​អនុវត្ត​​ទម្លាប់​ល្អ​ៗ​​៤​យ៉ាង​នេះ ដើម្បី​​​​ការពារ​​ខ្លួន​កុំ​ឲ្យ​​​​ក្លាយ​ជា​អ្នក​ជំងឺ​បេះដូង​



វដ្ដ​ជីវិត​របស់​មនុស្ស​ជា​ធម្មតា​តែង​កើត ចាស់ ឈឺ ស្លាប់​ដូច្នេះ​ហើយ ប៉ុន្តែ​ការ​យល់​ដឹង​ពី​សេចក្ដី​ស្លាប់​ដែល​មិន​អាច​ចៀស​ផុត​នេះ​មិនមែន​មានន័យ​ថា​អ្នក​មិន​ចាំបាច់​ខ្វាយខ្វល់​ពី​សុខភាព​របស់​ខ្លួនឯង​ដោយ​យល់​ថា​ខ្លួន​គង់តែ​នឹង​ស្លាប់​នោះ​ទេ ព្រោះ​ថា​ជីវិត​មាន​តម្លៃ​ណាស់។ បើ​ទោះ​ជា​រោគាពាធ​ឬ​ជំងឺ​ទាំងឡាយ​កើត​មាន​ចំពោះ​មនុស្ស​រាល់​គ្នា​ដោយ​មិន​អាច​ចៀស​បាន ប៉ុន្តែ​យ៉ាង​ហោច​ណាស់​យើង​ក៏​អាច​បង្ការ​ឬ​ពន្យារ​ផល​អាក្រក់​របស់​វា ប្រសិន​ណា​ជា​យើង​មាន​ទម្លាប់​ល្អ​ក្នុង​ការ​រស់នៅ។

រោគ​បេះដូង​កំពុង​តែ​ក្លាយ​ជា​ជំងឺ​ដ៏​ពេញ​និយម​មួយ​ដែល​ជា​មូលហេតុ​នៃ​ការ​ស្លាប់​របស់​មនុស្ស​ជាច្រើន នេះ​ក៏​ដោយសារ​តែ​ទម្លាប់​ក្នុង​ការ​រស់នៅ​របស់​ពួកគេ​មិន​ល្អ​នេះ​ឯង។ ហេតុនេះ អ្នក​អាច​បង្ការ​ឬ​ពន្យារ​នូវ​រោគ​បេះដូង​នេះ​តាមរយៈ​ការ​រស់នៅ​ជាមួយ​ទម្លាប់​ល្អៗ​ទាំង​៤​ខាងក្រោម៖

១) គ្រប់គ្រង​លើ​របប​អាហារ​និង​ទម្ងន់​របស់​អ្នក៖ ការ​ទទួលទាន​របប​អាហារ​មិន​បាន​ត្រឹមត្រូវ មិន​មាន​តុល្យភាព និង​មិន​មាន​ជីវជាតិ​បំប៉ន​ល្អ​ឲ្យ​បាន​ទៀងទាត់ នោះ​វា​នឹង​បើក​ឱកាស​ឲ្យ​ជំងឺ​ផ្សេងៗ​ចូល​មក​ធ្វើ​ទុក្ខ​បុក​ម្នេញ​ខ្លួន​អ្នក​បាន​យ៉ាង​ងាយ។ នៅ​ពេល​ទម្លាប់​ទទួល​ទាន​អាហារ​របស់​អ្នក​មិន​ល្អ​ហើយ នោះ​ទម្ងន់​របស់​អ្នក​ក៏​មិន​នៅ​ថេរ ឡើង​ចុះៗ ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក។

២) ឧស្សាហ៍​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ញឹកញាប់៖ ការ​ទទួលទាន​របប​អាហារ​ត្រឹមត្រូវ បូក​ផ្សំ​ជាមួយ​នឹង​ទម្លាប់​ធ្វើ​លំហាត់​ប្រាណ​បាន​ទៀងទាត់​ទៀត នោះ​កត្តា​ទាំងពីរ​នឹង​ជួយ​អ្នក​ប្រឆាំង​ទប់ទល់​នឹង​ជំងឺ​កាច​សាហាវ​ផ្សេងៗ ជាពិសេស​ការពារ​បេះដូង​របស់​អ្នក​ពី​រោគ​សាហាវ​នោះ​ឯង។ ម្យ៉ាងទៀត វា​ក៏​ជួយ​អ្នក​បង្ការ​ពី​កំណើន​ជាតិ​ស្ករ​ក្នុង​ឈាម និង​ការ​កើន​ឡើង​ជាតិ​កូឡេស្តេរ៉ុល​ផង​ដែរ។

៣) បញ្ឈប់​ការ​ជក់​បារី៖ ការ​ជក់​បារី​នេះ​ហើយ​ដែល​ជា​ទម្លាប់​ដ៏​អាក្រក់​បំផុត​មួយ ដែល​បង្ក​ឲ្យ​អ្នក​កើត​រោគ​បេះដូង និង​បើ​មិន​ដូច្នេះ​ទេ​ក៏​មាន​ជំងឺ​មហារីក រោគ​ថ្លើម ឬ​ចាស់​មុន​អាយុ​ដែរ។ ផល​ប៉ះពាល់​របស់​វា​មិន​បង្ហាញ​ភ្លាមៗ​នោះ​ទេ ប៉ុន្តែ​វា​នឹង​បង្ហាញ​ក្នុង​រយៈពេល​វែង​ដល់​ពេល​មួយ​ដែល​អ្វីៗ​ហួស​ពេល​អស់​ទៅ​ហើយ។

៤) គ្រប់គ្រង​លើ​សម្ពាធ​ឈាម​របស់​អ្នក៖ អ្នក​ត្រូវ​ធ្វើការ​ត្រួតពិនិត្យ​ជា​ប្រចាំ​ទៅលើ​សម្ពាធ​ឈាម​របស់​អ្នក ព្រោះ​ថា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​បណ្ដាល​ឲ្យ​មាន​រោគ​គាំង​បេះដូង និង​កាន់តែ​ធ្ងន់ធ្ងរ​គឺ​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល​នេះ​ឯង។ មិន​ត្រឹមតែ​សម្ពាធ​ឈាម​នោះ​ទេ សូម្បី​តែ​ជាតិ​ស្ករ​ក្នុង​ឈាម ជាតិ​កូឡេស្តេរ៉ុល​ក៏​សុទ្ធតែ​ទាមទារ​ឲ្យ​អ្នក​ត្រូវ​ឧស្សាហ៍​តាមដាន​ឲ្យ​បាន​ទៀងទាត់​ផង​ដែរ៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ verywell

X
5s