ចំណេះដឹងទូទៅ៖ កេរដំណែលសំខាន់ៗ ៣របស់ក្រិកបុរាណដែលមានឥទ្ធិពលមកទល់ពេលបច្ចុប្បន្ន
ក្រិកបុរាណគឺជាទឹកដីដែលមានប្រវត្តិសាស្ត្រដ៏ចំណាស់បំផុតមួយ និងជាទីកន្លែងមួយដែលប្រមូលផ្ដុំទៅដោយអ្នកប្រាជ្ញប្រកបដោយគតិបណ្ឌិតល្អផូរផង់និងមានឥទ្ធិពលមិនចេះសាបសូន្យរហូតមកទល់ពេលយុគសម័យបច្ចេកវិទ្យានាសតវត្សទី២១នេះ។ មិនតែប៉ុណ្ណោះគំនិតរបស់អ្នកប្រាជ្ញក្រិកបុរាណទាំងនោះបានក្លាយជាគំនិតមូលដ្ឋានសម្រាប់អ្នកវិទ្យាសាស្ត្រសិក្សាស្រាវជ្រាវ និងពង្រីកឥទ្ធិពលគ្របដណ្ដប់ទៅលើផ្នែកជាច្រើនរបស់ជីវិតមនុស្សនាសម័យបច្ចុប្បន្ននេះផងដែរ។
ខាងក្រោមនេះដែរគឺជាកេរដំណែលសំខាន់ៗចំនួន៣ ដែលមានប្រភពកំណើតចេញពីយុគសម័យរបស់ក្រិកបុរាណ។
១) លទ្ធិប្រជាធិបតេយ្យ
ប្រព័ន្ធគ្រប់គ្រងមួយដែលប្រជាជនជាអ្នកគ្រប់គ្រងប្រទេសខ្លួន គឺជាការផ្ដល់សិទ្ធិចំពោះប្រជាជនក្នុងការរួមចំណែកសម្រេចកិច្ចការសំខាន់ផ្សេងៗរបស់ប្រទេស ផ្ដើមចេញមកពីទីក្រុងអាតែន ដែលជាបេះដូងដ៏សំខាន់របស់ប្រទេសក្រិកនេះឯង។ ដំបូងឡើយអាតែនគ្រប់គ្រងតាមបែបរាជាធិបតេយ្យ បន្ទាប់មកអភិជនាធិបតេយ្យ ទើបចុងក្រោយបានវិវឌ្ឍមកជាទីក្រុងមួយដែលមនុស្សគ្រប់សម័យកាលតែងលើកយកជាគំរូតំណាងឲ្យប្រជាធិបតេយ្យដ៏ល្អដាច់គេបំផុតរបស់ប្រវត្តិសាស្ត្រពិភពលោក។ ប្រជាធិបតេយ្យនាសម័យកាលក្រិកខុសពីសម័យនេះត្រង់ថា វាមានលក្ខណៈដោយផ្ទាល់ មិនមែនតំណាងដូចប្រជាធិបតេយ្យសម័យបច្ចុប្បន្ននេះឡើយ។ រាជរដ្ឋាភិបាលប្រជាធិបតេយ្យរបស់ពួកគេប្រមូលផ្ដុំដោយសមាជិកចំនួន៦ ០០០នាក់ដែលសុទ្ធតែជាបុរសពេញវ័យទាំងអស់។ វាមានលក្ខណៈដោយផ្ទាល់ត្រង់ថា អ្នកទាំងអស់នេះមានសិទ្ធិសម្រេចកិច្ចការផ្សេងៗរបស់ប្រទេស មិនមែនតំណាងដែលយើងបច្ចុប្បន្នបោះឆ្នោតជ្រើសរើសអ្នកតំណាងណាម្នាក់មកសម្រេចចិត្តជួសពលរដ្ឋមួយប្រទេសនោះទេ។ បើបោះឆ្នោតអនុម័តច្បាប់ណាមួយ គេត្រូវការមតិភាគច្រើន តែបើបោះឆ្នោតបណ្ដេញនរណាម្នាក់ចេញវិញ វត្តមានអ្នកទាំង៦ ០០០នាក់គឺចាំបាច់ដាច់ខាត។
២) វិទ្យាសាស្ត្រ
ទឹកដីក្រិកបុរាណនេះហើយគឺជាមាតាប្រទេសនៃអ្នកវិទ្យាសាស្ត្រដ៏ល្បីល្បាញនិងសំខាន់ៗជាច្រើនរូប ដែលបានត្រួសត្រាយផ្លូវសម្រាប់អ្នកសិក្សាជំនាន់ក្រោយក្នុងការស្វែងរករបកគំហើញថ្មីៗនេះឯង។ ក្នុងនោះមានដូចជា Eratosthenes ជាបុគ្គលមួយរូបដែលគណនារកបរិមាត្ររបស់ផែនដី Aristarchus ជាអ្នករកឃើញទ្រឹស្ដីដែលបញ្ជាក់ថាផែនដីវិលជុំវិញព្រះអាទិត្យ និង Hipparchus ជាអ្នកបង្កើតប្រព័ន្ធដែលបកស្រាយថាតើភពទាំងអស់និងតារាទាំងឡាយគោចរយ៉ាងដូចម្ដេច។
៣) បង្គោលភ្លើងហ្វារសម្រាប់ដាស់តឿននាវានៅឯកំពង់ផែ
គំរូស្ថាបត្យកម្មបង្គោលភ្លើងហ្វារដែលដាក់នៅឯសមុទ្រដើម្បីដាស់តឿននាវាធ្វើដំណើរ ក៏មានដើមកំណើតដំបូងបង្អស់ចេញពីក្រិកបុរាណដែរ បើទោះជាវាត្រូវបានកម្ទេចដោយរញ្ជួយដីក៏ដោយ។ វាមានទ្រង់ទ្រាយធំ ប្រហាក់ប្រហែលនឹង The Statue of Liberty និងមានកម្ពស់ខ្ពស់បំផុតលំដាប់ទី២ក្នុងសម័យនោះ បន្ទាប់ពី The Great Pyramid of Piza។ បង្គោលភ្លើងហ្វារនេះមាន៣ផ្នែក ដែលផ្ទៃបាតខាងក្រោមមានរាងជាការ៉េ ឯផ្ទៃកណ្ដាលជាអដ្ឋកោណ (ជ្រុងប្រាំបី) និងមានពន្លឺភ្លើងហ្វារសម្រាប់បញ្ចាំងរាងជារង្វង់នៅផ្នែកកំពូលខាងលើ ដែលផ្សែងនិងភ្លើងរួមបញ្ចូលគ្នាបង្កើតជាសញ្ញាបញ្ចេញពន្លឺឡើងមក៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ owlcation