សមិទ្ធផលដ៏អស្ចារ្យរបស់ហ្វាំងឡង់ដែលធ្វើឲ្យប្រទេសនេះយកឈ្នះគេស្ទើរគ្រប់វិស័យទាំងអស់
កំណែទម្រង់ប្រព័ន្ធអប់រំដែលមានអាយុកាលជាង៤០ឆ្នាំកន្លងមក ដែលជាកញ្ចក់ឆ្លុះត្រឡប់មកវិញនូវសមិទ្ធផលគំរូដ៏គួរឲ្យកោតសរសើរស្ញប់ស្ញែងមិនដាច់ពីមាត់របស់មនុស្សទូទាំងពិភពលោក បាននាំនូវកេរ្តិ៍ឈ្មោះដ៏រីកសុះសាយជូនចំពោះប្រជាជនរបស់ហ្វាំងឡង់ប្រមាណ ៥.៤លាននាក់។
តាមពិតហ្វាំងឡង់ជាប្រទេសមួយដែលយកឈ្នះលើប្រទេសដទៃស្ទើរតែទៅលើគ្រប់ផ្នែកទាំងអស់ក្នុងការចាត់ថ្នាក់ប្រកួតប្រជែងរបស់ពិភពលោកទៅហើយ។ តួយ៉ាង ក្នុងការសិក្សាឆ្នាំ២០១០របស់ America's Newsweek magazine បានដាក់ប្រទេសដែលមានឈ្មោះជាផ្លូវការជា "សាធារណរដ្ឋហ្វាំងឡង់" នេះក្នុងលំដាប់កំពូលគេជា "ប្រទេសដ៏ល្អបំផុតរបស់ពិភពលោក" ដោយមើលទៅលើប្រទេសនៅទូទាំងពិភពលោកចំនួន១០០ប្រទេស និងធ្វើការប្រៀបធៀបទៅលើផ្នែកសុខភាព សេដ្ឋកិច្ច ការអប់រំ គុណភាពជីវិត និងនយោបាយ។ ភស្តុតាងនៃភាពអស្ចារ្យតែមួយនេះនៅមិនទាន់គ្រប់គ្រាន់ក្នុងការបញ្ជាក់ថាហ្វាំងឡង់ស័ក្ដិសមនឹងទទួលបានកិត្តិយសនេះនៅឡើយទេ ដូច្នេះសមិទ្ធផលជោគជ័យខាងក្រោមនេះនឹងផ្ដល់ជាភស្តុតាងដោយមិនអាចប្រកែកបានមិនខាន។
១) ការអប់រំ៖ អត្តចរិតដ៏សាមញ្ញបំផុតនៃប្រព័ន្ធអប់រំរបស់ហ្វាំងឡង់ស្ទើរតែបង្កជាការមិនគួរឲ្យជឿថា ប្រទេសដែលធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់សហភាពសូវៀតមួយនេះ ទទួលបានភាពជាគំរូមុខគេចំពោះជ័យជម្នះក្នុងផ្នែកអប់រំរបស់ពួកគេនោះទេ។ អត្តចរិតសាមញ្ញទាំងនោះមានបង្ហាញនៅត្រង់សិស្សសាលាមិនតម្រូវឲ្យពាក់ឯកសណ្ឋានសាលា សិស្សមិនត្រូវបានបែងចែកជាក្រុមបង្រៀនដាច់ដោយឡែកពីគ្នាដោយវាយតម្លៃនូវសមត្ថភាពរបស់ពួកគេនោះទេ ម៉ោងសិក្សា និងការចំណាយលើការសិក្សា ព្រមទាំងកិច្ចការផ្ទះទៀតសោតក៏មានតិចជាងបណ្ដាប្រទេសអភិវឌ្ឍមួយចំនួនដែរ ហើយអ្វីដែលរឹតតែគួរជាទីកោតសរសើរទៅទៀតនោះគឺជាការគោរពនិងផ្ដល់តម្លៃខ្ពស់របស់សិស្សចំពោះគ្រូបង្រៀននោះឯង។ ដោយសារលក្ខណៈសម្បត្តិទាំងនេះទើបមិនជាការចម្លែកអ្វីឡើយដែលហ្វាំងឡង់នាំមុខកំពូលគេក្នុងការចាត់ថ្នាក់របស់ PISA ក្នុងឆ្នាំ២០០០ ឆ្នាំ២០០៣ និងឆ្នាំ២០០៦នោះ។
២) រាជធានីរបស់ហ្វាំងឡង់ Helsinkiជាទីក្រុងដ៏ល្អដាច់គេមួយរបស់ពិភពលោក៖ ការអះអាងនេះនឹងអាចបញ្ជាក់បាននៅត្រង់ កាលពីឆ្នាំ២០០៩ ក្រុមប្រឹក្សាអន្តរជាតិរបស់សង្គមនៃរចនាបថឧស្សាហកម្ម (International Council of Societies of Industrial Design) បានប្រគល់កេរ្តិ៍ឈ្មោះឲ្យរាជធានីនេះជា "រាជធានីនៃរចនាបថរបស់ពិភពលោកប្រចាំឆ្នាំ២០១២" ហើយក្នុងឆ្នាំ២០១១ ក្នុងការស្ទង់មតិមួយរបស់ Monocle magazine ទៅលើគុណភាពជីវិត ទីក្រុង Helsinki ក៏ដណ្ដើមបានតំណែងកំពូលជា "ទីក្រុងដែលបង្កលក្ខណៈល្អបំផុតដល់ការរស់នៅរបស់ពិភពលោក"។ បន្តមកទៀតនៅឆ្នាំ២០១៣ រាជធានីដែលមានប្រជាជនរស់នៅប្រមាណ៦០,០០០នាក់នេះ ក៏ជាប់ក្នុងលំដាប់កំពូលជា "ទីក្រុងដ៏ស្មោះត្រង់ជាងគេបំផុតរបស់ពិភពលោក" ដោយការសិក្សាមួយរបស់ Reader’s Digest។
៣) ទីកន្លែងដ៏ល្អបំផុតសម្រាប់ស្ត្រី៖ ប្រៀបធៀបជាមួយចក្រភពអង់គ្លេសដែលមានស្ត្រីត្រឹមតែ២៣ភាគរយបម្រើការក្នុងជួររដ្ឋាភិបាលជាតិ ភាគរយនេះមានរហូតដល់ទៅ៤០ភាគរយឯណោះក្នុងប្រទេសហ្វាំងឡង់ ស្របពេលដែលតួនាទីសំខាន់ៗដែលមានស្ត្រីកាន់តំណែងទៀតសោតក៏មានចំនួនច្រើនផងដែរ។ តួយ៉ាង លោកស្រី Tarja Halonen គឺជាប្រធានាធិបតីស្ត្រីដំបូងគេបង្អស់របស់ហ្វាំងឡង់ កាន់តំណែងពីឆ្នាំ២០០០ដល់ឆ្នាំ២០១២។ សូម្បីតែ "ទីកន្លែងដ៏ល្អបំផុតសម្រាប់ម្ដាយ" ក៏មានវត្តមានរបស់ហ្វាំងឡង់ដែរ នេះបើតាមការចាត់ថ្នាក់ពីសន្ទស្សន៍នៃការសង្គ្រោះម្ដាយរបស់ទារកលើកទី១៤ (14th Save the Children’s Mother’s Index) ជាមួយនឹងអត្រាស្លាប់បាត់បង់ជីវិតរបស់ម្ដាយមានទាបរហូតត្រឹមតែ១នាក់ក្នុងចំណោម១២,២០០នាក់ប៉ុណ្ណោះ។
៤) ស្ថិរភាពរបស់ជាតិ៖ យោងតាមសន្ទស្សន៍នៃអំពើពុករលួយ (Corruption Perception Index) ហ្វាំងឡង់បំពេញតួនាទីរបស់ខ្លួនបានល្អរហូតអាចឈរនៅក្នុងតំណែងលើគេជា "ប្រទេសដែលមានអំពើពុករលួយទាបជាងគេបំផុតរបស់ពិភពលោក" និងបន្តមកដោយប្រទេសដាណឺម៉ាក និងប្រទេសនូវែលហ្សេឡង់។ ក្រៅពីនោះ ហ្វាំងឡង់ក៏ជា "ប្រទេសមួយដែលសម្បូរដោយព្រៃជាងគេក្នុងបណ្ដាប្រទេសអឺរ៉ុប" រួមជាមួយបឹងចំនួន១៨៨,០០០ ហើយក៏ជា "ប្រទេសដ៏មានក្ដីសុខជាងគេលំដាប់ទី២" បន្ទាប់ពីដាណឺម៉ាកផងដែរ និងលំដាប់ទី២ដដែលនេះរបស់ហ្វាំងឡង់ជា "ប្រទេសដែលមានអ្នកធ្វើការល្អបំផុត" បន្ទាប់ពីស្វីសទៀតផង៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ workinfinland & bbc