ព័ត៌មានមានច្រើនណាស់ តើធ្វើយ៉ាងណាដើម្បីបញ្ចៀសព័ត៌មានមិនពិត ឬ ក្លែងក្លាយ?
ក្នុងសម័យទំនើបដែលបច្ចេកវិទ្យាមានមុខនាទីយ៉ាងសំខាន់នេះ បណ្ដាញសង្គមប្រៀបបានទៅនឹងស្ពានសម្រាប់ភ្ជាប់ទំនាក់ទំនងរវាងមនុស្សនិងមនុស្សមិនអាស្រ័យថាចម្ងាយឆ្ងាយពីគ្នាប៉ុណ្ណានោះទេ។ សារប្រយោជន៍របស់វាមានច្រើនរាប់មិនអស់ក្នុងការផ្ដល់ភាពងាយស្រួលដល់មនុស្សយើង ស្របពេលនេះដែរវាក៏ជាអ្នកប្រកូកប្រកាសញុះញង់មនុស្សឲ្យឈ្លោះគ្នាដែរ។ សំណួរសួរថា តើបណ្ដាញសង្គមជាអ្នកផ្លុំត្រចៀកមនុស្សឲ្យទំនាក់ទំនងរបស់ពួកគេខូចខាត ឬក៏មនុស្សខ្លួនឯងជាអ្នកមានគុណវិបត្តិមិនពិនិត្យថ្លឹងថ្លែងឲ្យបានច្បាស់លាស់ដោយខ្លួនឯង មុននឹងជឿលើព័ត៌មានណាមួយ និងចែករំលែកវាតៗគ្នា ?
បណ្ដាញសង្គមប្រៀបដូចជាទីផ្សារមួយដែលងាយស្រួលបំផុតសម្រាប់បំផ្លើសព័ត៌មានមិនពិត និងប្រកូកប្រកាសមនុស្សឲ្យឈ្លោះគ្នា។ ដូច្នេះប្រសិនបើអ្នកធ្វេសប្រហែសមិនត្រួតពិនិត្យឲ្យជាក់លាក់មុននឹងជឿនោះទេ អ្នកនឹងធ្លាក់ទៅក្នុងអន្ទាក់ពួកគេជាមិនខាន។ ប៉ុន្មានចំណុចខាងក្រោមនេះនឹងអាចជួយអ្នកក្នុងការការពារធ្លាក់ចូលអន្ទាក់នេះបាន៖
១) អត់ធ្មត់អានឲ្យចប់សេចក្ដីជាមុនសិន៖ «អ្វីដែលយើងឭគ្រាន់តែជាមតិ មិនមែនជាការពិតនោះទេ។ អ្វីដែលយើងឃើញគ្រាន់តែជាទស្សនីយភាព វាមិនមែនជាការពិតទេ»។ អ្នកត្រូវចាំរឿងមួយជានិច្ចថា ព័ត៌មានបំផ្លើស និងរឿងប្រឌិត ផ្សព្វផ្សាយលេចឮបានរហ័សជាងការពិតទៅទៀត។ អ្នកអានសារព័ត៌មានតាមបណ្ដាញសង្គមភាគច្រើនណាស់ដែលតែងមានទម្លាប់អានតែចំណងជើង ឬបានអានសេចក្ដីដើមពីខាងលើមកដែរ ដោយមិនអានឲ្យចប់សេចក្ដីសិននោះទេ ក៏ចាប់ផ្ដើមកើតក្ដីខឹងសម្បារឬជឿងប់ងុលទៅនឹងអ្វីដែលបានផ្សព្វផ្សាយ។ តាមពិតជាច្រើនដងណាស់ដែលការឈ្លោះប្រកែកតឹងសរសៃកដាក់គ្នា កើតចេញពីមូលហេតុដ៏ល្ងង់ខ្លៅមួយនេះ។
២) ពិនិត្យមើលកាលបរិច្ឆេទ៖ មូលហេតុនេះក៏កើតឡើងជាញឹកញាប់ខ្លាំងដែរ។ ជួនកាលដំណឹងព័ត៌មានណាមួយបានកើតឡើងតាំងពីរយៈកាលយូរយារមកហើយ ប៉ុន្តែនៅពេលវាលេចឡើងមកម្ដងទៀតនៅលើបណ្ដាញផ្សព្វផ្សាយ អ្នកអានក៏នាំគ្នាជឿថាវានៅតែកើតឡើង ហើយចាប់ផ្ដើមចែកចាយតៗគ្នាដោយខ្វះការត្រួតពិនិត្យល្អិតល្អន់មុនសិន។ ម្យ៉ាងទៀត វានៅតែត្រូវទាមទារឲ្យអ្នកអានឲ្យចប់សិនមុននឹងចែកចាយ ព្រោះអ្នកសរសេរអត្ថបទមួយចំនួន បន្លំអ្នកអានដោយសរសេរពីការពិតទើបចាប់ផ្ដើមរំលេចព័ត៌មានបំផ្លើសរបស់ខ្លួននៅពាក់កណ្ដាលរឿង។
៣) ពិនិត្យមើលលើអ្នកណាជាអ្នកសរសេរ៖ ឆាប់ជឿពេកនឹងនាំទៅរកការភ័ន្តច្រឡំបានដោយងាយបំផុត។ អ្នកត្រូវចូលទៅមើលអត្ថបទដែលចេញផ្សាយនោះនិងស្វែងរកមើលថានរណាជាអ្នកសរសេរ និងមើលអត្ថបទពីមុនៗរបស់ពួកគេ នោះអ្នកនឹងអាចបញ្ជាក់បានថាអ្វីដែលគេសរសេរនោះអាចជឿជាក់បានឫអត់។ វេបសាយរបស់គេហទំព័រនីមួយៗក៏ធ្វើដូចគ្នាដែរ តើពួកគេជាវេបសាយស្របច្បាប់ និងមានដាក់ប្រភពបញ្ជាក់ពីអំណះអំណាងរបស់ខ្លួនបានត្រឹមត្រូវឫអត់ និងថាតើប្រភពនោះគួរឲ្យទុកចិត្តបានឫទេ ម្យ៉ាងទៀតតើមានវេបសាយដទៃទៀតណានិយាយអំពីព័ត៌មានតែមួយនេះដូចគ្នាទេ ពុំនោះទេវាច្បាស់ជាមិនមែនជាការពិតហើយ។
៤) ប្រុងប្រយ័ត្នចំពោះភាពលម្អៀងនៃការទទួលស្គាល់៖ មនុស្សយើងជាទូទៅតែងលម្អៀងទទួលស្គាល់អ្វីមួយ នៅពេលវាសម្របឬដូចទៅនឹងអ្វីដែលជាជំនឿដែលខ្លួនមានស្រាប់កន្លងមក មានន័យថាវាគ្រាន់តែជាការវិនិច្ឆ័យថាអ្វីមួយពិតដោយគ្រាន់តែចេញពីជ្រុងម្ខាងនៃភាពលម្អៀងទៅលើការយល់ឃើញរបស់ពួកគេតែប៉ុណ្ណោះ។ តាមរបៀបនេះ វាមិនចម្លែកនោះទេ ដែលវាជាភ្លើងដុតបញ្ឆេះរាលដាលយ៉ាងរហ័សរវាងមនុស្សនោះ៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ huffingtonpost