តើហុងកុងអាចក្លាយជា «កូននាគអាសីុ» បានដោយរបៀបណា?​



នៅ​ក្រោម​គោលនយោបាយ "ប្រទេស​មួយ ជាមួយ​ប្រព័ន្ធ​គ្រប់គ្រង​ពីរ" តើ​សសរ​គ្រឹះ​អ្វីខ្លះ​ដែល​បាន​ផ្ដល់​ជា​លំនឹង​ដ៏​រឹងមាំ ជ្រោមជ្រែង​ហុងកុង ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​ផ្លូវការ​ជា "តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន" ឲ្យ​ក្លាយ​ជា​មជ្ឈមណ្ឌល​ដោះដូរ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​របស់​ពិភពលោក ? ហេតុអ្វី​ទឹកដី​ដែល​មាន​ត្រឹមតែ ១.​០៩៨ ​គីឡូម៉ែត្រ​ការ៉េ​នៃ​ផ្នែក​ដ៏​ធំ​មួយ​របស់​ចិន​ទាំងមូល​ចំនួន ​៩.៥៩៦.៩៦១​គីឡូម៉ែត្រ​ការ៉េ អាច​អភិវឌ្ឍ​ខ្លួន​ក្លាយ​ជា «កូននាគ​អាសីុ» បាន ? ត្រឡប់​ថយ​ក្រោយ​ងាក​ទៅ​មើល​ប្រវត្តិសាស្ត្រ​សេដ្ឋកិច្ច​របស់​ហុងកុង តើ​មាន​ព្រឹត្តិការណ៍​សំខាន់ៗ​អ្វី​ខ្លះ​ដែល​បាន​រួម​ចំណែក​ដល់​ការ​រីកចម្រើន​របស់​ហុងកុង​ដល់​ថ្នាក់​នេះ ? ជោគវាសនា​របស់​ហុងកុង​ត្រូវ​ធ្លាក់​ទៅលើ​កណ្ដាប់​ដៃ​របស់​អាណានិគម​អង់គ្លេស​កាល​ពី​ឆ្នាំ​១៨៤២ ប៉ុន្តែ​ក៏​អាច​ថា​ដោយសារ​តែ​នៅ​ក្រោម​ការ​ដឹកនាំ​របស់​អង់គ្លេស​ដែល​ជា​បស្ចិម​ប្រទេស​អស់​រយៈកាល​ជិត​១​សតវត្ស​នេះ​ហើយ ទើប​បាន​ជា​សេដ្ឋកិច្ច​របស់​ហុងកុង​រីកចម្រើន​ហួស​ពី​ការ​ស្មាន​បើ​ប្រៀប​ទៅ​នឹង​ចិន​ដីគោក។ ផ្គួប​ផ្សំ​នឹង​អំណោយផល​ពី​ធម្មជាតិ​របស់​ភូមិសាស្ត្រ​ទឹកដី​នេះ​ដែល​បញ្ចូល​គ្នា​ដោយ​កោះ​ចំនួន​ផង​នោះ ផ្ដល់​លក្ខណៈ​សម្បត្តិ​ដល់​វា​ជា​មជ្ឈមណ្ឌល​កំពង់ផែ​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​អន្តរជាតិ។ ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​កំណើន​ប្រជាជន​ក្នុង​តំបន់​ដែល​មាន​លើស​ពី ​៨៥,០០០​នាក់ ថែម​ទាំង​ជន​បរទេស​ប្រមាណ​១៦០០​នាក់​ទៀត​ត្រឹម​ឆ្នាំ​១៨៥៩ ដែល​មុន​អាណានិគម​អង់គ្លេស​មាន​ប្រជាជន​រស់នៅ​ត្រឹមតែ​៧៥០០​នោះ គេ​ឃើញ​មាន​ការ​លេចឡើង​នូវ​ការ​ធ្វើ​ពាណិជ្ជកម្ម​យ៉ាង​សកម្ម​ជាពិសេស​ពាក់ព័ន្ធ​នឹង​កំពង់ផែ ធនាគារ និង​ក្រុមហ៊ុន​ពាណិជ្ជកម្ម។ នៅ​សតវត្ស​ទី​១៩ ការ​រីក​ដុះដាល​នូវ​ឧស្សាហកម្ម​មាន​ដូចជា​រោងចក្រ​ចម្រាញ់​ស្ករ ស៊ីម៉ង់ និង​រោងចក្រ​ទឹកកក រួម​ជាមួយ​នឹង​ឧស្សាហកម្ម​ធុន​តូច​ជាច្រើន​នៅ​តាម​តំបន់​ផង​ដែរ។ ដំណើរការណ៍​សេដ្ឋកិច្ច​រីកចម្រើន​ដ៏​គួរ​ឲ្យ​កត់សម្គាល់​នេះ ត្រូវ​បាន​រំខាន​ដោយសារ​សង្គ្រាម​សីុវិល​រវាង​បក្ស​សង្គម​និយម​របស់​ចៀង កាយជៀក និង​បក្ស​កុំមុយនិស​របស់​ម៉ៅ សេទុង​ក្នុង​ឆ្នាំ​១៩៤៦ បង្ក​ជា​ការ​ធ្លាក់​ចុះ​នូវ​សេដ្ឋកិច្ច​របស់​ហុងកុង​ក្នុង​ពាណិជ្ជកម្ម​ពិភពលោក និង​ជាពិសេស​ជាមួយ​ចិន​ដីគោក​នេះ​ឯង។ ទោះជាយ៉ាងណា សង្គ្រាម​ផ្ទៃ​ក្នុង​នេះ​ហាក់​ដូចជា​បាន​នាំ​ចំណុច​វិជ្ជមាន​ជា​ច្រើន​សម្រាប់​ភាព​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​របស់​ហុងកុង​ទៅវិញ។ សង្គ្រាម​ផ្ទៃក្នុង​ផ្ទុះ​ឡើង នាំ​ឲ្យ​ប្រជាជន​នៅ​តាម​ទីក្រុង​ផ្សេងៗ និង​ទីក្រុង​សៀងហៃ​ផង​នោះ ជាពិសេស​ជា​អ្នក​ធ្វើ​ជំនួញ រត់​ភៀស​ខ្លួន​មក​កាន់​តំបន់​សុវត្ថិភាព​ដែល​ជា​ដែនដី​ហុងកុង​ក្រោម​អាណានិគម​អង់គ្លេស​នេះ​ឯង។ ការ​រត់​ភៀស​ខ្លួន​របស់​អ្នក​ជំនួញ និង​ពួក​មូលធននិយម​ពី​បណ្ដា​ទីក្រុង​ផ្សេងៗ​ក្នុង​ប្រទេស​ចិន បាន​ក្លាយ​ជា​កម្លាំង​ប្រមូល​ផ្ដុំ​គ្នា​ជំរុញ​ភាព​រីកចម្រើន​ឧស្សាហកម្ម តួយ៉ាង​ឧស្សាហកម្ម​ក្នុង​ផ្នែក​វាយនភណ្ឌ​របស់​ហុងកុង​ចាប់​កំណើត​ក្នុង​ទសវត្ស​ឆ្នាំ​១៩៥០ និង​ក្រោយ​មក​ពង្រីក​បន្តិច​ម្ដងៗ​ក្នុង​ទសវត្ស​ឆ្នាំ​១៩៦០​ទៅលើ​ផ្នែក​សំលៀកបំពាក់ គ្រឿង​អេឡិចត្រូនិក ប្លាស្ទិក និង​កម្លាំង​ផលិតកម្ម​ផ្សេងៗ​ជាច្រើន​ទៀត​សម្រាប់​ការ​នាំ​ចេញ​ជា​ចម្បង។ បើ​ទោះ​ជា​បដិវត្តន៍​កសិកម្ម​បង្កើត​ឡើង​ដោយ​មេដឹកនាំ​កុំមុយនិស​ម៉ៅ នាំ​សោកនាដកម្ម​យ៉ាង​អាណោចអាធ័ម​សម្លាប់​ប្រជាជន​អស់​ជា​ច្រើន​នាក់ និង​បាន​រាំងស្ទះ​ដល់​សេដ្ឋកិច្ច​ហុងកុង​ពី​ឆ្នាំ​១៩៦៧​ដល់​៦៨ និង​ម្ដង​ទៀត​ពី​ឆ្នាំ​១៩៧៣​ដល់​៧៥​ដោយសារ​វិបត្តិ​ប្រេង​របស់​ពិភពលោក​ក៏​ដោយ ក៏​ក្នុង​ទសវត្ស​ឆ្នាំ​១៩៧០​ហុងកុង​បាន​អភិវឌ្ឍ​ខ្លួន​ក្លាយ​ជា «កូននាគអាសីុ» ជាមួយ​នឹង​សម្ទុះ​រីកចម្រើន​ដ៏​ខ្លាំងក្លា​ទៅលើ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ខ្ពស់។ រហូត​ដល់​ឆ្នាំ​១៩៨៤​ចិន​និង​អង់គ្លេស​បាន​ចុះ​ហត្ថលេខា​ព្រមព្រៀង​គ្នា​ប្រគល់​សិទ្ធិ​ឲ្យ​ចិន​គ្រប់គ្រង​ទៅលើ​ហុងកុង​វិញ​ចាប់​ពី​ឆ្នាំ​១៩៩៧​តទៅ នៅ​ក្រោម​គោលនយោបាយ «ប្រទេស​មួយ ជាមួយ​ប្រព័ន្ធ​គ្រប់គ្រង​ពីរ» មាន​សេចក្ដី​ថា​ហុងកុង​នឹង​ក្លាយ​ជា​ផ្នែក​មួយ​របស់​ចិន​កុំមុយនិស​ឬ​ចិន​ដីគោក​នេះ​ឯង តែ​នៅ​រក្សា​ការ​គ្រប់គ្រង​តាម​បែប​ប្រជាធិបតេយ្យ​របស់​ខ្លួន​ដដែល៕ ដោយ៖ ស្រីពៅ ប្រភព៖ eh.net & bbc
X
5s