មេរៀនជីវិតដ៏មានតម្លៃ ៤យ៉ាង ពីអ្នកនិពន្ធសញ្ជាតិអាមេរិក លោក Mark Twain​



កើត​នៅ​ថ្ងៃ​ទី៣០​វិច្ឆិកា ឆ្នាំ​១៨៣៥ លោក Mark Twain គឺជា​អ្នក​និពន្ធ​សញ្ជាតិ​អាមេរិក​ដ៏​ល្បីល្បាញ​មួយ​រូប ដែល​ស្នាដៃ​អក្សរសាស្ត្រ​អាមេរិក​របស់​លោក​ចំនួន​២​គឺ "The Adventures of Tom Sawyer" និង "Adventures of Huckleberry Finn" ហាក់​ដូចជា​នៅ​តែ​មាន​ព្រលឹង​រស់​រវើក​ដក់​ជាប់​ក្នុង​ការ​ចងចាំ​របស់​ជន​ជំនាន់​ក្រោយ​នៅ​ឡើយ បើ​ទោះ​ជា​គាត់​បាន​ទទួល​អនិច្ចកម្ម​កាល​ពី​ឆ្នាំ​១៩១០​ហើយ​ក្ដី។ លោក​ក៏​បាន​បន្សល់​ទុក​នូវ​មេរៀន​ប្រកប​ដោយ​អត្ថន័យ​ខ្ពង់ខ្ពស់​និង​ក្នុង​គោលដៅ​អប់រំ​ជីវិត​ដែល​មនុស្ស​គ្រប់​រូប​គួរ​កត់​ទុក​ចំណាំ​អស់​មួយ​ជីវិត​ផង​ដែរ។

១) ដែន​កំណត់​របស់​អ្នក​គ្រាន់តែ​ប្រហែល​ជា​អ្វី​ដែល​កំណត់​ដោយ​ការ​គិត​របស់​អ្នក​ប៉ុណ្ណោះ

តើ​អ្នក​ធ្លាប់​សង្កេត​មើល​កង្កែប​ដែល​នៅ​តែ​ក្នុង​អណ្ដូង​ទេ ? វា​រស់​នៅ​ក្នុង​អណ្ដូង ហើយ​តែងតែ​មើល​ឃើញ​ទៅលើ​ពិភពលោក​ដ៏​តូច​មួយ​នៅ​ក្នុង​អណ្ដូង​នោះ ដោយ​មិន​ដែល​ដឹង​សោះ​ឡើយ​ថា​ការ​ពិត​នៃ​ពិភពលោក​នេះ​ធំធេង​និង​ឥត​ដែន​កំណត់​សម្រាប់​វា​សត្វ​លោក​ទាំងអស់​បញ្ចេញ​ប្រើប្រាស់​ឲ្យ​អស់​នូវ​សក្ដានុពល​ដែល​ខ្លួន​មាន​នោះ​ទេ។ អ្វី​ក៏​ដោយ​ត្រូវតែ​មក​ឆ្លង​កាត់​ដំណាក់កាល​សុំ​ការ​អនុញ្ញាត​ពី​អ្នក​សិន ហើយ​ដែន​កំណត់​របស់​អ្នក​ក៏​បង្កើត​មក​ដោយ​ឆ្លងកាត់​ការ​គិត​របស់​អ្នក​ជា​មុន​សិន​ដែរ មុន​នឹង​វា​ក្លាយ​មក​ជា​លេស​ក្នុង​ការ​រាំងស្ទះ​អ្នក​ពី​ការ​សម្រេច​គោលដៅ​ក្នុង​ជីវិត។

២) ប្រលែង​ចោល​នូវ​កំហឹង​ទាំងឡាយ

នៅ​ពេល​អ្នក​ខឹង វា​ប្រៀប​បាន​ទៅ​នឹង​អ្នក​កំពុង​តែ​កាន់​ដុំ​ភ្លើង​ដ៏​ក្ដៅ​មួយ​ដែល​បម្រុង​គប់​ទៅ​នរណា​ម្នាក់​ដូច្នោះ អ្នក​ដែល​រងគ្រោះ​មុន​គេ​គឺជា​អ្នក​ខ្លួនឯង​នោះ​ហើយ។ ក្ដី​សុខ​របស់​អ្នក​មិនមែន​ទទួល​បាន​មក​ពី​របស់​ដែល​ជា​សភាវៈ​មិន​ទៀងទាត់​និង​ផ្លាស់ប្ដូរ​ជានិច្ច​នៅ​ខាងក្រៅ​នោះ​ទេ តែ​គឺ​ចេញ​ពី​ចិត្ត​ដ៏​ស្ងប់​សុខ​ដែល​អ្នក​ចេះ​ហាត់​ពត់​លត់​ដំ​គ្រប់គ្រង​ទៅលើ​វា​នោះ​ទៅ​វិញ​ទេ។ ម្យ៉ាងទៀត បើ​អ្នក​ខឹង​នឹង​នរណា​ម្នាក់ នោះ​វា​ក៏​មិន​ខុស​អ្វី​ដែរ​ពី​ការ​ដែល​អ្នក​អនុញ្ញាត​ឲ្យ​សត្រូវ​មាន​ឥទ្ធិពល​មក​លើ​ជីវិត​របស់​អ្នក​នោះ។

៣) រក្សា​គោលជំហរ​ផ្ចង់​អារម្មណ៍​ទៅលើ​តែ​អ្វី​ដែល​អ្នក​ចង់​បាន

នៅ​ពេល​អ្នក​ជួប​ប្រសព្វ​នឹង​ឧបសគ្គ​លំបាក​ផ្សេងៗ វា​ពិតជា​ងាយស្រួល​ណាស់​ដែល​អ្នក​ធ្លាក់​ទៅ​ក្នុង​គំនិត​អវិជ្ជមាន វង្វេង​ក្នុង​ពិភព​ងងឹត និង​ផ្ដោត​តែ​ទៅលើ​បញ្ហា​ជាជាង​ស្វែងរក​ដំណោះស្រាយ​រក​ច្រក​ចេញ។ នៅ​ពេល​សំណួរ​នៃ​បញ្ហា​នេះ​ចោត​សួរ​មក​លើ​ជីវិត មនុស្ស​ភាគច្រើន​ជ្រើសរើស​មិន​ឆ្លើយ​និង​រត់​គេច​ចេញ ដោយ​បោះបង់​ចោល​នូវ​គោលជំហរ​ចំពោះ​គោលដៅ​របស់​ខ្លួន ដូច្នេះ​ហើយ​ទើប​បានជា​ពួកគេ​មិន​អាច​ទទួល​បាន​នូវ​អ្វី​ដែល​ពួកគេ​ចង់​បាន​ក្នុង​ជីវិត​រហូត​មក​នោះ​ឯង។

៤) បើ​អ្នក​ជ្រើសរើស​ដើរ​ផ្លូវ​ថ្មី​មួយ​ផ្សេង ត្រៀម​ខ្លួន​សម្រាប់​ការ​ឆ្លើយតប​ឲ្យ​ហើយ​ទៅ

Mark Twain បាន​និយាយ​ថា៖ «បុគ្គល​ណា​ដែល​មាន​គំនិត​ថ្មី​គឺជា​មនុស្ស​ចម្លែក រហូត​ទាល់តែ​គំនិត​នោះ​ទទួល​បាន​ភាព​ជោគជ័យ»។ ផ្លូវ​ដែល​មនុស្ស​ដើរ​ច្រើន​មិន​ប្រាកដ​ថា​ជា​ផ្លូវ​ដែល​នាំ​យើង​ទៅ​កាន់​គោលដៅ​ត្រឹមត្រូវ​ទាំងអស់​នោះ​ទេ។ ជា​ធម្មតា​នោះ​ទេ ដែល​គំនិត​ថ្មី​តែងតែ​មាន​ការ​ប្រឆាំង​ជា​ការ​ឆ្លើយតប​មក​វិញ​នៅ​ក្នុង​សង្គម​នេះ។ យ៉ាងណាមិញ បើ​អ្នក​គ្រាន់តែ​កើត​មក​ដើម្បី​តែ​ដើរ​តាម​ផ្លូវ​ដែល​មាន​គេ​ត្រួសត្រាយ​ឲ្យ​ស្រេច​ហើយ នោះ​ជីវិត​អ្នក​នឹង​ឥត​ន័យ​ខ្លឹមសារ​អ្វី​នោះ​ទេ បើ​ពុំ​បាន​បង្កើត​ការ​ផ្លាស់ប្ដូរ​ចេញ​ពី​គំនិត​របស់​ខ្លួន​ចំពោះ​ពិភពលោក​នោះ៕

ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ positivityblog

X
5s