​ធ្វើ​យ៉ាង​ណា​ ​ទើប​អាច​បើក​សោ​ឆ្ពោះ​ទៅ​កាន់​សក្ដានុពល​ខ្ពស់​នៃ​ខួរក្បាល​​របស់​អ្នក​បាន​ ?​



មនុស្សលោក​គឺជា​សភាវៈ​មាន​វិចារណញ្ញាណ​មួយ​ដែល​មិន​យល់​ពី​ដំណើរការណ៍​ធម្មជាតិ​នៃ​ខួរក្បាល​របស់​ខ្លួន ដែល​មាន​ខ្លួនឯង​ជា​ម្ចាស់​របស់​វា។ ខួរក្បាល​គឺជា​សរីរាង្គ​ដែល​ប្រមូល​ផ្ដុំ​ដោយ​កោសិកា​ប្រសាទ​ខួរក្បាល​រាប់​ពាន់​លាន់ និង​ជា​សរីរាង្គ​ដែល​មាន​លក្ខណៈ​ស្មុគស្មាញ​និង​អាថ៌កំបាំង​បំផុត ហើយ​ក៏​មាន​សក្ដានុពល​យ៉ាង​អស្ចារ្យ​ដែរ ហើយ​ក៏​ជា​គោលដៅ​របស់​អ្នក​វិទ្យាសាស្ត្រ​ប្រព័ន្ធ​ប្រសាទ​ខួរក្បាល​គ្រប់​រូប​ដែរ នៅ​ក្នុង​ការ​លាត​ត្រដាង​អំពី​ការ​ពិត​ដែល​បង្កប់​ក្នុង​ធម្មជាតិ​នៃ​សរីរាង្គ​ដ៏​អស្ចារ្យ​មួយ​នេះ​របស់​មនុស្ស។

ទស្សន​យល់​ឃើញ​របស់​អ្នក​វិទ្យាសាស្ត្រ​មុនៗ​ទៅលើ​ខួរក្បាល គឺ​មនុស្ស​គ្រប់​រូប​កើត​មក​ជាមួយ​នឹង​ចំនួន​ណឺរ៉ូន (កោសិកា​ប្រសាទ​ដែល​មាន​នាទី​ដឹកនាំ​ព័ត៌មាន​ពី​ខួរក្បាល​ទៅ​កាន់​ផ្នែក​ផ្សេងៗ​ទៀត​ក្នុង​រាងកាយ) កំណត់​ជាក់លាក់​ពី​កំណើត និង​មិន​អាច​ផ្លាស់ប្ដូរ​ទម្រង់​រចនាសម្ព័ន្ធ​ឬ​បង្កើន​ចំនួន​កោសិកា​ប្រសាទ​ខួរក្បាល​របស់​ពួកគេ​បាន​ឡើយ មាន​តែ​កាន់តែ​ថយ​ចុះ​ទៅៗ​កាលណា​អាយុ​កាន់តែ​កើន​ឡើង​ទៅ។ យ៉ាងណាមិញ តាម​ការ​ស្រាវជ្រាវ​រក​ឃើញ​ថ្មី​ជាមួយ​នឹង​បច្ចេកវិទ្យា​ដែល​អាច​មើល​ឃើញ​រូបភាព​នៃ​រចនាសម្ព័ន្ធ​ខួរក្បាល​ដ៏​ទំនើប​បាន​បង្ហាញ​ភស្តុតាង​ឲ្យ​ឃើញ​ថា ទស្សន​ពី​មុន​នេះ​មិន​មាន​ភាព​ត្រឹមត្រូវ​នោះ​ឡើយ។ កោសិកា​ប្រសាទ​ខួរក្បាល​របស់​មនុស្ស​មិន​ត្រឹមតែ​មាន​លក្ខណៈ​បត់បែន​អាច​ផ្លាស់ប្ដូរ​ទម្រង់​រចនាសម្ព័ន្ធ​ដែល​មាន​ពី​ធម្មជាតិ​មក​នោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​អាច​បង្កើន​ចំនួន​ណឺរ៉ូន និង​កែ​ទម្រង់​រចនាសម្ព័ន្ធ​របស់​វា​បាន​ដោយ​មាន​ឥទ្ធិពល​ពី​កត្តា​ជំរុញ​ខាងក្រៅ រួមផ្សំ​នឹង​ការ​ហ្វឹកហាត់​ខួរក្បាល​ឲ្យ​ចូលរួម​ធ្វើ​សកម្មភាព​ណា​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ការ​គិត​ស៊ីជម្រៅ។

តាម​ការ​សិក្សា​មួយ​ក្នុង​ទសវត្ស​ឆ្នាំ​១៩៧០​របស់​អ្នក​ស្រាវជ្រាវ​ជនជាតិ​អាមេរិក​មួយ​រូប លោក Michael Kaplan បាន​ធ្វើការ​ពិសោធន៍​ទៅលើ​សត្វ​កណ្ដុរ ដែល​កណ្ដុរ​ខ្លះ​ត្រូវ​បាន​ផ្ដល់​នូវ​សម្ភារៈ​ក្មេង​លេង​និង​លំហាត់​ប្រាណ​មួយ​ចំនួន រីឯ​កណ្ដុរ​ផ្សេង​ទៀត​ដែល​នៅ​សល់​មិន​ត្រូវ​បាន​ឲ្យ​មាន​កត្តា​ខាងក្រៅ​អ្វី​មក​ជំរុញ​ឲ្យ​មាន​សកម្មភាព​គិត​អ្វី​ឡើយ។ លទ្ធផល​នាំ​ទៅ​រក​សេចក្ដី​សន្និដ្ឋាន​ចុងក្រោយ​បាន​បង្ហាញ​ថា ចំនួន​កោសិកា​ប្រសាទ​ខួរក្បាល​មាន​ការ​កើន​ឡើង​នៅ​ក្នុង​កណ្ដុរ ដែល​បាន​ចូលរួម​ក្នុង​សកម្មភាព​ដំណើរការណ៍​គិត។ ត្រង់​ចំណុច​នេះ​បាន​ចង្អុល​បង្ហាញ​ថា ខួរក្បាល​របស់​មនុស្ស​អាច​លូតលាស់​បាន​ដោយ​មាន​ឥទ្ធិពល​ពី​សកម្មភាព​ជំរុញ​ខាងក្រៅ​ដែល​នាំ​ខួរក្បាល​ចូលរួម​ក្នុង​ដំណើរការណ៍​គិត​ខ្លាំង។ ចំណែក​ឯ​ការ​សិក្សា​មួយ​ទៀត​ក្នុង​ឆ្នាំ​២០១០​របស់​សាលា​វេជ្ជសាស្ត្រ​របស់​ហារើដ បាន​រក​ឃើញ​ថា ការ​តាំង​សមាធិ​អាច​អភិវឌ្ឍ​នូវ​ខួរក្បាល​របស់​អ្នក​បាន ដោយ​ពង្រីក​តំបន់​ផ្នែក​ពណ៌​ប្រផេះ​ដែល​មាន​នាទី​សំខាន់​ក្នុង​ដំណើរការណ៍​រៀន​សូត្រ​និង​ចងចាំ និង​តំបន់​ផ្សេង​ទៀត​នៃ​ខួរក្បាល​ដែល​ជាប់​ទាក់ទង​នឹង​ការ​ស្គាល់​ខ្លួនឯង​និង​ការ​ត្រួតពិនិត្យ​មក​លើ​ខ្លួនឯង។ នៅ​មាន​ការ​ស្រាវជ្រាវ​ដ៏​សំខាន់​មួយ​ទៀត​ដែរ​របស់ University of Zurich នៃ​ប្រទេស​ស្វីស ក៏​បាន​រក​ឃើញ​ថា សកម្មភាព​ជួយ​សង្គ្រោះ​អ្នកដទៃ​ធ្វើឲ្យ​មនុស្ស​មាន​សេចក្ដី​សុខ ជាហេតុ​នាំឲ្យ​តំបន់​ផ្នែក​ពណ៌​ប្រផេះ​ក៏​ពង្រីក​តំបន់​របស់​វា​ដែរ។ ម្យ៉ាងវិញទៀត មុខងារ​របស់​ខួរក្បាល​ក៏​មិនមែន​ស្ថិត​នៅ​តែ​លើ​កោសិកា​ប្រសាទ​ខួរក្បាល​ម្យ៉ាង​នោះ​ដែរ ព្រោះ​ការ​ភ្ជាប់​គ្នា​រវាង​កោសិកា​ប្រសាទ​ខួរក្បាល​នីមួយៗ​នោះ​ទៀត​សោត​ក៏​មាន​មុខងារ​យ៉ាង​សំខាន់​របស់​វា​ដែរ ដែល​ទំនាក់ទំនង​នេះ​ហៅ​ថា សីុណែប (synapses)។ ដរាប​ណា​សីុណែប​មាន​ចំណង​កាន់តែ​រឹងមាំ​ខ្លាំង​ប៉ុណ្ណា នោះ​ខួរក្បាល​នឹង​បំពេញ​មុខងារ​កាន់តែ​មាន​ប្រសិទ្ធភាព​និង​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ប៉ុននោះ​ដែរ។ ចំណង​នេះ​អាច​រឹងមាំ​បាន នៅ​ពេល​យើង​រៀន​សូត្រ​ទទួល​យក​អ្វី​ថ្មីៗ​ជា​ប្រចាំ ចូលរួម​ធ្វើ​សកម្មភាព​ណា​ដែល​ជំរុញ​ខួរក្បាល​អ្នក​ឲ្យ​ប្រើ​ការ​គិត​ខ្លាំង នោះ​ចំណង​សីុណែប​នឹង​កាន់តែ​រឹងមាំ ហើយ​រចនាសម្ព័ន្ធ​ខួរក្បាល​នឹង​ផ្លាស់ប្ដូរ​ទម្រង់​របស់​វា​ទៅ​តាម​បទពិសោធន៍​ថ្មីៗ​ទាំងនោះ​ផង​ដែរ៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ learning-mind

X
5s