បដិវត្តន៍វិទ្យាសាស្ត្រ (Scientific Revolution) (សតវត្សទី១៤ដល់ទី១៧) របស់ប្រវត្តិសាស្ត្រអឺរ៉ុប
នៅអំឡុងឆ្នាំ១០០០ដល់ឆ្នាំ១៥០០នៃគ.ស គឺជាព្រឹត្តិការណ៍មួយក្នុងប្រវត្តិសាស្ត្ររបស់អឺរ៉ុប ដែលវិហារសាសនាកាតូលិកបានដើរតួនាទីយ៉ាងមានឥទ្ធិពលប្រៀបដូចជាឪពុកម្ដាយដែលគ្រប់គ្រងនិងត្រួតត្រាទៅលើអ្វីដែលត្រូវធ្វើ និងអ្វីដែលមិនត្រូវធ្វើរបស់ជនានុជនគ្រប់រូបនៅក្នុងសង្គម ដែលគេតែងសំដៅទៅលើ "មជ្ឈិមសម័យ" នេះឯង។ នេះមានន័យថាបទបញ្ជាទាំងឡាយដែលមានបញ្ញត្តិនៅក្នុងគម្ពីរ មិនថាអ្នកឯងជានរណា មានបុណ្យស័ក្ដិខ្ពស់ប៉ុណ្ណា កើតនៅក្នុងត្រកូលអ្នកស្ដុកស្ដម្ភប៉ុណ្ណាក៏ដោយ ដាច់ខាតត្រូវតែគោរពនិងប្រតិបត្តិទៅតាមបទដ្ឋានរួមគ្នារបស់សង្គមដែលលើកតម្កើងសាសនាជាគោលមួយនេះ។
អ្វីដែលយកមកកំណត់ជាបទដ្ឋានរួមគ្នារបស់សង្គមអឺរ៉ុបនេះគឺជា គម្ពីរសាសនាគ្រិស្ត និង ប្រព័ន្ធមួយដែលត្រូវបានសង្គមអឺរ៉ុបកំណត់យកជាស្តង់ដាររបស់ទស្សនវិទូក្រិកបុរាណ អារីស្តូត ហៅថា Aristotelian System ដែលបានបកស្រាយពីធម្មជាតិនៃពិភពលោកថា ផែនដីស្ថិតនៅចំណុចកណ្ដាលនៃលំហ ហើយបណ្ដាភពដទៃៗទៀត រួមទាំងព្រះអាទិត្យផងនោះសុទ្ធតែធ្វើដំណើរវិលជុំវិញផែនដីទាំងអស់។ គ្រាន់តែគោរពនិងប្រតិបត្តិតាមអ្វីដែលមានចែងនៅក្នុងគម្ពីរសាសនា និងប្រព័ន្ធរបស់អារីស្តូត មិនសូវចោទជាបញ្ហាប៉ុន្មាននោះទេ តែអ្វីដែលជាបញ្ហាពិតប្រាកដគឺជាគ្រប់ស្ថាប័នអប់រំទាំងអស់បង្គាប់មនុស្សឲ្យទទួលជឿទាំងងងឹតងងល់ ប្រៀបដូចមនុស្សខ្វាក់ភ្នែក និងឥតវិចារណញ្ញាណសម្រាប់ជជីករកអ្វីជាដើមហេតុពិតប្រាកដនៃផលទាំងឡាយ ហើយបើមានបុគ្គលណាម្នាក់ដើរបញ្ច្រាសផ្ទុយទិសដៅពីអ្វីដែលសង្គមបានកំណត់ដៅមកហើយ ឬបដិសេធប្រឆាំងនឹងជំនឿរបស់សាសនា បុគ្គលនោះនឹងត្រូវបានទទួលនូវទណ្ឌកម្ម រហូតឈានដល់ការកាត់ទោសប្រហារជីវិតទៀតផង។ ការងើបឡើងវិញនៃឥទ្ធិពលអក្សរសាស្ត្រ សិល្បៈ និងវប្បធម៌របស់ក្រិកបុរាណ ដែលជាចលនាផ្លាស់ប្ដូរយ៉ាងធំធេងរបស់ប្រវត្តិសាស្ត្រអឺរ៉ុប ចាប់ផ្ដើមពីសតវត្សទី១៤និងបញ្ចប់ទៅវិញក្នុងសតវត្សទី១៧ ដែលជាការចាប់កំណើតឡើងនៃបដិវត្តវិទ្យាសាស្ត្រ ជាព្រឹត្តិការណ៍ដែលកើតឡើងនៅរវាងមជ្ឈិមសម័យនិងសម័យទំនើប ដែលត្រូវបានគេស្គាល់ដោយឈ្មោះថា Renaissance។
រយៈពេលនោះហើយ ដែលអ្នករិះគិតសំខាន់ៗ និងទស្សនវិទូចាប់ផ្ដើមចោទជាចម្ងល់ទៅលើការបកស្រាយរបស់សង្គមដែលមានឫសគល់ចេញពីគម្ពីរសាសនាទាំងស្រុង ទៅលើការពិតរបស់ធម្មជាតិនៃពិភពលោក។ គឺត្រង់ចំណុចនេះនៃប្រវត្តិសាស្ត្ររបស់អឺរ៉ុបហើយ ដែលប្រព័ន្ធរបស់អារីស្តូតត្រូវដួលរលំ អមដំណើរជាមួយគ្នាដោយការចុះអន់ថយនូវឥទ្ធិពលរបស់វិហារសាសនាកាតូលិកទៅលើសង្គម ហើយជំនួសមកវិញដោយការឲ្យតម្លៃទៅលើសមត្ថភាពរបស់មនុស្សក្នុងការប្រើប្រាស់វិចារណញ្ញាណ ដើម្បីជជីករកឫសគល់នៃការពិតអំពីធម្មជាតិ ដែលធ្លាប់តែពឹងផ្អែកទាំងស្រុងទៅលើសាសនាដើម្បីបកស្រាយពីចម្ងល់ទាំងនេះ។ ក៏ស្ថិតនៅក្នុងអំឡុងពេលនេះដែរ ដែលមនុស្សលោកយើងបានដឹងអំពីការពិតពីការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ Galileo galilei (១៥៦៤ដល់១៦៤២) ដែលថាគឺព្រះអាទិត្យ មិនមែនផែនដីនោះទេ ដែលស្ថិតនៅចំកណ្ដាលនៃលំហ ហើយគឺផែនដីទៅវិញទេដែលវិលជុំវិញព្រះអាទិត្យនោះ។
ការបដិវត្តវិទ្យាសាស្ត្រនេះ ប្រៀបដូចជាបានបើកទ្វារចំហសម្រាប់របកគំហើញជោគជ័យនិងការច្នៃប្រឌិតក្រោយៗមកទៀត ដែលព្យាយាមស្វែងរកការពិតអំពីដំណើរការណ៍នៃធម្មជាតិ៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ sparknotes