​តើ​អ្នក​ប្រាកដ​ទេថា ​​​កំពុង​​ខិតខំ​ប្រឹងប្រែង​ ដើម្បី​​សម្រេច​គោលដៅ​​របស់​ខ្លួន​ឯង? ​​



«ចូរ​ប្រុងប្រយ័ត្ន​នឹង​ភាព​មិន​អំណោយផល​នៃ​ជីវិត​មមាញឹក»។ នេះ​ជា​សម្ដី​របស់​សូក្រាត ទស្សនវិទូ​ក្រិក​បុរាណ​របស់​លោក​ខាងលិច។ តើ​អ្នក​ធ្លាប់​ស្វ័យ​ត្រួតពិនិត្យ​ដោយ​សួរ​ខ្លួនឯង​ជាមួយ​នឹង​សំណួរ​ថា តើ​អ្វី​ដែល​អ្នក​កំពុង​បូជា​ទាំង​កម្លាំង​កាយ​ចិត្ត និង​ពេលវេលា​រាល់​ថ្ងៃ​នេះ គឺជា​រឿង​ដ៏​សំខាន់​បំផុត​សម្រាប់​ជីវិត​អ្នក​ឫ​ទេ ? ឬ​ក៏​វា​សំខាន់​ណាស់​ដែរ តែ​សម្រាប់​អ្នកដទៃ មិនមែន​សម្រាប់​ខ្លួនឯង ?

សិស្ស​ជា​ច្រើន​នាក់​មាន​ទំនោរ​ទៅ​តាម​ផ្នត់​សង្គម​ដែល​ឲ្យ​តម្លៃ​ទៅលើ​សមត្ថភាព​របស់​មនុស្ស​ម្នាក់ៗ ដោយ​ផ្អែក​ទៅលើ​ស្នាដៃ​របស់​ពួកគេ​នៅ​ក្នុង​សាលា តួយ៉ាង​មាន​ដូចជា និទ្ទេសA ឬ​ពិន្ទុ​ខ្ពស់ៗ​ជាដើម។ ដោយសារ​តែ​មនុស្ស​ម្នាក់ៗ​ចង់​បាន​ការ​ទទួល​ស្គាល់​និង​ឲ្យ​តម្លៃ​ពី​មនុស្ស​ក្នុង​សង្គម និង​គិតគូរ​ពី​មុខមាត់​គ្រួសារ គោលដៅ​ដ៏​សំខាន់​បំផុត​ដែល​ពួកគេ​ចង​ភ្ជាប់​ខ្លួនឯង​យ៉ាង​តឹងណែន​នោះ​គឺជា​ស្នាដៃ​អស្ចារ្យ​ក្នុង​សាលា​នោះ​ឯង។ ឯ​គោលដៅ​នៃ​ភាព​ជោគជ័យ​មួយ​នេះ គ្រប​ដណ្ដប់​ឥទ្ធិពល​របស់​វា​ពេញ​មួយ​ជីវិត​សិក្សា​របស់​ពួកគេ ជា​មូលហេតុ​ដ៏​ចម្បង​ជំរុញ​ឲ្យ​ពួកគេ​ខិតខំ​រៀន និង​ភ្លេច​ថា​តើ​អ្វី​ដែល​បេះដូង និង​ដួងវិញ្ញាណ​របស់​ខ្លួន​ចង់​បាន​ពិត​ប្រាកដ ក៏​ព្រោះ​តែ​ពួកគេ​មមាញឹក​នឹង​បំពេញ​បំណង​អ្នកដទៃ។

មិន​ខុស​គ្នា​ដែរ អ្នក​ធ្វើការ​តាម​ស្ថាប័ន​ក្រុមហ៊ុន​ផ្សេងៗ មិន​ថា​នៅ​ក្នុង​មុខ​តំណែង​ខ្ពស់​ប៉ុណ្ណា​នោះ​ទេ គោលដៅ​ពួកគេ​គឺ​ប្រឹងប្រែង​ងប់ងុល​នឹង​បំពេញ​ការងារ ក៏​ដើម្បី​បំពេញ​ចិត្ត​ថ្នាក់លើ នឹង​អាល​ឡើង​តំណែង ប្រាក់ខែ និង​មាន​កិត្តិយស​សម្រាប់​ខ្លួនឯង គ្រួសារ និង​សង្គម។ ពួកគេ​មមាញឹក​ជា​ប្រចាំ តែ​វា​គ្រាន់តែ​ជា​ការ​មមាញឹក​នឹង​ជួយ​អ្នកដទៃ​សម្រេច​គោលដៅ​របស់​ពួកគេ មិនមែន​មមាញឹក​នឹង​អ្វី​ដែល​សំខាន់​ចំពោះ​ខ្លួន​ពិត​ប្រាកដ​ឡើយ។

ត្រង់​នេះ​ក៏​នឹក​ឃើញ​ទៅ​ដល់​ស្ថាបនិក​ក្រុមហ៊ុន Facebook លោក Mark Zuckerberg និយាយ​ថា៖«មាន​សំណួរ​មួយ​ដែល​ខ្ញុំ​ស្ទើរ​តែ​សួរ​ខ្លួនឯង​ជា​រៀងរាល់​ថ្ងៃ​នោះ​គឺ តើ​ខ្ញុំ​កំពុង​តែ​ធ្វើ​រឿង​ដ៏​សំខាន់​បំផុត ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ហើយ​ឫ​នៅ ?»។ តើ​ដល់​ពេល​ឫ​នៅ​ដែល​អ្នក​គួរ​ចាប់ផ្ដើម​បំពេញ​ក្ដី​សុបិន​របស់​ខ្លួនឯង​ហើយ​នោះ ? ប្រាកដ​ណាស់​ថា ការ​លះបង់​ចោល​នូវ​ការ​ជួយ​អ្នកដទៃ​បំពេញ​គោលដៅ​ពួកគេ ហើយ​ងាក​មក​ដើរ​តាម​បេះដូង​ខ្លួនឯង សាង​សមិទ្ធផល​បង្កើត​ការ​ផ្លាស់ប្ដូរ​ដ៏​វិជ្ជមាន​និង​អស្ចារ្យ​ដល់​មនុស្សជាតិ គឺជា​ការ​ប្រថុយ​នឹង​គ្រោះថ្នាក់ និង​ចៀស​មិន​ផុត​ពី​ការ​រិះគន់​ជាមួយ​នឹង​គំនិត​ផ្ដួចផ្ដើម​ច្នៃប្រឌិត​ជា​របស់​ខ្លួន​នោះ​ឡើយ។

ប៉ុន្តែ​អ្នក​ត្រូវ​ចាំ​ដល់​គតិបណ្ឌិត​របស់​ទស្សនវិទូ​ចិន ខុងជឺ​ផង​ដែរ​ថា៖ «មនុស្ស​ម្នាក់​ដែល​អាច​រំកិល​ភ្នំ​បាន គឺ​ពួកគេ​ចាប់ផ្ដើម​ដោយ​ការ​កាយ​ចេញ​នូវ​ដុំ​ថ្ម​តូចៗ​ជា​មុន​សិន»។ វិចិត្រករ​អាច​សាង​ស្នាដៃ​ជាមួយ​នឹង​រូប​គំនូរ​ដ៏​អស្ចារ្យ​បង្កប់​នូវ​អត្ថន័យ​ជ្រាលជ្រៅ​មួយ​បាន ទាល់តែ​ពួកគេ​គូសវាស​រូបភាព​ក្នុង​ចិត្ត​ក្នុង​ទម្រង់​ជា​ការ​ស្រមើស្រមៃ​ជាមុន​សិន។ ឯ​អ្នក​វិញ​ក៏​មិន​ខុស​គ្នា​ដែរ ហើយ​ជំនឿ​លើ​ខ្លួនឯង​ថា​អ្នក​អាច​ធ្វើ​បាន​ជានិច្ច​រឹតតែ​មិន​អាច​ខ្វះ​បាន​ទៅ​ទៀត៕

ប្រែសម្រួល៖ ស្រីពៅ

X
5s