​ប្រទេស​ ១០​​ដែល​ចំណាយ​ថវិកា​ច្រើន​​បំផុត​ជួយ​សិស្ស​&និស្សិត​របស់​គេ​​



​​វិស័យ​អប់រំ​ ដើរ​តួនាទី​យ៉ាង​សំខាន់​​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​នីមួយ​ៗ​នៅ​ក្នុង​លោក​យើង​នេះ។ ​អីចឹង​បាន​ជា​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​មួយ​ចំនួន​ បាន​ចំណាយ​ថវិកា​យ៉ាង​ច្រើន​សន្ធឹក​ដើម្បី​ជួយ​គាំទ្រ​ដល់​ការ​សិក្សា​របស់​សិស្ស​ និង​និស្សិត​របស់​គេ។ ​ខាង​ក្រោម​នេះ​ មាន​ប្រទេស​ ១០​ដែល​បាន​​ចំណាយ​ថវិកា​ច្រើន​បំផុត​ជួយ​និស្សិត​របស់​គេ​ ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់​ The Richest៖

​១)​​​លុយហ្សំប៊ួ៖ ​​ចំណាយ​ ១៩.០៤៩​ ដុល្លារ​ក្នុង​សិស្ស​ឬ​និស្សិត​ម្នាក់។ ប្រទេស​នេះ​ចំណាយ​ច្រើន​បំផុត​ក្នុង​លោក​ ជា​ពិសេស​គឺ​សម្រាប់​គ្រូ​បង្រៀន​តែ​ម្ដង។ ​គ្រាន់​តែ​គ្រូ​ចូល​ដំបូង​មិន​ទាន់​មាន​បទ​​ពិសោធន៍​ និង​ចាប់​ផ្ដើម​បង្រៀន​ថ្នាក់​បឋម​សិក្សា​គឺ​ទទួល​បាន​ប្រាក់​បៀរវត្ស​ប្រមាណ ៦៤.០៤២​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

២) ស្វីស៖ ​ចំណាយ​ ១៣.៥១០​ដុល្លារ​ក្នុង​សិស្ស​ឬ​និស្សិត​ម្នាក់។ ​​ប្រទេស​នេះ​ក៏​ជាប់​ចំណាត់​ថ្នាក់​ចំណាយ​ថវិកា​ច្រើន​លើ​វិស័យ​អប់រំ​ដែរ (៥.៤%​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប)។ ​អត្រា​អ្នក​ចេះ​អក្សរ​ គឺ​ ៩៩%។

៣) ន័រវែស៖ ១៣.០៦៦​ដុល្លារ​ក្នុង​សិស្ស​ឬ​និស្សិត​ម្នាក់។ ​ប្រទេស​នេះ​មាន​អត្រា​អ្នក​ចេះ​អក្សរ​ ១០០%​តែ​ម្ដង។ ន័រវែស​ចំណាយ​ ៧.៣%​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​សម្រាប់​វិស័យ​អប់រំ។

៤) សហរដ្ឋ​អាមេរិក៖ ១១.៨២៥​ដុល្លារ​ក្នុង​សិស្ស​ឬ​និស្សិត​ម្នាក់។ ​មហា​អំណាច​សេដ្ឋកិច្ច​មួយ​នេះ​ចំណាយ​​ប្រមាណ​ ៥.៤%​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ទៅ​លើ​វិស័យ​អប់រំ។ ​កម្រិត​អ្នក​ចេះ​អក្សរ​ គឺ​៩៩%។

៥) អូទ្រីស៖ ១១.៦៩៣​ដុល្លារ​ក្នុង​សិស្ស​ឬ​និស្សិត​ម្នាក់។ ​​អូទ្រីស​មាន​សាលា​រដ្ឋ​ដែល​តម្រូវ​ឱ្យ​សិស្ស​ចូលរៀន​រយៈពេល​ ៩​ឆ្នាំ។ ​សាលា​ផ្ដល់​ការ​អប់រំ​ទាំង​ចំណេះ​ដឹង​ ជំនាញ​​វិជ្ជាជីវៈ​ ជំនាញ​បច្ចេកទេស​ និង​ថ្នាក់​ត្រៀម​ចូលរៀន​សាកលវិទ្យាល័យ។ ​

៦) ​ដាណឺម៉ាក៖ ១១.៤០៣​ដុល្លារ​ក្នុង​សិស្ស​ឬ​និស្សិត​ម្នាក់។ ​រដ្ឋាភិបាល​តម្រូវ​ឱ្យ​សិស្ស​ចូលរៀន​រហូត​ដល់​អាយុ​ ១៥​ ឬ​១៦​ឆ្នាំ​ ប៉ុន្តែ​រដ្ឋ​មិន​តម្រូវ​ឱ្យ​រៀន​សាលា​រដ្ឋ​ទាំង​អស់​នោះ​ទេ។ ​​ប្រទេស​នេះ​ចំណាយ​ទៅ​លើ​វិស័យ​អប់រំ​ប្រមាណ ៨.៧%​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប។

៧) ប៊ែលហ្ស៊ិក៖ ១០.១២២​ដុល្លារ​ក្នុង​សិស្ស​ឬ​និស្សិត​ម្នាក់។ ​ប្រពន្ធ​អប់រំ​របស់​ប្រទេស​នេះ​ គឺ​ត្រូវ​បាន​កំណត់​និង​ផ្ដល់​ហិរញ្ញប្បទាន​ដោយ​បី​សហគមន៍​ធំ​ៗ​គឺ ​ក្រុម​និយាយ​ភាសា​ហុឡង់ដ៍​ ​ក្រុម​និយាយ​ភាសា​បារាំង ​និង​ក្រុម​និយាយ​ភាសា​អាល្លឺម៉ង់។ ដ្ឋាភិបាល​តម្រូវ​ឱ្យ​សិស្ស​ចូលរៀន​រហូត​ដល់​អាយុ​ ១៨​​​ឆ្នាំ​ឬ​រហូត​ដល់​​ថ្នាក់​បញ្ចប់​ឧត្តម​សិក្សា។​ ​ប្រទេស​នេះ​ចំណាយ​ទៅ​លើ​វិស័យ​អប់រំ​ប្រមាណ ៦.៦​%​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប។

៨) ហុឡង់ដ៍​៖ ១០.០៧៥​ ដុល្លារ​ក្នុង​សិស្ស​ឬ​និស្សិត​ម្នាក់។ ​ប្រទេស​នេះ​ក៏​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​ប្រទេស​មាន​ការ​អភិវឌ្ឍ​ខ្ពស់​បំផុត​​មួយ​ក្នុង​លោក។ ប្រទេស​នេះ​ចំណាយ​ទៅ​លើ​វិស័យ​អប់រំ​ប្រមាណ ៥.៩​%​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប។

៩) ស៊ុយអ៊ែត៖ ១០.០៤៤​ដុល្លារក្នុង​សិស្ស​ឬ​និស្សិត​ម្នាក់។ ប្រទេស​នេះ​ចំណាយ​ទៅ​លើ​វិស័យ​អប់រំ​ប្រមាណ ៥.៦​%​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប។ អត្រា​ប្រជាជន​ចេះ​អក្សរ​ គឺ​ ៩៩%។

​​ ១០) ​ចក្រភព​អង់គ្លេស៖ ៩.៩៨០​ដុល្លារ​ក្នុង​សិស្ស​ឬ​និស្សិត​ម្នាក់។ ប្រទេស​នេះ​ចំណាយ​ទៅ​លើ​វិស័យ​អប់រំ​ប្រមាណ ៧.៣​%​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប។ អត្រា​ប្រជាជន​ចេះ​អក្សរ​ គឺ​ ៩៩%។ គិត​ជា​មធ្យម​ នៅ​​អង់គ្លេស​ ក្មេង​ចូលរៀន​រហូត​ដល់​អាយុ​ ១៧​ឆ្នាំ៕ ​​​​​ ​

X
5s