ភាព​ខុស​​​គ្នា​៤​យ៉ាង​ ​​​រវាង​អ្នក​ជំនួញ​ពិត​ ​និង ​​​មនុស្ស​ដែល​បាន​ត្រឹម​គិត​ចង់​ក្លាយ​ជា​​អ្នក​ជំនួញ​



មនុស្ស​សម័យ​នេះ​មិន​សូវ​ចង់​ធ្វើ​ការ​​ឲ្យគេនោះទេ ផ្ទុយ​ទៅ​វិញ ពួក​គាត់​ចង់​ជោគជ័យ​ដោយ​​​មាន​ក្រុម​ហ៊ុន​ឬ​មុខ​ជំនួញ​ផ្ទាល់​ខ្លួន​ ព្រោះវាមានសេរីភាព និង មោទនភាពចំពោះខ្លួនឯងជាង។ ប៉ុន្តែ​ វា​មាន​ភាព​ខុស​គ្នា​ឆ្ងាយ​ណាស់​រវាង​អ្នក​ជំនួញ​និង ​អ្នក​បានត្រឹមចង់​ក្លាយ​ជា​អ្នក​​ជំនួញ​។​ ខាង​ក្រោម​នេះ​ជា​ភាព​ខុសគ្នា៖

១) អ្នក​ជំនួញ​ជឿ​ជាក់​លើ​ខ្លួន​ឯង​ឯ ​អ្នក​ចង់​ក្លាយ​ជា​អ្នក​ជំនួញ​គិតតែ​ពី​ខ្លួន​ឯង៖

សម្រាប់អ្នកដែលបានត្រឹមគិតចង់ធ្វើ​ជំនួញ​ តែងគិត​ពី​ខ្លួន​ឯង​ជានិច្ច ពោល​គឺគិតថា មានតែខ្លួនឯងម្នាក់ប៉ុណ្ណោះ​ដែលអស្ចារ្យជាងអ្នកដទៃ ​ហើយមិនសូវផ្តល់តម្លៃដល់ក្រុមការងារនោះទេ​។ ប៉ុន្តែសម្រាប់ ​អ្នក​ជំនួញវិញ តែង​ជឿជាក់​លើ​ខ្លួន​ឯង ​និង ​ក្រុម​ការងារ​របស់ខ្លួន ពោលគឺដឹងច្បាស់ថា ខ្លួនឯងម្នាក់មិនអាចនាំមកនូវភាពជោគជ័យដ៏អស្ចារ្យបានឡើយ ដូច្នេះហើយ ត្រូវតែមានការជួយជ្រោមជ្រែងពីក្រុមការងារ។

២) អ្នក​ជំនួញ​បន្ត​ដំណើរ​ជា​និច្ច​ ឯ​អ្នកបានត្រឹមគិតចង់​ក្លាយ​ជា​អ្នក​ជំនួញ​ គិត​តែ​ពី​រអ៊ូមិនចេះចប់

អ្នក​ជំនួញ​នឹង​ព្យាយាម​ធ្វើ​អ្វី​ៗ​ឲ្យ​កើត​មាន​ឡើង​ មិន​ថា​វា​លំបាក​ប៉ុណ្ណា​។ ចំណែកអ្នក​ដែលបានត្រឹមគិតចង់ក្លាយ​ជា​អ្នក​ជំនួញ ​​តែង​តែ​រក​លេស​​​នៅ​ពេល​ដែល​ជួប​ការ​លំបាក​ម្តង​ៗ អ៊ីចឹងហើយ គិតបានត្រឹមតែគិត គ្មានថ្ងៃណាដែលសុបិនក្លាយជាការពិតឡើយ។

៣) អ្នក​ជំនួញ​មិន​អនុញ្ញាត​ឲ្យ​ភាព​បរាជ័យ​មក​បញ្ឈប់​​នោះ​ទេ​ ឯ​អ្នក​បានត្រឹមគិតចង់ក្លាយ​ជា​អ្នក​ជំនួញវិញងាយ​នឹង​បាក់​ទឹក​ចិត្ត និង បោះបង់

អ្នក​ជំនួញ​តែង​តែ​រៀន​ពី​កំហុស​ឬ​ភាព​បរាជ័យ​ដែល​ពួក​គាត់​មាន ព្រោះដឹងច្បាស់ថា គ្មាននរណាម្នាក់ដែលគេចផុតពីការបរាជ័យនោះឡើយ តែដរាបណាមិនបោះបង់ នោះ​ភាពជោគជ័យនៅតែអាចសម្រេចបាននៅពេលណាមួយ។ ឧទាហរណ៍ លោក Thoma Edison​បាន​ខិត​ខំ​១០០០ដង​ ទម្រាំ​តែ​បាន​ជោគជ័យ​ក្នុង​ការ​រក​ឃើញ​​អំពូល​ភ្លើង។ ដោយឡែក សម្រាប់អ្នកបានត្រឹមគិតចង់​ក្លាយ​ជា​អ្នក​ជំនួញវិ គឺ​​ងាយ​នឹង​បាក់​កម្លាំង​ចិត្ត​មែនទែន ហើយ​បោះ​បង់តែម្តង។

៤) អ្នក​ជំនួញ​ចង់​​រីក​ចម្រើន​ជាង​មុន​ ឯ​អ្នក​បានត្រឹមគិតចង់ក្លាយ​ជា​អ្នក​ជំនួញ​​វិញតែងចង់​ក្លាយ​ជា​អ្នក​មាន៖ អ្នក​ជំនួញ​ចង់​ពូកែ​ក្នុង​អាជីព​របស់​ពួក​គេ។ ​លុយ​ចំពោះ​ពួក​គាត់​គឺ​មួយ​ផ្នែក​​តែ​ប៉ុណ្ណោះ ពោលគឺត្រូវធ្វើកិច្ចការដ៏អស្ចារ្យមួយដែលមានឥទ្ធិពលលើអ្នកដទៃ និង មនុស្សទូទៅ។ តែ អ្នកដែលបានត្រឹមគិតចង់​ក្លាយ​ជា​អ្នក​ជំនួញវិញ ​​ខិត​ខំ​ដោយ​សារ​តែ​លុយ​មួយ​មុខ​តែ​ប៉ុណ្ណោះ៕

ប្រែ​សម្រួល៖ អឹុង មុយយូ

ប្រភព៖ www.lifehack.org

X
5s