ចំណុចពិសេសៗដែលធ្វើឲ្យស៊ុយអែត ក្លាយជាប្រទេសលេចធ្លោមួយក្នុងលោក
ប្រព័ន្ធនយោបាយប្រកបដោយប្រជាធិបតេយ្យពេញលេញ រាល់ប្រជាជនគ្រប់អាយុមានសិទ្ធិបំពេញកាតព្វកិច្ចរបស់ខ្លួនដើម្បីបញ្ចេញមតិជ្រើសរើសអ្នកតំណាងដឹកនាំប្រទេសជាតិខ្លួន និងសិទ្ធិក្នុងការជំទាស់ទៅនឹងបញ្ហាផ្សេងៗរបស់ប្រទេស មានគោលជំហរសេដ្ឋកិច្ចដ៏រឹងមាំ ជាមួយនឹងអត្រាអ្នកគ្មានការងារធ្វើទាបបំផុត ប្រព័ន្ធសុខុមាលភាពទំនុកបម្រុងប្រជាជនដ៏ទូលំទូលាយ សន្តិសុខសង្គមដ៏គួរឲ្យទុកចិត្ត គុណភាពជីវិតដែលមានលក្ខណៈប្រសើរនិងអាយុសង្ឃឹមរបស់ប្រជាជនមានកម្រិតខ្ពស់ ទាំងនេះសុទ្ធតែជាមូលហេតុដែលធ្វើឲ្យប្រទេសស៊ុយអែត ស្ថិតក្នុងលំដាប់ទី៣ជាប្រទេសដែលមានប្រជាធិបតេយ្យបំផុតដោយមិនអាចប្រកែកបាន កាលពីពេលថ្មីៗនេះក្នុងឆ្នាំ២០១៦។
ព្រះរាជាណាចក្រស៊ុយអែតដែលជាឈ្មោះផ្លូវការរបស់ប្រទេសនេះ មានស្ដេច Carl XVI Gusaf ជាតំណាងរបស់ប្រទេសនិងបង្ហាញវត្តមានក្នុងពិធីបុណ្យសំខាន់ៗ ប៉ុន្តែប្រធានាធិបតី Stefan Lofvenជាអ្នកមានអំណាចចេញមុខក្នុងកិច្ចការនយោបាយរបស់ប្រទេសជំនួសស្ដេច។ ប្រទេសស៊ុយអែតបានយកឈ្នះស្ទើរតែគ្រប់ផ្នែកទាំងអស់លើប្រទេសអភិវឌ្ឍជាច្រើនរបស់ពិភពលោក ជាតឹកតាង លំដាប់កំពូលទី១ក្នុងសន្ទស្សន៍នៃប្រទេសដ៏ល្អមួយ (Good Country Index) ក៏បានទៅលើប្រទេសស៊ុយអែតផងដែរ។
ក្រៅពីសមិទ្ធផលសំខាន់ៗទាំងនេះដែលជាលំនឹងផ្ដល់គ្រឹះដ៏រឹងមាំមួយ សម្រាប់ស៊ុយអែតឈរក្នុងលំដាប់កំពូលទៅលើផ្នែកជាច្រើន ប្រកួតប្រជែងជាមួយប្រទេសដទៃហើយ ទឹកដីដែលមានប្រជាជនគ្រប់គ្រងចំនួន៩.៥លាននាក់នេះទៀតសោត នៅមានលក្ខណៈពិសេសផ្សេងៗទៀតដូចជា៖
១) លក្ខណៈភូមិសាស្ត្រ៖ ជាមួយនឹងផ្ទៃដីសរុបចំនួន៤៤៩.៩៦៤គីឡូម៉ែត្រការ៉េ ៩៧ភាគរយនៃផ្ទៃដីទាំងមូលរបស់ប្រទេសនេះ គឺជាកន្លែងដែលមិនមានមនុស្សតាំងទីលំនៅ ហើយប្រមាណ១ភាគ១០នៃផ្ទៃដីទាំងមូលនោះទៀតសោត គ្របដណ្ដប់ទៅដោយកន្លែងអភិរក្សធម្មជាតិ និងសួនច្បារជាតិ ដែលបានធ្វើឲ្យស៊ុយអែតក្លាយជាប្រទេសមួយដែលមានការបំពុលបរិស្ថានតិចតួចជាងគេបំផុត។
ភ្ជាប់ជាមួយគ្នានេះដែរ ស៊ុយអែតក៏ជាប្រទេសមួយដែលប្រជាជនពួកគេមានស្មារតីយកចិត្តទុកដាក់ទៅលើបញ្ហាបរិស្ថាន។ ត្រឹមតែ១ភាគរយនៃកាកសំណល់រឹងទាំងអស់ ត្រូវបានចាក់ចោល នៅសល់ទាំងប៉ុន្មានពួកគេកែច្នៃប្រើប្រាស់វាសារជាថ្មី ដើម្បីផលិតកម្ដៅ ភ្លើងអគ្គិសនី ប្រេងឥន្ធនៈសម្រាប់យានយន្ត ក្នុងទម្រង់ជាជីវឧស្ម័ន។ ម្យ៉ាងទៀត ជិតពាក់កណ្ដាលនៃផលិតផលអគ្គិសនីរបស់ស៊ុយអែតប្រហែល៤៨ភាគរយ សុទ្ធតែទទួលបានពីប្រភពថាមពលកកើតឡើងវិញទាំងអស់។
២) រដ្ឋាភិបាល៖ ប្រទេសដែលមានទីក្រុងស្តុកហូមជារដ្ឋធានីប្រចាំប្រទេសនេះ គឺជាប្រទេសដំបូងបង្អស់ដែលមានការផ្ដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិសម្រាប់ប្រជាជននៅឆ្នាំ១៧៦៦ ហើយសេរីភាពបញ្ចេញមតិនេះទៅទៀតក៏បានស្ថិតក្នុងលំដាប់កំពូលផងដែរ។ មួយវិញទៀត ទំនាក់ទំនងរវាងមនុស្សភេទដូចគ្នាបានអនុញ្ញាតតាមច្បាប់ចាប់តាំងពីឆ្នាំ១៩៤៤ រីឯសិទ្ធិរៀបការផ្ដល់ឲ្យក្នុងឆ្នាំ២០០៩។
ស៊ុយអែតក៏ជាប្រទេសមួយដែលមានប្រព័ន្ធសុខុមាលភាពដ៏ល្អមួយ ដែលផ្ដល់ប្រព័ន្ធថែទាំសុខភាពនិងផ្ដល់ការអប់រំថ្នាក់សាកលវិទ្យាល័យមិនបង់ថ្លៃផងដែរ ប៉ុន្តែដើម្បីដោះដូរជាមួយនឹងប្រាក់ចំណាយដ៏ច្រើនសម្រាប់ការទំនុកបម្រុងនេះ រដ្ឋាភិបាលក៏ត្រូវប្រមូលពន្ធដ៏ខ្ពស់ដែរពីប្រាក់ចំណូលរបស់ប្រជាជន។
ចំពោះការរើសអើងភាពខុសគ្នានៃភេទ ពណ៌សម្បុរ សាសនា ឬឋានៈសង្គមក្ដី ក្នុងប្រទេសនេះស្ថិតក្នុងកម្រិតទាបបំផុត ព្រោះពួកគេតែងបើកចំហទទួលស្វាគមន៍ជាតិសាសន៍ដទៃជានិច្ច។ បើក្នុងករណីមានការរំលោភបំពានដោយប្រការណាមួយលើសិទ្ធិរបស់អ្នក រដ្ឋាភិបាលនឹងចេញមុខការពារអ្នកផងដែរ៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ studyinsweden & studocu & bbc