Sigmund Freud បុគ្គល​ដំបូង​គេដែលត្រួសត្រាយ​ផ្លូវ​​​ឆ្ពោះ​ទៅ​កាន់​ការ​ព្យាបាល​អ្នកជំងឺ​ផ្លូវចិត្ត​



​អ្នក​ប្រព័ន្ធ​ប្រសាទ​ខួរក្បាល​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​នា​សតវត្ស​ទី​២០ និង​ជា​បុគ្គល​ដំបូង​ដែល​បាន​បើក​ទ្វារ​ឲ្យ​អ្នក​សិក្សា​សម័យ​ថ្មី​នូវ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​សិក្សា​ពី​ចិត្ត​គ្មាន​សម្បជញ្ញៈ​របស់​មនុស្ស​ក្នុង​ការ​ព្យាបាល​អ្នក​មាន​បញ្ហា​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​ទាំងឡាយ ត្រូវ​បាន​គេ​ស្គាល់​ថា Sigmund Freud។ បើ​ទោះ​ជា​ទ្រឹស្ដី​របស់​លោក​ជាច្រើន​ត្រូវ​បាន​អ្នក​សិក្សា​សម័យ​ថ្មី​នេះ​រិះគន់​ក៏​ដោយ យ៉ាងណាមិញ សមិទ្ធផល​ទ្រឹស្ដី​របស់​បុគ្គល​ដ៏​សំខាន់​នៃ​ពលរដ្ឋ​អូទ្រីស​ដែល​មាន​ដូនតា​ជា​ជនជាតិ​ជ្វីហ្វ​រូប​នេះ បាន​ធ្វើ​ជា​ពន្លឺ​បំភ្លឺ​ការ​សិក្សា​ស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ​ជំនាន់​ក្រោយ ដើម្បី​ពង្រីក​ការ​យល់ដឹង​ឲ្យ​កាន់តែ​ទូលំទូលាយ​អំពី​ធម្មជាតិ​នៃ​ចិត្ត​របស់​មនុស្ស។ ក្នុង​ចំណោម​ទ្រឹស្ដី​សំខាន់ៗ​របស់​លោក​ទាំងអស់ មាន​ទ្រឹស្ដី​មួយ​លើក​ឡើង​អំពី​រចនាសម្ព័ន្ធ​នៃ​ចិត្ត​របស់​មនុស្ស​និង​តួនាទី​នីមួយៗ​របស់​វា។ លោក Sigmund Freud បាន​បែងចែក​ចិត្ត​របស់​មនុស្ស​ជា​៣​ផ្នែក​មាន សតិ​សម្បជញ្ញៈ អនុ​សម្បជញ្ញៈ និង​គ្មាន​សម្បជញ្ញៈ។ [caption id="attachment_37383" align="aligncenter" width="300"] journalpsyche[/caption] ចិត្ត​ទាំង​៣​ដំណាក់កាល​នេះ​ត្រូវ​បាន​លោក​ប្រៀប​ប្រដូច​ទៅ​នឹង​ផ្ទាំង​ទឹកកកiceberg ដែល​ក្នុង​នោះ​ផ្នែក​សតិ​សម្បជញ្ញៈ​ប្រៀប​ដូចជា​ផ្ទៃ​ខាងលើ​នៃ​ផ្ទាំង​ទឹកកក ជា​ផ្នែក​ដែល​គេ​មើល​ឃើញ ដែល​មាន​ចំណែក​ត្រឹមតែ​១០​ភាគរយ​ប៉ុណ្ណោះ​ក្នុង​ដំណើរការណ៍​នៃ​ការ​គិត​ទាំងអស់​របស់​មនុស្ស។ វា​គឺជា​ដំណើរការណ៍​នៃ​ចិត្ត​ទាំងឡាយ​ណា​ដែល​ប្រព្រឹត្ត​ទៅ​ដោយ​ដឹង​ខ្លួន។ តួនាទី​របស់​ផ្នែក​សតិសម្បជញ្ញៈ​នេះ​មាន​២​គឺ សមត្ថភាព​ក្នុង​ការ​តម្រង់​ការ​ផ្ចង់​អារម្មណ៍​របស់​អ្នក និង​សមត្ថភាព​ក្នុង​ការ​បែងចែក​ការ​ពិត​ពី​ការ​ស្រមៃ។ រីឯ​ផ្នែក​អនុ​សម្បជញ្ញៈ​វិញ គឺជា​ផ្នែក​បន្ទាប់​ស្ថិត​នៅ​ក្រោម​ជាប់​នឹង​សតិសម្បជញ្ញៈ ជា​ផ្នែក​ដែល​គេ​មិន​អាច​មើល​ឃើញ និង​មាន​ចំណែក​ប្រមាណ​៥០​ទៅ​៦០​ភាគរយ​ធៀប​នឹង​ការ​គិត​ទាំងអស់។ វា​ជា​ផ្នែក​ដែល​ទទួល​បន្ទុក​នូវ​ការ​ចងចាំ​ថ្មីៗ​ក្នុង​រយៈពេល​ខ្លី ដែល​អ្នក​តែង​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន។ ឧទាហរណ៍​រៀងរាល់​ពេល​អ្នក​ចាំ​លេខ​ទូរស័ព្ទ​របស់​នរណា​ម្នាក់​មុន​នឹង​កត់​ចូល​ក្នុង​សៀវភៅ អ្នក​កំពុង​តែ​ផ្ទុក​ទិន្នន័យ​នៃ​ការ​ចងចាំ​នេះ​នៅ​ក្នុង​ផ្នែក​អនុ​សម្បជញ្ញៈ​នេះ​ហើយ។ ម្យ៉ាងទៀត រាល់​ការ​គិត​របស់​អ្នក​ដោយ​ឥត​ដឹង​ខ្លួន​ក៏​ដំណើរការណ៍​ក្នុង​ផ្នែក​នេះ​ផង​ដែរ និង​មាន​ទំនាក់ទំនង​មិន​ដាច់​ពី​គ្នា​ជាមួយ​ផ្នែក​សតិសម្បជញ្ញៈ នៅ​ពេល​សតិសម្បជញ្ញៈ​ទទួល​យក​ព័ត៌មាន​ជុំវិញ​ខ្លួន​តាមរយៈ​ញាណ​ទាំង៥ និង​ទទួល​យក​គំនិត​បែប​ណា​ចំពោះ​ហេតុការណ៍​ទាំងនោះ នោះ​អនុ​សម្បជញ្ញៈ​នឹង​ស្ដាប់​តាម​ហើយ​ទទួល​យក​បែប​នោះ​ដែរ និង​ឆ្លើយតប​ចំពោះ​សតិសម្បជញ្ញៈ​វិញ​តាមរយៈ​ផ្លូវកាយ​ដោយ​បញ្ជា​ទៅលើ​សកម្មភាព​របស់​អ្នក។ ចំពោះ​ផ្នែក​ក្រោម​គេ​បង្អស់​បន្ទាប់​ពី​អនុ​សម្បជញ្ញៈ​ដែល​ជា​ផ្នែក​គ្មាន​សម្បជញ្ញៈ​វិញ ប្រៀប​បាន​នឹង​ផ្នែក​នៃ​ផ្ទាំង​ទឹកកក​ដែល​ស្ថិត​នៅ​ជម្រៅ​ជ្រៅ​ក្នុង​បាត​សមុទ្រ ក៏​ជា​ផ្នែក​ដែល​គេ​មើល​មិន​ឃើញ ហើយ​ក៏​ជា​ផ្នែក​ដ៏​សំខាន់​ជាង​គេ​បំផុត​ដែរ និង​មាន​ចំណែក​ប្រមាណ​៣០​ទៅ​៤០​ភាគរយ​ក្នុង​ដំណើរការណ៍​នៃ​ការ​គិត​ទាំងអស់​របស់​មនុស្ស។ ផ្នែក​នេះ​ផ្ទុក​នូវ​ការ​ចងចាំ​ចាស់ៗ​ដែល​អាច​ជា​បទពិសោធន៍​ពី​កុមារភាព​របស់​អ្នក និង​មិន​អាច​ចូល​ទៅ​ដល់​ផ្នែក​សតិសម្បជញ្ញៈ​បាន​ឡើយ ប៉ុន្តែ​ឥទ្ធិពល​របស់​វា​អាច​គ្រប​ដណ្ដប់​ទៅលើ​ការ​សម្រេច​ចិត្ត​របស់​អ្នក អារម្មណ៍ និង​សកម្មភាព។ វា​ជា​ផ្នែក​ដែល​អារម្មណ៍​ដ៏​ជ្រាលជ្រៅ​របស់​អ្នក​ស្ថិត​នៅ​ដោយ​ឥត​ដឹង​ខ្លួន វា​អាច​ជា​បទពិសោធន៍​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​ឬ​ឈឺចាប់​ខ្លាំង​របស់​អ្នក​កាល​ពី​អតីតកាល ដែល​ដក់​ជាប់​ក្នុង​ជម្រៅ​ដ៏​ជ្រៅ​នៅ​ក្នុង​អារម្មណ៍​របស់​អ្នក​ដែល​ត្រូវ​យក​ទៅ​កប់​ទុក​ចោល​ក្នុង​ផ្នែក​គ្មាន​សម្បជញ្ញៈ​នេះ។ ត្រង់​ចំណុច​ដែល​វា​បង្កប់​ក្នុង​ចិត្ត​ដោយ​ឥត​ដឹង​ខ្លួន​របស់​អ្នក និង​មិន​អាច​ស្ដែង​ចេញ​តាម​សតិសម្បជញ្ញៈ​នេះ​ហើយ ទើប​ធ្វើឲ្យ​វា​ទៅ​ស្ដែង​ចេញ​តាមរយៈ​សុបិន​របស់​អ្នក​វិញ។ ម្យ៉ាងទៀត តាមរយៈ​បទពិសោធន៍​និង​ការ​ចងចាំ​ក្នុង​ផ្នែក​នេះ​ផង​ដែរ ដែល​បង្កើត​ឡើង​នូវ​សកម្មភាព ទម្លាប់ និង​ជំនឿ​ទាំងឡាយ​របស់​អ្នក។ ដោយសារ​ទ្រឹស្ដី​របស់​បិតា​នៃ​អ្នក​ប្រព័ន្ធ​ប្រសាទ​ខួរក្បាល​រូប​នេះ​បាន​បើក​ផ្លូវ​ឲ្យ​ឃើញ​ពី​ធម្មជាតិ​នៃ​ចិត្ត​ផ្នែក​គ្មាន​សម្បជញ្ញៈ​នេះ វា​បាន​ផ្ដល់​ជា​របក​គំហើញ​ឆ្ពោះ​ទៅ​កាន់​ការ​ព្យាបាល​អ្នក​ជំងឺ​មាន​បញ្ហា​ផ្លូវចិត្ត​ដោយ​ប្រើ​វិធី​សណ្ដំ​ចិត្ត​គ្មាន​សម្បជញ្ញៈ​របស់​ពួកគេ​ដែល​ធ្លាប់​បង្កប់​នូវ​អារម្មណ៍​ភ័យខ្លាច​ដោយ​ឥត​ដឹង​ខ្លួន​ឲ្យ​ងាក​មក​គិត​ល្អៗ​វិញ​ហើយ​ជា​សះស្បើយ​ពី​រោគ​នេះ​ឯង៕ ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ simplypsychology & journalpsyche
X
5s