បើ​មាន​ថៅកែ​ម៉ាក​នេះ អ្នក​មិន​បាច់​ផ្ដល់​ការ​ជឿ​ទុក​ចិត្ត​ទៀត​ទេ​​



អ្នក​ដឹង​ហើយ​ថា អាកប្បកិរិយា​របស់​ថៅកែ​អ្នក​អាច​មាន​ឥទ្ធិពល​​ខ្លាំង​ណាស់​មក​លើ​ការងារ​របស់​អ្នក​។ បើ​ថៅកែ​អ្នក​ល្អ ការងារ​អ្នក​ក៏​ប្រព្រឹត្ត​ទៅ​បាន​ល្អ​ដូច​គ្នា តែ​អ្វី​ដែល​ជា​បញ្ហា​នោះ​គឺ​​ពេល​ថៅកែ​អ្នក​យ៉ាប់ អ្នក​មិន​ចាំ​បាច់​ផ្ដល់​ការ​ជឿ​ទុក​ចិត្ត​លើ​ពួក​គេ​ទៀត​ទេ​។

១) ថៅកែ​មើល​ឃើញ​តែ​កំហុស​បុគ្គលិក​៖ ក្នុង​នាម​ជា​ថៅកែ​ឬ​ក៏​អ្នក​គ្រប់គ្រង​ម្នាក់ តើ​អាច​ទេ​បើ​អ្នក​​រង់​ចាំ​តែ​សង្កេត​មើល​កំហុស​របស់​បុគ្គលិក​ខ្លួន​? ប្រាកដ​ណាស់​ដែល​អ្នក​បាន​ជួល​ពួក​គេ​មក​គឺ​ដើម្បី​ឲ្យ​ពួក​គេ​ធ្វើ​ការ​ឲ្យ​ល្អ​សម្រាប់​អ្នក តែ​មនុស្ស​ណា​ដែល​មិន​ចេះ​សាង​​​កំហុស​នោះ? ពេល​ខ្លះ​បើ​អ្នក​បិទ​ភ្នែក​ខ្លះ​ កំហុស​ទាំង​នោះ​នឹង​មិន​សូវ​ជា​ធំដុំ​ប៉ុន្មាន​សម្រាប់​ក្រុមហ៊ុន​អ្នក​ឡើយ។​

២) ចូលចិត្ត​ការ​ស្ដី​បន្ទោស​នៅ​ចំពោះ​មុខ​គេ​ឯង​៖ មនុស្ស​តែង​មាន​កំហុស។ មាន​តែ​មនុស្ស​មិន​ដែល​ធ្វើ​អី​ទេ ទើប​គ្មាន​កំហុស ហើយ​ក្នុង​នាម​ជា​មេ​គេ ពេល​កូន​ចៅ​ធ្វើ​ខុស អ្នក​គប្បី​ទុក​មុខមាត់​ឲ្យ​​​គេ​ផង​។ យ៉ាង​ណា​ក៏​ពី​មុន​មក​ បុគ្គលិក​ម្នាក់​នោះ​បាន​ជួយ​ការងារ​ ជា​ច្រើន​​ដល់​ក្រុមហ៊ុន​ដែរ។

៣) ឆេវឆាវ​យល់​តែ​អារម្មណ៍​ខ្លួន​៖ មនុស្ស​ក៏​ឆេវឆាវ​ដែរ តែ​ក្នុង​នាម​ខ្លួន​ជា​អ្នក​គ្រប់គ្រង​មួយ បុគ្គលិក​ដែល​ស្ថិត​នៅ​ក្រោម​អ្នក នឹង​មាន​សម្ពាធ។ មិន​ថា​គេ​ទទួល​បាន​ប្រាក់ខែ​ច្រើន​កម្រិត​ណា​ទេ តែ​បើ​អ្នក​តែង​តែ​ឆេវឆាវ​ដាក់​គេ​ឯង​បែប​នេះ គ្មាន​នរណា​នៅ​ជាមួយ​បាន​យូរ​ឡើយ។

៤) និយាយ​បាត​ដៃ​ខ្នង​ដៃ​៖ មនុស្ស​គេ​យក​សម្ដី​ តែ​បើ​អ្នក​មិន​គោរព​សម្ដី​ខ្លួន​តើ​អ្នក​​ចង់​ឲ្យ​គេ​គោរព​អ្នក​ដោយ​របៀប​ណា​​ទៅ? ក្បត់​ពាក្យ​ស្ដី​គឺ​ដូច​ជា​ក្បត់​នឹង​ខ្លួន​ឯង ដូចនេះ​អ្នក​មិន​អាច​ឲ្យ​បុគ្គលិក​ខ្លួន​ជឿ​ទុក​ចិត្ត​អ្នក​បន្ត​ទៀត​បាន​ទេ​។

៥) លំអៀង​និង​ត្រចៀក​ស​៖ ធ្វើ​ជា​អ្នក​គ្រប់គ្រង​គេ ​គឺ​មិន​ងាយ​ស្រួល​ឡើយ ហើយ​ម៉្យាង​ទៀត​វា​ចាំ​បាច់​ណាស់​ក្នុង​ការ​គិត​អ្វី​មួយ​ឲ្យ​បាន​ម៉ត់ចត់​មុន​នឹង​សម្រេច​ចិត្ត​។ ហាម​គិត​ខ្លី ហាម​គិត​លឿន និង​មិន​ត្រូវ​ជឿ​សម្ដី​អ្នក​ណា​ជា​ដាច់​ខាត បើ​អ្នក​មិន​បាន​ឃើញ​ផ្ទាល់​ភ្នែក​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ forbes

X
5s