Trump ជាអ្នកបន្តវេនវាយប្រហារសង្គ្រាមតាមអ៊ីនធឺណិតលើកម្មវិធីមីស៊ីលរបស់កូរ៉េខាងជើង
យោងតាមសារព័ត៌មាន New York Times ចុះផ្សាយកាលពីដើមខែមីនា ឆ្នាំ២០១៧នេះបានឱ្យដឹងថា កាលពីបីឆ្នាំមុន អតីតប្រធានាធិបតីអាមេរិកគឺលោក Barack Obama បានបញ្ជាឱ្យមន្ត្រីបញ្ចកោណ បង្កើតក្រុមវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតលើកម្មវិធីមីស៊ីលរបស់កូរ៉េខាងជើងក្នុងក្ដីសង្ឃឹមថា អាចបង្អាក់ដំណើរការបាញ់បាន។ ដូច្នេះ បើគិតមកដល់ពេលនេះប្រហែល Trump ក៏ជាអ្នកបន្តវេនលើការវាយប្រហារតាមសង្គ្រាមអត់គ្រាប់នេះដែរ។
តាមការចុះផ្សាយពី Business Insider ឱ្យដឹងថា អាមេរិកប្រាកដជាបានរៀបចំក្រុមប្រតិបត្តិការសម្ងាត់មួយក្រុមដើម្បីត្រៀមវាយប្រហារលើកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងយ៉ាងហោចណាស់អស់រយៈពេលបីឆ្នាំហើយដែរ។
គេសង្កេតឃើញថា ការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើងជាច្រើនគ្រាប់ត្រូវបានបាញ់បង្ហោះដោយមិនទទួលបានជោគជ័យនោះទេ ដោយអ្នកខ្លះជឿថា នេះដោយសារតែស្នាដៃរបស់អាមេរិកដែលវាយប្រហារ និងលួចកម្ទេចទិន្នន័យរបស់កូរ៉េខាងជើងហើយមីស៊ីលដែលកូរ៉េខាងជើងបាញ់ចុងក្រោយនេះក៏អាចត្រូវបានវាយប្រហារដោយអាមេរិកដែរ។
ប៉ុន្តែអ្នកជំនាញជាច្រើនរូប បានបដិសេធលើការអះអាងនេះដោយលើកឡើងថា ការបរាជ័យដោយសារតែបញ្ហាបច្ចេកទេសនៅពេលផលិតតែប៉ុណ្ណោះ។ ជាក់ស្ដែង កូរ៉េខាងជើងបានធ្វើការសាកល្បងមីស៊ីលសំខាន់ៗ និងមានសមត្ថភាពបាញ់បានចម្ងាយឆ្ងាយបានជោគជ័យជាច្រើនលើកច្រើនសារ។
រឿងមួយដែលគេដឹងថា មីស៊ីលរបស់កូរ៉េខាងជើងគឺយកគំរូតាមរុស្ស៊ី ខណៈបច្ចេកទេសរបស់រុស្ស៊ីមានអនុបាតបរាជ័យតែ ១៣% ខណៈកូរ៉េខាងជើងរហូតដល់ ៨៨%ឯណោះ។
លោកបណ្ឌិត Ken Geers អ្នកជំនាញផ្នែកសន្តិសុខអ៊ីនធឺណិតដែលមានបទពិសោធន៍ជោកជាំលើការងារផ្ដល់យោបល់ដល់រដ្ឋាភិបាលបានលើកឡើងថា ការវាយប្រហារពីសំណាក់សហរដ្ឋអាមេរិកលើកូរ៉េខាងជើងគឺពិតជាមានពិត។ ទោះបីជាកូរ៉េខាងជើងផ្ដាច់ខ្លួនពីប្រព័ន្ធអ៊ីនធឺណិតក្ដី ក៏គេជឿជាក់ការលួចយកទិន្នន័យអាចធ្វើបានតាមវិធីជាច្រើនទៀត។ លោកបានលើកឧទាហរណ៍ថា កាលពីឆ្នាំ១៩៩៦ រុស្ស៊ីបានលួចទិន្នន័យរបស់អង្គការណាតូនៅអាហ្វហ្គានីស្ថាន ដោយកាលនោះបុគ្គលិកណាតូគ្រាន់តែទិញ Flash Drive ប្រើ គឺរុស្ស៊ីអាចលួចទិន្នន័យបានទៅហើយ៕
ដោយ៖ យោធិន