅ​ទៀត។ ហេតុនេះ​ហើយ​ទើប​យើង​សង្កេត​ឃើញ​ថា នៅ​រាល់​ទ្រឹស្ដី​បង្កើត​ថ្មី​របស់​អ្នក​វិទ្យាសាស្ត្រ​តែង​បើក​ចំហ​ទ្វារ​រួច​ជាស្រេច​ស្វាគមន៍​សម្រាប់​ការ​រិះគន់​គ្រប់​ទិសទី ក៏​ព្រោះ​តែ​ស្គាល់​ពី​ធម្មជាតិ​នៃ​ភាព​ខ្ចោះ​របស់​មនុស្ស ដែល​អ្វី​ដែល​ខ្លួន​ឃើញ​នឹង​ភ្នែក ស្ដាប់​ឮ​ផ្ទាល់​នឹង​ត្រចៀក ធំ​ក្លិន​ពាល់​នឹង​ច្រមុះ ដឹង​រស​ដោយ​អណ្ដាត និង​ប៉ះ​ត្រូវ​នឹង​កាយ សុទ្ធតែ​អាច​ជា​គ្រឿង​បំភ័ន្ត​ញាណ​ទាំង​៥​របស់​ពួកគេ។

ក៏​ដោយសារ​តែ​ការ​ពិត​មិន​អាច​ដឹង​បាន​ដោយ​បទពិសោធន៍​ស្រទាប់​លើៗ​របស់​មនុស្ស​នេះ​ហើយ បានជា​សូក្រាត ទស្សនវិទូ​ល្បីល្បាញ​របស់​ក្រិក​បុរាណ​ក្នុង​ប្រវត្តិសាស្ត្រ​ទស្សនវិទូ​ពិភពលោក តែង​ប្រើ​វិធីសាស្ត្រ​ម្យ៉ាង​ហៅថា "វោហារសាស្ត្រ" (rhetoric) ដើម្បី​ស្វែងរក​នូវ​ការ​ពិត តាមរយៈ​ការ​ជជីក​សួរ​បន្ត​បន្ទាប់​រហូត​ដល់​កម្រិត​សូន្យ កម្រិត​បាត​បំផុត ដែល​ជា​ឫសគល់​នៃ​បញ្ហា​នេះ​ឯង។ មាន​រឿង​២យ៉ាង​នៅ​ក្នុង​ជីវិត ដែល​ប្រសិន​ជា​អ្នក​ផ្លាស់ប្ដូរ​ការ​គិត​របស់​អ្នក ដើរ​បញ្ច្រាស​ពី​អ្វី​ដែល​មតិ​ភាគច្រើន​ធ្លាប់​យល់​ថា​ត្រឹមត្រូវ នោះ​លទ្ធផល​ផ្លាស់ប្ដូរ​ថ្មី​ក៏​អាច​មាន​ទិសដៅ​ទៅ​រក​ភាព​ល្អ​ដូច​គ្នា។

១) កុំ​ប្រាកដ​ប្រជា ប៉ុន្តែ​ចូរ​មាន​ភាព​សង្ស័យ៖ មាន​ភាព​សង្ស័យ​នេះ​មិន​មែន​មានន័យ​ថា នៅ​លើ​លោក​នេះ​គ្មាន​ការ​ពិត​១០០​ភាគរយ​នោះ​ទេ។ យ៉ាងណាមិញ សង្ស័យ​នេះ​ទីនេះ​គឺ​ចង់​ឲ្យ​អ្នក​មាន​ស្មារតី​នឹក​រលឹក ប្រកប​ដោយ​វិចារណញ្ញាណ​ជាប់​ជានិច្ច​សម្រាប់​ត្រិះរិះ​ពិចារណា ជជីក​រក​ឫសគល់​ឲ្យ​ដឹង​ហេតុ​ពិត​ប្រាកដ​សិន​សឹម​ទទួល​យក​ជឿ​អ្វី​មួយ។ បើ​ទោះ​ជា​នោះ​គឺជា​គំនិត​របស់​អ្នក​ប្រាជ្ញ អ្នក​មាន​គតិបណ្ឌិត​ជ្រៅជ្រះ​កម្រិត​ខ្ពស់​ប៉ុណ្ណា​ក៏​ដោយ ត្រូវ​ចេះ​សង្ស័យ​ពី​ភាព​ជាក់លាក់​ត្រឹមត្រូវ​របស់​រាល់​គំនិត​ទាំងនោះ​ជាមុន​សិន។ បញ្ហា​តែ​ម្យ៉ាង​ដែល​មិន​អាច​នាំ​មនុស្ស​ទៅ​រក​ភាព​ជា​គតិបណ្ឌិត​មាន​២​គឺ ទី១​មិន​ចេះ​ចោទ​សំណួរ​សង្ស័យ និង​ទី២​មិន​ចេះ​សង្ស័យ​ពី​ចម្លើយ​នេះ​ឯង។

២) កុំ​តោង​ស្អិត​ជាប់​ជាមួយ​ការ​ស្រឡាញ់ តែ​ចូរ​ប្រលែង​វា​ទៅ៖ Osho បាន​និយាយ​ថា៖ "សេចក្ដី​ស្រឡាញ់​គឺ​មិន​មែន​ជា​កម្មសិទ្ធិ​នោះ​ទេ។ សេចក្ដី​ស្រឡាញ់​គឺជា​ការ​ចេះ​ផ្ដល់​តម្លៃ។" ។ អ្នក​ត្រូវ​ដឹង​ថា​នៅ​លើ​លោក​នេះ​គ្មាន​អ្វី​ដែល​នៅ​ឋិតថេរ​ជា​អមត មិន​មាន​ការ​ផ្លាស់ប្ដូរ​នោះ​ទេ។ តួយ៉ាង​សូម្បី​តែ​ជីវិត​ដែល​អ្នក​កំពុង​រស់នៅ​នេះ​ក៏​មិន​អាច​នៅ​ជា​រៀង​រហូត​បាន​ដែរ។ អ្វីៗ​មក​ហើយ​ក៏​ទៅវិញ នេះ​គឺជា​រឿង​ធម្មតា​នោះ​ទេ ព្រោះ​វា​ជា​ច្បាប់​ធម្មជាតិ​របស់​មនុស្ស។ បើ​អ្នក​យល់​ថា​សេចក្ដី​ស្រឡាញ់​គឺជា​ការ​ចេះ​ផ្ដល់​តម្លៃ នោះ​អ្នក​នឹង​មិន​តោង​ស្អិត​ជាប់​ជាមួយ​ការ​ស្រឡាញ់ មិន​ថា​ចំពោះ​បុគ្គល​ណា​ម្នាក់ ទ្រព្យសម្បត្តិ ឬ​ការ​ចងចាំ​ណា​ក៏​ដោយ ប៉ុន្តែ​អ្នក​នឹង​ផ្ដល់​សេរីភាព​ឲ្យ​វា ក៏​ព្រោះ​តែ​អ្នក​ស្រឡាញ់​វា​ដោយសារ​តែ​អ្នក​ផ្ដល់​តម្លៃ​ឲ្យ​វា មិនមែន​ដោយសារ​អ្នក​ជា​កម្មសិទ្ធិ​របស់​វា​នោះ​ទេ៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ fractalenlightenment

X
5s