តើ​ធ្វើ​យ៉ាង​ណា​ ដើម្បី​ក្លាយ​ជា​មនុស្ស​​មាន​គំនិត​ច្នៃប្រឌិត​ខ្ពស់​?​



វិចិត្រករ អ្នក​រចនា​ម៉ូដ អ្នក​បង្កើត​បច្ចេកវិទ្យា​ទំនើប​ថ្មីៗ និង​សហគ្រិន ដែល​សុទ្ធតែ​ជា​បុគ្គល​តំណាង​ឲ្យ​ភាព​ច្នៃប្រឌិត តើ​បុគ្គល​ដែល​បង្កើត​ការ​ផ្លាស់ប្ដូរ​មុខមាត់​ថ្មី​សម្រាប់​ប្រវត្តិសាស្ត្រ​មនុស្សជាតិ​ទាំងនេះ អាច​ជំរុញ​ឲ្យ​គំនិត​ក្រៅ​ប្រអប់​ផុស​ឡើង​មក​បាន​យ៉ាង​ដូចម្ដេច ?

ជា​ដំបូង​បង្អស់ អ្នក​ត្រូវ​យល់​ឲ្យ​ច្បាស់​សិន​ថា ភាព​ច្នៃប្រឌិត​មិនមែន​មាន​មក​ពី​កំណើត​នោះ​ទេ នេះ​បាន​ន័យ​ថា​វា​ជា​សមត្ថភាព​ដែល​មនុស្ស​ទូទៅ​គ្រប់​គ្នា​អាច​បណ្ដុះ​បាន។ បើ​អ្នក​យល់​ថា​មាន​តែ​បុគ្គល​សំណាង​មួយ​ចំនួន​ប៉ុណ្ណោះ ដែល​អាច​កើត​មក​ជាមួយ​ភាព​ច្នៃ​ប្រឌិត​ពី​កំណើត នោះ​អ្នក​កំពុង​តែ​មាន​ការ​គិត​បែប​អន់​ថយ ដែល​រុញ​សង្កត់​ដាក់​ព្រំដែន​កំណត់​សក្ដានុពល​របស់​ខ្លួន​ហើយ។ បើ​ការ​គិត​ដែល​ជា​ប្រភព​នៃ​ដំណើរការណ៍​រីកចម្រើន​ឥត​ឈប់ឈរ​របស់​ពិភពលោក​នេះ គឺជា​សមត្ថភាព​ដែល​អាច​បណ្ដុះ​បាន ដូច្នេះ​តើ​តាម​របៀប​ណា ? លោក Alex Osborn ជា​អតីត​នាយក​ប្រតិបត្តិ​ផ្នែក​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន Madison Avenue នៅ​ទីក្រុង​ញូយ៉ក កាល​ពី​អំឡុង​ពាក់​កណ្ដាល​សតវត្ស​ទី​២០ បាន​ប្រើប្រាស់​វិធីសាស្ត្រ​មួយ​ដើម្បី​បំផុស​គំនិត​ច្នៃប្រឌិត​របស់​បុគ្គលិក ដោយ​ការ​នឹក​រក​ដំណោះស្រាយ​ទៅ​កាន់​បញ្ហា​មួយ​ឲ្យ​បាន​កាន់តែ​ច្រើន​តាម​តែ​អាច​រក​នឹក​ឃើញ ឬbrainstorm។ ក្រោយ​មក​នៅ​ពេល​លោក​ចូល​និវត្ត​ទៅ លោក​ក៏​បាន​ឈ្វេងយល់​ឃើញ​ថា វា​ជា​ការ​ប្រសើរ​ប្រសិន​បើ​មនុស្ស​ត្រូវ​បាន​ជំរុញ​ឲ្យ​មាន​ការ​គិត​ច្នៃប្រឌិត​តាំង​ពី​អំឡុង​ពេល​នៃ​ការ​ទទួល​យក​ការ​អប់រំ​ក្នុង​សាលា ទើប​នាំ​ឲ្យ​លោក​បង្កើត​អាគារ​មួយ​សម្រាប់​ជំរុញ​នូវ​ភាព​ច្នៃប្រឌិត ក្នុង Buffalo State College។ បន្ទាប់​មក​លោក Gerard Puccio បាន​ដក​យក​ឫសគល់​នៃ​គំនិត​នេះ​ទៅ​ប្រើប្រាស់​ក្នុង​ការ​បង្រៀន​សិស្ស​របស់​លោក​ក្នុង Buffalo State College​នេះ ដោយ​គំនិត​ច្នៃប្រឌិត​កើត​ចេញ​ពី​៤​ដំណាក់កាល។

ដំណាក់កាល​ដំបូង​គឺជា​ភាព​ប្រាកដប្រជា​ថា​អ្នក​កំពុង​តែ​សួរ​សំណួរ​ដ៏​ត្រឹមត្រូវ ដំណាក់កាល​បន្ទាប់​គឺជា​ការbrainstorm។ ដំណាក់កាល​ទី៣​គឺជា​ការ​អភិវឌ្ឍន៍​ឬ​កែ​សម្រួល​ឡើង​វិញ​នូវ​គំនិត​ទាំង​ប៉ុន្មាន​ដែល​អ្នក​បាន​រក​ឃើញ​នោះ។ ជា​ចុងក្រោយ​អ្នក​ត្រូវ​ជាក់​ច្បាស់​ថា​គំនិត​របស់​អ្នក​អាច​យក​មក​អនុវត្ត​បាន ហើយ​បកស្រាយ​ពន្យល់​វា​ទៅ​កាន់​អ្នកដទៃ។ លក្ខណៈ​នៃ​ការ​គិត​ក្នុង​ទម្រង់​នេះ​គឺជា​ការ​រុញ​ច្រាន​ខួរក្បាល​របស់​អ្នក​ឲ្យ​នៅ​ក្រៅ​សភាព​នៃ​ការ​គិត​បែប​វិភាគ និង​ផ្ចង់​អារម្មណ៍​ខ្លាំង​ទៅលើ​ដំណោះស្រាយ​តែ​ម្យ៉ាង។ ត្រង់​ចំណុច​នេះ​ការ​ស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ​ក៏​បាន​យល់ស្រប​ជាមួយ​នឹង​ការ​យល់​ឃើញ​ដូច្នេះ​ដែរ។ តួយ៉ាង​ដូចជា អ្នក​ស្រាវជ្រាវ Joydeep Bhattacharya របស់ Goldsmith University ក្នុង​ទីក្រុង​ឡុងដុង បាន​រក​ឃើញ​ថា​មនុស្ស​ដែល​ឋិត​ក្នុង​សភាព​អារម្មណ៍​សម្រាក​ធូរស្រាល ងាយ​នឹង​អាច​រក​ឃើញ​នូវ​ដំណោះស្រាយ​ដ៏​ច្នៃប្រឌិត​ទៅ​កាន់​ការ​ដោះស្រាយ​បញ្ហា។ នេះ​ក៏​ដោយសារ​តែ​នៅ​ពេល​ពួកគេ​សម្រាក​ធូរស្រាល នោះ​ការ​គិត​ដែល​រវើរវាយ​របស់​ពួកគេ​នឹង​នាំ​មក​នូវ​គំនិត​ច្រើន ជាជាង​ជាប់​គាំង​ក្នុង​សភាព​ផ្ចង់​អារម្មណ៍​ទៅលើ​គំនិត​តែ​ម្យ៉ាង ដែល​មាន​លក្ខណៈ​ជា​ការ​គិត​តូច​ចង្អៀត។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​ចិត្តសាស្ត្រ Charlan Nemeth របស់ University of California នៅ Berkeley បាន​លើក​ឡើង​ថា ការ​លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​ជជែក​វែកញែក​គំនិត​គ្នា ជាពិសេស​រិះគន់​គំនិត​គ្នា​ទៅវិញ​ទៅមក​ក្នុង​ពេល​ស្វែងរក​ដំណោះស្រាយ នឹង​នាំ​មក​នូវ​គំនិត​ដ៏​មាន​ប្រយោជន៍​ច្រើន​ជាជាង​បំបិទ​មិន​ឲ្យ​មាន​ការ​រិះគន់។ ឆ្លង​កាត់​ដំណាក់កាល​ទាំងនេះ​ហើយ គំនិត​ច្នៃប្រឌិត​នឹង​លេច​ឡើង​មក ដែល​ជា​ចម្លើយ​ឆ្លើយ​នឹង​សំណួរ​ដែល​អ្នក​ច្នៃប្រឌិត​វត្ថុ​ថ្មីៗ​ទាំងឡាយ​អាច​បង្កើត​ការ​ផ្លាស់ប្ដូរ​ក្នុង​ពិភពលោក​យើង​នេះ​បាន​យ៉ាង​ដូចម្ដេច៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ bbc

X
5s